Thursday, December 15, 2011

កម្ពុជា​​គាំទ្រ​និង​បន្ត​គាំទ្រ​​​ចំពោះ​រដ្ឋ​ប៉ា​លេ​ស្ទី​ន​



ឯកឧត្តម​​ អ៊ាង សុផល្លែត​ ជំ​នួន​ការ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ ឲ្យ​ដឹង​ថា ​នៅ​ក្នុង​ឱកាស​ទទួល​ជួប​សវនាការ​​​ជាមួយ​លោក ​SAID ABU ALI ​បេសកជន​ពិសេស​របស់​ប្រធានាធិបតី​ប៉ា​លេ​ស្ទី​ន​ នា​ថ្ងៃ​ទី ១៥ ខែធ្នូ ឆ្នាំ ២០១១ ​នៅ​វិមាន​សន្តិភាព​ក្នុង​រាជធានី​ភ្នំពេញ​ សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន​ ​បាន​ថ្លែង​ថា ​ជំហរ​របស់​កម្ពុជា​គឺ​គាំទ្រ​រដ្ឋ​ប៉ា​លេ​ស្ទី​ន​គ្មាន​ការ​ងាករេ​នោះ​ឡើយ។​

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ មានប្រសាសន៍ថា ជា​រៀងដរាបមក​កម្ពុជា​តែងតែ​គាំទ្រ​រដ្ឋ​ប៉ា​លេ​ស្ទី​ន ហើយ​ជំហរ​របស់​កម្ពុជា​មិនមាន​ការផ្លាស់ប្តូរ​ទេ ដែល​នោះ​គឺ​កម្ពុជា​គាំទ្រ​រដ្ឋ​ប៉ា​លេ​ស្ទី​ន​ឯករាជ្យ និង អធិបតេយ្យភាព​តាមរយៈ​ព្រំប្រទល់​ឆ្នាំ ១៩៦៧ ហើយនឹង​គាំទ្រ​ប៉ា​លេ​ស្ទី​ន​ឲ្យ​ទៅជា​សមាជិក​ពេញ សិទ្ធិ​របស់​អង្គការសហប្រជាជាតិ​ផងដែរ ។ ​សម្តេច​តេ​ជោ​ក៏ ​បាន​ថ្លែងអំណរគុណ​ជូន ចំពោះ​ប្រជាជន និង រដ្ឋាភិបាល​ប៉ា​លេ​ស្ទី​ន ដែល​នៅពេល​កន្លងមក​តែងតែ​ជួយ​ដល់​កម្ពុជា ជាពិសេស​ជួយ​កម្ពុជា​ក្នុង​បុព្វហេតុ​សន្តិភាព និង បង្រួបបង្រួម​ជាតិ​នោះ។ 

ឯកឧត្តម​ SAID ABU ALI  បាន​ជំរាបជូន​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ថា ដំណើរ​បេសកកម្ម​រប​ស់លោក​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​នាពេល​នេះ គឺ​ដើម្បី​ពាំនាំ​នូវ​ការគោរព​ពី​ប្រធានាធិបតី​ប៉ា​លេ​ស្ទី​ន​ជូន​ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា គណបក្ស​ប្រជាជន​កម្ពុជា និង ទូលថ្វាយ​ព្រះមហាក្សត្រ​កម្ពុជាព្រះករុណា​ព្រះ​បាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និង ដើម្បី​ថ្លែងអំណរគុណ​ដល់​កម្ពុជា ដែល​តែងតែ​គាំទ្រ  ដល់​រដ្ឋ​ប៉ា​លេ​ស្ទី​ន​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំកន្លងមក​នោះ។ឯកឧត្តម​ SAID ABU ALI ក៏​បាន​ជំរាបជូន សម្តេចនាយក​រដ្ឋមន្ត្រី​អំពី ​ប្រវត្តិ និង បញ្ហា​ពាក់ព័ន្ធ​នឹង​រដ្ឋ​ប៉ា​លេ​ស្ទី​ន ហើយក៏​បានបញ្ជាក់​អំពី​បំណង ចង់​ឲ្យ​កម្ពុ​ជាមាន​ទំនាក់ទំនង​កាន់តែខ្លាំង​ឡើងជា​មួយ​ប៉ាលេស្ទីន និង បាន​សំដែង​នូវ​ការអបអរសាទរ​ជូន​ចំពោះ​សម្តេច​តេ​ជោ និង រាជរដ្ឋាភិបាល​កម្ពុជា ដែល​បានទទួល​ជោគជ័យ​ក្នុងការ​អភិវឌ្ឍន៍​ និង ទទួលបាន​នូវ​ការគោរព​យ៉ាងខ្លាំង​ពី​មជ្ឈដ្ឋាន​អន្តរជាតិ​នោះ៕