Thursday, March 19, 2015

សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បង្ហើប​​ឲ្យ​ដឹ​ង​​ថា លោក កឹម សុខា មាន​​សំ​ណុំ​​រឿង​ធំ​ៗ​ចំ​នួន​​៨ប្រឈម​​នឹង​ផ្លូវ​​ច្បាប់​

សម្តេចតេជោនាយករដ្ឋមន្ត្រី​ ហ៊ុន សែន នៅ​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៥​នេះ បាន​បង្ហើប​ឲ្យ​ដឹង​ថា លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មាន​សំ​ណុំ​រឿង​ធំ​ៗចំ​នួន​៨ប្រឈម​នឹង​ផ្លូវ​ច្បាប់​ ប៉ុន្តែសម្តេច ថា លោក​នឹងមិនឆ្លើយឆ្លងជា​មួយ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រឆាំង​ទេ ក្នុងការ​ចេញ​មក​បកស្រាយ​ការពារ​ លោក កឹម សុខា បន្ទាប់​ពី​សម្តេច​ព្រមាន​ចាត់​វិធាន​ការ​ច្បាប់​ទៅ​លើ​លោក កឹម សុខា បន្ទាប់​ពី​លោក កឹម សុខា ចេញ​មក​សារភាព​ថា​ ខ្លួន​បរាជ័យ​ក្នុង​ការ​​ផ្តួល​រំ​លំ​រាជ​រដ្ឋាភិបាល​ ដោយក្នុង​រឿង​នេះ សម្តេចតេជោ បញ្ជាក់​ថា « ​ខ្ញុំទុកលទ្ធភាព​ឲ្យ​​តុលាការជាអ្នក​ចាត់​ការ»។
សម្តេច​តេជោ បាន​បន្ថែម​​​ថា « លោក (កឹម សុខា)មិនមែនចង់ប្រែប្រួល​ដោយសារការបោះ​ឆ្នោត​ទេ​​ណា គឺលោកធ្វើបាតុកម្ម​ក្រោយការបោះឆ្នោត លោកត្រូវចាំអោយច្បាស់ សុំណុំរឿង​លោក​មាន ៨ចំណុច ខ្ញុំបានសួរ​រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោកថា ៨ចំណុចនៃសំនុំរឿងរបស់គាត់ កុំអី​មាន​ការចាប់ខ្លួនលោក កឹម សុខា តាំងពីរល្ងាចថ្ងៃទី១៥ ខែកក្កដា ឯណោះ» ។  ប៉ុន្តែ សម្តេច​បាន​បញ្ជាថា ប្រតិបត្តិការរបស់យើង គឺ​ធ្វើទៅលើអ្នកនៅ​សមរភូមិជាក់ស្តែង សំ​ដៅ​ទៅ​លើ​អ្នក​ប្រើ​ហិង្សាផ្ទាល់​លើ​សមត្ថកិច្ច​ នៅ​កន្លែង​កើត​ហេតុប៉ុណ្ណោះ តែសម្តេច​ថា ឯកឧត្តម កឹម សុខា មិនមែននៅលើសមរភូមិទេ អញ្ចឹងទុកករណី កឹម សុខា មិនចាប់ខ្លួនទេ ​គឺទុកអោយ​តុលាការ​គេហៅទៅសួរព្រោះជាឋានៈជា​ប្រធានស្តីទីនៅពេលនោះគាត់បានដឹងរឿងនេះឬអត់ មិនមែន​ជា​បញ្ហាចៃដន្យទេ។ សម្តេច បាន​ចោទ​សួរ​ថា អស់​លោក​ថាប្រែតាមប្រជាធិបតេយ្យ​នៃការ​បោះ​ឆ្នោតតែអស់លោកនៅចាំសម្តីទេ? ហ៊ុន សែន អើយចុះចេញទៅៗៗ លោកចង់​និយាយ​ពីការផ្លាស់ប្តូរ ក៏ប៉ុន្តែពាក្យផ្លាស់ប្តូររបស់លោកគឺជា​ការផ្តួលរំលំទុកអោយតុលាការ​វិនិច្ឆ័យចុះ ខ្ញុំ​មិនចង់ឆ្លងឆ្លើយជាមួយអ្នកនាំពាក្យទេ តែ​សម្តេច​រំ​លឹក​ថា តើ​ហេតុ​ការណ៍​ដែល​បាន​កើត​ឡើង​កន្លង​មក​ មាន​មនុស្សស្លាប់ប៉ុន្មាន? របួស​មនុស្សប៉ុន្មាន? ខូចទ្រព្យសម្បត្តិ​ប៉ុន្មាន? ក្រោយ​ការ​បោះឆ្នោត ដែល​បង្ក​ឡើង​ដោយ​បក្សប្រឆាំង​?។
សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន  ក៏បាន​ថ្លែងផង​ដែរ​ថា ករណី​លោក មាជ សុវណ្ណារ៉ា ដែល​កំ​ពុង​ជាប់​ឃុំ​ គឺគ្មាន​ការ​ចរចាទេ វាជាសិទ្ធិរបស់តុលាការ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រតិកម្មបញ្ជាក់ត្រឡប់ទៅឯកឧត្តម កឹម សុខា ថាគ្មានការចរចាទេ ហើយជាសិទ្ធិរបស់តុលាការ ។ ការឆ្លើយតបនេះព្រោះ ឯកឧត្តម កឹម សុខា  បានលើកឡើងចង់ឱ្យឯកឧត្តម សម រង្ស៊ី ក្រោយពិធីបុណ្យ​ចូល​ឆ្នាំ ​ជួប​​និយាយ ជាមួយ​សម្ដេច​នាយករដ្ឋមន្ដ្រី ហ៊ុន សែន ដើម្បីបើកផ្លូវចង់​ឱ្យមាន​ការដោះ​លែង​កូនចៅរបស់ខ្លួន គឺលោក​ មាជ សុវណ្ណរ៉ា ចេញពីពន្ធនាគារ។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានប្រាប់ទៅ ឯកឧត្តម កឹម សុខា ថា បានត្រៀម​ខ្នោះរួចជាស្រេច ដើម្បីចាប់ខ្លួនរូបលោក ក្នុងករណីដែលហ៊ានដឹកនាំបាតុកម្ម ចង់ទាមទារ​ឬ​រំដោះលោកមាជ សុវណ្ណរ៉ា ចេញពីពន្ធនាគារនោះ ។  សម្តេចបញ្ជាក់សំដីឯកឧត្តម កឹម សុខា ថា ចូលឆ្នាំត្រូវសប្បាយទាំងអស់គ្នា មិនមែនសប្បាយតែមេ ទុកឱ្យកូនជាប់គុក ។ សម្តេច​មិន​អាច​ទទួលយកបានទេ សម្តេចក៏បានសួរទៅវិញថា បើលោកមាជ សុវណ្ណរ៉ា មិនអាចចេញ​ពីគុក ក្រោយ​ចូលឆ្នាំ តើលោកនឹងធ្វើអី លោកនឹងដឹកនាំមនុស្សតាមចិញ្ចើម​ថ្នល់​ទៀតឬអី?​ ធាតុផ្សំ​កំពុងរង់ចាំ​លោកហើយ អាវុធហត្ថ នគរបាល​ត្រៀមខ្លួន ខ្នោះ​ត្រូវ​លាប​​​ពណ៌ឲ្យស្អាត​បន្ដិច ព្រោះលោកឯង ស្ថិតនៅក្នុងពិរុទ្ធភាពជាមេដឹកនាំ​នៃការផ្ដួល​រំលំ​រដ្ឋាភិបាលស្រប​ច្បាប់​៕​