Monday, November 28, 2011

ឯកឧត្តមអគ្គ​រដ្ឋ​ទូត​ ​កូរ៉េខាង​ជើង​​បញ្ចប់​អាណត្តិ​ជំរាប​លា​​សម្តេច​​តេ​ជោ​



ឯកឧត្តម​ រី អិនស៊ុក (RI IN SOK) ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ ដែល​បញ្ចប់ បេសកកម្ម​​ការទូត​នៅ​ព្រះ​រាជាណាចក្រកម្ពុជា​ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​នា​ថ្ងៃ​ទី ២៨ ខែ​វិច្ឆិកា ឆ្នាំ ២០១១​​ថា សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ​កំពុងតែ​ធ្វើ ការសិក្សា​ដើម្បី​សាងសង់​សារៈ​មន្ទីរ​​នៅ​ក្នុង​​ខេត្ត​សៀមរាប ដែល​នេះ​បាន​ឆ្លុះ​បញ្ចាំង​នូវ​ទំនាក់ទំនង រវាង​កម្ពុជា​ជាមួយ​កូរ៉េខាងជើង​លើ​វិស័យ​វប្បធម៌។
ឯកឧត្តម​ អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ថ្លែង​ថា នៅ​ក្នុង​ឱ​កាស​ចូល​ជួប​សម្តែង​ការ​គូរ​សម និង​ជម្រាប​លា​ សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន​ សែន ឯកឧត្តម RI IN SOK ​បាន​ពាំ​នាំ​នូវ​ការ​ផ្តាំ​ផ្ញើ សាកសួរ​សុខទុក្ខ​ពី​សំណាក់​លោក​សេនាប្រមុខ គីម ជុងអ៊ីល នៃសាធារណរដ្ឋ​ប្រជា​មានិត​ប្រជាធិបតេយ្យ​កូរ៉េនិង ថ្នាក់ដឹកនាំ​ប្រទេស​កូរ៉េ​ ជូន​សម្តេច​​តេ​ជោ​នាយករដ្ឋមន្ត្រី និង បាន​សំដែង​​នូវ​ការ​អបអរសាទរ​ជូន​ចំពោះ​ព្រះរាជាណាចក្រ​កម្ពុជា  ដែល​នឹង​ធ្វើជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ ២០១២ ខាង​មុខ​នេះ។ ឯកឧត្តម​ឯកអគ្គរដ្ឋ​​ទូត​មានប្រសាសន៍ថា រយៈពេល ៤ ឆ្នាំ​កន្លង​មក​នេះ ក្នុង​ពេល​បំពេញបេសកកម្ម​ការទូត​នៅ​កម្ពុជា លោក​បាន​កត់​សម្គាល់​ឃើញ​ថា កម្ពុជា បាន​ទទួល​នូវ​សុខ​សន្តិភាព និង ការ​អភិវឌ្ឍ​យ៉ាង​ឆាប់​រ​ហ័ស ជាពិសេស​ការ​អភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច​បាន ធ្វើ​ឲ្យ​ក​ម្ពុជា​មាន​ភាព​រុងរឿង និង មាន​កិត្យានុភាព​កាន់​តែ​ខ្លាំង​ឡើងៗ​នៅលើ​ឆាក​អន្តរជាតិ ដែល​ការ នេះ​បាន​បង្ហាញ​ពី​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​​តេ​ជោ ហ៊ុន សែន​។ 
សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​ផ្តាំ​ផ្ញើ​សាកសួរ​សុខទុក្ខ​ពី​ថ្នាក់ដឹកនាំ​កំពូល​របស់​កូរ៉េខាងជើង និង មាន​ប្រសាសន៍​ថា វិបត្តិ​សេដ្ឋកិច្ច និង ភាព​មិន​ច្បាស់​លាស់​នៃ​ប្រព័ន្ធ​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​ពិភពលោក​បាន ធ្វើ​ឲ្យ​កិច្ច​សហប្រតិបត្តិការ​រ​វាង​កម្ពុជា-កូរ៉េខាងជើង​មិនបាន​ដូច​អ្វី​ដែល​បាន​រំពឹង​ទុក​​នោះ​ឡើយ។​ ប៉ុន្តែទោះជា​យ៉ាងណាក៏ដោយ ក៏​សម្តេច​​តេ​ជោ​បាន​ផ្តោត​នូវ​សេចក្តី​សង្ឃឹមថា កម្ពុជា និង កូរ៉េខាងជើង​នឹង រួមគ្នា​ពិនិត្យមើល​លើ​ចំណុច​ណា​ដែល​អាច​សហការ​បាន​កាន់​តែ​ច្រើន​កាន់តែ​ល្អ​​។
សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​បេសកកម្ម​ការទូត​របស់ឯកឧត្តម​ RI IN SOK នៅ​កម្ពុជា ដែល​ក្នុង​នោះ​បាន​រួម​ចំណែក​ក្នុង​កិច្ចការ​យ៉ាង​ច្រើន រួមមាន​ទាំង​ការរៀបចំ​ឲ្យ​មានដំណើរ ទស្សនកិច្ច​របស់​នាយ​ក​រដ្ឋមន្ត្រី និង ដំណើរ​ទស្សនកិច្ច​រប​ស់​គណបក្ស​ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ ICAP នា​ពេល​កន្លងមក​​៕