Wednesday, January 19, 2011

ថៃ​ចាប់​ពលរដ្ឋ​ខ្មែរ​៥​នាក់​ទៀត នៅ​ច្រក​ព្រំដែន​ជោគជ័យ

ភ្នំពេញ ៖ បើ​យោង​តាម​ការ​ប្រាប់​ឲ្យ​ដឹង ពី​អភិបាល​ស្រុក​អូរជ្រៅ លោក​កែវ សែន ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា ពលរដ្ឋ​ខ្មែរ​ចំនួន​៥​នាក់​ទៀត ត្រូវ​បាន​ទាហាន​ប៉ារ៉ា​ថៃ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មករា កន្លង​ទៅ​នេះ។ លោក​កែវ សែន​និយាយ​ថា ពលរដ្ឋ​ទាំង​៥​នាក់​នោះ​រស់​នៅ​ក្នុង​ភូមិ​ជោគជ័យ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយ មានជ័យ។ ពួក​គាត់​បាន​ធ្វើ​ដំណើរ​ទៅ​ស៊ី​ឈ្នួល​ជា​កម្មករ​នៅ​ក្នុង​ទឹក​ដី​ថៃ។
ពួក​គេ​ទាំង​៥​នាក់​នោះ​ត្រូវ​បាន​គេ​ចាប់​ខ្លួន​នៅ​ក្នុង​ស្រុក វឌ្ឍនានុខន ខេត្ត​ស្រះកែវ ក្នុង​ទឹក​ដី​ថៃ ខណៈ​ដែល​ពលរដ្ឋ​ទាំង​នោះ​ចូល​ទៅ​ធ្វើ​ជា​​កម្មករ​ដូច​សព្វ​ដង។ លោក​កែវ សែន​ និយាយ​ទៀត​ថា យើង​កំពុង​តែ​ព្យាយាម​ទាក់​ទង​ជាមួយ​អាជ្ញាធរ​ថៃ ដើម្បី​ឲ្យ​ដឹង​ថា តើ​ពលរដ្ឋ​ទាំង​៥​នាក់​នោះ​កំពុង​តែ​ស្ថិត​នៅ​ទី​ណា​ឥឡូវ​នេះ។ ពលរដ្ឋ​ទាំង​៥​នាក់​នោះ​មាន​ទី​១​-ឈ្មោះ ម៉ាក់ មី ភេទស្រី អាយុ២៧ឆ្នាំ, ទី២-ឈ្មោះម៉ាក់ ចិត្រា, ភេទប្រុស អាយុ១៦ឆ្នាំ ត្រូវ​ជា​បង​ប្អូន​បង្កើត,ទី៣-សួន ថាន ភេទប្រុស អាយុ១៩ឆ្នាំ, ទី៤-ឈ្មោះធន ថាន ភេទប្រុស អាយុ៣០ឆ្នាំ និង​ទី៥-ឈ្មោះ​ធន ធី ភេទប្រុស អាយុ ១៦ឆ្នាំ អ្នក​ទាំងអស់​គ្នា​រស់​នៅ​ក្នុង​ភូមិ​ជោគ​ជ័យ។ ទាក់​ទង​នឹង​ការ​ចាប់​ខ្លួន​នេះ ប្រធាន​វរៈព្រំដែន​ច្រក​ជោគ ជ័យ​បាន​បដិសេធ​ថា​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ ហើយ​ក៏​មិន​ទាន់​ដឹង​ថា តើ​ពួក​​គេ​ទាំង​៥​នាក់​ឆ្លង​កាត់​ចូល​ទឹក​ដី​ថៃ​តាម​ច្រក​ព្រំដែន​ណា​នោះ​​ទេ៕

ឫទ្ធី- .ពៅ