Tuesday, January 11, 2011

ប៉ូលិស​ព្រំដែន​៩១១​ឃាត់​​ខ្លួន​បុរស​​ចំណាស់​ជន​ជាតិ​ថៃ​ម្នាក់​ឆ្លង​ចូល​ដី​ខ្មែរ​ខុស​ច្បាប់​

បន្ទាយមានជ័យ​៖បុរស​ចំណាស់​ជន​ជាតិ​ថៃ​ម្នាក់​ដែល​លួច​ឆ្លង​ដែន​ចូល​ទឹក​ដី​កម្ពុជា​ដោយ​ខុស​ច្បាប់​នៅ​ក្រុង​ប៉ោយ​ប៉ែត​ខេត្ត​បន្ទាយ​មាន​ជ័យ​ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​ការ​ពារ​ព្រំដែន​គោក​លេខ​៩១១​ធ្វើ​ការ​ឃាត់​ខ្លួន​បាន​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១​ខែ​មករា​ឆ្នាំ​២០១១​វេលា​ម៉ោង​៨​ព្រឹក​ត្រង់​ចំណុច​ភូមិ​ព្រៃ​លិច​ឃុំ​ក្បាល​ស្ពាន​ក្រុង​ប៉ោយ​ប៉ែត​។
លោក​ឈុត​អាង​មេ បញ្ជា​ការ​ការ​ពារ​ព្រំដែន​គោក​លេខ​៩១១​ឈរ​ជើង​តាម​បន្ទាត់​​ព្រំដែន​តំបន់​ប៉ោយ​ប៉ែត​បាន​អោយ​ដឹង​ថា​បុរស​ចំណាស់​ដែល​សមត្ថកិច្ច​របស់​លោក​ឃាត់​ខ្លួន​បាន​មាន​ឈ្មោះ PHUK​ PREE ​CHA​ PHOL​ អាយុ​៧៦​ឆ្នាំ​មុខ​របរ​ជា​អ្នក​ម៉ៅ​ការ​សាង​សង់​។តាម​ការ​សាក​សួរ​របស់​សមត្ថកិច្ច​ជន​នេះ​បាន​មក​ទឹក​ដី​កម្ពុជា​តាម​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែត​ពី​ថ្ងៃ​ទី​១០​ខែ​មករា​ឆ្នាំ​២០១១​ហើយ​បាន​ត្រឡប់​ទៅ​វិញ​ដោយ​មាន​កាន់​លិខិត​ឆ្លង​ដែន​លេខ​I977634​ហើយ​ស្រាប់​តែ​ត្រឡប់​មក​កម្ពុជា​វិញ​ដោយ​មិន​ចូល​តាម​ច្រក​អន្តរជាតិ​បែរ​ជា​លួច​ចូល​មក​វិញ​តាម​ផ្លូវ​កាត់​ម្ដុំ​ច្រក​ស្ពាន​មិត្ត​ភាព​កម្ពុជា​ថៃ​។

លោក​បាន​បន្ត​ទៀត​ថា​ចំពោះ​ជន​ជាតិ​ថៃ​នេះ​សមត្ថកិច្ច​កំពុង​តែ​សួរ​នាំ​និង​សុំ​យោបល់​ស្នង​ការ​តើ​គួរ​អនុវត្ត​បញ្ជូន​ទៅ​ស្នង​ការ​ឬ​បញ្ជូន​ចេញទៅ​ថៃ​វិញ​៕