Monday, April 2, 2012

ឯកឧត្តមបណ្ឌិត សុខ អាន ស្នើ​ឲ្យ​ធុរជន​បារាំង​សម្លឹង​មើល​សក្ដានុពល​វិនិយោគ​នៅ​កម្ពុជា


ឯកឧត្ដម​បណ្ឌិត សុខ អាន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួល​បន្ទុក​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី បានស្នើ នា​ព្រឹកថ្ងៃ​ទី២ ខែ​មេសា ឆ្នាំ២០១២  ឲ្យក្រុម​ធុរជន​បារាំង សម្លឹង​មើល សក្ដានុពល​វិនិយោគ​នៅកម្ពុជា ដោយសារ​កម្ពុជា មានវិស័យ​ជាច្រើន ដែល​អាច​មក​បណ្ដាក់​ទុន​វិនិយោគ​បាន ។ ឯកឧត្តម​បណ្ឌិត សុខ អាន​ ​បាន​មាន​ប្រសាសន៍​ថា កម្ពុជា​បានបើក​ចំហ លើ​វិស័យ​វិនិយោគ ដោយ​មិនរើស​អើង​ប្រកាន់ និន្នាការ នយោបាយ ឬ​ការទូត​ឡើយ។
ប្រសាសន៍​ឯកឧត្តម​បណ្ឌិត សុខ អាន ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី ក្នុង​ឱ​កាស​ទទួល​ជួប​ពិភាក្សា​ ជា​មួយគណៈ​ប្រតិភូ​ក្រុមប្រឹក្សា​ធុរជនបារាំង​ចំនួន​២៦ នាក់​ ដឹក​នាំ​ដោយ​​លោក ហ្វ្រេដេរីក សង់ស្សេ​ (Frederic Sanchez) ។​
លោក  ហ្វ្រេដេរីក សង់ស្សេ​ (Frederic Sanchez) ប្រធាន​ក្រុម​ប្រឹក្សា​ធុរជន​បារាំង-កម្ពុជា នៃ​ចលនា​អន្តរជាតិ​សហគ្រាស​បារាំង(MEDEF) បាន​បញ្ជាក់ថា ដោយសារ​ទីផ្សារ នៅ​ក្នុង​តំបន់​អាស៊ាន​មាន​ការ​រីក​ចម្រើន ក្នុង​នេះ​ជាពិសេស​នៅ​កម្ពុជា មាន​កំណើន​សេដ្ឋកិច្ច និង​សម្បូរ ទៅ​ដោយ សក្ដានុ​ពល​សម្រាប់​វិស័យ​និយោគ លោក​ក៏​បាន​ដឹកនាំ គណៈប្រតិភូ​ក្រុមប្រឹក្សា​ធុរជន​បារាំង ដើម្បី​មកសិក្សា ស្វែង​យល់ ជាក់​ស្ដែង លើ​សក្ដានុពល ដែល​អាចធ្វើ​វិនិយោគ​​នៅ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ដើម្បី​ជួយ​ជម្រុញ​កំណើន​សេដ្ឋ​កិច្ច​​។

ឯកឧត្ដម​បណ្ឌិត សុខ អាន ឧបនាយក​រដ្ឋមន្ត្រី បាន​ស្វាគមន៍​ចំពោះ​បំណង​របស់​គណៈ​ប្រតិភូ ដែល​បាន​ស្វែង​យល់ ការងារ​វិនិយោគ​នៅ​កម្ពុជា ហើយ​ឯកឧត្តម​បណ្ឌិត សុខ អាន​ បាន ​មាន​ប្រសាសន៍​ ថា ប្រទេស​បារាំង​បាន​ស្គាល់​កម្ពុជា​យូរ​ឆ្នាំ​មក​ហើយ ពិសេស​ប្រាសាទ​អង្គរ​របស់​កម្ពុជា​។ រដ្ឋាភិបាល​ប្រទេស​បារាំង បាន​នាំមុខ​យ៉ាងខ្លាំង ក្នុងការ​ធ្វើជាដៃគូ​ជាមួយ​កម្ពុជា​លើវិស័យ វប្បធម៌ ពិសេស​ជា​សហ​ប្រធាន​នៃ​គណៈ​កម្មាធិការ​អន្តរជា​តិ​សម្រម​សម្រួល​អង្គរ​ (ICC-Angkor) ក្នុង​ការ​ជួយ​ជួសជុល​ប្រាសាទ​បូរាណ ដែល​ការងារ​ក្លាយ​ជា​គំរូ​នៅ​លើ​ពិភពលោក​​ ប៉ុន្តែ​នៅ​លើការងា​វិនិយោគ​វិញ បារាំង​នៅ​មានតិច​នៅឡើយ ។ ដោយសារ​កម្ពុជា កំពុង​តែមាន​សក្ដានុពល​ខ្លាំងលើ​វិស័យ​ទេសចរណ៍​វប្បធម៌ ដែល​មាន​កំណើន​ ១៥% ក្នុង​មួយ​ឆ្នាំ និង​ធនធាន​ធម្មជាតិ​នោះ ឯកឧត្តម​បណ្ឌិត សុខ អាន បាន​ស្នើ​គណៈប្រតិភូ​ធុរ​ជន​បារាំង​ ​ ជួយ​ពន្លឿន​ដល់​វិស័យ​ឯកជន និង​សហគ្រាស របស់​បារាំង​ឲ្យចូល​មក​កម្ពុជា​ឲ្យបាន​ឆាប់ និង​ឲ្យបាន​ច្រើន ។ ជាមួយ​នឹង​ការ​បញ្ជាក់​ថា កម្ពុជា​ នឹង​ក្លាយ​ជា​ច្រក​ទ្វារ​​មួយ​ពេល​បង្កើត​សហគមន៍​​សេដ្ឋ​កិច្ច​អាស៊ាន ដែល​ជា​​ឱ​កាស​ល្អ​សម្រាប់​ការ​វិនិយោគ​ពី​បរទេស​​ ឯកឧត្តម​បណ្ឌិត សុខ អាន បាន ​ឲ្យ​ប្រតិភូធុរជន​បាន​បារាំង​​ដឹង​ថា ​រាជ​រដ្ឋាភិបាល​កម្ពុជា​ បានធ្វើ​ការ​កែ​ទម្រង់​​រដ្ឋបាលសាធារណៈ ​ក៏​ដូច​ជា​បង្កើត​អង្គភាព​ប្រឆាំង​អំពើ​​ពុក​រលួយ​ ដើម្បី​ទប់​ស្កាត់​ភាព​អសកម្ម​នានា​ ជា​ពិសេស​ការ​បើក​ច្រក​ចេញ​ចូល​តែ​មួយ​ ដើម្បី​​ផ្ដល់នូវ​ភាពងាយ​ស្រួល ចំពោះ​ការងារ​វិនិយោគ។​