Tuesday, January 11, 2011

លោកស្រី​មួរ សុខ​ហួរ ទាមទារ​អភ័យឯកសិទ្ធិ​សភា​វិញ​បន្ទាប់​ពី​បង់លុយ​គ្រប់​ចំនួន​

ភ្នំពេញ​: ​លោកស្រី​មួរ សុខ​ហួរ តំណាងរាស្ត្រ​គណបក្ស​សម រង្ស៊ី បាន​អះអាង​នៅ​ថ្ងៃ​នេះ​ថា លោកស្រី​សុំ​ទាម ទារ​អភ័យឯកសិទ្ធិ​សភា​រប​ស់លោក​ស្រី​មក​វិញ ហើយ​សូមឲ្យ​រដ្ឋសភា​ផ្តល់​អភ័យឯកសិទ្ធិនេះ​វិញ ឲ្យបាន​ឆាប់​ពីព្រោះថា លោកស្រី​បាន​បង់លុយ​គ្រប់​ចំនួន​ជូន​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន រួចហើយ​។​

​ការទាមទារ​នេះ​បាន​ធ្វើឡើង​បន្ទាប់​ពី​រដ្ឋសភា​បាន​កាត់​ប្រាក់ខែ​របស់​លោកស្រី​គ្រប់​ចំនួន ១៦​លាន ៥​សែន​រៀល​ដើម្បី​សងជំងឺចិត្ត​សម្តេច ហ៊ុន សែន និង​បង់​ការផាកពិន័យ​ចូល​ថវិកា​ជាតិ​រួចមក​។​

​លោកស្រី​តំណាងរាស្ត្រ​ខេត្ត​កំពត​ត្រូវបាន​តុលាការ​រាជធានី​ភ្នំពេញ​កាត់ទោស​ឲ្យ​ចាញ់​ក្តី​សម្តេច ហ៊ុន សែន​ពី​បទ​បរិហារកេរ្តិ៍ និង​តម្រូវឲ្យ​បង់​ប្រាក់​សង​ជំងឺ​ចិត្ត​ជូន​ដើមបណ្តឹង​ចំនួន ៨​លាន​រៀល និង​បង់ ប្រាក់​ពិន័យ​ចំនួន​៨​លាន​៥​សែន​រៀល​ដែល​សរុប​ទាំងអស់​មាន​១៦​លាន​៥​សែន​រៀល​។​

​លោកស្រី​ត្រូវបាន​តុលាការ​សម្រេច​បង្ខំ​ឲ្យ​កាត់​ប្រាក់ខែ​សង​រហូត​គ្រប់​ចំនួន​ពី​ព្រោះតែ​លោកស្រី មិន​ព្រម​បង់​ប្រាក់​នោះ​ដោយ​សំរួល​។ តែ​ឥឡូវនេះ ការ​កាត់​ប្រាក់ខែ​បាន​គ្រប់​ចំនួន​ហើយ​។ លោក​ជាម យៀប តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​បានឲ្យដឹងថា សភា​ត្រូវ​រង់ចាំ​សំបុត្រ​ពី​តុលាការ ដើម្បី​ចាត់ការ​រឿងនេះ ពោល​គឺ​ចូល​តាម​ច្រក​ណា​ត្រូវ​ចេញ​តាម​ច្រក​នោះ​វិញ​។ 

​មានន័យ​ថា ប្រសិនបើ​តុលាការ​សរសេរ​លិខិត​ទៅ​រដ្ឋសភា​បញ្ជាក់ថា​លោកស្រី​រួច​ទោស​ពេល​ណា រដ្ឋសភា​នឹង​ព្រគ​ល់​អភ័យឯកសិទ្ធិ​ជូន​លោកស្រី​មួរ សុខ​ហួរ​ភ្លាម​ដែរ​៕

CEN