Friday, February 17, 2012

ក្រុមហ៊ុន​​ជប៉ុន​​មាន​​បំណង​​ផលិត​​​ម៉ាស៊ីន​​កិន​​ស្រូវ ​ខ្នាត​​តូច​​និង​​មធ្យម​​នៅ​​ក្នុង​​ប្រទេស​​កម្ពុជា​


សម្តេចអគ្គ​មហា​តេ​ជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា បាន​ស្វាគមន៍​ចំពោះ​ ​ក្រុមហ៊ុនជប៉ុន​ឈ្មោះ​ TAIWA SEIKI ដែល​មាន​បំណងចូល​​រួមចំណែក​ ក្នុង​ន​យោបាយ​ជម្រុញ​ការ​នាំ​អង្ករ​ចេញ​​របស់​កម្ពុជា។ សម្តេចនាយក​រដ្ឋមន្ត្រី​ បាន​លើកទឹកចិត្ត​ចំពោះ​ការ តម្លើង​រោងចក្រផលិត​​ម៉ាស៊ីន​កិន​ស្រូវ​នៅ​កម្ពុជា ពិសេស​នៅ​រាជធានី​ភ្នំពេញដោយ​ក្រុម​ហ៊ុន​ TAIWA SEIKI ។ សម្តេច​តេ​ជោ​ មាន​ប្រ សាសន៍​​ថា កម្ពុ​ជាមាន​ឃុំ​ចំនួន ១៦៣៣  មាន​ភូមិ​ជាង ១៦០០០ ភូមិ​ក្នុងនោះ​មាន​ភូមិ​ប្រមាណ​ជា ១ ម៉ឺន ដែល​​ត្រូវការ​ម៉ាស៊ីនកិនស្រូវ ហើយ​តាមរយៈ​ការផលិត​ម៉ាស៊ីនកិនស្រូវខ្នាត​តូច​​របស់​ក្រុមហ៊ុន TAIWA SEIKI នៅ​កម្ពុជា​នឹង​អាច​ទទួលបាន​ទីផ្សារ​ល​ក់​ជូន​ប្រជាជន​កម្ពុជា​យកទៅ​ ប្រើប្រាស់​តាម​សេចក្តី​ត្រូវ ការ​ក្នុងភូមិ​នីមួយៗបាន។

ឯកឧត្តម​ អ៊ាង សុផល្លែត ជំនួយការ​សម្តេចនាយក​រដ្ឋមន្ត្រី​ឲ្យ ​ដឹងថា នៅ​ក្នុង​ជំនួប​សំដែង​ការគួរសម​ជាមួយ​សម្តេចតេជោ​ប្រមុខ​រាជរដ្ឋាភិបាល​ នៅ​វិមាន​សន្តិភាព​ក្នុង​រាជ ​ធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី ​១៦ ​កុ​ម្ភៈ ឆ្នាំ ២០១២ ​លោក​ TAKAI YESEIKI ​ប្រធាន​ក្រុមហ៊ុន​TAIWA ​SEIKI រ​បស់​ ប្រទេស​ជប៉ុន​បាន​ជំរាប​ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ​ហ៊ុន សែន អំពី​​គោល​បំណង​របស់​លោក ​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​នេះ​ គឺ​ដើម្បី​ចូល​រួម​ចំណែក​ជំរុញ​ផលិតផល​ស្រូវ​អង្ករ​កម្ពុជា​ឲ្យ​មាន ​ភាព​ល្បីល្បាញ​នៅ​ក្នុង​ពិភពលោក​ និង ​ដើម្បី​​រួមចំណែក​ធ្វើ​ឲ្យ​កសិករ​កម្ពុជា​ទទួល​បាន​ផល​តាម​ការ ​នឿយហត់​ ដែល​គួរតែ​ទទួល​បាន​តាមរយៈ​ម៉ាស៊ីន​កិន​ស្រូវ​ខ្នាត​តូច​ និង ​មធ្យម​ ដែល​សហគមន៍​​នីមួយៗ ​អាច​ទិញ​យក​ទៅ​ប្រើ​ប្រាស់​បាន​មាន​លក្ខណៈ​​ជា​ម៉ាស៊ីនកិនស្រូវ​ខ្នាត​ អន្តរជាតិ​ផលិត​ឡើង ​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

លោក TAKAI YESEIKI មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​របស់លោក​បាន​តម្លើង​ម៉ាស៊ីន​កិន ស្រូវ​ចំនួន ១ គ្រឿង​រួចមកហើយ​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ធ្វើការ​សាកល្បង​កិន​លើ​ពូជស្រូវ​របស់​កម្ពុជា នឹង​ជប៉ុន តើ​មាន​លក្ខណៈ​ខុសគ្នា​បែបណា។លោក​ប្រធាន​ក្រុមហ៊ុន​បាន​បន្តថា បន្ទាប់ពី​ការសាកល្បង បង្ហាញថា ម៉ាស៊ីនកិនស្រូវរបស់​ក្រុម​ហ៊ុន​​នោះ​អាច​កិន​អង្ករ​របស់​កម្ពុជា​បានល្អ មិន​បាក់ និង ទទួលបាន​តាម​ស្តង់ដារ អន្តរជាតិ ហើយ​​រូបលោក​បានសម្រេច​ចិត្ត​បង្កើត​រោងចក្រ​ផលិត​ម៉ាស៊ីនកិនស្រូវ​ ក្នុងប្រទេស​កម្ពុជា តាម រយៈ​ការដាក់​ផ្លាក​យីហោ​ថា ផលិត​ដោយ​ប្រទេស​កម្ពុជា​តែម្តង។