Wednesday, January 19, 2011

ពលរដ្ឋខ្មែរ៥នាក់ត្រូវបានថៃបញ្ជូនមកឲ្យកម្ពុជាវិញហើយ

ពលរដ្ឋខ្មែរ៥នាក់ត្រូវបានអាជ្ញាធរថៃ បញ្ជូនមកឲ្យកម្ពុជាវិញហើយ ក្រោយពីមានការសុំដោះលែងពីខាងភាគីកម្ពុជា ។ តាមប្រសាសន៍របស់អ្នកនាំពាក្យ ក្រសួងការបរទេសនិង សហប្រតិបត្តិការអន្តរជាតិ លោក កុយ គួង បានឲ្យដឹងថា ពលរដ្ឋខ្មែរទាំង៥នាក់នោះត្រូវបាន ដោះលែងកាលពីថ្ងៃ ទី១៨ខែមករា ម្សិលមិញនេះជាមួយ នឹងកម្មករខ្មែរផ្សេងទៀតសរុបទាំង អស់ចំនួន៧៣នាក់ ។
ការដោះលែងនេះគឺក្រោយដែលមាន សេចក្តីរាយការណ៍ថាពលរដ្ឋខ្មែរ៥នាក់ ដែលបានឆ្លងចូលទៅក្នុងដីថៃដោយ ខុសច្បាប់ត្រូវបានប៉ូលិសថៃប្រចាំការនៅចំណុចស្រុកវត្តថាណានកន ខេត្តស្រះកែវចាប់ខ្លួននៅវេលាម៉ោង៣ ទៀបភ្លឺថ្ងៃទី១៨មករាម្សិលមិញ ។
ពលរដ្ឋទាំងនោះមានឈ្មោះម៉ាក់ មី ភេទស្រី អាយុ២៧ឆ្នាំ ឈ្មោះម៉ាក់ ចិត្រា ភេទប្រុស អាយុ១៦ឆ្នាំ ឈ្មោះ ផុន ថាន ភេទប្រុស អាយុ ៣១ឆ្នាំ ឈ្មោះ ផុនលី ភេទប្រុស អាយុ ១៦ឆ្នាំ និងឈ្មោះផាន ភេទប្រុសអាយុ ១៦ឆ្នាំ។ ពួកគេត្រូវបានអាជ្ញាធរខេត្តអះអាងថាជាអ្នកស្រុកកំពង់ធំ ត្រូវចេញទៅធ្វើជា កម្មករ នៅប្រទេសថៃតែត្រូវបានថៃបញ្ជូនមក កម្ពុជាវិញហើយ។
ជុំវិញការចាប់ខ្លួនពលរដ្ឋខ្មែរដែលចេញទៅធ្វើការនៅក្រៅប្រទេសនេះ ផងដែរ អាជ្ញាធរខ្មែរប្រចាំនៅខេត្តបន្ទាយមានជ័យបានឲ្យដឹងថាអាជ្ញាធរតែងតែធ្វើការ ណែនាំអប់រំប្រជាពលរដ្ឋនៅតាមបណ្តោយព្រំដែនឲ្យងាកមកធ្វើការងារនៅក្នុង ប្រទេសកម្ពុជា។
ដើម្បីជៀសវាងនូវគ្រោះថ្នាក់និងការចាញ់បោកណាមួយនៅ ទឹកដីថៃនោះ
គួរបញ្ជាក់ផងដែរថា អាជ្ញាធរកម្ពុជានិងថៃបានធ្វើការទំនាក់ទំនងគ្នា ជាបន្តបន្ទាប់នៅពេលដែលមានសេចក្តីរាយការណ៍ ពីការចាប់ពលរដ្ឋនៃប្រទេស ទាំងពីរ ។ កាលពីពីសប្តាហ៏មុនអាជ្ញាធរថៃ បានប្រគល់ពិរុទ្ធជន ខ្មែរចំនួន២០៩ នាក់មកឲ្យកម្ពុជាវិញ ហើយទន្ទឹមនឹងនេះ ថៃ៦នាក់ត្រូវបាន សម្រេចឲ្យនៅ ក្រៅឃុំហើយ នៅសល់តែមេដឹកនាំថៃអាវលឿង ឈ្មោះ វីរ៉ាស៊ុមក្វាមឃីត តែមួយប៉ុណ្ណោះដែល នៅតែជាប់ឃុំក្នុងមន្ទីរឃុំ ឃាំងព្រៃសរ នៅឡើយនោះ។ ទោះបីជាយ៉ាងណាក៏ដោយមន្ត្រីរាជរដ្ឋាភិបាលកម្ពុជាបានអះអាងថាទំនាក់ទំនង ការទូតនៃប្រទេសទាំងពីរនៅតែមានភាពប្រសើរឡើងដដែល ក្រោយដែល នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានជួបគ្នា៤លើករួចមកហើយនោះ ៕