Friday, February 17, 2012

បំណង និង​ជំហរ​របស់​សម្តេច​​តេជោ ហ៊ុន សែន ​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​​​


ថ្លែង ​ទៅកាន់​សន្និសីទ​ស្តីពី​ចក្ខុវិស័យ​កម្ពុជា ឆ្នាំ ២០១២ ក្រោម​ប្រធានបទ «អាទិភាព​របស់​កម្ពុជា​ដើម្បី​លើកកម្ពស់​កំណើន​សម្រាប់​គ្រប់គ្នា សមាហរណកម្ម​ក្នុង​តំបន់ និង ការដឹកនាំ​អាស៊ាន» ដែល​ប្រព្រឹត្តទៅ​នៅ​សណ្ឋាគារ​ឡឺរ៉ូយ៉ាល់​ រាជធានី​ភ្នំពេញនា​ថ្ងៃទី​១៦ ខែ​កុម្ភៈ​ ឆ្នាំ ២០១២​ សម្តេច​​អគ្គ​មហា​សេនា​​បតី​​​​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ខ្ញុំ​មាន​បំណង​​ធានា​ឲ្យ​ប្រាក​ដ​ថា នឹង​សម្រេច​ឲ្យ​បានជា​អតិប​រមា​នូវ​សមិទ្ធផល នៃ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នៅឆ្នាំ​២០១៥ និង​សហគមន៍​សន្តិសុខ នយោ​បាយ​ និង​វប្បធម៌​​សង្គម ដែល​ប្រទាក់​ក្រឡា​​គ្នា ដើម្បី​ប្រែ​ក្លាយ«សហគមន៍​មួយ​មាន​វាសនា​តែមួយ» ដែល​ជា​​ក្តី​ស្រមៃ​របស់​អាស៊ាន​ឲ្យ​ក្លាយ​ជា​ការ​ពិត និង ការ​ធានា​ថា ប្រជាជាតិ​អាស៊ាន ជាពិសេស ក្មេងៗ​ជំនាន់​ក្រោយ​យល់ដឹង និង កោតសរសើរ អំពី​តម្លៃ នៃ​អភិក្រម​គ្មាន​ពីរ​ចំពោះ​លទ្ធិ​តំបន់​និយម និង សមាហរណកម្ម​តំបន់ ព្រមទាំង​ភាព​ក្លៀវក្លា គ្មាន​ប្រៀប ដែល​នឹង​ផ្តល់​ឲ្យ​យើង​នូវ​សំឡេង​តំបន់​មួយ ដែល​មាន​ឥទ្ធិពល​នៅ​ក្នុង​សហគមន៍​ពិភព​លោក ដែល​កំពុង​មាន​បញ្ហា​ប្រឈម។ 

សម្តេច​តេជោ​នាយក​រដ្ឋ​មន្រ្តី​ នៃ​ព្រះរាជាណាចក្រកម្ពុជា ដែល​ត្រូវ​ទទួល​ជា​ប្រធាន​អាស៊ាន​បាន​​​ថ្លែង​ថា ចំពោះ​បញ្ហា​ជា​អាទិភាព​សម្រាប់​អាស៊ាន ខ្ញុំ​មានបំណង​ធានា​ឲ្យ​បាន​ប្រាកដ​ថា តាមរយៈ​ការ​ធ្វើ​ការ​រួមគ្នា​នៅ​ឆ្នាំ ២០១២ យើង​នឹង​បន្ត​កសាង​សមត្ថភាព​យើង ដើម្បី​ធានា​កំណើន និង​សម្រេច​បាន​វិបុលភាព​កាន់តែ​ខ្ពស់ សមាហរណកម្ម​សេដ្ឋកិច្ច ការ​ត​ភ្ជាប់និងការប្រកួត​ប្រជែង​កាន់តែ​ខ្លាំងក្លា តាមរយៈ​ការសម្រេច​ឲ្យ​បាន​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន និង តាមរយៈ​ការ​ជំរុញ​ប្រភព​កំណើន​ក្នុងស្រុក និង ការ​ធ្វើ​ឲ្យ​ស៊ីជម្រៅ​កិច្ច​សហប្រតិបត្តិការ​​តំបន់ ជាពិសេស​ដំណើរការ​អាស៊ាន​បូក ៣ ខណៈ​ដែល​​ការ​បើក​ចំហ នៅ​តែ​មាន​ចំពោះ​ឱកាស​កិច្ច​សហប្រតិបត្តិការ​សេដ្ឋ​កិច្ច​តំបន់ និង ពិភព​លោក​នោះ។

សម្តេច​នាយក​រដ្ឋមន្ត្រី​ថ្លែង ​ថា ខ្ញុំ​មានបំណង​សម្រេច​ផ្តល់​តួនាទី​កាន់តែ​ធំ សម្រាប់​វិស័យ​ឯក ជន​នៅ​ក្នុង​​កិច្ច​ដំណើរ​ការ និង ការរៀបចំ​គោលនយោបាយ​អាស៊ាន និង ការ​ទាញ​យក​ផល​ចំណេញ ឲ្យ​កាន់​តែ​ច្រើន​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី និង កិច្ច​សហប្រតិបត្តិការ​អាស៊ាន។ ខ្ញុំ​មានបំណង​ពង្រីក​អា ស៊ាន​ទៅជា​ស្ថាប័ន​មាន​ធនធាន​សម្បូរណ៍​បែប តាមរយៈ​កិច្ច​សហ​ប្រតិបត្តិការ​អន្តរ​អាស៊ាន និង តាមរយៈ​ភាពជា​ដៃគូ​ជាមួយ​ដៃគូ​ចរចា​តំបន់ និង អន្តរជាតិ។ ខ្ញុំ​មាន​បំណង​ចង់​ឃើញ​អាស៊ាន​ធ្វើ​ការងារ តាម​ការសន្យា​ក្នុង​ធម្មនុញ្ញ​អាស៊ាន ដើម្បី​កាត់បន្ថយ ​ភាព​ក្រីក្រ និង បង្រួម​គម្លាត​អភិវឌ្ឍន៍​រវាង​ ប្រទេស​សមាជិក អាស៊ាន ដែល​មាន​ការ​អភិវឌ្ឍ​តិចតួច(កម្ពុជា ឡាវ ភូមា) តាមរយៈ​កិច្ច​សហប្រតិបត្តិការ និង ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ព្រមទាំង​ជំរុញ​ការ​បញ្ជា ទិញ និង អន្តរ​ពាណិជ្ជកម្ម​នៅ ក្នុង​តំបន់។

សម្តេច​តេជោ​ ហ៊ុន សែន មាន​​ប្រ​សាសន៍​ថា ខ្ញុំ​មានបំណង​ប្រើប្រាស់​វេទិកា​អាស៊ាន កិច្ចប្រជុំ​កំពូ​ល​អាស៊ាន​បូក ៣ និង កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ សន្តិភាព និង សន្តិសុខ​ក្នុង​តំបន់​​សម្រាប់​បញ្ចៀស​ជម្លោះ និងដោះស្រាយ​ភាព​តានតឹង គោរព និង​ការពារ​ផល​ប្រ យោជន៍​ទាំង​ប្រទេស​​តូច និង ធំ​ក្នុង​តំបន់​ក្នុងពេលដែល​យើង​ធ្វើការ​រួមគ្នា​លើ​ការ​មិន​រីកសាយ អាវុធ​នុយក្លេអ៊ែរ ការ​ប្រឆាំង​ភេរវកម្ម ឧក្រិដ្ឋកម្ម និង ការទប់ស្កាត់​ការ​រត់​ពន្ធ​មនុស្ស។ខ្ញុំ​មានបំណង ធ្វើ​ការងារ​ជាមួយ​ដៃគូ​អាស៊ាន និង ដៃ​គូ​ផ្សេងទៀត​ក្នុង​តំបន់ ដើម្បី​គាំទ្រ​ប្រទេស​ភូមា​ឲ្យ​សម្រេច បាន​បំណង​ប្រាថ្នា​របស់​ខ្លួន និង បន្ត​តួនាទី​ដែល​​មាន​សិទ្ធិ​ពេញលេញ​ក្នុង​អាស៊ាន និង តំបន់​កាន់តែ ទូលំទូលាយ។

សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ បាន​មាន​ប្រសាសន៍​បញ្ជាក់​​ថា កម្ពុជា​គឺ​ស្ថិត​លើ​ទីតាំង​ល្អ​ប្រសើរ ក្នុង​ការ​​ដើរ​​តួនាទី​ជា​អ្នកដឹកនាំ​អាស៊ាន ដែល​ប្រកបដោយ​ការទទួលខុសត្រូវ និង មាន​លក្ខណៈ ស្ថាបនា​នៅ​ពេល​នេះ និង តាមរយៈ​ជា​ប្រជាជាតិ​ក្នុង​តំបន់ និង អន្តរជាតិ​ដែល​មាន​ការទទួលខុសត្រូវ ដើម្បី​តបស្នង​វិញ​នូវ​អ្វី​ដែល​យើង​បាន​ទទួល​ការឧបត្ថម្ភ​ពី​ប្រទេសជិតខាង​ ក្នុង​តំបន់ និង សហគមន៍ អន្តរជាតិ​ក្នុង​រយៈពេល​ជាង ២ ទសវត្សរ៍​កន្លងមក។ យើង​មាន​ទំនាក់ទំនង និង កិច្ច​សហប្រតិបត្តិការ ប្រកបដោយ​ភាព​វិជ្ជមាន​គឺ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច កិច្ច​សហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ និង ទំនាក់​ទំនង​រវាង​ប្រជាជន និង ប្រជាជន​ជាមួយ​ប្រទេសជិតខាង​ក្នុង​អាស៊ាន អាស៊ី​បូព៌ា​ដូចជា ប្រទេស ចិន កូរ៉េខាងជើង កូរ៉េខាងត្បូង និង ជប៉ុន ព្រមទាំង​ជាមួយ​ប្រទេស​សំខាន់ៗក្នុង​តំបន់ ដូចជា​សហរដ្ឋ អាមេរិក និង អូស្ត្រាលី។ខ្ញុំ​សង្ឃឹមថា តាមរយៈ​ការ​ប្តេជ្ញា​ចិត្ត និង កិច្ច​ខិតខំ​​ប្រឹងប្រែង​រ​បស់​យើង​ក្នុង ឆ្នាំនេះ យើង​អាច​ប្រើប្រាស់​ទំនាក់ទំនង​ដ៏​ល្អ​នេះ ដើម្បី​ពង្រឹង​អាស៊ាន និង សម្រេច​គោលដៅ​របស់ យើង។

សម្តេច​​តេជោ​ មានប្រសាសន៍ថា ខ្ញុំ​មាន​សេចក្តី​រីករាយ​សូម​ប្រកាស​ថា ក្នុង​ឋានៈ​ជា ប្រធាន​អាស៊ាន​កម្ពុជា​នឹង​ផ្ដួចផ្ដើម និង ធ្វើជា​ម្ចាស់ផ្ទះ​សម្រាប់​ការពិភាក្សា​ថ្នាក់​ពិភពលោក ដែល​នឹង​រៀបចំ​នៅ​ចុង​ឆ្នាំ ២០១២ បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា។ខ្ញុំ​គ្រោង​អញ្ជើញ​ថ្នាក់ដឹកនាំ នៃ​អង្គការអភិវឌ្ឍន៍ និង ហិរញ្ញ​ពហុភាគី​​សំខាន់​ៗ​រួម​មាន មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ធនាគារ​ពិភព​លោក ធនាគារ​អភិវឌ្ឍន៍​អាស៊ី អង្គការ​សហប្រជាជាតិ និង អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដើម្បី​ជួប​ប្រជុំ ពិភាក្សា​រិះ​រក​វិធីសាស្ត្រ​ធ្វើការ​រួមគ្នា​ជាមួយ​យើង​ឲ្យ កាន់​តែ​មាន​ប្រសិទ្ធភាព​ក្នុង​តំបន់​អាស៊ាន និង អាស៊ី​បូព៌ា ដើម្បី​បន្ត​សម្រេច​គោលដៅ​រួម គឺ​សន្តិភាព ស្ថិរភាព ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង វិបុលភាព។ក្នុង​ទសវត្ស​កន្លង​ទៅ​នេះ ពិភពលោក​មានការ​ផ្លាស់​ប្តូរ តំបន់​យើង​មានការ​ផ្លាស់ប្តូរ ហើយ​ប្រទេស​កម្ពុជា​ក៏​មាន​ការ​ផ្លាស់ប្តូរ​ដែរ ដូច្នេះ​វា​ដល់ពេល​ហើយ​សម្រាប់​ការពិភាក្សា​ថ្មី​មួយ ដើម្បី​ឆ្លុះបញ្ចាំង និង ឆ្លើយតប​ទៅ​នឹង​សារៈសំខាន់​នៃ​តំបន់​អាស៊ី​បូព៌ា ខណៈ​ពេល​អាស៊ាន​ក្លាយ​ជា ស្នូល​នៃ​សេដ្ឋកិច្ច​ពិភពលោក​នោះ។

សម្តេច​អគ្គ​មហា​សេនា​បតីតេជោ​ ហ៊ុន សែន បាន ​បញ្ជាក់ថា នេះ​ជា​អ្វី​ដែល​ខ្ញុំ​ប្រាថ្នា​ចង់បាន​សម្រាប់​កម្ពុជា​ផង សម្រាប់​តំបន់​ផង ក្នុង​ឋានៈ​យើង​ធ្វើជា​ប្រ ធាន​អាស៊ាន​នៅ​ឆ្នាំ ២០១២ នេះ។ខ្ញុំ​ទន្ទឹម​រង់ចាំ​ការ​ធ្វើ​ការងារ​​ជាមួយ​មិត្តភក្តិ និង សហការី​កម្ពុជា របស់ខ្ញុំ និង ប្រទេស​អាស៊ាន​ព្រមទាំង​ដៃគូ​ចរចា​ក្នុង​តំបន់ និង ពិភពលោក ដើម្បី​សម្រេច​បាន​​បំណង​ប្រាថ្នា​ទាំងនេះ។

«តាមរយៈ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​យើង​ នៅ​ឆ្នាំនេះ ខ្ញុំ​ចង់​ឃើញ​អាស៊ាន​កាន់តែ​រឹងមាំ និង មាន​ឥទ្ធិពល ដើម្បី​ធ្វើ​ការងារ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ទាំង​ក្នុង និង កម្រិត​តំបន់ និង ពិភពលោក ដោយមាន​ការ​ប្តេជ្ញា​កាន់​តែ​ខ្លាំង​ក្លា​ពី​សំណាក់​សមាជិក​ទាំងឡាយ ការ​កៀរគរ​បន្ថែម និង តួនាទី​កាន់ តែ​ទូលំទូលាយ​របស់​អគ្គលេខា​ធិ​ការ និង លេខាធិការដ្ឋាន​អាស៊ាន ក៏ដូចជា​និរន្តរភាព​រវាង​ភាពជា​ប្រធាន ក្នុង​ស្ថាប័ន​តំបន់​មួយ​នេះ។ខ្ញុំ​មាន​ជំនឿ​ថា អាស៊ាន​គួរតែ​ដើរ​តួនាទី​ឲ្យ​កាន់តែ​សកម្ម​ក្នុង​បញ្ហា​អន្តរជាតិ ហើយ​ខ្ញុំ​នឹង​ថ្លែង​បញ្ជាក់​សារ​នេះ​នៅ​ពេល​ដែល​​ខ្ញុំ​ថ្លែង​សុន្ទរកថា ក្នុង​កិច្ចប្រជុំ​កំពូល G២០ នៅរដ្ឋ​ឡូ​សកា​បូស ប្រទេស​ម៊ិ​ក​ស៊ិ​ក​ក្នុងនាម​អាស៊ាន​នៅ​ខែ​មិថុនា​ខាងមុខនេះ»៕