ជនជាតិថៃ៧នាក់ដែលត្រូវបានចាប់ខ្លួនដោយសមត្ថកិច្ចកម្ពុជាកាលពីថ្ងៃទី២៩ ខែធ្នូឆ្នាំ២០១០ និង ការអនុវត្តយ៉ាងត្រឹមត្រូវតាមដំណើរការ និងនិតិវិធីរបស់តុលាការកម្ពុជាទៅលើជនជាតិថៃទាំងនោះ និងការខិតខំបញ្ចៀសនូវការប្រឈមមុខដាក់គ្នា គឺ បាននាំឲ្យប្រទេសទាំងពីរ កម្ពុជា‑ថៃ ស្ថិតក្នុងក្រសែភ្នែកនៃមហាជន ជាតិ និងអន្តរជាតិ ពីការរក្សាបាននូវទំនាក់ទំនងល្អ ការធានាបាននូវនិរន្តរភាពធុរៈកិច្ចនៅតាមតំបន់ព្រំដែន ជាពិសេស គឺសមិទ្ធផលជាច្រើនដែលជាជោគជ័យរបស់កម្ពុជា ត្រូវបានស្តែងចេញតាមរបៀបដោះស្រាយបញ្ហាដោយសន្តិវិធី និងតាមអំណាចយុត្តាធិការនៃច្បាប់ ។
ជនជាតិថៃទាំង៧នាក់ ដែលមានទាំងអ្នកតំណាងរាស្ត្រទីក្រុងបាងកកម្នាក់ផង ត្រូវ បានចោទប្រកាន់ពីបទឆ្លងដែនខុសច្បាប់ បទចោទចូលទីលានយោធាកម្ពុជាក្នុងបំណងទុច្ចរិត និងបទចោទប្រកាន់បន្ថែមថ្មីមួយទៀតទៅលើជនជាតិថៃ២នាក់ក្នុងចំ ណោមនោះ គឺលោក វីរៈ ស៊ុមក្វាមឃីត និងនាងរ៉ាទ្រី ភិផាត់ថៈណាផៃប៊ូន ពីបទប៉ុនប៉ងប្រមូលព័ត៌មាន ដែលនាំឲ្យអន្តរាយដល់កិច្ចការការពារជាតិឬហៅថាបទល្មើសចារកម្ម គឺបានបង្ហាញពីភាពរឹងមាំនៃសំណាញ់ច្បាប់របស់តុលាការកម្ពុជា ក្នុងចំណាត់ការដ៏មានប្រសិទ្ធិភាព បញ្ចៀសបាននូវរការប្រឈមមុខដាក់គ្នាដ៏គ្រោះថ្នាក់ក្រៅប្រព័ន្ធ ច្បាប់ ឬអាចចាត់ទុកថាជាស្មារតីនៃការទទួលខុសត្រូវក្នុងកំរិតខ្ពស់បំ ផុតរបស់ប្រមុខដឹកនាំ នៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរក្សាបាននូវសន្តិសុខ ស្ថិរភាពនៅតាមតំបន់ព្រំដែន និងកិច្ចសហប្រតិបត្តិការគ្នាដ៏ល្អរវាងប្រទេសទាំងពីរ កម្ពុជា‑ ថៃ។
ផ្តើមចេញពីសមាណចិត្ត និងដំណោះស្រាយនៃការយោគយល់ ពុំមានវប្បធម៌សងសឹក ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន បានពញាក់អារម្មណ៏ និងការប្រែក្លាយគំនិតពីភាពចចេះរឹងរូសរបស់ថ្នាក់ដឹកនាំប្រទេស ថៃ នាំឲ្យមានការផ្លាស់ប្តូរឥរិយាបថ ពីការប្រកែកតវ៉ានិង ការទាមទារឲ្យដោះលែងថៃទាំងនោះដោយឥតលក្ខខណ្ឌ មក ជាការព្រមទទួលស្គាល់ការពិតថា ថៃទាំង៧នាក់នោះ ពិតជាបានឆ្លងដែនចូលមកក្នុងទឹកដីកម្ពុជាដោយខុសច្បាប់មិនអាច ប្រកែកបាន ហើយលោកនាយករដ្ឋមន្ត្រីថៃ អាប់ភីស៊ីត វេចាជីវ៉ាក់ ក៏បានសុំឲ្យពួកគេទាំងអស់នោះ ត្រូវតែគោរពសេចក្តីសម្រេចរបស់តុលាការកម្ពុជា ទៀតផង។
ការទម្លាក់ ចុះនូវគំនិតមានៈដោយការចង់ប្រើឥទ្ធិពលប្រទេសខ្លួនធំ មកគាបសង្កត់កម្ពុជាដែលជាប្រទេសតូច ត្រូវបានវាយបំបាក់ ដោយការលាតត្រដាងនូវភាពជាក់លាក់នៃទីតាំងពិតប្រាកដដែលត្រូវបានឈ្លាន ពានដោយថៃ នៅចំនុចភូមិជោគជ័យ ឃុំអូបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ តាមរយៈរូបភាពវីដេអូ ដែលថតដោយជនជាតិថៃជាប់ចោទ ហើយត្រូវបានផ្សព្វផ្សាយ (យូធូប) ជាសាធារណៈ គឺបានបង្ហាញពីចំណាត់ការប្រកបដោយ ប្រសិទ្ធភាព និងទាន់ពេលវេលា ដែលជាផ្នែកមួយដ៏សំខាន់ក្នុងកាតព្វកិច្ចការពារជាតិរបស់ រាជរដ្ឋាភិបាលកម្ពុជា។
ការចាប់ខ្លួនជនជាតិថៃទាំង៧រូប បានក្លាយទៅជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលមិនធ្លាប់មានចំពោះទឹកចិត្តពលរដ្ឋកម្ពុជា ជាមួយការគាំទ្រនិង សាទរទៅនឹងចំណាត់ការរបស់រាជរដ្ឋាភិបាល ដោយសារតែមហាជនទូទៅបានកត់សម្គាល់ឃើញពីសកម្មភាពរបស់ជនជាតិថៃ ទាំងនោះ ធ្លាប់បានប្រឆាំងជំទាស់ទៅនឹងការចុះប្រាសាទព្រះវិហារខែ្មរចូល ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក និងការតវ៉ាចង់បានទឹកដីខ្មែរជាបន្តបន្ទាប់ ។
សកម្មភាពដែលបង្កឡើងដោយក្រុមជ្រុលនិយមអាវលឿងថៃ គឺបានបង្កប់ទៅដោយចរិតនយោបាយ និងការយកការសម្ងាត់ក្នុងមូលដ្ឋានយោធាកម្ពុជា គឺពួកគេបានរំលោភយ៉ាងកំរោលលើគោលការណ៏ច្បាប់អន្តរជាតិ ។ ដូច្នេះ ការអនុវត្តវិធានការផ្លូវច្បាប់ជារឿងអទិភាពដែលមិនអាចខ្វះបាន ដើម្បីទប់ទល់នឹង ចរិតឈ្លានពានមកលើទឹកដីកម្ពុជា ដោយឧបាយកលទុច្ចរិតក្នុងផែនការគិតទុកជាមុននោះ ។
សមិទ្ធ ផលដ៏ធំធេង ដែលបង្ហាញពីភាពស្របច្បាប់ទទួលស្គាល់ជាអន្តរជាតិនៃអធិ បតេយ្យព្រំដែនដ៏ច្បាស់លាស់រវាងកម្ពុជា‑ ថៃ និង ឯករាជ្យភាពនៃប្រព័ន្ធតុលាការកម្ពុជា គឺការព្រមទទួលយកការពិត ដើម្បីបញ្ចប់នូវការអះអាងពីសំណាក់ភាគីថៃដែលធ្លាប់តែបានលើកឡើង ថាតំបន់ដែលត្រូវបានចាប់ខ្លួន គឺស្ថិតនៅក្នុងប្រទេសថៃ គឺពួកគេអាចបញ្ជូនភស្តុតាងទាំងឡាយទៅតុលាការបាន ប៉ុន្តែ តាមរយៈកម្មវិធីតុមូលរបស់ទូរទស្សន៍ ASTV ថ្ងៃទី១៦ ខែ មករា ឆ្នាំ ២០១១ លោកនាយករដ្ឋមន្ត្រីថៃអាប់ភីស៊ីត វេចាជីវ៉ាក់ បានទទួលស្គាល់ថា « ចំណុចដែលជនជាតិថៃទាំង៧នាក់ត្រូវបានខ្មែរចាប់ខ្លួននោះ គឺជាទឹកដីរបស់ខ្មែរ មិនចាំបាច់ទៅពិសោធអ្វីទេ ពីព្រោះបានទទួលសេចក្តីរាយការណ៍គ្រប់ផ្នែក បានអះអាងដូចគ្នាថា ជារបស់ខ្មែរ មានទាំងរូបវីឌីអូទុកជាភស្តុតាងផងដែរ ដូច្នេះ មានន័យថាជនជាតិថៃទាំង៧នាក់នោះពិតជាខុស បន្ទាប់ពីនេះសូមមហាជនថៃទោះជាអ្នកណាក៏ដោយ សូមកុំសង្ស័យតទៅទៀត ប្រយ័ត្នធ្វើឲ្យហេតុការណ៍ច្របូកច្របល់ ទន្ទឹមនឹងនេះសូមឲ្យរង់ចាំការកាត់ទោសរបស់កម្ពុជាថា តើកាត់សេចក្តីដោយវិធីណា? »។ នៅថ្ងៃដដែលនោះដែរទូរទស្សន៍ ASTV ក៍បានចាក់ផ្សាយឡើងវិញនូវបទសម្ភាសន៍របស់លោក ប្រាវីទ វុងសុវណ្ណ រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ដែលមានខ្លឹមសារថា « ទីកន្លែងដែលចាប់ខ្លួននោះ ជាកន្លែងរបស់ខ្មែរ ខ្មែរគេនៅតាំងពីយូរមកហើយ តាំងពីឆ្នាំ១៩៧៧ ទីនោះជាកន្លែងដែលកំណត់ថា ជារបស់កម្ពុជា។ ក្រោយពីពិនិត្យម្តងទៀតនៅឆ្នាំ ២០០៦ ក៏ជាផ្នែកមួយដែរ ដែលមានបង្គោលព្រំដែន ហើយថៃយើងក៏ទទួលស្គាល់ថា ត្រង់នោះ ជារបស់កម្ពុជា»។
បទបង្ហាញខាងលើនេះ គឺបានកើតមានឡើងក្រោយពេលដែលថ្នាក់ដឹកនាំថៃជាបន្តបន្ទាប់ដែលក្នុងនោះមានទាំងលោកឧបនាយករដ្ឋមន្ត្រីថៃ ស៊ូថេប ធឿងសុបាន់ និងលោកកាស៊ីត ភិរម្យ៉ា រដ្ឋមន្ត្រីការបរទេសថៃក៏បាននិយាយដែរថា ថៃទាំងនោះ បានចូលជ្រៅមកក្នុងទឹកដីកម្ពុជា ហើយលោកក៍បានជំរុញឲ្យតុលាការកម្ពុជាពន្លឿនដំណើរការនិវិធីរបស់ ខ្លួនឲ្យបានឆាប់ និងការប្រកាសគោរពនូវសេចក្តីសម្រេចរបស់តុលាការទៀតផង។ ដោយឡែកភស្តុតាងសំខាន់មួយទៀតក្នុងចំណោមការព្រមទទួលយកនូវ ការពិតរបស់ក្រុមមន្ត្រីថៃ ទៅនឹងចំណាត់ការរបស់កម្ពុជានោះ គឺ តាមប្រភពព័ត៌មាន Inn news កាលពីថ្ងៃទី១០ ខែមករា ឆ្នា២០១១ មេបញ្ជាការភូមិភាគ២ថៃ លោក ឧត្តមសេនីយ៍ទោ ថៈវ៉ាត់ឆៃ សមុតសាខន បានចេញមកអះអាងដែរថា « ត្រូវ រង់ចាំដំណើរការរបស់តុលាការ ទន្ទឹមនឹងនេះត្រូវទទួលស្គាល់ថា ថៃ៧នាក់បានបំពានចូលទឹកដីកម្ពុជាតាមអំពើចិត្តដែលមិនបានជូន ដំណឹងដល់សមត្ថកិច្ចជាមុន ប្រសិនបើបានជូនដំណឹងជាមុននោះ ក៏នឹងគ្មានបញ្ហាពិបាកដោះស្រាយតាមក្រោយទេ។ លោកបានបន្តថា ប្រសិនបើនរណាចូលមកក្នុងទឹកដីថៃក្នុងលក្ខណៈបែបនេះ ក៏ត្រូវចាប់ខ្លួនដូចគ្នាដែរ ព្រោះជារឿងនៃសេចក្តីថ្ងៃថ្នូរ ត្រូវតែផ្តល់កិត្តិយសឲ្យគ្នាទៅវិញទៅមក »។
យោង តាមអំណះអំណាងដូចបានរៀបរាប់មកនេះ យើងអាចសន្និដ្ឋានបានថា មេដឹកនាំនៃរដ្ឋាភិបាលថៃបានព្រមព្រៀងគ្នាជាធ្លុងមួយ ទទួលស្គាល់ថា ជនជាតិរបស់ខ្លួនដែលមានចរិតដុតបញ្ឆេះកំហឹងនៃចរន្តជាតិនិយមជ្រុលហួសហេតុ ដែលពួកគេរហូតមានការបំ ពានចូលក្នុងទឹកដីកម្ពុជាដោយខុសច្បាប់នោះ រដ្ឋាភិបាលថៃត្រូវតែមានវិធានការទប់ស្កាត់ជាដាច់ខាត ពីព្រោះទាំងនោះ គឺជា ទង្វើខ្វះសុច្ចរិតភាពដែលមិនបានឆ្លុះបញ្ចាំងពីជាតិសាសន៍ដែល ប្រកាន់ខ្ជាប់នូវការគោរពច្បាប់ទម្លាប់ ឬជាប្រទេសជិតខាងល្អនោះឡើយ។
ទោះជា យ៉ាងណា គេបានកត់សម្គាល់ឃើញថា នាពេលថ្មីនេះ រដ្ឋាភិបាលថៃបានពង្រឹងនូវការទប់ស្កាត់យ៉ាងតឹងរឹង ដោយមិនអនុញ្ញាតឲ្យក្រុមអ្នកតវ៉ាអាវលឿងមកបង្កការរាំងស្ទះដល់ ប្រជាជនរស់នៅតាមតំបន់ព្រំដែននោះឡើយ ។ ជាមួយគ្នានេះ ដើម្បីបន្ធូរបន្ថយភាពតានតឹង និងបង្ហាញពីទំនាក់ទំនងល្អនៃប្រទេសទាំងពីរ មុនការសម្រេចរបស់តុលាការឲ្យជនជាតិថៃចំនួន៦នាក់បាននៅក្រៅឃុំ ជាបណ្តោះអាសន្ន គេបានមើលឃើញថា រដ្ឋាភិបាលថៃ មានការដោះលែង និងបញ្ជូនត្រឡប់មកវិញនូវពលរដ្ឋខ្មែរប្រមាណជិត២០០នាក់ដែលត្រូវ បានចាប់ខ្លួនជាបន្តបន្ទាប់នាពេលកន្លងមក ក្នុងចំណោមនោះ មានពលរដ្ឋខ្មែរខ្លះ មិនត្រឹមតែពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌប៉ុណ្ណោះទេ គឺ មានការប្រព្រឹត្តបទឧក្រិដ្ឋទៀតផង ត្រូវបានដោះលែងឲ្យមានសេរីភាពមករស់នៅក្នុងប្រទេសកំណើតរបស់ ខ្លួនវិញ។ ជាការចាប់អារម្មណ៍មួយទៀតនោះ កាលពីថ្ងៃទី ១៨ ខែ មករា ឆ្នាំ២០១១ សមត្ថកិច្ចថៃ ក៏បានចាប់ខ្លួនមេដឹកនាំបណ្តាញអ្នកស្នេហាជាតិថៃមា្នក់ គឺលោក Chaiwat Sinsuvong ដោយ ចោទប្រកាន់ពីបទទាក់ទងទៅនឹងការឡោមព័ទ្ធព្រលានយន្តហោះកាលពី ឆ្នាំ២០០៨។ បើយោងតាមព័ត៌មានដែលទទួលបានមុនពេលចាប់ខ្លួន គឺលោក Chaiwat បាន ដឹកនាំក្រុមអ្នកគាំទ្រអាវលឿងដើម្បីផ្ញើញត្តិប្រឆាំងនឹង រដ្ឋាភិបាលថៃទៅកាន់ព្រះមហាក្សត្រ ហើយក្រុមនេះ ក៍បានចោទប្រកាន់រដ្ឋាភិបាលថៃថា ខ្វះការគ្រប់គ្រងលើបញ្ហានៃការបោះបង្គោលព្រំដែនជាមួយប្រទេស កម្ពុជាផងដែរ។
ដូច្នេះ ការសម្រេចជាឆន្ទានុសិទ្ធរបស់សាលាដំបូង និងសាលាឧទ្ធរណ៍នៃតុលាការកម្ពុជា ដែលបានអនុញ្ញាតដោះលែងជនជាប់ចោទជាជនជាតិថៃ៦នាក់ ឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន គឺជាសញ្ញាមួយដ៏ល្អនៃការបន្ធូរបន្ថយភាពតានតឹង និងការរក្សាបាននូវទំនាក់ទំនងល្អផ្នែកការទូត ការធានាបាននូវស្ថិរភាព និងបានជួយសម្រួលដល់ការប្រកបរបរទទួលទាន ក៍ ដូចជាការផ្លាស់ប្តូរពាណិជ្ជកម្មរវាងគ្នាទៅវិញទៅមករបស់ប្រជាជន នៅតាមព្រំដែននៃប្រទេសទាំងពីរ ដែលជានិរន្តរភាពនៃធុរកិច្ច ប្រក្រតីភាពនៃការចេញចូលរបស់ភ្ញៀវទេសចរណ៍ ជាពិសេស គឺបានបង្ហាញប្រាប់ពិភពលោកថា កិត្តិយស និងកិត្យានុភាព ការឯកភាពជាតិ កិច្ចការការពារទឹកដី គឺត្រូវបានរាជរដ្ឋាភិបាលគោរពយ៉ាងម៉ឺងម៉ាត់ស្របតាមរដ្ឋធម្មនុញ្ញ ក៏ដូចជាភាពរឹងមាំនៃអំណាចតុលាការដែលជាស្ថាប័នឯករាជ្យនៅក្នុង ប្រទេសកម្ពុជា បានក្លាយទៅជាគំរូដ៏ល្អនៃមាគ៌ាសន្តិភាពសម្រាប់បណ្តាប្រទេសក្នុង តំបន់និងនៅលើសកលលោក ៕
ពូន សំរេច