Monday, April 2, 2012

ទស្សនៈទាន​របស់​សម្តេចតេជោ ​ដើម្បី​បន្ត​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​​អាស៊ាន-សហភាព​​អឺរ៉ុប​ លើ​វិស័យ​ពាណិជ្ជ​កម្ម​ធុរកិច្ច​វិនិយោគ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ -សហភាព​អឺរ៉ុប​លើក​ទី២​


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បង្ហាញ​ពីទស្សនៈ​ទាន​ផ្ទាល់ចំនួន​ ៤​ ចំណុច ដែល​ជា​សកម្មភាព​ការ ងារ​បន្ទាន់​មួយ​ចំនួន ដើម្បី​បន្តពង្រឹង​កិច្ច​សហប្រតិបត្តិ​កា​រ​អាស៊ាន-សហភាព​អឺរ៉ុប លើវិស័យ​ពាណិជ្ជកម្ម​ធុរកិច្ច​វិនិយោគ​ នៅ​ឯ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន-សហភាព​អឺរ៉ុប​លើកទី ២​ដែល​ប្រព្រឹត្ត​ទៅនៅ​សណ្ឋាគារ​ សូហ្វីតែល​ភ្នំពេញ​ ក្នុង​រាជ​ធានី​ភ្នំពេញ​កាល​ពីថ្ងៃទី ១ មេសា ឆ្នាំ ២០១២​ ។
នៅ ​ចំពោះ​មុខ​វត្តមាន​រដ្ឋមន្រ្តី​អាស៊ាន អគ្គលេខា​អាស៊ាន ស្នងការ​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប ឯកអគ្គរដ្ឋទូត នាយក​ប្រតិបត្តិ និង​តំណាង​ធុរកិច្ច ព្រមទាំង​ភ្ញៀវជាតិ អន្តរជាតិ​រាប់រយ​នាក់​ ដែល​បានចូលរួម​ក្នុងពិធី​បើកកិច្ចប្រជុំ កិច្ច​ប្រជុំ​កំពូល​អាស៊ាន-សហភាព​អឺរ៉ុប​លើកទី ២ ខណៈ​ដែល​កម្ពុជាបាន និង​កំពុង​ធ្វើ​ជាប្រធាន និង ជាម្ចាស់ផ្ទះ​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ានលើកទី ២០ ​​សម្តេចតេជោ​នាយករដ្ឋមន្រ្តី មាន​ប្រសាសន៍ឲ្យ​ដឹង​អំពី​គោល​បំណង​របស់​សម្តេច​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិ​កា​រ​អាស៊ាន-សហភាព​អឺរ៉ុប លើវិស័យ​ពាណិជ្ជកម្ម​ធុរកិច្ច​
វិនិយោគដែល​​​មានខ្លឹម​សារ​ជាអាទិ៍​ថា​៖

១- វិស័យឯកជន និង​​សាធារណៈ​នៃតំបន់​ទាំងពីរ ត្រូវ​បន្តកិច្ច​សហ​ប្រតិបត្តិការ​គ្នាឲ្យ​កាន់តែជិត​ស្និទ្ធថែម​ទៀត ដើម្បី​បង្កើត​យន្តការ​ដ៏រឹងមាំ ដើម្បី​ដោះស្រាយ​ឲ្យទាន់​ពេល​វេលា ចំពោះ​បញ្ហាដែល​កើត​មាន​ឡើង​ទាក់ទង​ទៅនឹង​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ ដែល​ខ្ញុំយល់​ថា មានសារ​សំខាន់ មិន​ត្រឹមតែ​រួមចំណែក​ដល់ការ​រៀបចំ​ក្របខ័ណ្ឌ​ច្បាប់ និង ស្ថាប័ន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​រួម​ចំណែក​ដល់ការ​សម្រប​សម្រួល​កិច្ចគាំ​ពារ​ពាណិជ្ជកម្ម​ សេរី ទ្វេភាគី ដែល​មានភាព​ទន់ភ្លន់ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ទៀតផង។

ទី២- អាស៊ាន និង​សហភាព​អឺរ៉ុប ត្រូវ​ត្រួស​ត្រាយ​ផ្លូវ និង​ស្វែងរក​មធ្យោបាយ​នានា​រួមគ្នា ដើម្បី​ធ្វើឲ្យ​សហ​ប្រតិបត្តិ​ការ កាន់តែ​មានភាព​ស៊ីជម្រៅ ដែល​ក្នុងនោះ​រួមមាន​យុទ្ធសាស្រ្ត​កាត់​បន្ថយភាព​ក្រីក្រ ការចែក​រំលែក​ទិន្នន័យ​សេដ្ឋកិច្ច បទបញ្ញត្តិ ដែល​ទាក់ទង​ទៅនឹង​ច្បាប់​ពាណិជ្ជកម្ម​វិនិយោគ ការ​ការពារ​បរិស្ថាន ការ​គ្រប់គ្រង បម្រែ​បម្រួល​អាកាស​ធាតុ និង​វិធានការ​រំសាយ​សព្វាវុធ​បរមាណូ ការ​ប្រឆាំង​ភេរវកម្ម និង​កសាង ទំនុក​ទុក​ចិត្ត​ជាដើម។

ទី៣- អាស៊ាន និង​សហភាព​អឺរ៉ុប​ត្រូវ​បន្ត​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ លើ​គ្រប់​វិស័យ និង​ចៀស​វាង​ការ​អនុវត្តគោលការណ៍​គាំពារ​និយម ​ដែល​បណ្តាល​មកពី​ការ​ធ្លាក់ចុះនៃ​តម្រូវការ​ក្នុង​ពិភពលោក​។
ទី៤- យើងត្រូវ​បន្តកិច្ច​ខិតខំ​ប្រឹងប្រែង​កសាង សមត្ថភាព និង​ទាក់ទាញ​ជំនួយ​បច្ចេក​ទេស និង​ហិរញ្ញ​ប្បទាន​សំរាប់ ការអភិវឌ្ឍ​ហេដ្ឋារចនា​សម័្ពន្ធ​រូបវន្ត​នៅ​អាស៊ាន និងជួយ​កាត់​បន្ថយ​ចំណាយ​នានា​ដែល​មិន​ចាំបាច់ និង​ស្របតាម​ស្តង់ដារ​ពាណិជ្ជកម្ម​អន្តរជាតិ។

សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​មានប្រសាសន៍ ​ថា ពិតជា​គ្មាន​ការសង្ស័យ​ទេថា អាស៊ាង​បានចាត់​ទុក សហភាព​អឺរ៉ុបជា​គឺ​ដៃគូ​យុទ្ធសាស្រ្ត​របស់ខ្លួន សម្រាប់​ការអភិវឌ្ឍ​លើគ្រប់​វិស័យ ជាពិសេស​វិស័យ ពាណិជ្ជកម្ម ធុរកិច្ច ទេស​ចរណ៍ និង​ការវិនិយោគ។ នៅ​ក្នុងបុព្វហេតុ​ពង្រឹង និង​ពង្រីកនូវ​កិច្ចសហ​ប្រតិបត្តិការ​ឲ្យកាន់តែ​ស៊ីជម្រៅ​ថែមទៀត លើ​វិស័យ​សេដ្ឋកិច្ច និង​ដោយហេតុ​ថា តំបន់​យើង​ទាំងពីរ មាន​ទំហំ​ទីផ្សារ​ធំ មាន​សក្តានុពល​សេដ្ឋកិច្ច និង​ទំហំ​ពាណិជ្ជកម្ម​ធំនោះ អាស៊ាន និង​សហភាព អឺរ៉ុប​ចាំចាប់​ត្រូវ ខិតខំ​ប្រឹងប្រែង​រួមគ្នាឲ្យ​បានជិត​ស្និទ្ធ និង​សកម្ម​ថែម​ទៀត​ក្នុងការ​លើក​កម្ពស់​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ​របស់​តំបន់​ទាំងពីរ។

សម្តេចតេជោ​ថ្លែងថា យើង​ត្រូវ​ពន្លឿន​កិច្ច​ចរចា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី និង​ដោះស្រាយ​បញ្ហា ប្រឈម​នានា ចំពោះ​មុខឲ្យ​បានឆាប់​រហ័ស និង​មាន​ប្រសិទ្ធភាព​ខ្ពស់។ ជាការពិត​កិច្ចការ​នេះ​ទាមទា​ឲ្យយើង​រួមគ្នា​ដោះស្រាយ  និង​សម្រប សម្រួល​រវាងភាគី​ទាំង​ពីរ ដោយ​ផ្អែកលើ​កិច្ចព្រម ព្រៀង​ពាណិជ្ជកម្ម​សេរី ដែល​នឹងត្រូវ​រៀបចំ​ដាក់ឲ្យ​អនុវត្ត​សម្រាប់ បង្កើន​អត្ថប្រយោជន៍​ក្នុងវិស័យ​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​នៃតំបន់​យើងទាំង​មូល។ សម្តេច​តេជោ​មានប្រសាសន៍ ​បន្តថា ខ្ញុំ​យល់ថា អាស៊ាន និង​សហភាព​អឺរ៉ុប​ត្រូវពន្លឿន​ការរៀបចំ​ក្របខ័ណ្ឌច្បាប់ និង​យន្តការ​ស្ថាប័ន​ឲ្យ​បាន សមស្រប​សម្រាប់ ការ​អនុវត្ត​កិច្ច ព្រមព្រៀង ពាណិជ្ជកម្ម​សេរី​នៅលើ គោលការណ៍ ថ្នាក់តំបន់ ដែល​នឹង​ផ្តល់​អត្ថប្រយោជន៍ ខាង​ផ្នែក​នយោបាយ និង​សង្គម​សេដ្ឋកិច្ច​នៃតំបន់​យើង​ទាំងពីរ។

ទាក់​ទង​នឹង​សក្តា​នុពល​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​លើ​វិស័យ​សេដ្ឋ​កិច្ច​ និង​ការ​អភិវឌ្ឍន៍​សម្តេច​តេជោ​នាយក​រដ្ឋ​មន្រ្តី​ បាន ​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​ កម្ពុ​ជាមាន​ឧត្តមភាព​ប្រៀបធៀប​ជាច្រើន ជាពិសេស កម្ពុ​ជាមាន​ទីតាំង​យុទ្ធសាស្ដ្រ​ស្ថិតនៅក្នុង​ក្របខ័ណ្ឌ​មហា​អនុតំបន់​ មេគង្គ ដែល​បានផ្ដល់​ភាពអនុគ្រោះ​ដល់​ការធ្វើសមាហរណកម្ម​កា​ន់​តែ​ស៊ីជម្រៅ និង​ការតភ្ជាប់​ជាមួយ​បណ្ដា​ប្រទេស​អាស៊ាន​ដទៃទៀត និង​ស្ថិតនៅ​ជិត​ប្រទេស​ចិន ដែលជា​មហាអំណាច​សេដ្ឋកិច្ច​ទី​២ ក្នុង​ពិភពលោក ដែល​កត្តា​ទាំងអស់នេះ នឹង​ជួយ​អភិវឌ្ឍន៍​ដល់​វិស័យ​ឯកជន សេដ្ឋកិច្ច និង​ការកាត់បន្ថយ​ភាពក្រីក្រ​។
សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍​បន្ថែមថា គិត​មកដល់ពេលនេះ មាន​រយៈពេល​ជាង ១០​ឆ្នាំ មកហើយ ដែល​កម្ពុជា​បាន​ក្លាយជា​សមាជិក​ពេញសិទ្ធិ​របស់​អាស៊ាន​។ ក្នុង​រយៈពេល​ដូចគ្នានេះដែរ កម្ពុជា​បានសម្រេច​នូវ​ការអភិវឌ្ឍ​គួរ​ជាទី​មោទនៈ​។ សមាជិកភាព​ក្នុង​អាស៊ាន បានផ្ដល់​ឱកាស​ដល់ក​ម្ពុ​ជា ពង្រឹង​ការផ្សារភ្ជាប់​ទៅនឹង​តំបន់ និង​ជាមួយ​សហគមន៍​អន្តរជាតិ​។ ទន្ទឹមនឹងនេះ កម្ពុជា​បាន​ចូលរួម​បំពេញ​កាតព្វកិច្ច​អាស៊ាន​របស់ខ្លួន​យ៉ាង​ខ្ជាប់ខ្ជួន ដើម្បី​កសាង​សហគមន៍​តំបន់​មួយ​ប្រកបដោយ​សុខសន្តិភាព វិបុលភាព និង​ភាពសុខដុមរមនា​។

សម្ដេចតេជោ​ ហ៊ុន សែន បាន​គូសបញ្ជាក់ថា កម្ពុជា​សម្រេចបាន​នូវ​វឌ្ឍនភាព ក្នុងការ​បើកចំហ​សេដ្ឋកិច្ច និង​អនុវត្តតាម​លក្ខខណ្ឌ​នានា នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក និង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​។ តាមរយៈ​ការបង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន នៅ​ឆ្នាំ​២០១៥ ខាងមុខនេះ កម្ពុជា​សង្ឃឹមថា នឹង​ពង្រីក​ទំហំ​ទីផ្សារ​របស់ខ្លួន ឲ្យ​ទៅជា​មជ្ឈមណ្ឌល​ធុរកិច្ច សម្រាប់​ការទាក់ទាញ​វិនិយោគ​នៅក្នុង​តំបន់ និង​អន្តរជាតិ​។

សម្ដេចនាយក​រដ្ឋមន្ត្រី​ បាន​បញ្ជាក់ថា នៅ​ឆ្នាំ​២០១២​នេះ គឺជា​ខួប​ទី​២០ នៃ​ការកែប្រែ​មុខមាត់​នៃ​សេដ្ឋកិច្ចកម្ពុជា ចាប់តាំងពី​ការបង្កើត​រាជរដ្ឋាភិបាល​អាណត្តិ​ទី​១ នៅក្នុង​ឆ្នាំ​១៩៩៣ ផលិតផល​សរុប​ក្នុងស្រុក​របស់​កម្ពុជា បានកើត​ឡើង​ជាង ៦​ដង គឺ​ពី ២.៥០០ លាន​ដុល្លារ នៅក្នុង​ឆ្នាំ​១៩៩៣ រហូតដល់​ជាង ១៤.៥០០ លាន​ដុល្លារ នៅក្នុង​ឆ្នាំ​២០១២​។ ប្រាក់ចំណូល​សម្រាប់​ប្រជាជន​ម្នាក់ៗ បានកើត​ឡើង​ជាង ៤​ដង គឺ​ពី ២២៩ ដុល្លារ នៅក្នុង​ឆ្នាំ​១៩៩៣ ដល់​ជិត ១.០០០ ដុល្លារ នៅក្នុង​ឆ្នាំ​២០១២​។ រីឯ​វិស័យ​ឧស្សាហកម្ម​ក្នុង​ផលិតផល​សរុប បាន​កើនឡើង​ពី ១៣ ដល់ ២៤ ភាគរយ​។
​ ចំនួន​ប្រជាជន​ដែល​រស់នៅ​ក្រោម​បន្ទាត់​នៃ​ភាពក្រីក្រ បាន​ធ្លាក់ចុះ​ពី ៥០ ភាគរយ មក​នៅត្រឹម ២៥ ភាគរយ​។ នៅពេល​បច្ចុប្បន្ននេះ ចំណូល​ថវិកាជាតិ​បាន​កើនឡើង​ពី ១២៣ លាន​ដុល្លារ ឬ​ស្មើនឹង ៧ ភាគរយ នៃ​ផ​ផលិតផល​ក្នុងស្រុក នៅ​ឆ្នាំ​១៩៩៣ ដល់ ២.៥០០ លាន​ដុល្លារ ឬ​ស្មើនឹង ១៣,៥ ភាគរយ នៃ​ផលិតផល​ក្នុងស្រុក នៅក្នុង​ឆ្នាំ​២០១១​។ បំណុល​សាធារណៈ​សរុប និង​ឥណទាន​ដែល​ធានា​ដោយ​រដ្ឋ ស្ថិតនៅក្នុង​កម្រិត​ត្រឹម ២៨ ភាគរយ នៅ​ឆ្នាំ​២០១០ ក៏ប៉ុន្តែ​បំណុល​នេះ បើ​គិត​ជា​តម្លៃ​បច្ចុប្បន្ន ស្ថិតនៅ​ត្រឹម ២០ ភាគរយ​ប៉ុណ្ណោះ​។

សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​កត់សម្គាល់​ថា បន្ទាប់ពី​កលិយុគ​ហិរញ្ញវត្ថុ​ពិភពលោក​មក សេដ្ឋកិច្ចកម្ពុជា​មាន​ភា​ព​ល្អប្រសើរ ដោយ​រក្សាបាន​នូវ​កំណើន​ផលិតផល​ក្នុងស្រុក ប្រមាណ ៧ ភាគរយ នៅ​ឆ្នាំ​២០១១​។ ជាមួយគ្នានេះ តាម​ការ​ព្យាករ​ដោយ​ប្រុងប្រយ័ត្ន កំណើនសេដ្ឋកិច្ច​កម្ពុជា​នឹងមាន​ការកើនឡើង​លើស​ពី ៧ ភាគរយ ប្រចាំឆ្នាំ​នីមួយៗ ក្នុង​រយៈពេល​មធ្យម​ខាង​មុខ​។

 ​សម្ដេច ហ៊ុន សែន បាន​មានប្រសាសន៍​បន្តថា រាជរដ្ឋាភិបាល​កម្ពុជា​បានផ្ដល់​អាទិភាព​ខ្ពស់​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច ក្រោម​ការអនុវត្ត​គោលនយោបាយ​ជំរុញ​ផលិតកម្ម​ស្រូវ និង​ការនាំចេញ​អង្ករ​។ ក្នុងន័យនេះ កម្ពុជា​សូម​ស្វាគមន៍​វិនិយោគិន​ទាំងអស់ មកពី​បណ្ដា​ប្រទេស​អាស៊ាន និង​សហភាព​អឺរ៉ុប ដើម្បី​វិនិយោគ​លើ​ផលិតកម្ម​ស្រូវ និង​ការនាំចេញ​អង្ករ​នេះ​។ ដោយឡែក វិស័យ​សេវាកម្ម កម្ពុជា​សម្រេចបាន​កំណើន ៥ ភាគរយ នៅ​ឆ្នាំ​២០១១ ដោយសារ​កំណើន​ភ្ញៀវទេសចរ​មក​ទស្សនកិច្ច​នៅ​កម្ពុជា បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​។ ចំពោះ​វិស័យ​ឧស្សាហកម្ម​របស់​កម្ពុជា បាន​កើនឡើង ១៤,៣ ភាគរយ នៅ​ឆ្នាំ​២០១១ ធៀប​ទៅនឹង​ឆ្នាំ​២០១០​។ មួយវិញទៀត វិស័យ​ផលិត​សម្លៀកបំពាក់ ដែលជា​វិស័យ​ដ៏​ចម្បង​មួយ​របស់​កម្ពុជា បាន​ជំរុញ​ការនាំចេញ​សម្លៀកបំពាក់ នៅក្នុង​អត្រាកំណើន ២២,២ ភាគរយ ក្នុង​ឆ្នាំ​២០១១​។ វិស័យ​ឧស្សាហ​កម្មនេះ គេ​រំពឹងថា នឹង​កើនឡើង​យ៉ាង​ឆាប់រហ័ស​ទៀត នៅ​ឆ្នាំ​២០១២ ដោយសារតែ​ឥទ្ធិពល​វិជ្ជមាន នៃ​គំនិត​ផ្ដួចផ្ដើម​ពាណិជ្ជកម្ម​កម្ពុជា​-​អឺរ៉ុប ដោយ​អនុវត្តតាម​វិធាន “​អ្វីៗ​ទាំងអស់ លើកលែងតែ​អាវុធ​របស់​សហភាព​អឺរ៉ុប​”​។ កិច្ចការ​នេះ ជាការ​រួមចំណែក​យ៉ាងសំខាន់​ដល់​ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ចកម្ពុជា ជាពិសេស ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​កម្ពុជា​។