Saturday, September 10, 2016

ខែសីហាកន្លងទៅនេះនិស្សិតជាង៣០០នាក់និងប្រជាពលរដ្ឋជិត១០០០នាក់ ទទួលបានការអប់រំអំពីបេតិកភណ្ឌពីអាជ្ញាធរជាតិអប្សរា

ការថែរក្សាការពារនិងអភិរក្សប្រាង្គប្រាសាទ ទំនៀមទម្លាប់ប្រពៃណីនិងបរិស្ថានគឺទាមទារឲ្យមានការចូលរួមពីប្រជាពលរដ្ឋនិងគ្រប់គូភាគីដែលពាក់ព័ន្ធទាំងអស់ ដើម្បីលើកកម្ពស់នូវតម្លៃសម្បត្តិបេតិកភណ្ឌដ៏ល្អឯកដល់មនុស្សជាតិជំនាន់ក្រោយទៀត។ ហេតុផលនេះហើយ ដែលអាជា្ញធរជាតិអប្សរាបង្កើតក្រុមការងារសហគមន៍ អប់រំផ្សព្វផ្សាយអំពីបេតិកភណ្ឌជាប្រចាំ ដល់ប្រជាពលរដ្ឋនៅក្នុងតំបន់រមណីយដ្ឋានអង្គរ សាលារៀន និងតាមបណ្តាសាកលវិទ្យាល័យនានាក្នុងក្រុងខេត្តសៀមរាបទាំងមូល ដើម្បីឲ្យគ្រប់គ្នាបានយល់ ហើយរួមគ្នាជួយថែរក្សាការពារនិងអភិរក្សនូវសម្បត្តិបេតិកភណ្ឌទាំងអស់នោះ។

តាមរបាយការណ៍ក្រុមការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរាចេញផ្សាយថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦បញ្ជាក់ថា ក្នុងខែសីហាកន្លងទៅនេះ ក្រុមការងារសហគមន៍បានចុះទៅផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីការចូលរួមថែរក្សាការពារនិងអភិរក្សសម្បត្តិបេតិកភណ្ឌ ជូនដល់ប្រជាពលរដ្ឋបានចំនួន១៤ភូមិ ដែលមានប្រជាពលរដ្ឋចូលរួមចំនួន៨៧៧នាក់ និងអប់រំតាមសាកលវិទ្យាល័យចំនួន៣ ដែលមាននិស្សិតចូលរួមសរុប៣១៩នាក់។

ក្រៅពីអប់រំអំពីបេតិកភណ្ឌ ក្រុមការងារសហគមន៍ ក៏បានចុះពិនិត្យនិងអនុញ្ញាតការសាងសង់និងការជួសជុលសំណង់តូចៗដល់មូលដ្ឋានប្រជាពលរដ្ឋផ្ទាល់បានចំនួន៥៣ករណី។ នេះជាការយកចិត្តទុកដាក់របស់អាជ្ញាធរជាតិអប្សរា ដើម្បីជាការចូលរួមសម្រួលដល់ប្រជាពលរដ្ឋ មិនចាំបាច់ធ្វើដំណើរវែងឆ្ងាយទៅដាក់ពាក្យស្នើសុំដល់ទីស្នាក់ការ។

 ជាមួយគ្នានេះ ក្រុមការងារសហគមន៍ក៏បានចុះជួបសួរសុខទុក្ខ និងនាំយកកញ្ចប់អំណោយទ្រទ្រង់សុខុមាលភាពដល់ស្រ្តីទើបសម្រាលកូនរួចចំនួន១៧៣គ្រួសារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា និងលោកជំទាវ ព្រមទាំងចូលរួមដាំកូនឈើចំនួន៨០០០ដើមលើផ្ទៃដី៨ហិកតានៅស្រុកប្រាសាទបាគង៕