ព្រះពុទ្ធសាសនាបានចាក់ឫសយ៉ាងជ្រៅក្នុងវប្បធ៍ម អរិយធ៍មខ្មែរ នេះជាប្រសាសន៍របស់ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីក្នុងឱកាសអញ្ជើញចូលរួមក្នុងពីធីបុណ្យចំរើនព្រះជន្ម ព្រះឃោសាវិសុទ្ធិ ស៊ឹម សយ៉ុង ព្រះចៅអធិការទី១៥ វត្តសារាវ័នតេជោ ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញនាល្ងាចថ្ងៃទី២១ ខែមីនានេះ និងមានការនិមន្តចូលរួមជាកិត្តិយសដោយសម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះសង្ឃ សម្តេចព្រះសង្ឃនាយក និងពុទ្ធបរិស័ទជាច្រើនរូប។
ឯកឧត្តម បានមានប្រសាសន៍ថា ជាការពិត ព្រះពុទ្ធសាសនា បានចាក់ឬសយ៉ាងជ្រៅក្នុងវប្បធម៌ អរិយធម៌ខ្មែរ តាំងពីយូរលង់ណាស់មកហើយ ដូចជាតាមរយៈសិល្បៈ ចម្លាក់ និងអក្សរសាស្ត្រជាដើម។ ជាក់ស្តែង វាក្យសព្ទរបស់ព្រះពុទ្ធសាសនា ដែលមានប្រភពចេញពីបាលី សំស្ក្រឹតបានជះឥទ្ធិពលលើវិស័យអក្សរសាស្រ្តខ្មែរ ទាំងការប្រើប្រាស់ជាផ្លូវការ និងទំនាក់ទំនងប្រចាំថ្ងៃ។ គ្រប់ជួរបន្ទាត់នៃសំណេរក្នុងអក្សរសិល្ប៍ខ្មែរ បើពិនិត្យឲ្យស៊ីជម្រៅ យើងនឹងឃើញថា ភាសាបាលី សំស្ក្រឹតតែងមានជាប្រចាំក្នុងសំណេរទាំងនោះ គ្រាន់តែពាក្យខ្លះយើងបានប្រើប្រាស់រហូតថ្នឹកមាត់ ហើយមិនដឹងថា វាមានប្រភពចេញពីបាលី ឬសំស្ក្រឹតប៉ុណ្ណោះ។ នេះសរបញ្ជាក់ពីតួនាទីយ៉ាងសំខាន់របស់ព្រះពុទ្ធសាសនា ក្នុងសង្គមខ្មែរ។
ទន្ទឹមនឹងកិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម តាមរយៈការដាក់ចេញនូវផែនការ និងយុទ្ធសាស្រ្តសំខាន់ៗនានា សំដៅលើកកម្ពស់ជីវភាពរស់នៅនិងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ព្រមទាំងបន្តធានាឱ្យបាននូវស្ថេរភាពនយោបាយ និងសុខសន្តិភាពពេញផ្ទៃប្រទេស ដែលជាមូលដ្ឋានគ្រឹះដ៏ចាំបាច់សម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យដូចសព្វថ្ងៃនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថែមទាំងយកចិត្តទុកដាក់ជាប្រចាំដល់ការលើកស្ទួយព្រះពុទ្ធសាសនាផងដែរ។ ជាក់ស្តែង វត្តអារ៉ាមជាច្រើនត្រូវបានកសាងឡើងនៅទូទាំងផ្ទៃប្រទេស ទាំងនៅទីក្រុង និងជនបទដាច់ស្រយាល ដើម្បីឆ្លើយតបទៅនឹងសិទ្ធិផ្នែកជំនឿ និងប្រណិប័តន៍សាសនារបស់ប្រជាពលរដ្ឋ។
ទន្ទឹមនឹងនេះ គម្ពីរក្បួនច្បាប់ផ្នែកព្រះពុទ្ធសាសនាត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ ហើយគ្រឹះស្ថានអប់រំផ្នែកព្រះពុទ្ធសាសនា ត្រូវបានស្តារនិងអភិវឌ្ឍឱ្យមានការរីកចម្រើនគួរឲ្យកត់សម្គាល់។
សូមរំលឹកថា ព្រះឃោសាវិសុទ្ធិ ស៊ឹម សយ៉ុង ព្រះអង្គជាព្រះចៅអធិការទី១៥នៃវត្តសារាវ័នតេជោ ជាព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះសមុអនុគណខណ្ឌដូនពេញ ទីប្រឹក្សាសម្តេចព្រះសង្ឃរាជ ទេព វង្ស ផងដែរ ។
ព្រះឃោសាវិសុទ្ធិ ស៊ឹម សយ៉ុង ព្រះអង្គបានបួសក្នុងសំណាក់ព្រះព្រះពុទ្ធសាសនាតាំងពីឆ្នាំ១៩៧មកម៉្លេះរហូតមកដល់ពេលនេះមានរយៈពេល៣៦ឆ្នាំហើយ ដែលព្រះអង្គគង់នៅជាបុព្វជិត ទ្រទ្រង់ព្រះពុទ្ធសាសនា ផ្សព្វផ្សាយព្រះធម៌ ព្រះវិន័យដល់សិស្សគុណ និងការគ្រប់គ្រងវត្តអារ៉ាមប្រកបដោយការគោរពស្រឡាញ់ពេញចិត្តពីព្រះសង្ឃ និងពុទ្ធបរិស័ទជាខ្លាំង។
កន្លងមកនេះព្រះអង្គបានចូលរួមយ៉ាងច្រើនក្នុងសកម្មភាពសង្គម និងព្រះពុទ្ធសាសនា ដោយចូលរួមកសាងសមិទ្ធផលនានានៅខេត្តកំពង់ចាម និងជាពិសេសនៅក្នុងទីអារាមវត្តសារាវ័នតេជោនេះតែម្តង ដោយក្នុងនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី ក៏បានរួមចំណែកយ៉ាងច្រើនម៉ឺនដុល្លារអាមេរិកផងដែរនាពេលកន្លងមក ក្នុងការកសាងសមិទ្ធផលក្នុងវត្តសារាវ័នតេជោនេះ ៕