Monday, April 2, 2012

ជំនួបរវាង​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​នៃ​ព្រះ​ រាជាណាចក្រ​កម្ពុជា​ ជាមួយ​ប្រធានា​ធិប​តី​ នៃ សាធារណ​រដ្ឋ​ប្រជាមានិត​ចិន​ទទួល​លទ្ធផល​យ៉ាង​ត្រចះ​ត្រចង់​



ជំនួប​រវាង​សម្តេច​​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន ជាមួយ​ឯកឧត្តម ហ៊ូ ជីន​តាវ ប្រធានាធិបតី​នៃ សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅ​វិមាន​សន្តិភាព​កាលពី​ថ្ងៃទី ៣១ មីនា ឆ្នាំ ២០១២ ទទួល​បាន​​​លទ្ធផល​​ត្រចះ ត្រចង់​មានន័យ​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​ប្រជាជន និង​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ ​ដែល​ក្នុង​នោះ​​មាន​ឯកសារ ចំនួន១០ត្រូវ​​បាន​ចុះហត្ថលេខា​ក្រោម​អធិប​តី​ភាព​ប្រមុខ​នៃ​ប្រទេស​ទាំង​ ពីរ​។

ឯកឧត្តម​ ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​មានប្រសាសន៍​ឲ្យ​ដឹង​អំពី​ជំនួប​នោះ​​ថា ឯកឧត្តម​ប្រធានាធិបតី​ចិន​បាន​ថ្លែងអំណរគុណ​ចំពោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ ចំពោះ​ការប្រកាន់​ខ្ជាប់​នូវ​នយោបាយ​ចិន​មួយ ដោយ​មាន​ការស្មោះត្រង់ ទៅវិញទៅមក​ដូចដែល​ថ្នាក់ដឹកនាំ​ជំនាន់​មុន​ប្រកាន់ខ្ជាប់​នោះ។ ឯកឧត្តម ហ៊ូ ជីន​តាវ បាន​សំដែង​នូវ ការសប្បាយរីករាយ ដោយ​សារ​​បានទទួល​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​សំណាក់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី និង​បាន​រំលឹកថា ប្រទេស​ចិន និង​កម្ពុ​ជាមាន​មិត្ត​ភាពជា ប្រពៃណី​ដ៏​យូរលង់​ជាង​កន្លះ​សតវត្សរ៍ មកហើយ ដែល​បាន​កើតឡើង​ដោយ​ថ្នាក់ដឹកនាំ​ប្រទេស​ទាំងពីរ​តាំងពី​ជំនាន់​មុន និង​បាន​បន្ត​ពូន​ជ្រុំ រហូតដល់​បច្ចុប្បន្ន ដោយ​ឆ្លងកាត់​ឧបសគ្គ និង​បទពិសោធន៍​ជាច្រើន ហើយ​បានធ្វើ​ឲ្យ​ទំនាក់ទំនង​នេះ កាន់តែ​រឹងមាំ និង​ខ្លាំងក្លា​ថែម​ឡើង ដោយ​ប្រទេស​ទាំងពីរ​មាន​ជំនឿ​ទុកចិត្ត​គ្នា​ទៅវិញទៅមក​ទាំង​ខាង នយោបាយ និង​កិច្ចសហប្រតិបត្តិការ​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ។

លោក ស្រ៊ី ថាមរុង្គ មានប្រសាសន៍ថា ជាកា​ដូរ​សម្រាប់​ដំណើរ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​នេះ ឯកឧត្តម​ប្រធានាធិបតី​ចិន​បានប្រកាសថា​ផ្តល់​ជំ​នួ​យ​ឥត​សំណង​ចំនួន ២៥០ លាន​យ័ន ដើម្បី​ឲ្យ កម្ពុជា​អភិវឌ្ឍ និង​កែលម្អ​សេដ្ឋកិច្ច​របស់ខ្លួន និង​ផ្តល់ ២០០ លាន​យ័ន​ជា​កម្ចីសម្បទាន​ផងដែរ។
នៅក្នុង ​ក្របខណ្ឌ​អន្តរជាតិ​ឯកឧត្តម​ប្រធានាធិបតី​​​នៃ សាធារណរដ្ឋ​ប្រជាមានិត​ចិន​ បាន​ចាប់អារម្មណ៍​ថា សភាពការណ៍​នៅក្នុង​ពិភពលោក​មានការ​ប្រែប្រួល ហើយ​កម្ពុជា​ក៏​ស្ថិតនៅក្រោម​ឥ​ទ្ធ​ពល​ប្រែប្រួល ទាំង​នោះដែរ ប៉ុន្តែ​ដោយសារ​កម្ពុជា-ចិន​មាន​កិច្ចសហប្រតិបត្តិការ​យុទ្ធសាស្ត្រ​គ្រប់​ ជ្រុងជ្រោយ ដែល ផ្តល់នូវ​ផលប្រយោជន៍​សមស្រប​ចំពោះ​ប្រជាជន និង​ប្រទេស​ទាំងពីរ​នោះ​វា​បានផ្តល់​នូវ​ភាពអនុគ្រោះ សម្រាប់​សន្តិភាព ស្ថិរភាព និង​ការរីកចម្រើន​នៅក្នុង​តំបន់​របស់​យើង​នេះ។ ឯកឧត្តម​ ហ៊ូ ជីនតាវ ​បាន សន្យាថា ឯកឧត្តម​​រីករាយ​នឹង​រួម​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា ដើម្បី​ផលប្រយោជន៍​រួមគ្នា ជា​អ្នក​ជិត​ខាង​ល្អ ជា​មិត្ត​ល្អ ជា​ដែ​គូ​ល្អ​ត​រៀងរហូត​ទៅ។

ឯកឧត្តម ​​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​ថ្លែងថា ឯកឧត្តម​ប្រធានាធិបតី​ចិន​បានលើកឡើង​នូវ​​ចំណុ​ច​សំខាន់ៗជាច្រើន ដើម្បី​សំដៅ​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​ថែមទៀត។ ​

ទី១-ភាគី ​ទាំងពីរ​នឹង​បង្កើន​ការផ្លាស់ប្តូ​រមតិ បទពិសោធន៍​ជា​យុទ្ធសាស្ត្រ ដូចជា​ការផ្លាស់ប្តូ​រទ​ស្សនកិច្ច​​ពី​ថ្នាក់ដឹកនាំ​កំពូល​រហូតដល់​ ថ្នាក់ក្រោម ផ្លាស់ប្តូរ​បទពិសោធន៍​រវាង​គណបក្សកាន់អំណាច​ទាំងពីរ សិក្សា​ធ្វើយ៉ាងណា​ដើម្បី​អនុវត្ត​ឲ្យ​បានល្អ​ប្រសើរ​ជាពិសេស​នៅក្នុង​បញ្ហា ​កំណែទម្រង់ ។ នៅក្នុង​ឆ្នាំ ២០១៣ ដែលជា​ឆ្នាំ​បង្កើត​ទំនាក់ទំនង​ការទូត​កម្ពុជា-ចិនខួប​ទី ៥៥ ឆ្នាំ ​ឯកឧត្តម​ប្រធានាធិបតី​ចិន​បានស្នើ​ឲ្យ​មាន ការរៀបចំ​កម្មវិធីផ្សេងៗដើម្បី​ធ្វើ​ឲ្យ​មិត្តភាព​រវាង​ប្រទេស​ទាំងពីរ​ កាន់តែ​រីកចម្រើន​ថែមទៀត ។ ​សម្តេច​តេ​ជោ​បាន​ឯកភាព នឹង​បានផ្តល់​ការណែនាំ​ដល់​ក្រសួងការបរទេស​ទាំង​ពីរ សហ​ការ​គ្នា​​ដើម្បី​រៀបចំ កម្មវិធី​នានា​សម្រាប់​អបអរ​។ ឯកឧត្តម​ប្រធានាធិបតីចិន​​បានស្នើ​ឲ្យ​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​ ជាក់ស្តែង​ដើម្បី​ភាព​ឈ្នះ ឈ្នះ​ទាំងអស់គ្នា ដែលជា​ពិសេស កិច្ចសហប្រតិបត្តិការ​រវាង យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល និង​ផែនការ ៥ ឆ្នាំ​របស់​ចិន ដើម្បី​ឲ្យ​គ្រប់​ទម្រង់ការ​ទាំង អស់​បាន​ដើរ​ស្របគ្នា។

ឯកឧត្តម ​ប្រធានាធិបតី​មានប្រសាសន៍ថា ប្រទេស​ចិន​រីករាយ​នឹងធ្វើ​កិច្ច​សហ ប្រតិបត្តិការ​ជាមួយ​កម្ពុជា​ក្នុង​វិស័យ​កសិកម្ម ក្នុងការ​កែលម្អ​ការផលិត​ស្រូវ កែឆ្នៃ​ប្រព័ន្ធធារាសាស្ត្រ ការចិញ្ចឹម​សត្វ ចិញ្ចឹម​ត្រី វិស័យ​ផលិត​ចំណី​សត្វ ដែល​ការ​នេះ​នឹង​ឆ្លើយតប​ទៅនឹង​ផែនការ​របស់​រាជ រដ្ឋាភិបាល​ក្នុង​ការនាំ​អង្ករ​ចេញ​ឲ្យ​បាន ១ លាន​តោន​នៅក្នុង​ឆ្នាំ ២០១៥ នោះ។ឯក​ឧ​ត្ក​ម​ក៏បាន​សន្យា ជួយ​កម្ពុជា​ក្នុងការ​ពង្រីក​ការនាំចេញ​ស្រូវ និង​ដំឡូង​មី ដើម្បី​ឲ្យ​កម្ពុជា​មានលទ្ធភាព​នាំចេញ​នូវ​ស្រូវ អង្ករ ពោត ដំឡូង និង​ជួយ​ក្នុងការ​ពិនិត្យ​គុណភាព​ផលិតផល​សម្រាប់​នាំចេញ​ផងដែរ។ឯកឧត្តម ហ៊ូ ជីន​តាវ ក៏បាន​សន្យាថា​នឹង​បន្ត​គាំទ្រ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា ពិសេស​គឺ​ការកសាង​ផ្លូវ ស្ពាន និង​ប្រព័ន្ធធារាសាស្ត្រ​ផងដែរ។ឯកឧត្តម​ប្រធានាធិបតី​ក៏បាន​សន្យា​ជំរុញ​ អ្នកទេសចរ​ចិន​ឲ្យ​មក ទស្សនកិច្ច​នៅ​កម្ពុជា និង​បង្កើន​ជើងហោះហើរ​ត្រង់​ពី​បណ្តា​ទីក្រុងធំៗពី​ប្រទេស​ចិន​ផងដែរ។

សូម ​បញ្ជាក់​ថា នៅក្នុង​ទំនាក់ទំនង​ខាង​វិស័យ​ពាណិជ្ជកម្ម​ប្រទេស​ចិន និង​កម្ពុជា​បានសម្រេច​គោលដៅ​ក្នុងការ បង្កើន​ទំហំ​ពាណិជ្ជកម្ម​ដល់ ២៥០០ លាន​ដុល្លារ​សហរដ្ឋអាមេរិក​នៅ​ក្នុង​ឆ្នាំ ២០១១ ដែល​បរិមាណ​​នេះ គ្រោង​នៅ​ឆ្នាំ ២០១៥ ។ ​ឯកឧត្តម​ប្រធានាធិបតី​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​បញ្ជាក់​​អះអាង​ថា ​នៅពេល​ខាងមុខ​ទំនាក់ទំនង​កិច្ច សហប្រតិបត្តិការ​ពាណិជ្ជ​កម្មនេះ​នឹង​កាន់តែ​មាន​ការ​កើនឡើង​ជាមិនខាន។
តាម​រយៈ​ឯកឧត្តម​ ស្រ៊ី ថាមរុង្គ ឲ្យ​ដឹង​ថា ប្រទេស​ទាំងពីរ​នឹង​ខិតខំ​បង្កើន​នូវ​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​សន្តិសុខ និង​ការអនុវត្តន៍​ច្បាប់ ដែល​បាន​អនុវត្ត​រួចមកហើយ ដូចជា​ការបង្ក្រាប​នូវ​ឧក្រិដ្ឋកម្ម នានា តាមរយៈ​ការជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស ការផ្លាស់ប្តូរ​ព័ត៌មាន ដើម្បី​ទប់ទល់​ប្រឆាំងនឹង បញ្ហា​ភេរវកម្ម ឧក្រិដ្ឋកម្ម​ឆ្លងដែន ការរត់ពន្ធ​គ្រឿងញៀន​ជាដើម ហើយ​ប្រទេស​ចិន​ក៏​នឹង​ជួយ​កម្ពុជា​ក្នុង ការបណ្តុះបណ្តាល​អ្នក​បោសសម្អាត​មីន និង​ផ្តល់​បរិក្ខារ​ផងដែរ។

នៅលើ ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឯកឧត្តម​ប្រធានាធិបតី​ចិន​បាន​កោតសរសើរ​ ចំពោះ​កិច្ច សហប្រតិបត្តិ​ការគាំទ្រ​គ្នា​ទៅវិញទៅមក​របស់​ប្រទេស​ទាំងពីរ ដោយ​ចិន​បាន​សន្យា​គាំទ្រ​បេក្ខភាព កម្ពុជា​សម្រាប់​តម​ណែង​​នៅក្នុង​សមាជិក​មិន​អចិន្ត្រៃយ៍​នៃ​ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ សម្រាប់​អាណត្តិ ២០១៣-២០១៤ និង​បាន​គាំទ្រ​តួនាទី​កម្ពុជា ជា​ប្រធាន​អាស៊ាន។ ចំពោះ​បញ្ហា​តំបន់​ឯក ឧ​ត្ត​ម​ប្រធានា​ធិបតី​​ចិន​បាន​លើកឡើងថា ប្រជាជន​នៅ​អាស៊ី​ទាំងអស់​ចង់បាន​សន្តិភាព ចង់​ឲ្យ​មានការ អភិវឌ្ឍន៍​សេដ្ឋកិច្ច ស្ថិរភាព និង​ការលើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន ដែល​អាស៊ី​ត្រូវតែ​ប្រកាន់ ខ្ជាប់ ដោយ​ត្រូវ​រួមគ្នា​គាំពារ​សន្តិភាព ស្ថិរភាព​តំបន់ រស់នៅ​សុខដុមរមនា និង​សុខមាលភាព​របស់ ប្រជាជន។ប្រទេស​ចិន​រីករាយ​ក្នុងការ​គាំទ្រ​កម្ពុជា ដើម្បី​ធ្វើ​ឲ្យ​តំបន់​អាស៊ី​បូព៌ា​មាន​ស្ថិរភាព។

ឯកឧត្តម​ ស្រ៊ី ថាមរុង្គ មានប្រសាសន៍ថា នៅក្នុង​ជំនួប​នោះ​សម្តេច​តេ​ជោនាយក​រដ្ឋ​មន្រ្តី បាន​ស្វា គម​ន៍​នូវ​អ្វីដែល​ឯកឧត្តម ហ៊ូ ជីន​តាវ បានលើកឡើង​ទាក់ទង​នឹង​ការរីកចម្រើន​នែ​ទំនាក់ទំនង​ទ្វេភាគី កម្ពុជា-ចិន ដោយ​សារ​តែ​មាន​ការជឿទុកចិត្ត​គ្នា​ទៅវិញទៅមក និង​មាន​ភាពស្មោះត្រង់​ជាមួយគ្នា​។ សម្តេចតេ​ជោ​ មានប្រសាសន៍ថា អ្វីៗដែលមាន​ការរីកចម្រើន​នាពេល​កន្លងមក​ទាំងអស់​នូវ​ទំនាក់ទំនង​ទ្វេភាគី រួមទាំង​ទំហំ​ពាណិជ្ជកម្ម​ផង​នោះ គឺ​បានបង្ហាញ​នូវ​កម្រិត​នៃ​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​របស់ ប្រទេស​ទាំងពីរ។សម្តេច​តេ​ជោ​បាន​គាំទ្រ​នូវ​រាល់​ចំណុច ដែល​ឯកឧត្តម​ប្រ​ធានា​ធិ​ន​តី​ចិន​បាន​លើក ឡើង។ សម្តេចតេ​ជោ ក៏ ​បានស្នើ​ឲ្យ​ភាគី​ចិន​ផ្តោត​ការយកចិត្តទុកដាក់​ផងដែរ​ទៅលើ​ ការផ្លាស់ប្តូរទស្សនកិច្ច​គ្នា​​រវាង​យុវជន និង​យុវជន ព្រោះថា​យុវជន​ជាសរ​សរ​ទ្រូង និង​ជា​អ្នក​បន្តវេន ដើម្បី​បន្តវេន​ទំនាក់ទំនង​ល្អជា​ប្រពៃណី​នេះ។ លើ​ទំនាក់​ទំនង​ផែន​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី​ បាន​ឯកភាព​ទៅលើ​កិច្ចសហប្រតិបត្តិការ​រ​វាង​យុទ្ធ សាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ផែនការ ៥ ឆ្នាំ​របស់​ចិន ដើម្បី​ឲ្យ​មានការ​ពិគ្រោះ កម្រិត​គោលនយោបាយ​ប្រចាំឆ្នាំ ហើយ​ប្រគល់​ឲ្យ​មន្ត្រី​ក្រសួង​ពាក់ព័ន្ធ​នានា​ធ្វើការ​ឲ្យ​ស៊ីសង្វាក់​គ្នា ដើម្បី​បំពេញ​ឲ្យ​គ្នា​ទៅវិញទៅមក។

សម្តេច​តេ​ជោ​បាន ​អរគុណ និង​រីករាយ​ដែល​ភាគី​ចិន​បាន​គាំទ្រ​ដល់​វិស័យ​កសិកម្ម វិស័យ​ហេ​ដ្ឋា រចនាសម្ព័ន្ធ ដោយបាន​សុំ​អំពាវនាវ​ឲ្យ​ឯកឧត្តម​ប្រធានាធិបតី​ជំរុញ​វិនិយោគិនធំៗមក​ វិនិយោគ​លើ វិស័យ​កែឆ្នៃ​ផលិត​ផល​​កសិកម្ម​រប​ស់​ខ្មែរ អាច​កែឆ្នៃ​ពាក់កណ្តាល​សម្រេច​ឬ​សម្រេច ដើម្បី​បង្កើន​ការនាំ​ចេញ។ សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី​ ក៏បាន​ថ្លែងអំណរគុណ ចំពោះ​ការឆ្លើយតប​ជា​វិជ្ជមាន​ពី​ភាគី​ចិន​ចំពោះ​សំណើសុំ គម្រោង​ដែល​បាន​ចុះហត្ថលេខា មាន​ជាអាទិ៍​ផ្លូវជាតិ​លេខ ៦ ផ្លូវ​ពី​ស្ពាន​ជ្រោយចង្វារ​ដល់​ព្រែក​ក្តាម ផ្លូវ លេខ ៤៤ គម្រោង​ធារាសាស្ត្រ​ក​ង្ហ​ត​នៅ​ខេត្តបាត់ដំបង និង​គម្រោង​កសាង​ស្ពាន​កោះធំ​ឆ្លងកាត់​ទន្លេ បាសាក់ និង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួនទៀត។​ សម្តេច​តេ​ជោ​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ ជំនួយឥតសំណង​ចំនួន ២៥០ លាន​យ័ន និង​កម្ចី​ចំនួន២០០ លាន​យ័ន​ផងដែរ។

សម្តេច​តេជោ​នាយក​រដ្ឋ​មន្រ្តី បាន ​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​ចិន ដែល​បានផ្តល់​ជំនួយ​សង្គ្រោះ ទឹកជំនន់​នាពេល​កន្លងមកនេះ និង​បាន​ជំរាបជូន​ឯកឧត្តម​ប្រធានាធិបតី​ចិន​ថា ឆ្នាំនេះ​ជា​ឆ្នាំរោង​ទាំង ខ្មែរ ទាំង​ចិន​យល់ថា​ជា​ឆ្នាំ​ដែលមាន​ទឹកធំ ដូច្នេះ​កម្ពុជា​បាន​ត្រៀម​រួចហើយ​នូវ​ស្រូវ​អង្ករ និង​ម​ធ្យោ បាយផ្សេង។​ ទាក់ទង​នឹង​វិស័យ​សហប្រតិបត្តិការ​លើ​វិស័យ​សន្តិសុខ សម្តេច​តេ​ជោ​បាន ​ឯកភាព​តាម ឯកឧត្តម​ប្រធានាធិបតី​ចិន ដែលថា​យើង​មាន​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា ហើយ​ចំពោះ​វេទិកា​អន្តរ ជាតិ សម្តេចនាយក​រដ្ឋមន្ត្រី​បាន​អរគុណ​ជាថ្មី ដែល​ចិន​បាន​គាំទ្រ​បេក្ខភាព​កម្ពុជា​សម្រាប់​តំណែង​ជា សមាជិក​មិន​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ និង​បានស្នើ​ឲ្យ​ភាគី​ចិន​ជួយ​បញ្ចុះ បញ្ចូល​បណ្តា​ប្រទេស​ជា​មិត្តភក្តិ​របស់ខ្លួន​ឲ្យ​ជួយ​គាំទ្រ​កម្ពុ​ជាមាន​ តួនាទី​នៅក្នុង​អង្គការ​នេះ ដើម្បី​បាន ដើរតួនាទី​រួមវិភាគ​ទាន​ដើម្បី​សុខសន្តិភាព និង​វិបុលភាព​របស់​សកលលោក​ទាំងមូល​នោះ។

ទាក់ទង​ជាមួយ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ ដែល​ជា​ប្រធាន​អាស៊ាន​ក្នុង​ឆ្នាំ ២០១២​ មានប្រសាសន៍ថា យើង នឹង​ខិតខំ​ធ្វើយ៉ាងណា​ធ្វើ​ឲ្យ​បញ្ហា​នេះ​ស្ថិតនៅក្នុង​ក្របខណ្ឌ​អាស៊ាន និង​ចិន ដោយ​មិន​ឲ្យ​ក្លាយទៅជា បញ្ហា​អន្តរជាតិ​ទេ ដោយ​គួរតែ​ដោះស្រាយ​នៅក្នុង​ក្របខណ្ឌ​នេះ ដើម្បី​កុំ​ឲ្យ​សភាពការណ៍​កាន់តែ​ស្មុ​គ្រ ស្មាញ​ថែមទៀត។ តែ​សម្តេច​តេ​ជោ​មានប្រសាសន៍ថា យើង​មានការ​លំបាក​ដែរ ព្រោះ នៅក្នុង​កិច្ចប្រជុំ ថ្នាក់ដឹកនាំ​ប្រទេសផ្សេងៗអាច​នឹង​និយាយនូវ​អ្វី​ ដែល​យើង​មិនអាច​ហាមឃាត់​គេ​មិន​ឲ្យ​និយាយ​បានទេ ប៉ុន្តែ​យើង(កម្ពុជា​) ក៏ដូចជា​បណ្តា​ប្រទេស​អាស៊ាន​ភាគច្រើន​ចង់បាន​ឲ្យ​បញ្ហា​នេះ​ស្ថិតនៅក្នុង​ ក្របខណ្ឌ​របស់​យើង​គឺ ​អាស៊ាន និង​ចិន។

សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី​បាន ​ចាត់ទុក សេចក្ដី​ថ្លែងការណ៍​រួម​នៅ​ក្នុង​ទស្សនកិច្ច ឯកឧត្តម ហ៊ូ ជីន​តាវ ប្រធានាធិបតី​នៃ សាធារណរដ្ឋ​ប្រជាមានិត​ចិន​នៅ​កម្ពុជា​នឹង​ក្លាយ​ជា​ផែនទី​បង្ហាញ​ផ្លូវ​ សម្រាប់​រដ្ឋាភិបាល​ទាំងពីរ ធ្វើការ ហើយ​​​ក្រសួងការបរទេស​ទាំង​ពីរ​ត្រូវ​ខិត​ខំ​ជំរុញ​អនុវត្ត​តាម​​សេចក្តី​ ថ្លែង​ការណ៍​​នេះ ដើម្បី ឲ្យ​កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​ជា​យុទ្ធសាស្ត្រ​របស់​យើង​បាន​ ទទួល​លទ្ធផល​ល្អ​ប្រពៃ។

ឯកឧត្តម ហ៊ូ ជីន​តាវ ប្រធានាធិបតី​នៃ សាធារណរដ្ឋ​ប្រជាមានិត​ចិនបាន​អញ្ជើញ​មកដល់​ព្រះរាជាណាចក្រ​កម្ពុជារយៈ​ពេល​ ៤ ថ្ងៃ​ ​កាល​ពីថ្ងៃ​ទី ៣០ មីនា ដែលត្រូវ​បាន​ចាត់​ទុក​ថា ជា​ទស្សនកិច្ច​រប​ស់​ថ្នាក់ដឹកនាំ​កំពូល​របស់​ប្រទេស​ចិន ជា​ប្រវត្តិសាស្ត្រ​មកកាន់​កម្ពុជា ក្នុង​រយៈ ពេល ១២ ឆ្នាំ​ចុង​ក្រោយនេះ។