Saturday, September 10, 2016

សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី - ជួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ ឯកឧត្តម ចាង កាវលី (Zhang Gaoli) ឧបនាយករដ្ឋមន្រ្តីចិន


ក្នុង​ជំនួប​ដែល​ធ្វើឡើង​នៅផ្ទះ​សំណាក់រដ្ឋ Liyuan ក្នុង​ទីក្រុង​ណាន​នីង​ ខេត្តក្វាងស៊ី កាលពី​ល្ងាច ថ្ងៃទី៩ កញ្ញា ឯកឧត្តមចាង កាវលី ឧបនាយករដ្ឋ​មន្រ្តី​ចិន មានប្រសាស​ន៍ថា ឯកឧត្តម​ពិតជា​មានកា​រីករាយ​ដោយបាន​ជួប​សន្ទនា ជាមួយ​សម្តេច​សាជាថ្មី​ម្តងទៀត ក្នុងនាមជា​មិត្ត​ភក្តិចាស់​របស់ប្រទេស និងប្រជាជន​ចិន នឹងក៏ជា​មិត្ត​ភក្តិផ្ទាល់​របស់ ឯកឧត្តម។ ឯកឧត្តម​ឧបនាយក​រដ្ឋមន្រ្តី​មានប្រសាសន៍​ចាត់ទុក​វត្តមាន របស់​សម្តេច​តេជោ នាយករដ្ឋមន្រ្តី គឺបាន​បង្ហាញ​ពីគោល​ជំហរ​របស់​សម្តេច​ចំពោះ​ប្រទេស​ចិន និងជា​ការចូល​រួម​ពង្រឹង​នូវ​ទំនាក់​ទំនង​រវាង​ចិន និងកម្ពុជា នឹង​ក៏ រវាង​ចិន-អាស៊ាន​ទាំងមូល​ផងដែរ។

ជាការឆ្លើយត​បសម្តេច​តេជោ​ ហ៊ុន សែន​ នាយក​រដ្ឋមន្រ្តី​ មានប្រសាសន៍ថា សម្តេច​ពិត​ជា មាន​ការ​សប្បាយ​រីករាយ​ក្នុង​ការ​អញ្ជើញ​ចូល​រួម​ពិពរណ៌ចិន - អាស៊ាន​លើកទី១៣ នៅទីក្រុង​ណាន​នីង ខេត្តក្វាងស៊ី។ សម្តេច​តេជោ​មាន​ប្រសាសន៍​បន្ត​ថា ការចូលរួម​របស់​សម្តេចក្នុង​ព្រឹត្តិការណ៍ នៃពិព័រណ៌ចិន អាស៊ាននេះ គឺមានគោល បំណង​ចង់​ចូល​រួម​បន្ត​កសាង​ទំនាក់​ទំនង​រវាង​កម្ពុជា-ចិន និង​រវាង​អាស៊ាន​-ចិន ឲ្យកាន់​តែរឹង​មាំ​ថែមទៀត។ សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​មានប្រសាសន៍​បញ្ជាក់​បន្ថែមថា ក្រៅពីការ​ចូលរួ​មក្នុងព្រឹត្តិការណ៍​ពិព័រណ៌​ចិន-អាស៊ាន​​លើក​ទី១៣ ក្នុង​ឆ្នាំ​២០១៦​នេះ សម្តេច និងអញ្ជើញ​ចូលរួម​ក្នុង​វេទិកា​ស្តីពី​ពាណិជ្ជកម្ម និងវិនិ​យោគ​កម្ពុជា-ចិន លើកទី១ ដែល​នឹង​ប្រារព្វ​ឡើង​នៅ​ថ្ងៃទី​១២ កញ្ញា ដើម្បីកៀង​គរ​អ្នក​វិនិយោគ​ចិន​ខេត្ត​ក្វាង​ស៊ី មកបណ្តាក់ទុនវិនិយោគ​ឲ្យ កាន់​តែ​ច្រើន​ឡើង​ក្នុង​ប្រទេស​កម្ពុជា។ តាមរយៈ​តំបន់​ពាណិ​ជ្ជកម្ម​សេរី​អាស៊ាន-ចិន សម្តេចតេជោ​នាយក​រដ្ឋមន្រ្តី​បាន ស្នើ​ដល់​ភាគី​ចិន បន្តជំរុញ​ការនាំ​ចូល​នូវផលិត​ផល​កម្ពុជា​​ទៅកាន់​ទីផ្សារចិន ដោយ​មិន​កំណត់ចំនួនកូតា និង​ដោយ​មិន​ជាប់​ពន្ធគយ តាមរយៈ​​​រដ្ឋ​មន្រ្តី​ពាណិជ្ជ​កម្ម​ នៃប្រទេស​ទាំងពី​រកម្ពុជា-ចិន ធ្វើការ​ពិភាក្សា​ជាមួយ​គ្នា។


ក្នុង​ជំនួប​ពិភាក្សា​គ្នានះ​ដែរ សម្តេចតេជោ​នាយករដ្ឋមន្រ្តី និងឯកឧត្តម​ឧបនាយករដ្ឋម​ន្រ្តីចិន បានធ្វើការ​ពិភាក្សា​គ្នា យ៉ាង​យក​ចិត្ត​ទុក​ដាក់ ពីគំរោង​អាទិភាព​នានា​​ដែល​រដ្ឋា​ភិបាល​ចិន បានផ្តល់​ជូន​ដល់​ភាគី​កម្ពុជា រួមទាំង​ជំនួយ​​ឥត​​​សំ​ណង មាន​ទឹក​​ប្រាក់​៣​ពាន់​៦០០​លានយ័ន របស់​រដ្ឋាភិ​បាល​ចិនផ្តល់​ជូ​នរាជ​រដ្ឋាភិបាល​កម្ពុជា។ សម្តេចតេជោ​នាយក រដ្ឋមន្រ្តី និងឯកឧត្តម​ឧបនាយក​រដ្ឋមន្រ្តីចិន ក៏បានឯកភាព​គ្នាលើយន្តកា​រអន្តររដ្ឋា​ភិបាល នៃប្រទេសទាំងពីរ ដើម្បី​ធ្វើ ការពិ​ភាក្សាគ្នា​លើការ​អនុវត្ត​គំរោង​នានា ដែល​ភាគី​កម្ពុជា​បានស្នើ​ទៅកាន់​ភាគីចិន តាមរយៈ​គោលន​យោបាយ​វិថី​មួយ ផ្លូវមួយ ដើម្បី​អនុវត្ត​លើអនុស្សា​រណៈមួយដែ​ល​យើងបាន​ចុះកិច្ច​ព្រមព្រៀង​ជាមួយគ្នា។

ឯកឧត្តម​ ឧបនាយករដ្ឋមន្រ្តី​​ចិន មានប្រសាសន៍ថា​ ដោយសារ​ឆ្នាំ២០១៦​នេះគឺជា​ខួប​២៥ឆ្នាំ នៃទំនាក់​ទំនង​ក្នុងភាពជា​ដៃ​គូសន្ទនា​ចិន-អាស៊ាន ឯកឧត្តមសូម​កោតសរសើរជូនចំពោះ​សម្តេចតេជោ​នាយករដ្ឋមន្រ្តី និង​បាន​ចាត់ទុក​សម្តេច​គឺជាសាក្សី​ពិតក្នុង​ទំនាក់​ទំនង​អាស៊ាន-ចិន ពោល​គឺសម្តេច​តែងតែខិត​ខំជំរុញ​កិច្ចសហ​ប្រតិបត្តិ​ការ​អាស៊ាន-ចិន បន្តមាន​ការរីក​ចម្រើន​ទៅមុខ ក្នុងភាពជាដៃគូ​យុទ្ធសាស្រ្ត​អាស៊ាន-ចិន។ ឯកឧត្តមឧ​បនាយ​ក​រដ្ឋមន្រ្តីមា​នប្រសាសន៍​សង្កត់ធ្ងន់​ថា អាស៊ាន-ចិន និង​ប្រើប្រាស់​មូលនិធិ​ខ្សែក្រវ៉ាត់​មួយ ផ្លូវមួយ របស់ឯ​កឧត្តម​ប្រធានា​ធិបតី ស៊ី ជិនពីង កាន់តែទ​ទួល​បានជោគជ័យ​ថែម​ទៀត​សម្រាប់តំបន់។