Saturday, September 10, 2016

សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី និង​គណៈ​ប្រតិភូ​ជាន់​ខ្ពស់ អញ្ជើញ​ទស្សនាស​កល​វិទ្យាល័យជន​ជាតិ​ក្វាងស៊ី

នៅល្ងាចថ្ងៃទី៩ កញ្ញា សម្តេច​អគ្គមហា​សេនា​បតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជា​ណាចក្រ​កម្ពុជា និង​គណៈ​ប្រតិភូជាន់​ខ្ពស់រាជ​រដ្ឋាភិបាល​កម្ពុជា បានអញ្ជើញ​ធ្វើទស្សនកិច្ច​ទៅកាន់​សកលវិទ្យាល័យ ជនជាតិ​ក្វាង​ស៊ី ក្នុង​ទីក្រុង​ណាន​នីង ខេត្តក្វាងស៊ី ប្រទេសចិន។ សម្តេចតេជោ​នាយករដ្ឋមន្រ្តី និងគណៈ​ប្រតិភូជាន់​​ខ្ពស់ ត្រូវ​បាន​ទទួល​នូវ​ការ​ធ្ចើ​​គារវកិច្ចស្វាគមន៍យ៉ាង​ស្និតស្នាល​រ៉ាក់ទាក់បំផុត ពីសំណាក់លោក ជាសាំងកូ សាកល​វិទ្យាធិការ នៃ​សកល​វិទ្យាល័យ​ជនជាតិ​ក្វាងស៊ី ព្រមទាំង​អស់​លោក លោកស្រី ជាសាស្រ្តាចារ្យ បុគ្គលិក និងនិស្សិត​ជាច្រើន​រូប ពិសេស​និស្សិត​កម្ពុជា ដែលកំពុង​សិក្សា​នៅសក​លវិទ្យាល័យ​ជនជាតិក្វាង​ស៊ីជាច្រើនរូប។


សូមបញ្ជាក់ថា សកល​វិទ្យា​ល័យ​ជនជាតិក្វាងស៊ី Guangxi University for Nationalities ត្រូវ​បាន​ស្ថាបនា​បង្កើត​ឡើង​ក្នុង​​ខែមីនា ​ឆ្នាំ១៩៥២ ក្នុងតំបន់​ស្វយ័តក្វាង​ស៊ីចុង(Guangxi Zhuang) ភូមិភាគ​ខាងត្បូង​ប្រទេស​ចិន។ សកល​វិទ្យា​ល័យ​​នេះ​ ស្ថិតនៅ​ក្រោម​ការដឹកនាំ ​នៃគណៈកម្មការ​កិច្ចការ​ជាតិ​សាសន៍​រដ្ឋ នៃ​សាធារ​ណ​រដ្ឋ​ប្រជា​មានិត​ចិន និង​ប្រជា​​រដ្ឋាភិបាល​ ​នៃ​តំបន់​​ស្វយ័ត​ក្វាងស៊ីចុង ហើយវាក៏ជា​សកលវិទ្យា​ល័យខាង​ជាតិ​សាសន៍​ដ៏សំខាន់ នៃ​ឧត្តម​សិក្សា​​ក្នុងតំបន់​ស្វយ័ត​​ក្វាង​​ស៊ី​ចុង ដែលនឹងត្រូវ​បានបង្កើតឡើ​ង​ក្នុងអំឡុង​ផែនការ​ប្រាំឆ្នាំ​លើក​ទី១ របស់​គណ​បក្ស​​កម្មុយ​​នីស្ត​ចិន។ សកល​វិទ្យា​ល័យនេះ ត្រូវបានប​ណ្តុះ​បណ្តាល​អ្នកជំ​នាញ​ជាង​៥ម៉ឺន​នាក់ ក្នុង​នោះ​៧៥%​ជាសិស្ស​ជន​​ជាតិ​​ភាគតិច ដែលមាន​​តួ​នាទី​ក្នុង​រដ្ឋាភិបាល ឱសថ​សាស្រ្ត វប្បធម៌ ការអប់រំ ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ហិរញ្ញវត្ថុ​។ ជាមួយ​គ្នា​នេះស​កល​វិទ្យា​ល័យ​នេះ ផ្តល់នូវមុខវិជ្ជា​ដូចជា​សេដ្ឋកិច្ច​និងគ្រប់គ្រង ឱសថសាស្រ្ត វិទ្យា​សាស្រ្ត​និង​វិស្វកម្ម ច្បាប់​និង​​ទស្សនវិជ្ជា អប់រំ អក្សរ​សាស្រ្តនិ​ងសិល្បៈ។ ទន្ទឹមនឹងនេះ​សកលវិ​ទ្យាល័យ​នេះ បាន​ក្លាយ​ទៅជា​មជ្ឈមណ្ឌល​​ស្រាវ​ជ្រា​វ​របស់​ប្រទេសចិន លើផ្នែក​សញ្ជាតិ ជាពិសេស​ក្រុមជន​ជាតិ​ភាគតិច​ក្នុងតំបន់​ស្វយ័ត និង​អាស៊ី​អាគ្នេយ៍​។
ជាមួយ​​និងទិស​ដៅនៃ​ការ​​ធ្វើ​​ទំនាក់ទំនង និងកិច្ចសហប្រតិ​បត្តិការ​សម្រាប់​រយៈពេល​វែង និងយូរ​អង្វែង សកល​វិទ្យាល័យ​នេះ​បាន​បង្កើត​ឡើងនូវ ការធ្វើទំនាក់​ទំនងកិ​ច្ចស​ហប្រតិ​បត្តិការ​ជាមួយ​និង សកលវិ​ទ្យាល័យ​និងសហគ្រាស​នានា​​ក្នុង​​តំបន់ ក្នុងគោល​​បំណង​ដើម្បី​ផ្ទេរលទ្ធផល​ស្រាវជ្រាវ​ថ្មីបំផុត​របស់ខ្លួន និងការអភិវឌ្ឍ​បច្ចេកវិទ្យា​ជាន់​ខ្ពស់ ចូល​ទៅក្នុង​​ឧស្សាហូប​នីយកម្ម។ ក្រៅ​ពីនេះស​កល​វិទ្យាល័យ​នេះ ត្រូវបាន​តែងតាំង​ដោយ​ក្រសួង​អប់រំ ជាសាលា​ប្រតិបត្តិ ​នៃ​កម្ម​វិធី​បណ្តុះ​បណ្តាល​​ក្នុង​ប្រទេស​ចិន សម្រាប់គ្រូបង្រៀ​នជនជាតិ​នៅក្រៅ​ប្រទេស។ ចាប់​តាំង​ពីឆ្នាំ​១៩៩៧​រហូតមក​​ដល់​​បច្ចុប្បន្ននេះ​មាន​បេក្ខជន​ប្រឡង​ជាង១ពាន់​៣០០នាក់ មកពីប្រទេសចំ​នួន​៤១ បាន​ចូលរួម​ក្នុងការ​ប្រឡង​​សមត្ថ​ភាព​​ជំនាញ​ភាសា​​ចិន និងគ្រូប​ង្រៀនភា​សា​ចិន១២០​នាក់ មកពីប្រទេស​វៀតណាម ឡាវ កម្ពុជា និង​ថៃ បានទទួល​​ការបណ្តុះ​​បណ្តាល​​ក្នុងមជ្ឈម​ណ្ឌលនេះ។ ក្នុងពេលបច្ចុប្បន្ននេះ សាកលវិទ្យាល័យ​ជនជាតិ​ក្វាងស៊ី មាន​និស្សិត​​ក្រោយឧត្តម​សិក្សា​​ចំនួន​​៧២២នាក់ និស្សិត​ថ្នាក់បរិញ្ញា​បត្រចំនួន​១ម៉ឺន២ពាន់​២៨១នាក់ និស្សិត​ថ្នាក់​បរិញ្ញា​បត្ររង​ចំនួន ១ពាន់២១៨នាក់ និស្សិត​សិក្សាតាមរ​យៈការទា​ក់ទង​ដោយ​មិនជួប​មុខគ្នា​ផ្ទាល់​ចំនួន​១ម៉ឺន​២៣៥​នាក់ និស្សិត​រៀន​មុខវិជ្ជា​ត្រៀម​ចំនួន​១ពាន់១០នាក់ និងនិស្សិតអន្តរ​ជាតិមាន​ចំនួន៣៧៩​នាក់។


ជាមួយ​និងភាព​ល្បីល្បាញ់​នេះ មានមេ​ដឹកនាំ​​នយោ​បាយ​​អាស៊ាន​សំខាន់ៗ​ជាច្រើន បានមកធ្វើទ​ស្សនកិច្ច​នៅសកល​វិទ្យាល័យជ​ន​ជាតិ​ក្វាស៊ី  រួមមាន​​ព្រះមហាវិរក្សត្រ នរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ឯកត្តម Tran Duc Luongអតីត​ប្រធានា​ធិបតី​នៃសាធារណ​​រដ្ឋ​សង្គមនិ​យមវៀតណាម ឯកត្តម Pham Gia Khiem អតីតឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេសវៀតណាម ព្រះអង្គម្ចាស់​ក្សត្រី​មហា​ចក្រី សិរិនថន នៃព្រះរាជា​ណាចក្រថៃ ឯកឧត្តម ប៊ូសន ប៊ូផាវ៉ាន់អតីតនាយក​រដ្ឋមន្រ្តី​ឡាវ និងលោកជំទាវ ផានី យ៉ាទូទូ ប្រធានរដ្ឋសភាឡាវ រួម​ទាំង​ឥស្សរជន​ពិភព​លោក​ជាច្រើន​រូបទៀត។ ជាមួយនិង​​មហាកិត្តិយ​សដ៏ខ្ពង់ខ្ពស់​​បំផុតនោះ សកលវិទ្យាល័យជន​ជាតិក្វាង​ស៊ី បានផ្តល​នូវ​សញ្ញា​បត្រ​បណ្ឌិត​កិត្តិយសផ្នែ​ក​អក្ស​រ​សាស្រ្ត កាល​ពីថ្ងៃទី១៥ ខែតុលាឆ្នាំ២០១៥ នៅទីក្រុង​ប៉េកាំងប្រ​ទេសចិន។
នៅក្នុងដំណើ​រទស្សនកិច្ចនៅ​សកលវិទ្យាល័យជ​នជាតិក្វាងស៊ី សម្តេចតេជោ​នាយករដ្ឋមន្រ្តីបា​នអញ្ជើញ​ទស្សនា នៅតាម​ផ្នែកនិមួយ​ៗ នៃកម្មវិធី​សិក្សារ​បស់ស​កល​វិទ្យាល័យ ក្នុងនោះ រួមទាំងការ​ទស្សនា​នៅតាម​ទីកន្លែង និង​សមិទ្ធផល​សំខាន់ៗ​ ដែលនិស្សិតទាំងអស់​ក្នុងសកលវិទ្យាល័យ ក្នុងនោះរួម​​ទាំងនិស្សិត​កម្ពុជា​ផងដែរ បាន​ខិតខំ​ធ្វើកា​រ​ស្រាវជ្រាវ​ និងបញ្ចេញ​នូវសា្ន​ដៃធំៗ​ជាច្រើន ក្នុងការ​សិក្សា​រៀនសូត្រ តាម​កម្មវិធីរបស់​សកលវិទ្យាល័យ។ នៅក្នុង​ដំណើរ​នៃការ​អញ្ជើញទស្សនកិច្ចនោះដែរ សម្តេចតេជោ​នាយក​រដ្ឋមន្រ្តីបាន បង្ហា​ញ​នូវភាព​ស្និតស្នាល​ជាមួយ​និង​និស្សិត​កម្ពុជា និងនិស្សិត​បរទេសនានា តាមរយៈការបង្ហាញ​នូវស្នាម​ញញឹម និង​ភាពរ៉ាក់​ទាក់ ពិសេស​បាន​អញ្ជើញ​ថតរូប​សែលហ្វីប​ង្ហោះក្នុងភាព​ស្និតស្នាល រវាងថ្នាក់​ដឹកនាំ និ​ងកូន ចៅ របស់​សម្តេច​។ ជា​មួយ​គ្នានេះ​សម្តេច​តេជោ​នាយករដ្ឋមន្រ្តី បានឧបត្ថម្ភ នូវ​ថវិកាមួយចំនួន ជូនដល់និស្សិតក​ម្ពុជាចំនួន​៤៨នាក់ ដែល​កំពុង​សិក្សា​ក្នុង​សកល​វិទ្យាល័យ​ជនជាតិក្វាងស៊ី៕