Monday, April 2, 2012

សេច​ក្តីថ្លែង​ការណ៍ របស់​គណៈ​ប្រតិភូ​សង្កេត​ការណ៍​របស់ប្រធាន​អាស៊ាន ស្តីពីការ​បោះឆ្នោត​បំពេញ បន្ថែម​នៅមីយ៉ាន់ម៉ា​កាល​ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១២ ទីក្រុងយ៉ាងហ្គូន ថ្ងៃទី២ ខែមេសា ​ឆ្នាំ២០១២


សេចក្តីថ្លែងការណ៍
របស់គណៈប្រតិភូសង្កេតការណ៍របស់ប្រធានអាស៊ាន
ស្តីពីការបោះឆ្នោតបំពេញ បន្ថែមនៅមីយ៉ាន់ម៉ាកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១២
ទីក្រុងយ៉ាងហ្គូន ថ្ងៃទី២ ខែមេសា ​ឆ្នាំ២០១២
 
១.  ឆ្លើយតបទៅនឹង​ការអញ្ជើញ​ពិសេស​របស់​ឯកឧត្តម ថេន សេន ប្រធានាធិបតី​នៃ​សាធារណ​រដ្ឋ សហភាពមីយ៉ាន់ម៉ា ជូនចំពោះ​សម្តេច​អគ្គមហាសេនា​បតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី នៃព្រះរាជាណា​ចក្រកម្ពុជា  ដែលនា​ពេលច្ចុប្បន្នជា​ប្រធានអាស៊ាន​បានបញ្ជូន​គណៈ​ប្រតិភូ​សង្កេតការណ៍​ របស់​ប្រធានអាស៊ាន ទៅពិនិត្យមើល​ការបោះឆ្នោតបំពេញបន្ថែម ដែល​បាន​ប្រព្រឹត្តទៅ ថ្ងៃទី ០១ ខែមេសា ឆ្នាំ២០១២ នៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។
២.​​ គណៈប្រតិភូត្រូវបានដឹកនាំដោយ​ឯកឧត្តម ឈាង​ វុន ប្រធានគណៈកម្មការព័ត៌មាន​ សហ​ប្រតិ​បត្តិ​ការ​អន្តរជាតិ និងកិច្ចការ បរទេស នៃរដ្ឋសភា។

៣.​ នៅពេលដែលមកដល់ទីក្រុង យ៉ាងហ្គូន (Yangon) នៅថ្ងៃទី២៧ ខែមីនា​ ឆ្នាំ២០១២​ គណៈ​ប្រតិភូ​សង្កេតការណ៍​បាន​ចាប់​ផ្តើមសកម្មភាពសង្កេតការណ៍ដ៏សំខាន់ ដើម្បី​ស្វែងយល់​​ ពីស្ថានភាពទូទៅជុំវិញការបោះឆ្នោតបំពេញបន្ថែមនេះ​។ បរិយាកាស​ជាទូទៅគឺមាន​ភាព​ស្ងប់ស្ងាត់ សន្តិភាព និងគ្មានអំពើហឹង្សា។ ទោះបីជាមានការប្តឹងអំពីភាពមិនប្រក្រតី និង ការគំរាមកំហែងក៏ដោយ ប៉ុន្តែគណៈប្រតិភូបានសង្កេតឃើញថា ពុំមានហេតុការណ៍​ណា​មួយ ដែល​អាចជះឥទ្ធិពលដល់ដំណើរការ ឬលទ្ធផលនៃការបោះ​ឆ្នោតបំពេញ​បន្ថែម​នេះ​ឡើយ។

៤.  ការបោះឆ្នោតបំពេញបន្ថែមនៅថ្ងៃទី0១ ខែមេសា ឆ្នាំ២០១២ នៅសាធារណរដ្ឋ​សហភាព​មីយ៉ាន់ម៉ា ដើម្បីបោះ​ឆ្នោត​ជ្រើស​រើស​តំណាង​សភាសម្រាប់កៅអីទំនេរចំនួន៤៥​បានប្រព្រឹត្ត ​ទៅ​ក្នុង​​បរិយា​កាស​សេរី យុត្តិធម៌ ​និងមានតម្លាភាព ដោយ​មាន​ការ​ចូល​រួម​ពី​គណ​បក្ស​នយោបាយ​ចំនួន​១៧ រួមមានគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ(NLD)។ គណ​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ បានធ្វើសកម្មភាពដោយ​សេរីក្នុង​យុទ្ធនា​ការ បោះឆ្នោត ហើយ​ប្រធាន​គណបក្ស​សម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ  លោកស្រី អ៊ុងសាន​​ ស៊ូជី អាច​ធ្វើ​ដំណើរ​ទៅគ្រប់ទីកន្លែងក្នុងប្រទេសដើម្បីគៀងគរ​ការគាំ​ទ្រសម្រាប់​ គណបក្ស របស់ ​លោកស្រី និង​បានធ្វើសន្និសីទកាសែតនៅឯភូមិ​គ្រឹះរបស់លោកស្រី​នៅទី​ក្រុង​យ៉ាង​ហ្គូន នៅ​ថ្ងៃទី៣០ ខែមីនា​ ឆ្នាំ២០១២ ដែល​មានការ​ចូល​រួម​ពីអ្នកសង្កេតការណ៍​បរទេស និង​អ្នកកាសែត ​​ជា​ច្រើន​នាក់។

៥.  អ្នកការទូត អ្នកសង្កេតការណ៍ និងអ្នកកាសែតបរទេសរាប់រយនាក់មកពីទូទាំង​ពិភពលោក​ត្រូវ​បាន​អញ្ជើញ​ដោយ​ រដ្ឋាភិបាល​នៃសាធា​រណរដ្ឋសហភាពមីយ៉ាន់ម៉ា ដើម្បីធ្វើជា​សាក្សី​ក្នុង ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ។ ការអញ្ជើញនេះ គឺជាកាយ​វិការ​ដ៏វិជ្ជមាន​បំផុតរបស់រដ្ឋាភិបាល មីយ៉ាន់ម៉ា ហើយត្រូវបានស្វាគមន៍យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ។ អ្នកកាសែត និង អ្នក​សង្កេត​ការណ៍បរទេសត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរដោយសេរី ទៅកាន់​មណ្ឌល​បោះឆ្នោត ទាំងអស់ ដើម្បីបំពេញ​ការងារ​សង្កេត​ការណ៍​របស់ខ្លួន។

៦.  គេសង្កេតឃើញថា នៅថ្ងៃបោះឆ្នោតបំពេញបន្ថែម ប្រជាជនមីយ៉ាន់ម៉ាបានចូលរួមបោះឆ្នោត​​ ប្រកបដោយ​ភាព​ត្រេកអរ​យ៉ាង​ខ្លាំង​នៅតាមមណ្ឌលបោះឆ្នោតរៀងៗខ្លួនរបស់ពួកគេ។ អ្នក​​​បោះឆ្នោតបាននិយាយថា ពួកគេ​បាន​ស្វាគមន៍​យ៉ាង​ខ្លាំង​ចំពោះ​ការ​បោះឆ្នោត​​បំពេញ​បន្ថែម​​​នេះ ហើយជឿជាក់ថាការបោះឆ្នោតនេះនឹងត្រួសត្រាយផ្លូវ​ឲ្យមានការបង្រួប​បង្រួម​ជាតិ និង លទ្ធិ​ប្រជាធិប​តេយ្យ​នៅមីយ៉ាន់ម៉ា។

៧. ជោគជ័យនៃការបោះឆ្នោតបំពេញ​បន្ថែមនេះ គឺជាជំហានដ៏មានសារៈសំខាន់មួយ​ទៀតសម្រាប់ ​មីយ៉ាន់​ម៉ា​នៅ​ក្នុង​ដំណើរ​ការ​នៃការកែទម្រង់លទ្ធិប្រជាធិបតេយ្យរបស់ខ្លួន ព្រមទាំង​បាន​បង្ហាញអំពីការសម្រេចបាននូវផែនទីបង្ហាញផ្លូវ៧ជំហានរបស់ប្រទេស ឆ្ពោះ​ទៅរកលទ្ធិប្រជា​ធិបតេយ្យ។

៨. ក្នុងនាមជាគណៈប្រតិភូសង្កេតការណ៍របស់ប្រធានអាស៊ាន យើងសូមអំពាវ​នាវដល់​គ្រប់​រដ្ឋ​ជាសមាជិកអាស៊ាន និង​សហគមន៍​អន្តរជាតិ​សហការយ៉ាងជិតស្និទ្ធជាមួយ​រដ្ឋាភិបាល​នៃ​សាធារណ​ រដ្ឋសហភាពមីយ៉ាន់ម៉ាបន្តផ្តល់ជំនួយ និងគាំទ្រ ក្នុងដំណើរ​ការកែ​ទម្រង់​លទ្ធិ​ប្រជា​ធិបតេយ្យរបស់ខ្លួន។

៩. យើងសូមស្នើដោយទទូចដល់សហគមន៍អន្តរជាតិ ពិនិត្យពិចារណាលុប​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើប្រទេសមីយ៉ាន់ម៉ា ដើម្បី​ឲ្យ​ប្រជាជន​មីយ៉ាន់ម៉ា​អាចទទួល​បានកាលានុវត្តភាព​កាន់​តែប្រសើរ សម្រេចបាននូវបំណងប្រាថ្នារបស់ខ្លួនក្នុងការទទួលបានសន្តិភាព ការផ្សះ​ផ្សាជាតិ លទ្ធិ​ប្រជា​ធិប​តេយ្យ និងការអភិវឌ្ឍជាតិ។

១០.  ជាទីបញ្ចប់ គណៈប្រតិភូសង្កេតការណ៍របស់ប្រធានអាស៊ានដែលមាន​កិត្តិយសមកធ្វើការ​សង្កេត​ ការណ៍​​ក្នុង​នាម​ប្រជាជន​អាស៊ាន សូមអបអរសាទរ​ដល់​ប្រជាជន​មីយ៉ាន់ម៉ា​ចំពោះ​ការ​សម្រេចបាននូវសមិទ្ធផល ប្រកប​ដោយ​ជោគ​​​ជ័យ និង​សន្តិភាព​​ជា​ប្រវត្តិសាស្រ្តនេះ ។