Thursday, December 15, 2011

អនុសាសន៍សំខាន់​ៗ​របស់​​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ក្នុង​ពេល​បើក​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាស៊ាន​លើក​ទី ១៧



ថ្លែង ​នៅក្នុង​​​ពិធី​បើក​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាស៊ាន​លើក​ ទី១៧ នៅ​វិមាន​សន្តិភាព​ក្នុង​រាជ​ធានី​​ភ្នំពេញ នា​​ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០១១ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន   នាយក​រដ្ឋមន្រី្ត​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​​​ បានស្នើ​ឲ្យ​រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាស៊ាន​បន្ត​ជំរុញ​ការខិតខំ​ប្រឹងប្រែង​ ដោះ​ស្រាយ បញ្ហា​គ្រោះ​​ថ្នាក់​ចរាចរណ៍ ដែលជា​បញ្ហា​ប្រឈមមុខ​ដ៏​សំខាន់​នៅក្នុង​តំបន់ និង ក្នុង​ពិភព​លោក​​នោះ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ​បានថ្លែងថា ជា​រៀងរាល់ឆ្នាំ​នៅក្នុង​តំបន់​អាស៊ាន​មាន​មនុស្ស​រាប់ពាន់​នាក់​បាត់បង់​ ជីវិត រាប់ម៉ឺន​នាក់​បាន​រងរបួស និង បាត់បង់​ថវិកា​រាប់សិប​ពាន់​លាន​ដុល្លារ​អាមេរិក យើង​មិន​ទាន់​​គិតដល់​ការបាត់បង់​កម្លាំង​ពលកម្ម ដែលជា​ផ្នែក​មួយ​នៃ​កំណើន សេដ្ឋ​កិ​ច្ជ​ជាតិ​នៅឡើយ​នោះទេ។​ សម្តេច​តេ​ជោ​បាន​មាន​ ប្រសាសន៍​បញ្ជាក់​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ រដ្ឋមន្ត្រី​ដឹកជញ្ជូនអាស៊ាន និង ប្រទេស​ជា​ដៃគូ​ទាំងអស់​គួរ​ជំរុញ​កសាង​ឲ្យ​បាន​នូវ​ផែនការ​សកម្មភាព សុវត្ថិភាព​ច​រា ចរណ៍​រួមមួយ​ដែល​ស្រប​នឹង​សេចក្តីប្រកាស​របស់​អង្គការសហប្រជាជាតិ​ស្តីពី​ សកម្មភាព សុវត្ថិភាព ចរាចរណ៍​ទសវត្ស​សកលលោក ដែល​ផ្តើមចេញពី​ផែនការ​រួម​នេះ បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន នឹង​អាច​ឈានទៅ​កសាង​នូវ​ផែនការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍ ដែល​នឹង​ត្រូវដាក់​ឲ្យ​អនុវត្ត​នៅតាម​ប្រ ទេស​និមួយៗ ដើម្បី​ដោះស្រាយ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន។ 
ទាក់​ទង​នឹង​ការ​ធ្វើ​សមាហរណកម្ម​ជា​មួយ​បណ្តា​ប្រទេស​ក្នុង​តំបន់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ មានប្រសាសន៍ថា យើង​ត្រូវ​ជំរុញ​បន្ត​ការតភ្ជាប់​ផ្លូវ​រថភ្លើង​សាំង​ហ្គាពួរ គុន​ម៉ិ​ញ​ ឲ្យ​បាន​រួចរាល់​ជា​ស្ថាពរ​ដំណាលគ្នា​ជាមួយនឹង​ការបង្កើត​សហគមន៍​អាស៊ាន ឆ្នាំ ២០១៥ ឫ យ៉ាង​យឺត​នៅត្រឹម​ឆ្នាំ ២០២០ ដែល​នេះ​ជា​ឆន្ទៈ​នយោបាយ និង ជា​របៀបវារៈ​ដែល​នៅ​ជាមួយ​អាទិភាពរបស់​អាស៊ាន ដែល​បានលើកឡើង​តាំងពី​កិច្ចប្រជុំ​កំពូល​ឆ្នាំ ១៩៩៩ មក​នោះ។ ប្រទេស​ជា​សមាជិក​អាស៊ាន ជា​ប្រទេស​ដែលមាន​ទីតាំង​នៅជាប់​នឹង​មាត់សមុទ្រ ឫ​ជាប្រទេស​ដែល​ប្រជុំ​ទៅដោយ​កោះតូចៗនោះ យើង​ក៏ត្រូវ​កសាង​ឲ្យ​បាន​នូវ​ប្រព័ន្ធ​ដឹកជញ្ជូន​ផ្លូវ​សមុទ្រ មួយ ដែលមាន​លក្ខណៈ​ប្រកួតប្រជែង មាន​ប្រសិទ្ធភាព និង ប្រទាក់ក្រឡា​គ្នា ដែល​ការងារ​នេះ​ទាមទា ឲ្យ​យើង​បង្កើតឡើង​នូវ​ទីផ្សារ​នាវាចរ​រួមមួយ​របស់​អាស៊ាន ដែលជា​ជំហាន​ដំបូង​យើង​គួរ​បង្កើតឡើង​នូវ ផ្លូវ​នាវាចរ​ដែលមាន​លក្ខណៈ​ទៀងទាត់ មាន​ប្រសិទ្ធភាព ដែល​ក្នុងនោះ​ក៏មាន​ផ្លូវ​នាវាចរ សម្រាប់​នាវា ចម្លង​រថយន្ត និង ខ្សែ​ផ្លូវ​សម្រាប់​រថភ្លើង​ផងដែរ។

សម្តេចនាយក​រដ្ឋមន្ត្រី​ថ្លែងឲ្យ ​ដឹង​ថា រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាស៊ាន និង ប្រទេស​ដៃគូ​សន្ទនា​កំពុងតែ ពិភាក្សាគ្នា​អំពី​ការងារ​នេះ ដែល​​ទាំងអស់គ្នា​សង្ឃឹមថា កិច្ចការ​នេះ​នឹង​បញ្ចប់​ដោយ​ជោគជ័យ​ក្នុង រយៈពេល​ដ៏​ខ្លី​ខាងមុខនេះ។ សម្តេច​តេជោ​ មាន​ប្រសា​ន៍​ថា ពិតណាស់​វិស័យ​ដឹកជញ្ជូន​អាស៊ាន​ពិតជា​មានការ វិវត្តន៍​គួរកត់សម្គាល់ ដែល​អាច​ឲ្យ​យើង​ធ្វើដំណើរ​ឆ្ពោះទៅរក​សហគមន៍​អាស៊ាន នៅ​ឆ្នាំ ២០១៥ យ៉ាងពិត​ប្រាកដ ដូចដែល​បានបង្ហាញ​យ៉ាងច្បាស់​នៅក្នុង​តារាង​វាយតម្លៃ នៃ​ផែនការ​យុទ្ធសាស្ត្រ​ដឹកជញ្ជូន​របស់​យើង​។
សម្តេច​តេ​ជោ​ ថ្លែងថា អ្វីដែល​ខ្ញុំ​សូម​ស្នើ​ឲ្យ​យកចិត្តទុកដាក់​ថែមទៀត​នោះ គឺ​ការជំរុញ​បញ្ចប់ រាល់​កិច្ចព្រមព្រៀង និង វិធាន​ការដែល​នៅ​សេសសល់ និង ការដាក់​ឲ្យ​អនុវត្ត​ដោយ​ពេញលេញ និង មាន​ប្រសិទ្ធភាព​នូវ​កិច្ចព្រមព្រៀង និង វិធាន​ការដែល​បាន​ចុះហត្ថលេខា និង អនុម័ត​រួចហើយ ដើម្បី សម្រេច​នូវ​គោលបំណង​នានា ដូច​មានចែង​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​ដឹកជញ្ជូន និង សហគមន៍​សេដ្ឋកិច្ច របស់​យើង​នោះ។សម្តេច​មានប្រសាសន៍ថា លោក​ក៏បាន​ដឹងផង​ដែរ នូវ​រាល់​កិច្ចព្រមព្រៀង​ពិធីសារ និង ផែនការ​នានា ដែល​ទាមទា​នូវ​បែបបទ​ទៅតាម​នីតិវិធី​របស់​ប្រទេស​និមួយៗទើប​អាប​អនុវត្តបាន ដូច្នេះ ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​គណៈប្រតិភូ​មកពី​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងអស់ សូមជួយ​រិៈ​រក​វិធី សាស្ត្រ​ជំរុញ​ការបំពេញ​បែបបទ​ឲ្យ​បាន​ឆាប់ ដើម្បី​ឲ្យ​កិច្ចព្រមព្រៀង​ពិធីសារ និង វិធានការ​ទាំងនេះ អាចអនុវត្ត​បាន​ពេញលេញ​ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ។

សម្តេច​តេ​ជោ​ ក៏បាន​ស្នើ​ឲ្យ​មាន​វេទិកា​អចិន្ត្រៃយ៍​មួយទៀត ជាមួយនឹង​ដៃគូ​របស់​អាស៊ាន គឺ​កិច្ច ប្រជុំ​រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាស៊ាន និង ឥណ្ឌា ដែល​បច្ចុប្បន្ននេះ​ឥណ្ឌា​មាន​តួនាទី​កាន់តែ​សំខាន់​ឡើង នៅក្នុង​ពិភពលោក ជាពិសេស នៅក្នុង​តំបន់​អាស៊ាន​នេះ​តែម្តង។

នៅក្នុង​ពិធី​បើក​កិច្ចប្រជុំ​នោះដែរ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្នុងនាម​សម្តេច​ផ្ទាល់ សូម​ចូលរួម​រំលែក​ទុក្ខ និង​សោកស្តាយ​បំផុត ចំពោះ​​រដ្ឋាភិបាល និង​ប្រជាជន នៃ​ប្រទេស​អាស៊ាន ដែល​ទទួលរង​គ្រោះ​ដោយសារ​ទឹកជំនន់​កាលពី​២ ខែ​មុននេះ ដែល​បណ្តាល​ឲ្យ​បាត់បង់​ជីវិត និង​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ និង​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដល់​ដំណើរ​ការកសាង​សេដ្ឋកិច្ចជាតិ​ក្នុងនោះ​កម្ពុជា ក៏​ជា​ប្រទេសមួយ​ទទួល​នូវ​ផលវិបាក​នេះ​ផងដែរ ធ្វើ​ឲ្យ​ហេ​ដ្ឋ​រចនា​សម្ព័ន្ធ​​រូបវន្ត​មួយចំនួន ត្រូវ​ទទួលរង​នូវ​ការខូចខាត និង​បាត់បង់​អាយុជីវិត​។

​          តាមរយៈ​នេះដែរ សម្តេច​តេ​ជោ ក៏បាន​ស្នើ​តាមរយៈ​ប្រតិភូ​នៃ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន និង​ប្រទេស​ដៃគូ​ទាំងអស់ ពាំ​នាំនូវ​សេចក្តី​ថ្លែងអំណរគុណ​នេះ ទៅជូន​ចំពោះ​ប្រជាជន និង​រដ្ឋ​ជា​សមាជិក​អាស៊ាន នៃ​ប្រទេស​ដៃគូ ដែល​ផ្តល់ជំនួយ និង​ការឧបត្ថម្ភ​ជា​ជំនួយ​សង្គ្រោះ ដល់​ប្រជាជន​កម្ពុជា​បាន​ទាន់ពេលវេលា​។​
​          សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​បន្តទៀតថា វិធី​ដែល​យើង​បានធ្វើ និង​កំពុង​ធ្វើ គឺ​ដើរ​លើ​មាគ៌ា​ដ៏​ត្រឹមត្រូវ​សម្រាប់​សន្តិភាព ស្មើភាព និង​ការអភិវឌ្ឍ​រួម ផ្ទុយទៅវិញ​ការប្រឈម​មុខ​ដាក់គ្នា​ខាង​នយោបាយ ដែល​បង្ហាញ​ពី​ការមិនចុះសម្រុង​គ្នា​នោះ និង​នាំទៅដល់​បញ្ហា​។

​          សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​ថា “​ខ្ញុំ​យល់ថា ការលើក​កំពស់​កិច្ចសហប្រតិបត្តិការ ការជំរុញ​សមាហរណកម្ម​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត​គឺជា​មធ្យោបាយ​មួយ​ដ៏​ល្អ​ ប្រសើរ​​សម្រាប់​យើង​រួមគ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងឡាយ​”​។​

​          សម្តេច​តេ​ជោ បាន​មានប្រសាសន៍​បន្តទៀតថា ឈរលើ​ទស្សនៈ​នេះ យើងទាំងអស់គ្នា​ត្រូវ​បន្ត​នៅ​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​​ចក្ខុវិស័យ​របស់​អាស៊ាន​ក្នុង​ការកសាង​សហគមន៍​ អាស៊ាន​នៅ​ឆ្នាំ​២០១៥ ដែល​នេះ​ជា​មហិច្ឆតា​របស់​អាស៊ាន​។