Thursday, December 15, 2011

ឯកឧត្តម​បណ្ឌិត សុខ​ អាន​ ប្រកាស​ដាក់​ឲ្យ​ប្រើ​ប្រាស់​អាគារ​សិក្សាថ្មី ​១​ខ្នង​ នៃ​អនុវិទ្យាល័យ​​ ក្រពុំ​ឈូក​



             អាគារ​សិក្សា​ថ្មី ​១​ខ្នង​មាន​ ៦ បន្ទប់​ នៃ​អនុវិទ្យាល័យ​​​ក្រពុំ​ឈូក​​សាង​សង់​ឡើង​​ដោយ​ថវិកា​អំណោយ​ផ្ទាល់ពី​ ឯកឧត្តម អូកាដា ជូន​ចំពោះ​ឯក​ឧត្តមបណ្ឌិត សុខ អាន ឧបនាយករដ្ឋ ​មន្រ្តី រដ្ឋ​មន្រ្តី​ទទួល​បន្ទុក​ទីស្តី​ការ​គណៈរដ្ឋ​មន្រ្តី ត្រូវ​បាន​ប្រកាស​ដាក់​ឲ្យ​ប្រើ​ប្រាស់​នា​ព្រឹក​ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០១១ ។

           នៅ ​ចំពោះ​មុខ​លោក តាគុយ៉ា អូកាដា (TAKUYA OKADA) តំណាង​ឲ្យ​​ក្រុម​ហ៊ុន​ អេអូន (AEON) ​ជា​ក្រុម​ហ៊ុន​បង្កើត​មូលនិធិអូកាដា​ ដែល​មាន​វត្តមាន​​ក្នុង​ពិធីសម្ពោធ​​ ដែល​ប្រារព្ធឡើង​នៅ​ក្នុង​អនុវិទ្យាល័យ​​ ក្រពុំ​ឈូក ស្ថិត​នៅ​ក្នុង​ ឃុំ ក្រពុំ​ឈូក ស្រុក​កោះ​អណ្តែត ខេត្ត​តាកែវនោះដែរ​​ ​ឯក​ឧត្តមបណ្ឌិត សុខ អាន បាន ​មាន​ប្រសាសន៍​​ឲ្យ​ដឹង​ថា អាគារ​សិក្សា​ថ្មី​១​ខ្នង​នេះ​ គឺ​ជា​អាគារ​សិក្សារ​ទី​ ១៥០ ដែល​ត្រូវ​បាន​សាង​សង់​ឡើង​ដោយ​ថវិកា​ផ្ទាល់​ខ្លួន​របស់​ឯកឧត្តម​ អូកាដា ដែល​ជា​ប្រធាន​មូលនិធិ​ អូកាដា តាម​រយៈ​ឯកឧត្តម​ផ្ទាល់​​ជូន​ប្រជាពល​រដ្ឋ​នៃ​​ព្រះរាជាណាចក្រ​កម្ពុជា ។ ក្រៅ​ពី​ការ​សាង​សង់​សាលា​រៀន​ សារមន្ទីរ​អង្គរ និង​ការ​ចូល​រួម​​ដាំ​ដើម​ឈើ​​នៅ​​តំបន់​ប្រាសាទ​អង្គរ​វត្ត​ស្ថិត​ក្នុង​ ខេត្ត​សៀម​រាប​​ នៅ​ពេល​ខាង​មុខ​នេះ​ក្រុមហ៊ុន​​ អេអូន (AEON) ដែល​ជា​ក្រុម​ហ៊ុន​កសាង​ផ្សារ​ជា​ច្រើន​ពាន់​នៅ​ក្នុង​ពិភពលោក​ ក៏​នឹង​ដាក់​ទុន​វិនិយោគ​សាង​សង់​ផ្សារ​ទំនើប​ដ៏​ធំ​មួយ​នៅ​ក្នុង​រាជធានី​ ភ្នំពេញ​ផង​ដែរ​។ វត្ត​មាន​​ក្រុមហ៊ុន​​ អេអូន (AEON) ដែល​ជា​​​ធុរកិច្ច​ជន​ជប៉ុន​ ​ និង​សមិទ្ធផល​នានា​ ដែល​កសាង​ឡើង​ដោយ​មូលនិធិ​អូកាដា​​ នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា ត្រូវ​បាន​ ឯក​ឧត្តមបណ្ឌិត សុខ អាន ចាត់​ទុកថា គឺ​ដោយ​សារតែ​​ព្រះ​រាជាណាចក្រ​កម្ពុជា​ មាន​សុខ​សន្តិភាព​ ស្ថិរ​ភាព​នយោបា​យ​ ដែល​កើត​ឡើង​ដោយ​នយោបាយ​​ឈ្នះ!ឈ្នះ​របស់​សម្តេច​អគ្គ​ម​ហាសេនា​បតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រកម្ពុជា​។​

          ឯក​ឧត្តមបណ្ឌិត សុខ អាន ដែល ​ជា​ប្រធាន​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​កសាង​អភិវឌ្ឍន៍​ ខេត្ត​តាកែវ​ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ព្រះរាជា​ណាចក្រ​កម្ពុជា​ ផ្ទុយ​ពី​ប្រទេស​នានា​ដែល​មាន​វិបត្តិ​សេដ្ឋ​កិច្ច​ និង​នយោបាយ​ ហើយ​ប្រទេស​ខ្លះ​នៅ​មាន​សង្គ្រាម​រាល់​ថ្ងៃ​នៅ​ឡើយ​។​ តាម​រយៈ​នៃ​ការ​​​មាន​សុខ​សន្តិភាព​ ស្ថិរភាព​នយោបាយ​ និង​ការ​ចូលរួម​ពី​ក្រុម​ការងារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ក៏ដូច​ជា​ការ​ដឹក​នាំ​ដ៏​ត្រឹម​ត្រូវ​របស់​ សម្តេច​អគ្គ​ម​ហាសេនា​បតីតេជោ ហ៊ុន សែន ក្នុង ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ ពិសេស​ក្នុង​ស្រុក​កោះ​អណ្តែត​ ដែល​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ស្រុក​មួយ​ក្នុង​ចំណោម​ស្រុក​ទាំង​១០ នៃ​ខេត្ត​តាកែវ ដែល​មាន​ភាព​ក្រខ្សត់​ជាង​គេ​នោះ​ បាន​ជួយ​ធ្វើ​ឲ្យ​​ជីវភាព​ប្រជាពលរដ្ឋ​មាន​ការ​ប្រែប្រួល​រីកចម្រើន​។​

           លោក​ វ៉ែន កប​ ប្រធាន ​ក្រុម​ប្រឹក្សា​ស្រុក​កោះអណ្តែត​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ស្រុកកោះ​អណ្តែត មាន​វិទ្យាល័យ​ ២ កន្លែង អនុវិទ្យាល័យ ៤ កន្លែង សាលាបឋមសិក្សា ១៩ កន្លែង សាលាមត្តេយ្យ ១០ កន្លែង​ ដែល​មាន​សិស្ស​សរុប​ជាង​ ១១ ពាន់ ក្នុង​នោះ​សិស្សស្រី​ជាង ៥ ពាន់​នាក់​។​ តាម​រយៈ​គំនិត​ផ្តួច​ផ្តើម​របស់​ឯកឧត្តម​បណ្ឌិត សុខ អាន អាគារ ​សិក្សា​១៣ ខ្នង​ ស្មើ​​រ​នឹង ៦៦ បន្ទប់​ ត្រូវ​បាន​កសាង​ឡើង​ និង​អាគារ​ថ្មី​១ខ្នង​ ស្ថិត​ក្នុង​ អនុវិទ្យាល័យ​ក្រពុំ​ឈូក​ ដែល​បច្ចុប្បន្ន​ហៅ​ថា អនុវិទ្យាល័យ​​ ក្រពុំ​ឈូក​ ដែល​ត្រូវ​បាន​​បំផ្លិច​បំផ្លាញ​ក្នុង​របប​ ប៉ុលពត​ ហើយ​ត្រូវ​បាន​កសាង​​ឡើង​វិញ​កាល​ពី​ឆ្នាំ ១៩៨៤​ លើ​ផ្ទៃ​ដី​​ប្រមាណ​ ៣០ ពាន់​មែត្រ​ក្រឡា​ ។ ក្រៅ​ពី​នេះ​មាន​សិស្ស​​ក្នុង​ស្រុក​កោះអណ្តែត​ ១០៧ នាក់ បាន​ទទួល​អាហារូបករណ៍​របស់​ឯកឧត្តម​បណ្ឌិត សុខ អាន ។ ជា​មួយ​គ្នា​នេះ​មាន​ប្រឡាយ​ទឹក​ជា​ច្រើន​ពាន់​ម៉ែត្រ​ ក្លោង​ទ្វា​វត្ត​ ដំបូល​ព្រះវិហារ ទីស្នាក់​ការ​គណបក្ស​ស្រុក ១ និង​ឃុំ ​៦ ត្រូវ​បាន​កសាង​ឡើង​ដោយ​ក្រុម​ការងារ​គណបក្ស​ប្រជាជន​ចុះ​ជួយ​ស្រុក​ កោះអណ្តែត​។ ឯអាគារ​សម្ភព​ ១ ខ្នង​ នៅ​ក្នុង​មន្ទីរ​ពេទ្យ​បង្អែក​រមិញ​ ក្នុង​ស្រុក​កោះអណ្តែត​ ដែល​ជា​អំណោយ​របស់​ឯកឧត្តម​បណ្ឌិត សុខ អាន ក៏​នឹង​ត្រូវ​កសាង​ក្នុង​ពេល​ឆាប់​ៗ​នេះ​ផង​ដែរ​។

          ចាប់​អារម្មណ៍​​នៅ​ក្នុង​ពិធីសម្ពោធ​អាគារ​សិក្សា​ថ្មី​នៃ​អនុវិទ្យាល័យ​ ក្រពុំ​ឈូក នេះ​ដែរ​ លោក តាគុយ៉ា អូកាដា (TAKUYA OKADA) តំណាង​ឲ្យ​មូលនិធិ​ អូកាដា​ ក៏​ដូច​ជា​​​ក្រុមហ៊ុន​​ អេអូន (AEON)​ បាន​បង្ហាញ​ពី​សមាន​ចិត្តរីករាយ​​ក្នុង​ការ​ចូលរួម​ជួយ​ប្រជាពលរដ្ឋ​កម្ពុជា ​ ក៏​ដូច​ជា​បំណង​នៃ​ការ​​​រក​ស៊ី​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ផង​ដែរ​៕