Wednesday, April 18, 2012

វិចារណកថា៖ សមរង្ស៊ី ស្រែកកាន់តែខ្លាំង ខុសកាន់តែធ្ងន់


វិចារណកថា
សមរង្ស៊ី ស្រែកកាន់តែខ្លាំង ខុសកាន់តែធ្ងន់
ដោយ រាជ្យ សុវណ្ណនគរ

          កាលពី​ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១២ នេះ លោក សម រង្ស៊ី បាន​និយាយ​ញុះញង់​បំផ្លើស និង ដុត​បញ្ឆេះឲ្យ​​សាធារណៈ​ជន​​ មាន​ការភ័ន្ត​ច្រឡំ ឬ បង្ក​អស្ថេរ​ភាព​នយោបាយ​នៅក្នុង​ប្រទេស​ដែល​ទើបទទួល​បាន​សុខ​សន្តិភាព​ពេញ​បរិបូរណ៍ ឯកភាព​ជាតិតែ​មួយ​ដែល​មិនធ្លាប់​មានទាល់​តែសោះ គិត​ចាប់​តាំង​ពី​ប៉ុន្មាន​សតវត្ស​ចុង​ក្រោយ​នេះ ដោយ​ភ្ជាប់​ថ្នាក់​ដឹកនាំ​កំពូល​ៗ​របស់​ជាតិ​បច្ចុប្បន្ន ថា​មាន​ការ​ពាក់​ព័ន្ធ​ទៅ​នឹង​របប​ខ្មែរ​ក្រហម កម្ពុជា​ប្រជា​ធិប​តេយ្យ និង ការ​ដំណើរ​ការ​របស់​សាលា​ក្តី​កាត់​ទោស​អតីត​មេដឹក​នាំ​ខ្មែរ​ក្រហម។

          ទណ្ឌិត សម រង្ស៊ី ត្រូវតែ​យល់​ឲ្យ​ច្បាស់ និង ត្រូវប​ន្ត​យល់​ឲ្យកាន់​តែច្បាស់​តរៀង​ទៅ​ថែម​ទៀត​ថា នៅពេល​ដែល​ប្រទេស​ជាតិ​មួយ​នេះ កំពុង​តែធ្លាក់​ក្នុង​ជ្រោះ​ដ៏សែន​ជ្រៅ និង ស្ទើរ​តែវិនាស​អន្តរាយ​ទៅ​ហើយ​នោះ តើ​អ្នកណា​ជា​អ្នក​សង្គ្រោះ និង រំដោះ​ប្រទេស​ជាតិ​នេះ? ហើយ​តើ​ទណ្ឌិត សម រង្ស៊ី នៅ​ឯណា? ពោល​គឺមាន​តែ​សម្តេច​អគ្គធម្ម​ពោធិ​សាល ជា ស៊ីម, សម្តេច​អគ្គម​ហា​ចក្រី ហេង សំរិន និង សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន និង ឥស្សរជន​ថ្នាក់​ដឹកនាំ​ដទៃ​ទៀត​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​តស៊ូគៀង​គរ​កម្លាំង​អ្នក​ស្នេហាជាតិ​ដែល​នៅសេស​សល់​ពីការ​ស្លាប់ ដោយ​យក​ជីវិតធ្វើជា​ដើម​ទុន ដើម្បី​រំដោះ​ប្រទេស​ពី​សេចក្តី​ស្លាប់ ពីក្តីវិនាស​អន្តរាយ និង ពីរបប​បីសាច​អន្តពាល​ខ្មែរក្រហម។

          ក្រោយ​ពីបាន​រំដោះ​ប្រទេស​ជាតិ​ឲ្យរួច​ផុតពី​សេចក្តី​ស្លាប់​រួចមក ក្រោម​ការដឹក​នាំដ៏ប៉ិន​ប្រសព្វ និង​ឈ្លាស​វៃ​របស់​សម្តេច​អគ្គ​ទាំងបី បានផ្តួច​ផ្តើម​គំនិត​ឲ្យមាន​ការ​បង្រួប​បង្រួម​ជាតិ ការផ្សះ​ផ្សារ​ជាតិ​រហូត​មានការ​ធ្វើស​មាហរ​ណ​កម្មភាគីជម្លោះខ្មែរ គ្រប់​បក្ស គ្រប់​ក្រុម គ្រប់​និន្នាការន​យោបាយ មកក្នុង​សង្គម​ជាតិ​ឯកភាពតែមួយ​ ដោយចាប់​ផ្តើម​តាំង​ពីឆ្នាំ១៩៨៧ មក រហូត​ទទួល​បាន​ផ្លែផ្ការ​នៅ​ឆ្នាំ១៩៩៣។

          ក្រោយ​ពីបាន​ផ្តួច​ផ្តើម​ឲ្យមាន​ការបង្រួប​បង្រួម​ជាតិ និង ការផ្សះ​ផ្សារ​ជាតិ ថ្នាក់ដឹក​នាំជាតិ​បច្ចុប្បន្ន​នេះ បានរិះ​រកគ្រប់​មធ្យោ​បាយ​ដើម្បី​ធ្វើឲ្យ​អង្គការ​ចាត់​តាំង​នយោបាយ និង យោធា​របស់​ខ្មែរ​ក្រហម​រលំ​រលាយ​ទាំង​ស្រុង តាម​គោល​នយោបាយ​ឈ្នះ-ឈ្នះ របស់ សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅឆ្នាំ១៩៩៨ ដែល​ជា​ហេតុ​នាំឲ្យ​មាន​សន្តិភាព សន្តិសុខ ការ​បង្រួប​បង្រួម​ជាតិ​មួយ​រយភាគ​រយ ការដំណើរ​ការលទ្ធិ​ប្រជាធិ​បតេយ្យ និង ការ​គោរ​ព​សិទ្ធិមនុស្ស​ដ៏ពេញ​លេញ​ នៅ​លើទឹក​ដីដ៏​កំសត់​មួយ​នេះ។

ផ្តើម​ចេញ​ពីមូល​ដ្ឋានដ៏រឹង​មាំនេះ ថ្នាក់​ដឹកនាំ​ជាតិ​របស់​យើង បាន​ជំរុញ​ឲ្យមាន​ការរៀប​ចំច្បាប់ និង បទដ្ឋាន​គតិ​យុត្តស្តី​ពីការ​បង្កើត​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុងតុលាការ​កម្ពុជា ដើម្បី​កាត់ទោស​មេដឹក​នាំ​ខ្ពស់​បំផុត និង អ្នក​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​នៅក្នុង​របបខ្មែរ​ក្រហម កម្ពុជា​ប្រជាធិប​តេយ្យ ដែល​ទាំង​កម្រិត​ជាតិ និង អន្តរ​ជាតិ សុទ្ធតែ​ឯកភាព​ទទួល​យក​នូវជម្រើស​យន្តការ​ដ៏ល្អ​នេះ។ មិនត្រឹម​តែ​ប៉ុណ្ណោះ​សោត​ទេ តុលាការ​​កូន​កាត់​មួយនេះ បាននិង​កំពុង​ដំណើរការ​ស្វែងរក​ការពិត ការផ្សះ​ផ្សារផ្លូវ​ចិត្ត​ក្នុង​សង្គមក​ម្ពុជា​ និង ស្វែងរក​យុត្តិធម៌​ជូនជន​រងគ្រោះ​ក្នុងរបប​ខ្មែរ​ក្រហម។

ដោយផ្អែក​លើមូល​ដ្ឋានដ៏រឹង​មាំខាង​លើនេះ​ដែរ ប្រទេស​កម្ពុជា បានកែ​ប្រែមុខ​មាត់​របស់​ខ្លួនពី​ប្រទេស​ដែល​ធ្លាប់​តែហែក​ហួរ​ដោយ​សារ​សង្រ្គាម​ស៊ីវិល អស្ថេរ​ភាព អសន្តិសុខ និង ការ​វិនាស​អន្តរាយ ឲ្យ​មានការ​អភិវឌ្ឍ​រីក​ចំរើន​គ្រប់​វិស័យ ដូចជា​ហេដ្ឋា​រចនា​សម្ព័ន្ធរូបវ័ន្ត មាន​ផ្លូវថ្នល់​ផ្លូវជាតិ រាប់ពាន់​គីឡូម៉ែត្រ​លាត​សន្ធឹងគ្រប់​ភូមិស្រុក​ទូទាំង​ប្រទេស ដែល​ពីដើម​ឡើយក​ន្លែងខ្លះ​មិនធ្លាប់​មានទាល់​តែសោះ សាលា​រៀន មន្ទីរ​ពេទ្យ អាគារ​សាធារណៈ និង ស្ពាន ប្រព័ន្ធ​ធារា​សាស្ត្រ គ្រប់ច្រក​ល្ហក រាប់​មិនអស់​នៅ​ទូទាំង​ប្រទេស។ ចំណែក​ហេដ្ឋារចនា​សម័្ពន្ធ​សង្គម​មានការ​អភិវឌ្ឍរី​កចំរើន​គួរជាទី​មោទន ​ជីវភាព​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ មាន​ការផ្លាស់​ប្តូរ និង រីកចំរើន​ពីមួយ​ថ្ងៃទៅមួយ​ថ្ងៃ សេដ្ឋកិច្ច​សង្គម​របស់ប្រទេស​ជាតិ មាន​ការរីក​ចំរើន​ប្រកប​ដោយ​ចីរភាព​ និង ប្រកប​ដោយ​ថាមពល​ល្អប្រសើរ។

កត្តាមួយ​ទៀត​ដែល​ប្រជាពល​រដ្ឋខ្មែរ​ទូទៅ អប់អរសាទរ​ទទួល​យក និង ចូល​រួមគាំទ្រ​ថ្នាក់ដឹក​នាំ​ជាតិ​របស់​យើង គឺកម្ពុជា បាននិ​ងកំពុង​ធ្វើសមាហរណកម្ម​ទៅក្នុង​សហគមន៍​តំបន់ និង ពិភព​លោក លើក​ស្ទួយ​កិត្តិយស កិត្យានុភាព​ជាតិនៅ​លើឆាក​អន្តរជាតិ​ប្រកប​ដោយ​ស្មើភាព និង ស្មើ​សិទ្ធិ និងជា​ពិសេស បានធ្វើ​ឲ្យប្រទេស​ជិតខាង​ដែល​ធ្លាប់តែ​មានអំនួត ឲ្យគោរព​នូវបូរណ​ភាពទឹកដីនៃ​ព្រះរាជាណា​ចក្រ​កម្ពុជា ស្របតាម​គោលការណ៍​ច្បាប់អន្តរជាតិ​ជាធរមាន។

ជាក់​ស្តែង​នៅ​ឆ្នាំ២០១២​ នេះ កម្ពុជា បាន​និងកំពុង​ដើរតួនាទី​ជា​ប្រធាន​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ដែល​ហៅកាត់​ថា អាស៊ាន ប្រកប​ដោយបទ​ពិសោធន៍​ខ្ពស់ និង ភាពចាស់ទុំ​ ស័ក្តិសម​ជាប្រជា​ជាតិ​ស៊ីវិល័យ និងមាន​អារ្យធម៌ បើកទ្វារ​ចំហទទួល​ស្វាគមន៍​មេដឹក​នាំ​កំពូលៗ​របស់​ប្រទេស​មហា​អំណាច​យោ​ធា និង សេដ្ឋកិច្ច​ធំៗ នៅក្នុង​លោក ក្រោមការ​ដឹកនាំ​របស់​កម្ពុជា នៅ​លើទឹក​ដីដែល​ធ្លាប់តែ​កំសត់​មួយ​នេះ។

ទាំង​អស់​នេះ​ហើយ គឺជាកា​រខិតខំ​ប្រឹងប្រែង​មិនចេះ​នឿយហត់ គុណ​សម្បត្តិ និង ជាគុណ​បំណាច​មិនអាច​កាត់ថ្លៃ​​បានរបស់​ថ្នាក់ដឹក​នាំ​ដែល​មាន សម្តេច​អគ្គ​ធម្មពោ​ធិសាល ជា ស៊ីម, សម្តេច​អគ្គមហា​ចក្រី ហេង សំរិន និង សម្តេច​អគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន ជាប្រមុខ ក្នុងការ​សង្គ្រោះ ផ្សះផ្សារ បង្រួប​បង្រួមជាតិ បញ្ចប់​សង្គ្រាម​ស៊ីវិល​រាំរ៉ៃ និង ការ​អភិវឌ្ឍជាតិ​ឲ្យមាន​ការរីក​ចំរើន​ថ្លៃថ្នូរ ខ្ពស់​មុខខ្ពស់​មាត់ ស្មើ​ភាព និង ស្មើសិទ្ធិនៅ​លើឆាក​អន្តរជាតិ ដែល​ខុសផ្ទុយ​ស្រឡះ​ពីការ​លើកឡើង​បំផ្លើស​របស់​ទណ្ឌិត សម រង្ស៊ី ដែល​កំពុង​ខិតខំ​ស្រែក ដើម្បីខ្លួន​បានវិល​ចូលប្រទេស​វិញតែ​ប៉ុណ្ណោះ។