Friday, February 17, 2012

សុន្ទរកថា ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទទួលបន្ទុក​ទីស្ដីការគណៈរដ្ឋមន្ដ្រីថ្លែង​ក្នុងពិធីប្រគល់​-ទទួល​​សម្ភារៈ​បច្ចេកទេស​ និង​​គ្រឿង​​ចក្រ​​​បោស​​សំអាត​មីន​ជា​​ជំនួយ​​​​រដ្ឋាភិបាល​​​ជប៉ុន​​ផ្តល់​​ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្តល់ឲ្យ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​(ស៊ីម៉ាក់)​


សុន្ទរកថា
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ដ្រី
រដ្ឋមន្ដ្រីទទួលបន្ទុក​ទីស្ដីការគណៈរដ្ឋមន្ដ្រីថ្លែង​ក្នុងពិធីប្រគល់​-ទទួល​​សម្ភារៈ​បច្ចេកទេស​
និង​​គ្រឿង​​ចក្រ​​​បោស​​សំអាត​មីន​ជា​​ជំនួយ​​​​រដ្ឋាភិបាល​​​ជប៉ុន​​ផ្តល់​​ជូនរាជរដ្ឋាភិបាលកម្ពុជា
ដើម្បីផ្តល់ឲ្យ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​(ស៊ីម៉ាក់)​

សៀមរាប ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០១២

 
  • ឯកឧត្តម Masafumi Kuroki ឯកអគ្គរដ្ឋ​ទូត​វិសាមញ្ញ និងពេញសមត្ថភាព​នៃ​ប្រទេស​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា
  • លោក SUZUKI Yasujiro ប្រធានទីភ្នាក់​ងារ​សហប្រតិ​បត្តិការ​អន្តរ​ជាតិ ជប៉ុន​(JICA)ប្រចាំកម្ពុជា
  • ឯកឧត្ដម ស៊ូ​ ភិរិន្ទ អភិបាល​ខេត្ត​សៀមរាប
  • ឯកឧត្ដម ហេង​ រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីនកម្ពុជា​ (ស៊ីម៉ាក់)
  • ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយស​ជាតិ អន្តរជាតិ
  • លោកតា លោកយាយ បងប្អូន​ប្រជាពល​រដ្ឋ លោកគ្រូ អ្នកគ្រូ ក្មួយៗ​និស្សិត សិស្សានុសិស្ស ក្រុមកាយ​ឬទិ្ធ ក្រុមកាក​បាទក្រហម បុគ្គលិកស៊ីម៉ាក់ និងមន្រ្តីរាជការ​ទាំង​អស់ ជាទីស្រទ្បាញ់​រាប់អាន
ថ្ងៃនេះ ខ្ញុំមាន​សេចក្ដី​សោម​នស្សរីក​រាយ ចូលរួម​ជាមួយ​ឯកឧត្ដម លោក​ជំទាវ អស់​លោក លោក​ស្រី ភ្ញៀវកិត្តិយស​ជាតិ អន្តរជាតិ កង​កម្លាំង​ប្រដាប់​អាវុធ លោក​តា លោក​យាយ​ បង​ប្អូន​ប្រជាពល​រដ្ឋ លោកគ្រូ អ្នក​គ្រូ ក្មួយៗ​និស្សិត សិស្សានុ​សិស្ស ទាំង​អស់​ក្នុង​ពិធី​ប្រគល់-ទទួល​សម្ភារៈ​បច្ចេក​ទេស​បោស​សំអាត​មីន ដែល​ជា​ជំនួយ​រដ្ឋាភិបាល​ជប៉ុន​ជូន​រាជរដ្ឋា​ភិបាល​កម្ពុជា ដើម្បីផ្ដល់​ឲ្យមជ្ឈ​មណ្ឌល​សកម្មភាព​កំចាត់​មីនកម្ពុជា​ (ស៊ីម៉ាក់) ​បំពេញ​បេសកកម្ម​មនុស្សធម៌​ក្នុង​ព្រះរាជា​ណាចក្រកម្ពុជា។
 
នេះ​ជាលើក​ទី៦​ហើយ ដែល​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន ផ្ដល់​ជំនួយ​ជា​សម្ភារៈ​បច្ចេកទេ​សដល់​ស្ថាប័ន​​ជាតិ​ដោះ​​មីនស៊ីម៉ាក់ ដែលរួមមាន​គ្រឿង​ចក្រ​ធុន​ធ្ងន់​​កំទេចមីនចំនួន ៨គ្រឿង ម៉ាស៊ីនរាវមីនគ្រប់​ប្រភេទចំនួន ៤៩២គ្រឿង  រថយន្ដ Nissan Patrol ចំនួន៥៨គ្រឿង រថ​យន្ដ​១២​កៅ​អីចំនួន៧គ្រឿង រថយន្ដ Pick-up ចំនួន​៥០គ្រឿង តង់ស្នាក់​នៅ​ចល័ត​ចំនួន​៨៦ ព្រមទាំង​គ្រឿងបន្លាស់​សំរាប់​គ្រឿង​ចក្រ​ និង​រថយន្ដ ព្រម​ទាំង​សម្ភារៈជា​ច្រើនមុខ​ទៀត ដែល​គិតជា​ទឹកប្រាក់ប្រមាណ​​ ១៦,៥​លាន ដុល្លារ​អាមេរិក។

ក្នុង​នាម​រាជ​រដ្ឋាភិបាល ខ្ញុំសូមវាយ​តម្លៃខ្ពស់​ចំពោះ​ជំនួយ​ដ៏វិសេសវិសាលនេះ ពីព្រោះថាសម្ភារៈទាំង អស់នេះពិតជាមានសារៈសំខាន់ជាទីបំផុត សម្រាប់​ស៊ីម៉ាក់យកទៅ​ប្រើ​ប្រាស់​​​​​ជាប្រយោជន៍ជាតិ និងក្នុង​កា​រងារ​មនុស្សធម៌ ដោយសារសម្ភារៈទាំងនេះនឹងជួយសំរាប់គាំទ្រដល់កិច្ចប្រតិបត្ដិការ និងបង្កើន​ល្បឿន​បេសក​កម្ម​របស់​ស៊ីម៉ាក់ ក្នុងការបោសសំអាតគ្រាប់មីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះឲ្យកាន់តែ​មាន​សន្ទុះ​ ខ្លាំង​ក្លា ដើម្បីឆ្លើយតបតាមតម្រូវការរបស់ប្រជាជននិង​រាជ​រដ្ឋា​ភិបាល​ និងគាំទ្រការ​អភិវឌ្ឍ ​លើក​កម្ពស់ជីវភាព​ប្រជា​​ពលរដ្ឋ និងស្ដារហេដ្ឋារចនាសម្ព័ន្ឋជាតិ គ្រប់វិស័យ។
ការផ្ដល់ជំនួយដ៏ថ្លៃថ្លានេះ ក៏បានបញ្ជាក់យ៉ាងច្បាស់ថែមទៀតនូវជំហរគាំទ្រយ៉ាងពេញ​ទំហឹងរបស់​រដ្ឋាភិបាល និងប្រជាជន​ជប៉ុន ក្នុងការចូលរួមវិភាគទានយ៉ាងសំខាន់ដល់ព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយ​ដោះស្រាយ​​នូវ​ការ​លំបាក និងបញ្ហា​នៃគ្រោះ​មហន្ដរាយ និងការគំរាមកំហែងដោយសារគ្រាប់មីន និងយុទ្ធ​ភ័ណ្ឌ​មិនទាន់ផ្ទុះ ដែលនៅសល់រាយប៉ាយរាប់​លាន​គ្រាប់នៅលើ​ទឹក​ដី​នៃ​ព្រះរាជាណាចក្រកម្ពុជា ជាពិសេស​នៅ​តាម​​តំបន់​ស្រែចំការ ហើយដែលបាននិងកំពុងគំរាមកំហែងដោយផ្ទាល់​និងដោយ​ប្រយោល​ដល់ប្រជាជន​កម្ពុជា​ រាប់ម៉ឺនគ្រួសារ។

ឯកឧត្តម លោកជំទាវ​ អស់លោក លោក​ស្រី​ ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ
តាមរយៈ​នយោបាយ ឈ្នះ​ឈ្នះ របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រទេស​កម្ពុជា​ទទួល​បាន​ឯកភាព​ជាតិ​ទាំ​ង​ស្រុង នៅចុងឆ្នាំ១៩៩៨ ​​ដែល​នេះ​ជា​លើក​ដំបូង​ក្នុង​​រយៈពេល​ ៥០០ឆ្នាំ ចុងក្រោយនៃប្រវត្តិសាស្រ្តរបស់កម្ពុជា។ ទោះបី​សង្គ្រាមត្រូវបាន​រលត់ហើយក៏ដោយ​ ក៏រាជរដ្ឋា​ភិបាល​​ ​ត្រូវ​រែក​ពុននូវការលំបាកក្នុងការធ្វើសមាហរណកម្ម ការកសាងហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ដ និងបញ្ហា​ធំៗ​មួយ​ចំនួន​ទៀត​ ហើយថែមទាំងត្រូវប្រឈមមុខដោះស្រាយកាកសំណល់​ពីសង្គ្រាម​ដែល​ជា​គ្រាប់​​មីន ​​និង​យុទ្ធ​ភ័ណ្ឌ​មិនទាន់ផ្ទុះយ៉ាងច្រើនទៀត ហើយដែលកាកសំណល់ខ្លះបាននៅសល់តាំងពី​សង្គ្រាម​លោក​លើក​ទី២​ក៏​មាន​ដែរ​។ ដូចនេះកិច្ចប្រតិបត្ដិការបោសសំអាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ គឺជាគោលដៅ​ដែល​រាជ​រដ្ឋាភិបាល​ និងដៃគូអភិវឌ្ឍន៍ទាំងអស់ត្រូវបន្ដសម្រេចឲ្យបានជោគជ័យទាំងស្រុង ដើម្បីរួមចំណែកធានា​​បាន​សេ្ថរភាព​នយោបាយ​ ម៉ាក្រូសេដ្ឋកិច្ច​ សន្ដិសុខ និង​​​សុវត្ថិភាពជូន​ប្រទេស​ និង​ប្រជាជន​កម្ពុជា​ ។

ជាការពិតណាស់ ទោះបីជារាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍បានរួមគ្នាដោះស្រាយបញ្ហាគ្រាប់មីន និង​យុទ្ធ​ភ័ណ្ឌមិនទាន់ផ្ទុះអស់រយៈពេលជាង២០ឆ្នាំហើយក៏ដោយ ក៏គ្រាប់មីន និងយុទ្ឌភ័ណ្ឌមិន​​ទាន់​​ផ្ទុះ​នៅ​មានសេស​សល់​ច្រើន​ទៀតនៅតាម​​ភូមិករ ដីស្រែចំការ និងទីតាំងសំខាន់ៗមួយចំនួនដែលនៅតែបន្ដបង្ក​គ្រោះថ្នាក់ដល់​អាយុជីវិត​ប្រជា​ ជន ឬ​​​បណ្តាលឲ្យក្លាយជាជនពិការ​អស់​មួយ​ជីវិត ជាពិសេសចំពោះអ្នក ដែល​​​កំពុងរស់នៅតាមតំបន់អតីតសមរភូមិ។ មិនតែប៉ុណ្ណោះគ្រាប់មីន និងយុទ្ធភ័ណ្ឌ​មិនទាន់​ផ្ទុះទាំងនោះ ក៏នៅតែបន្ដ​បង្ក​ភាព​ភ័យខ្លាចដល់ការប្រើប្រាស់ដីធ្លីក្នុងការបង្ក​ បង្កើនផលចិញ្ចឹមគ្រួសារ ​ក៏ដូច​ជា​ឧបសគ្គ​ដល់​​ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស។

ដោយសារ​​ការ​ខិត​ខំ​​ប្រឹងប្រែងរបស់យើង អត្រាគ្រោះថ្នាក់​ដោយសារ​គ្រាប់​មីន ​​និងយុទ្ធភ័ណ្ឌមិនទាន់​ផ្ទុះធ្លាក់ចុះ​គួរ​ឲ្យ​កត់​សម្គាល់ ហើយតាម​របាយ​ការ​ណ៍​ទិន្នន័យតាមដានអ្នកគ្រោះថ្នាក់​ដោយ​សារគ្រាប់​មីន​បាន​ ឲ្យដឹងថា ក្នុងឆ្នាំ២០០០-២០០៧​មាន​​អត្រា​​​អ្នកគ្រោះថ្នាក់ជាង៨០០​នាក់ក្នុង​មួយ​ ឆ្នាំៗ ហើយមកដល់ឆ្នាំ ២០០៨-២០១១ អត្រា​នេះ​បានធ្លាក់​មក​នៅ​ត្រឹមក្រោម​៣០០នាក់ក្នុង១ឆ្នាំៗ។ ទោះបីជា​មានការធ្លាក់​ចុះ​អត្រា​គ្រោះថ្នាក់​យ៉ាង​ខ្លាំងក៏ដោយ ក៏​តួលេខ​​នេះ​​នៅតែខ្ពស់​ជាង​បណ្ដា​​​ប្រទេសផ្សេងទៀត ​ដែលមាន​សន្ដិភាព​ពេញលេញ​ដូចកម្ពុជា​យើង​។

ជាមួយ​នេះដែរ ជនរងគ្រោះខ្លះបាន​ទទួលគ្រោះថ្នាក់លើ​ដីស្រែ​ចំការ ដែលពួកគាត់​បាន​ធ្វើការ​ដាំដុះ​ជាច្រើនឆ្នាំមក ហើយប្រការនេះធ្វើឲ្យ​​ជនអគតិខ្លះបាន​ចោទ​ប្រកាន់​​រាជ​រដ្ឋាភិបាលថា មិនបានគិតគូរដល់​ប្រជាជន ឲ្យ​ពួកគាត់ទៅរស់នៅ​ក្នុង​ចំការមីន ប៉ុន្តែតាមការពិតយើងទាំងអស់គ្នា​នៅ​ទី​នេះដឹងច្បាស់​ណាស់​ថា ចំការមីន និងភូមិករយ៉ាងច្រើន​សន្ធឹក​សន្ធាប់​​​ក្រោយ​ពី​ចប់​សង្គ្រាមគឺវានៅជាមួយគ្នា ​តែ​ម្តង ដែល​នេះគឺ​ជា​ផល​វិបាកនៃសង្គ្រាម។ ហេតុដូច្នេះហើយ ទើបរាជរដ្ឋាភិបាលនៅតែចាត់ទុកសកម្មភាពបោសសំអាតមីន ជា​អាទិ​ភាព ​ដ៏សំខាន់មួយក្នុងចំណោម​អាទិភាព​​សំខាន់ៗ​របស់ខ្លួន ដើម្បីរួមគ្នាស្ដារ និងអភិវឌ្ឍ​ប្រទេស​ជាតិ​ឡើង​​វិញ។ ជាក់ស្ដែង តាមរយៈការផ្តើមគំនិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាល​បាន​ដាក់​បញ្ចូល​វិស័យមីនក្នុងយុទ្ធសាស្ដ្រ ចតុកោណដំណាក់​​កាលទី២ និងផែនការ​អភិវឌ្ឍន៍​សហស្សវត្សរ៍​របស់​​អង្គការសហប្រជាជាតិ។ ខ្ញុំសូមបញ្ជាក់ ថា គោលដៅនេះគឺមានតែ​ប្រទេស​​កម្ពុជា​​មួយប៉ុណ្ណោះ​ដែល​បាន​​​ បន្ថែមវិស័យមីនជាទិសដៅទី៩ បន្ថែមលើ ទិសដៅរបស់អង្គការ​សហ​ប្រជាតិដែលមាន​ចំនួន​តែ​៨​ប៉ុណ្ណោះ​ ហើយដើម្បី​សម្រេច​នូវ​គោលដៅ​នេះ​ រាជរដ្ឋា ភិបាលបាន​ខិតខំ​ប្រឹង​ប្រែង​គ្រប់លទ្ធភាពទាំងស្មារតី ថវិកា​ និង​ធនធាន​​ ព្រម​ទាំង​ផ្តល់​ការសហការ​យ៉ាង​ពេញ​លេញ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ ក្រោម​រូបភាពពហុភាគីក្ដី ឬទ្វេភាគីក្ដី សំដៅ​​ជំរុញសកម្មភាពមីននេះឲ្យទទួល បាន​ជោគ​ជ័យ​។

តាមរបាយការណ៍របស់ឯកឧត្ដម ហេង រតនា អគ្គនាយកស៊ីម៉ាក់ ខ្ញុំសូមវាយតម្លៃខ្ពស់ និងកោត​សរសើរ​​​ដល់ថ្នាក់ដឹកនាំ មន្ដ្រី និងបុគ្គលិកស៊ីម៉ាក់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ច​របស់​ខ្លួន រហូត​សំរេច​បាន​លទ្ធផលគួរជាទីមោទនៈ ហើយវាជាមូលដ្ឋានបញ្ជាក់ឲ្យ​ឃើញ​នូវការសហការបានល្អ​ជាមួយ​ភ្នាក់់ងារ​​​​​ ផ្ដល់​​ជំនួយ ​និងដៃគូ​អភិវឌ្ឍន៍ទាំងអស់ ជាពិសេសបានឆ្លុះបញ្ចាំងពីការចូលរួមយ៉ាងសកម្ម​​​ជាមួយរាជ​រដ្ឋា​ភិបាល​ ​ក្នុងការ​បោស​សំអាត​គ្រាប់មីន និងយុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ គិតពីឆ្នាំ១៩៩២ដល់ឆ្នាំ២០១១ ដោយ​បោស​សំអាត​ផ្ទៃដី​បាន​ចំនួន ១៨៣.១៩៦ហិកតា រុករកឃើញ និងកំទេច​ចោល​គ្រាប់មីន និងយុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​ជាង ២,២លានគ្រាប់ និង​ឆ្លើយតបតាមអន្ដរាគមន៍បន្ទាន់បានចំនួន៦១,២៥៥ករណី។
 
ឯកឧត្តម លោកជំទាវ​ អស់លោក លោក​ស្រី​ ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ
ក្នុងឱកាសដ៏ប្រពៃនេះ តាមរយៈ ឯកឧត្តម ម៉ាសាហ្វូមី គូរុគី ឯកអគ្គរដ្ឋទូតវិសាមញ្ញពេញសមត្ថភាព​នៃប្រទេសជប៉ុនប្រចាំកម្ពុជា ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំ​សូម​ថ្លែង​អំណរគុណយ៉ាង​ជ្រាល​​ជ្រៅ​បំផុត ចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែល​មាន​សន្តានចិត្ដប្រកប​ដោយ​ក្ដី​សប្បុរ​ស​ក្នុង​​ការ​ឧបត្ថម​គាំទ្រទាំង​ ស្មារតី សម្ភារៈ និងថវិកា សម្រាប់​កិច្ចប្រតិបត្ដិការ​បោស​សំអាត​មីននៅ​កម្ពុជា​ជា​រៀង​រហូត​មក​។

ទន្ទឹមនឹងនេះដែរ ក្នុងនាមជាប្រទេសដែលទទួលរងគ្រោះពីគ្រាប់មីនធ្ងន់ធ្ងរ​ជាង​គេ​ក្នុង​ពិភពលោក និងជារដ្ឋ​ហត្ថលេខីនៃសន្ធិសញ្ញាអូតាវ៉ា ស្តីពី“ហាមប្រាមការប្រើប្រាស់ ការស្ដុកទុក ការផលិត និង​ការ​ជូញ​ដូរ​​​គ្រាប់មីន​ប្រឆាំង​​មនុស្ស” កម្ពុជា​បានប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ និងត្រឹមត្រូវ​បំផុត​ក្នុង​ការ​អនុវត្ដ​ និង​ប្រតិបត្ដិ​តាម​ខ្លឹមសារ និងស្មារតីនៃសន្ធិសញ្ញាអន្ដរជាតិ​នេះ។ ជាមួយនេះផងដែរ កម្ពុជាបាននិងកំពុងចូល​រួម​ ​យ៉ាង​សកម្ម​ជាមួយសហគមន៍អន្ដរជាតិ ក្នុងការចែករំលែក​បទពិសោធ​ និង​ធនធានក្នុងការបោសសំអាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដើម្បីបម្រើឲ្យផលប្រយោជន៍របស់មនុស្សជាតិ។ ជាក់ស្តែង ព្រះរាជាណាចក្រ​កម្ពុជា​ ​​​​បាន​​ធ្វើជាម្ចាស់ផ្ទះ​ក្នុងការរៀបចំកិច្ច​ប្រជុំលើក​ទី​​១១​នៃ​ រដ្ឋភាគី​អនុសញ្ញ​​អូតាវ៉ា​ កាលពី​ចុង​​ឆ្នាំ២០១១ ដោយ​មានការ​ចូលរួម​​ពី​ប្រទេស​ជា​រដ្ឋភាគី​ចំនួន​ ១៥០​ប្រទេស​រដ្ឋមិនភាគី ប្រទេសផ្ដល់ជំនួយ និងអង្គការជាដៃគូ​ចំនួន​ជាង​មួយពាន់នាក់។ តាមរយៈព្រឹត្ដិការណ៍​អន្ដរជាតិដ៏ជោគ​ជ័យ​​នេះ ពិតជាបានជួយ​លើកកម្ពស់​កិត្យានុភាព​ជាតិ​យើង​យ៉ាងខ្លាំង។

លើសពីនេះ​ទៀត រាជរដ្ឋាភិបាលបានបញ្ជូនកងយោធ​ពល​ខេមរ​ភូមិន្ទជំនាញ​ផ្នែក​បោស​សំអាត​គ្រាប់​ ​មីន​ និង​យុទ្ធភ័ណ្ឌ​​មិនទាន់ផ្ទុះទៅជួយប្រទេសដ៏ទៃទៀតក្នុងពិភពលោក ដូចជា​ប្រទេស​ស៊ូដង់ លីបង់ អាហ្រ្វិកកណ្ដាលជាដើម ដែលបេសកម្មនេះស្ថិតនៅក្រោមឆ័ត្រអង្គការសហប្រជាតិ។ ទន្ទឹមនឹងនេះ រាជ​រដ្ឋា​ភិបាល ​ក៏​​បានបញ្ជូនកំលាំងកងយោធពលខេមរភូមិន្ទមួយចំនួនទៀតទៅប្រទេសឆាត និង​ប្រទេស​អាហ្រ្វិក​កណ្ដាល​។ ស៊ីម៉ាក់ក៏បាន​ចែករំលែកបទពិសោធ​ និងចំណេះធ្វើជាមួយ​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់​និង​ ផ្នែកខ្លះក្នុងពិភពលោក ដូច​ជា ប្រទេស ឡាវ ថៃ វៀតណាម កូឡុំប៊ី ស្រីលង្កា និង​ប្រទេស​​មួយ​ចំនួន​ធំ​ទៀត​​មកពីទ្វីបអាហ្រ្វិកផងដែរ​។​ ជាក់ស្ដែង​ក្នុង​ឆ្នាំ២០១០-២០១១កន្លងទៅ រដ្ឋាភិបាលជប៉ុនតាមរយៈ​អង្គការ JICA បានផ្ដល់ការគាំទ្រឱ្យស៊ីម៉ាក់ទទួល​​​ យកមន្ដ្រីផ្នែកវិស័យមីនពីប្រទេសកូឡុំប៊ីចំនួន ៤៥នាក់ មក​ហ្វឹក​ហ្វឺន​ ​​ជាមួយ​ស៊ីម៉ាក់ ហើយ​គំរោង​ដូចគ្នា​នេះ​ និងបន្ដ​អនុវត្ដ​ក្នុងឆ្នាំ២០១២-២០១៤ ជាមួយប្រទេសទ្បាវ​ក្នុងការ​ផ្លាស់​ប្ដូរបទពិសោធពីគ្នា​ទៅ​វិញ​​​ទៅមក​ផង​ដែរ ​។

លទ្ធផលជិត២០ឆ្នាំកន្លងមកនេះ ស៊ីម៉ាក់ ​កងយោធពលខេមរភូមិន្ទ និងអង្គការ​ដោះ​មីន​​ហា​ឡូ​ត្រាស់​(Halo Trust) អង្គការម៉ែក(MAG) អង្គការយេម៉ាស់(JMAS)​ រួមគ្នា​បោស​សំអាត​ផ្ទៃដី​បាន​ប្រមាណ ៦៤៣,២១​គីឡូ​ម៉ែត្រ​ក្រឡា ហើយតាម​ការ​វាយ​តម្លៃរ​បស់អាជ្ញាធរមីន និងប្រតិបត្ដិករ​ទាំងអស់​​បានឲ្យ​ដឹង​ថា ផ្ទៃដីមាន​មីននៅសល់​ជាង៦៧០គីឡូម៉ែត្រក្រឡាទៀត ដែល​ទំហំ​នេះ​ត្រូវ​ធ្វើ​ការ​បោស​សំអាតមីន​ទាំង​ស្រុង​តែម្ដង និងនៅមានផ្ទៃដីសង្ស័យថាមាន​មីនប្រមាណ១០៨៥គីឡូម៉ែត្រ​ក្រឡា ទៀតដែលចាំបាច់​ត្រូវ​ធ្វើ​ការ​បញ្ជាក់​ឡើងវិញឲ្យ​ច្បាស់លាស់ដែរ ដើម្បី​ធានា​ដល់សុវត្ថិភាព ​និង​បំបាត់​ការភ័យខ្លាចរបស់ប្រជាជន។ ដោយផ្អែកលើការវាយតម្លៃ​នេះ កម្ពុជានៅតែ​ត្រូវការ​ធនធាន​យ៉ាងច្រើន​បន្ថែមទៀត ដើម្បីធ្វើ​ឱ្យ​ទស្សនៈ​វិស័យ​ ១០ឆ្នាំលើកទី២ទៅ​​មុខ​ទៀត​ទទួល​បាន​ជោគជ័យ​។

ឯកឧត្តម លោកជំទាវ​ អស់លោក លោក​ស្រី​ ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ
ខ្ញុំសូមយកឱកាសនេះ សម្តែងនូវការកោតសរសើរជាថ្មីម្តងទៀត ចំពោះស្នាដៃការងាររបស់ស៊ីម៉ាក់ ដែល​បានខិតខំ​បំពេញ​​ភារកិច្ច ​និងតួនាទីរបស់ខ្លួនជាស្ថាប័នជាតិ ក្នុងការធានាបាននូវចីរភាព​នៃការងារ​ប្រតិបត្ដិការ​របស់ខ្លួន ដោយ​ធ្វើ​ការសម្របសម្រួល និង​ទំនាក់ទំនង​បាន​យ៉ាងល្អជាមួយ​ដៃគូអភិវឌ្ឍន៍​ទាំង​អស់ ហើយថែមទាំងធានាបាន​នូវ​ទំនុក​ចិត្ដ និងភាពជាដៃគូល្អក្នុង​ការធ្វើឱ្យបានជោគជ័យ​ក្នុងសកម្មភាព​របស់​ខ្លួន ជាពិសេស​បានសម្រេចនូវការ​កែ​ទម្រង់​យ៉ាងស៊ីជម្រៅ រហូតទទួលបានការអនុវត្ដ​ការងារ​ប្រកប​ដោយ​អាជីព មានកំរិតស្ដង់ដាខ្ពស់តាមតម្រូវការជាតិ និង​អន្ដរជាតិ។

ក្នុង​នាម​រាជរដ្ឋាភិបាលកម្ពុជា​ ខ្ញុំ​សូមស្វាគមន៍ និង​ថ្លែង​អំណរគុណ​ចំពោះ​ដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានផ្ដល់​ការ​គាំ​ទ្រ និង​ផ្តល់​ជំនួយក្នុង​វិស័យមីនតាមគ្រប់រូបភាព ទាំងតាមរយៈរដ្ឋាភិបាល អង្គការ​មិនមែន​​រដ្ឋាភិបាល និងផ្នែកឯកជន សំដៅ​ធ្វើ​យ៉ាងណា​បោសសំអាតគ្រាប់មីន និង​យុទ្ធភ័ណ្ឌ​​មិនទាន់​​ផ្ទុះ​ទាំងអស់​ឲ្យ​អស់ពីដីបានយ៉ាងឆាប់រហ័សបំផុត។ ខ្ញុំសូមអំពាវនាវចំពោះអាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់ថ្នាក់​និង​​ ប្រជាពលរដ្ឋ សូមមេត្ដាជួយ​ផ្ដល់​​​កិច្ច​សហការឱ្យបានល្អជាមួយកម្លាំងស៊ីម៉ាក់ ជាពិសេស ក្មួយ​ៗ​និស្សិត​សិស្សានុសិស្ស សូមស្ដាប់តាមការណែនាំអប់រំ​ផ្សព្វផ្សាយ​អំពី​គ្រោះថ្នាក់​​ដោយសារមីន និង​យុទ្ឋភ័ណ្ឌ​មិន​ទាន់​ផ្ទុះ ដូចជា ហាមប៉ះពាល់ និងធ្វើការជួញដូរជាដែកអេតចាយ និងសូមរាយការណ៍​មកកម្លាំង​មាន​សមត្ថកិច្ច ឬបុគ្គលិកស៊ីម៉ាក់នៅពេលបានឃើញគ្រាប់មីន។

មុន​នឹង​បញ្ចប់​ ជាថ្មីម្តងទៀត ខ្ញុំសូមថ្លែងអំណរ​គុណ​ដល់​ប្រជាជន និងរដ្ឋាភិបាលជប៉ុន​ដែល​បាន​ឧបត្ថម​គាំទ្រ​ស​ម្ភារៈ​ បច្ចេកទេសដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ហើយខ្ញុំ​សង្ឃឹមយ៉ាងមុតមាំថា ប្រជាជន​ និង​រាជដា្ឋភិបាល​ជប៉ុននឹងបន្ត​ជួយ​ឧបត្ថម្ភគាំទ្រ​ដល់​ស៊ីម៉ាក់​ ដើម្បីឲ្យសម្រេចបាន​គោលដៅ​​​កម្ចាត់​មីននៅ​កម្ពុជា​។

ជាទីបញ្ចប់នេះ ខ្ញុំសូមជូនពរ ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ​ លោកគ្រូ អ្នក​គ្រូ​ ក្មួយ​ៗ​និស្សិត សិស្សា​នុសិស្ស ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ បុគ្គលិក​ស៊ីម៉ាក់ និងមន្រ្តីរាជការ​ទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងពិធីដ៏មហោឡារិកនេះ ឲ្យ​​ជួបប្រទះ​តែសុខភាពល្អ ​សុភមង្គលក្នុងក្រុមគ្រួសារ និងទទួលបានជ័យជំនះគ្រប់ភារកិច្ច។
សូមអរគុណ