Tuesday, January 11, 2011

នាំ​ខ្លួន​ទណ្ឌិតវីរៈស៊ុមខ្វាមឃីត និង​រ៉ាទ្រី​ប៉ៃ​ពូតាណា​ប៉ៃប៊ូន មក​សាក​សួរ​ករណី​ប្រមូល​ផ្ដុំ​ព័ត៌មាន​ចារកម្ម​លើ​ទឹក​ដី​កម្ពុជា

ភ្នំពេញ ៖ នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១១ អនុរក្ស​ពន្ធនាគារ​ព្រៃស បាន​នាំ​ខ្លួន​ទណ្ឌិត​ជន​ជាតិ​ថៃ​​ចំនួន​២​នាក់​​មក​សាក​​សួរ​បន្ថែម ពាក់​ព័ន្ធ​​ទៅ​​នឹង​​ករណី​​ដែល​​មាន​​ការ​​ចោទ​​ប្រកាន់​ពី​​បទ​​ប្រមូល​ផ្ដុំ​ព័ត៌មាន​​ដែល​ធ្វើ​ឲ្យ​អន្តរាយ​ការ​ការពារ​ជាតិ​តាម​មាត្រា​៤៤៦ នៃ​ក្រម​ព្រហ្មទណ្ឌ​ និង​​មាត្រា​​២៩ នៃ​ច្បាប់​ស្ដីពី​អន្តោ​​ប្រវេសន៍​​របស់​កម្ពុជា។
បុរស​ស្រ្តី​ជនជាតិ​ថៃ​ជាទណ្ឌិត​ជន ដែល​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួនជាបណ្ដោះ​អាសន្ន​នៅពន្ធនាគារ ហើយ ក៏​បាន​នាំ​មក​កាន់​តុលាការ​សួរ​ចម្លើយ​បន្ថែម​នេះ ទី១ឈ្មោះ VEERA Somkwamkid មានមុខងារជាអគ្គលេខា​ធិការ​បណ្ដាញ​ប្រជាជន ប្រឆាំង​អំពើ​ពុករលួយ ទី២ឈ្មោះ RATREE Paiputanapaiboon ភេទស្រី ជាអ្នកសារ ព័ត៌មាន។
ស៊ុមខ្វាមឃីត និងរ៉ាទ្រី ត្រូវបានព្រះរាជអាជ្ញាអមតុលាការរាជធានីភ្នំពេញ សម្រេចចោទប្រកាន់បន្ថែម តាមមាត្រា៤៤៦ នៃក្រម​ព្រហ្មទណ្ឌ ពីបទប្រមូលផ្ដុំព័ត៌មានជាអាទិ៍ដែលអាចធ្វើ​ឲ្យអន្តរាយ​ការការពារជាតិ។ អំពើទទួល​ឬ​ប្រមូល​ផ្ដុំព័ត៌មាន ដើម្បីផ្ដល់ឲ្យពលរដ្ឋបរទេស ឬភ្នាក់ងារបរទេសនូវព័ត៌មាន វិធី វត្ថុតាង ឯកសារ ទិដ្ឋន័យព័ត៌មានវិទ្យា ឬសលាកបត្រ ដែលអាចធ្វើឲ្យអន្តរាយការការពារជាតិ ត្រូវផ្ដន្ទាទោសដាក់ពន្ធ នាគារពី៥ឆ្នាំទៅ១០ឆ្នាំ។
ហេតុផល​ដែល​តុលាការ​កម្ពុជា​សម្រេច​ចោទប្រកាន់បន្ថែមទៅ​លើទណ្ឌិតជនឈ្មោះវីរៈ ស៊ុមខ្វាមឃីត និងឈ្មោះរ៉ាទ្រី ប៉ៃពូតាណាប៉ៃប៊ូន ដោយសារតែពួកគេ​បាននាំយកនូវសម្ភារៈបច្ចេកវិទ្យាទំនើបពាក់ព័ន្ធនឹង ការប្រមូលផ្ដុំចងក្រង​ព័ត៌មានបែបចារកម្ម​ នូវខណៈពេល​ដែលពួកគេ​បាន​ឆ្លង​ចូលមក​ក្នុង​ទឹកដីកម្ពុជា ជំរៅ ជាង​៣០០ម៉ែត្រ​​តាមបង្គោលព្រំដែនលេខ៤៦ ស្ថិតនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយ មានជ័យ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១០ កន្លងទៅ។ ឧបករណ៍អេឡិចត្រូនិកបច្ចេកវិទ្យាជាន់ខ្ពស់ ដែលពួក​គេបាននាំយកមកប្រើ​ ដើម្បី​ប្រមូល ព័ត៌មាននៅលើទឹកដីកម្ពុជា​រួមមាន ម៉ាស៊ីន​ថត​រូបភាព​វីដេអូឌីជីថល និង ម៉ាស៊ីនថត​សម្លេង​ខ្នាតតូច​តែអាចផ្ទុក​ព័ត៌មាន​បាន​ច្រើន​បំផុត​។
ជាមួយ​គ្នា​នេះ​ទណ្ឌិតជនទាំង​២នាក់ ក៏ត្រូវបានចោទ​ប្រកាន់​ពីបទ​ចូល​មកក្នុង​ព្រះរាជាណាចក្រកម្ពុជា ដោយគ្មានការអនុញ្ញាតតាមមាត្រាទី២៩ នៃច្បាប់​ស្ដីពីអន្តោប្រវេសន៍​ផង​ដែរ។ តាមស្មារតី​និងខ្លឹមសារនៃ​មាត្រា​២៩​ច្បាប់​អន្តោប្រវេសន៍មាត្រានេះ ត្រូវបានផ្ដន្ទាទោស​ជន​ត្រូវ​ចោទដាក់ពន្ធនាគារ​ពី​៣​ខែទៅ៦ខែ ប៉ុន្តែ​ក្នុងកត្តាខណ្ឌទី១ នៃមាត្រា២៩ ករណីដែល​ជន​ត្រូវ​ចោទ​បានជួយ​សម្រួល​ក្នុងការ​បញ្ចូល​ជនបរទេស​ដោយ គ្មាន​ការអនុញ្ញាត​ឬសម​គំនិត ត្រូវផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី៦ខែ​ទៅ១ឆ្នាំ ហើយគ្រប់​មធ្យោបាយ​សម្ភារៈ​ប្រើ​ប្រាស់​សម្រាប់ប្រព្រឹត្តបទល្មើសត្រូវរឹបអូស។
គួរកត់សម្គាល់ថា នៅខណៈពេលដែលមានការបញ្ជូនខ្លួនទណ្ឌិតជនឈ្មោះវីរៈ ស៊ុមខ្វាមឃីត និងស្រ្តី ឈ្មោះរ៉ាទ្រី ប៉ៃពូតាណាប៉ៃប៊ូន គេឃើញបណ្ដាញផ្សព្វផ្សាយព័ត៌មានរបស់ថៃ យ៉ាងច្រើនកុះករបានមក​ប្រយិតប្រតោង របងតុលាការរាជធានីភ្នំពេញ ថតរូបភាពនិងសាកសួរព័ត៌មាន​ជន​ត្រូវចោទ​ទាំង​២នាក់ នៅ ពេល​ដែល​ពួកគេត្រូវបាន​អនុរក្សពន្ធនាគារបណ្ដើរយកទៅប្រគល់ខ្លួនឲ្យចៅក្រមស៊ើបសួរ។ នៅពេលមាន ការសាកសួរ ពីអ្នកកាសែតជនជាតិថៃ លោកស៊ុមខ្វាមឃីត បានងាកទៅឆ្លើយតបនឹងសំណួររបស់អ្នក​កាសែត ក្នុងអាការៈខ្សឹកខ្សួល​ហើយ​ពួក​គេ​ត្រូវបានដាក់បញ្ចូលទៅក្នុងបន្ទប់សវការទី៣​ដើម្បីបន្តនីតិវិធីស៊ើប អង្កេតសាកសួរ នូវបទល្មើសដែលមានចរិកប្រមូលផ្ដុំនូវព័ត៌មានចារកម្ម៕
អមតៈ