Tuesday, January 11, 2011

ថៃ​ចាប់​ខ្លួន​ពលរដ្ឋ​ខ្មែរ​៥៥​នាក់​ជា​រឿង​សង​សឹក

ភ្នំពេញ ៖ ពលរដ្ឋ​ខ្មែរ​ចំនួន​៥៥​នាក់ ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​នៅ​ផ្សារ​រុងក្លឿ ច្រក​ព្រំដែន​អន្តរជាតិ​ ប៉ោយប៉ែត​ តែក្រោយ​មក​ដោះ​លែង​មក​វិញ ២៣​នាក់ នៅ​សល់ ៣២នាក់​កំពុង​ជាប់​ឃុំ។
លោក​ឧត្ដមសេនីយ៍​មិថុនា អនុ​ប្រធាន​ការិយាល័យ​ទំនាក់ទំនង​កម្ពុជា​-ថៃ​ បាន​ប្រាប់​កម្ពុជាថ្មីថា​ កង​ទ័ព​ឈុត​ខ្មៅ​ថៃ ក្នុង​អង្គ​ភាព ១២០៦ បាន​ចាប់​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​៣០​កាលពី​ល្ងាច​ម៉ោង​៦ ថ្ងៃទី​១០ ខែមករា ឆ្នាំ២០១១ នៅក្នុង​​ផ្សារ​រុង​ក្លឿ ប៉ុន្តែ​ក្រោយ​មក​បាន​ដោះ​លែងវិញ ចំនួន​​២៣​នាក់ ទុក​៧នាក់​បញ្ជូន ទៅ​ឃុំ​ឃាំង​នៅ​ខេត្ត​ស្រះកែវ។
លោក​ឧត្ដមសេនីយ៍​បាន​និយាយថា លុះ​មកដល់​ថ្ងៃទី១១ ខែមករា​នេះ ប្រជាពលរដ្ឋ​ខ្មែរ​២៥នាក់ ត្រូវ​បាន​អាជ្ញាធរថៃ​ចាប់​ថែមទៀត ដោយ​ចោទប្រកាន់​ថាឆ្លង​ដែន​ខុស​ច្បាប់។ ដូច្នេះ​ការចាប់​ខ្លួន​ពលរដ្ឋ​សាមញ្ញ ដែល​ទៅរក​ស៊ី​នៅ​តាម​ព្រំដែន​​បាន​ក្លាយ​ជារឿង​ចាប់​សង​សឹក​ទៅវិញ។
លោក​កុយ គួង អ្នកនាំពាក្យ​ក្រសួងការ​បរទេស​កម្ពុជា បាន​ប្រាប់​​​កម្ពុជា​ថ្មី​ថា លោក​បាន​ទទួល​ព័ត៌មាន ពីការចាប់​ខ្លួន​ពលរដ្ឋ​ខ្មែរ​ទាំងនោះហើយ​ ឥឡូវ​ក្រសួង​ការបរទេស​កំពុង​ឲ្យ​អង្គកុងស៊ុល​កម្ពុជា​​ប្រចាំនៅ ខេត្ត ស្រះកែវ អន្តរាគមន៍​សុំ​ឲ្យដោះ​លែង ប្រជាពលរដ្ឋ​ខ្មែរ​មកវិញ។
លោកកុយ​ គួង និយាយថា គេមិន​គួរ​ធ្វើ​បាប​ពលរដ្ឋសាមញ្ញ ដែល​កំពុងរកស៊ី​ប្រកប​របរ​តិច​តួច​នៅ តាមជាយ​ដែន​នោះទេ ព្រោះ​ពួក​គាត់​ជា​ប្រជាពលរដ្ឋ​ធម្មតា មិនពាក់​ព័ន្ធ​នយោបាយ​អ្វី​ឡើយ។
លោក​ឧត្ដម​សេនីយ៍ មិថុនា បាន​និយាយថា ក្នុងចំណោម ប្រជាពលរដ្ឋ​៣០​នាក់ ដែលថៃ​ចាប់​ខ្លួន នៅ ក្នុង​ផ្សាររុងក្លឿ កាល​ពី​ថ្ងៃទី​១០ ខែមករា គេបាន​ដោះលែង​មកវិញ​២៣នាក់ នៅព្រឹក​​ថ្ងៃទី​១១ ខែមករា ចេញ​តាមច្រក​​អន្តរជាតិ​ប៉ោយប៉ែត។ ចំណែក​ប្រជាពលរដ្ឋ​ខ្មែរ ៧នាក់ទៀត ត្រូវបាន​គេ​បញ្ជូន​ទៅ​ឃុំ​ឃាំង នៅខេត្ត ស្រះកែវ ដោយ​ចោទ​​ប្រកាន់​ថា​ប្រើប្រាស់​លិខិត​ហួស​សុពលភាព ក្នុងការ​ឆ្លងដែន។ តាមធម្មតា​លិខិតឆ្លង​ដែន​សម្រាប់​អ្នករកស៊ីនៅ​ទីនោះ អាជ្ញាធរថៃ​ គេកំណត់​មួយ​​ឆ្នាំ​ម្ដង តែ៣ខែ​ត្រូវ​ទៅ​ពិនិត្យ​ម្ដង។ ដូច្នេះ​ពលរដ្ឋ​ទាំង ៧នាក់ ត្រូវ​បានគេ​ចោទថា​ឆ្លងដែន​ខុសច្បាប់ ដោយ​អាច​ប្រឈម​មុខ​នឹងតុលាការ​នៅ​ខេត្ត​ស្រះកែវ​ទៀត ផង។
ដោយឡែក​ប្រជាពលរដ្ឋ​២៥នាក់​ផ្សេងទៀត ដែល​អាជ្ញាធរ​ចាប់​ខ្លួន​កាលពី​ថ្ងៃទី១១ ខែមករា ដោយ សារតែ​ពួកគាត់​បាន​ចូល​តាម​ច្រក​របៀង​អត់​ទិញ​សំបុត្រ​ចូលតាមច្រក។ ប្រជាជនកម្ពុជា​ទាំង​២៥នាក់(ប្រុស ១៧ ស្រី៨)ត្រូវបាន​គេចោទ​ថា​ឆ្លងដែន​ខុស​ច្បាប់។
តាមធម្មតា​នៅច្រក​អន្តរជាតិ​ប៉ោយ​ប៉ែត ប្រជាពលរដ្ឋ​ខ្មែរ-ថៃ បាន​ចេញចូលរកស៊ី​ផ្លាស់​ប្ដូរ​ទំនិញ​គ្នា ទៅ​វិញ​ទៅមក ដោយ​គេប្រើ​ប្រាស់​សំបុត្រ​ចេញ​ចូល​ប្រចាំ​ថ្ងៃ សម្រាប់​មួយ​ថ្ងៃៗ។ ប៉ុន្តែ​កន្លង​មក​ប្រជាពលរដ្ឋ ខ្លះ​មិន​បាន​ទិញ​សំបុត្រ​ មិនថា​ឡើយប្រជាពលរដ្ឋ​ខ្មែរ​ឬថៃទេ តែអាជ្ញាធរ​នៅ​តាមច្រក​បាន​អនុគ្រោះ​ពួកគាត់ ទៅវិញទៅមក។ ពេលខ្លះ​គ្រាន់​តែ​ពិន័យ​គាត់​ជាប្រាក់​មិន​ដែល​ចាប់ខ្លួន​ទេ។ តែ​ក្រោយពី​កម្ពុជា​ចាប់​ខ្លួនជន​ជាតិថៃ​៧នាក់ ជាមេដឹកនាំ​នយោបាយ​នៅ​ច្រក​បង្គោល​ព្រំដែន​លេខ​៤៦​ ដែល​បាន​ចូល​ព្រំដែន​កម្ពុជា​ខុស ច្បាប់ ស្រាប់​តែឥឡូវ​អាជ្ញាធរ​ថៃ បាន​ចាប់​ពលរដ្ឋ​ខ្មែរ​សាមញ្ញ​វិញ​ជា​រឿង​សងសឹក៕
ឫទ្ធី