Wednesday, April 18, 2012

កិច្ច​ព្រម​ព្រៀង ស្ដីពី តំបន់​ទឹក​ប្រវត្ដិ​សាស្ដ្រ នៃសា​ធារណ​រដ្ឋប្រជា​មានិត​កម្ពុជា និង របស់​សាធារណ​រដ្ឋ​សង្គម​និយម​វៀត​ណាម

កិច្ចព្រមព្រៀង
ស្ដីពី
តំបន់ទឹកប្រវត្ដិសាស្ដ្រ នៃសាធារណរដ្ឋប្រជាមានិតកម្ពុជា
និង
របស់សាធារណរដ្ឋសង្គមនិយមវៀតណាម
-------
រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា
និង
រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម

មានបំណងពង្រឹង និងពង្រីកថែមទៀតនូវទំនាក់ទំនងពិសេស កម្ពុជា-វៀតណាម ក្នុងស្មារតី នៃ សន្ធិសញ្ញាសន្ដិភាព មិត្ដភាព និងសហប្រតិបត្ដិការ រវាង​សាធារ​ណរដ្ឋ​ប្រជាមា​និ​តកម្ពុជា និងសាធារណរដ្ឋ សង្គមនិយមវៀតណាម ចុះហត្ថលេខា នាថ្ងៃទី ១៨ កុម្ភៈ ១៩៧៩។
ដោយ​យល់​ឃើញ​សភាពជាក់ស្ដែងថា តំបន់សមុទ្ទដែលស្ថិតនៅចន្លោះឆ្នេរសមុទ្រ នៃខេត្ដកំពត និងប្រជុំកោះ ពូលោវ៉ៃ របស់សាធារណរដ្ឋប្រជាមានិតកម្ពុជា មួយចំណែក និងឆ្នេរសមុទ្រ នៃខេត្ដ កៀនយ៉ាង កោះ ហ្វ៊ូកុក និងប្រជុំកោះ ថូជូ របស់សាធារណរដ្ឋសង្គមនិយមវៀតណាម មួយចំណែកទៀត ប្រមូលផ្ដុំតំបន់ទឹករបស់ កម្ពុជា និង​របស់​វៀតណាម ​ជាយូរលង់មកហើយតាមលក្ខ័ណ ភូមិសាស្ដ្រពិសេស និងសារៈសំខាន់យ៉ាងខ្ពស់ ក្នុងកិច្ចការពារជាតិ និងសេដ្ឋកិច្ចនៃប្រទេស ទាំងពីរបានព្រមព្រៀងគ្នា ដូចត​ទៅ ៖
ប្រការ១
តំបន់ទឹកស្ថិតនៅចន្លោះឆ្នេរសមុទ្រ នៃខេត្ដកំពត ព្រមទាំងប្រជុំកោះ ពូលោវ៉ៃ របស់សាធារណរដ្ឋ ប្រជាមានិត កម្ពុជាមួយចំណែក និងឆ្នេរសមុទ្រ ខេត្ដកៀនយ៉ាង កោះ ហ្វ៊ូកុក និងប្រជុំកោះ ថូជូ របស់ សាធារណរដ្ឋ សង្គមនិយម វៀតណាមមួយចំណែកទៀត ជាតំបន់ទឹកប្រវត្ដិសាស្ដ្រចំណុះ ក្រោមរបបច្បាប់ នៃដែនទឹកផ្ទៃក្នុង និងមានព្រំប្រទល់កំណត់ ដូចខាងក្រោម ៖
“កំណត់តាម មេរីឌីយាង ត្រិនស្សិត ខាងកើត”
ផ្នែកទិសពាយព្យ គិតពីខ្សែត្រង់តភ្ជាប់បណ្ដាចំណុចភូមិសាស្ដ្រ“០៩º៥៤'២ រយៈទទឹងខាងជើង ១០២º៥៥'២ រយៈ បណ្ដោយខាងកើត និង “ ០៩º៥៤'៥ រយៈទទឹងខាងជើង ១០២º៥៧'០ រយៈបណ្ដោយខាងកើត ” នៃកោះ ពូលោវ៉ៃ “ កម្ពុជា ” មកចំណុចភូមិសាស្ដ្រ ១០º២៤'១ រយៈទទឹងខាងជើង ១០៣º៤៨'០ រយៈបណ្ដោយខាងកើត “ និង ” ១០º២៥'៦ រយៈទទឹង ខាងជើង ១០៣º៤៩'២ រយៈបណ្ដោយខាងកើត ” នៃកោះសេះ “ កម្ពុជា ” ដល់ចំណុចភូមិសាស្ដ្រ “ ១០º៣០'០ រយៈទទឹង ខាងជើង ១០៣º៤៧'៤ រយៈ បណ្ដោយ ខាងកើត “ នៃកោះថ្មី “ កម្ពុជា ” រហូតដល់ចំណុចភូមិសាស្ដ្រ “ ១០º៣២'៤ រយៈទទឹង ខាងជើង ១០៣º៤៨'២ រយៈបណ្ដោយខាងកើត នៃឆ្នេរសមុទ្រ ខេត្ដកំពត “ កម្ពុជា ” ។
ផ្នែកខាងជើង គឺឆ្នេរសមុទ្រខេត្ដកំពត គិតពីចំណុចភូមិសាស្ដ្រ “ ១០º៣២'៤ រយៈទទឹងខាងជើង ១០៣º៤៨'២ រយៈបណ្ដោយខាងកើត “ រហូតដល់ចំណុចជាយព្រំដែន ដីគោក វៀតណាម-កម្ពុជា លើឆ្នេរ សមុទ្រ ។
ផ្នែកខាងអាគ្នេយ៍ គិតពីខ្សែដែលតភ្ជាប់ពីចំណុចរបស់ជាយព្រំដែនដីគោក វៀតណាម-កម្ពុជា លើឆ្នេរ សមុទ្រ រហូតដល់ចំណុចភូមិសាស្ដ្រ “ ១០º៣៤'២ រយៈទទឹងខាង ជើង ១០៤º០២'៣ រយៈ បណ្ដោយ ខាងកើត “ ជ្រោយកោះឈ្មោះ អាន អៀន នៃកោះហ្វ៊ូកុក “ វៀតណាម ” ហើយសសៀរតាម ឆ្នេរខាងជើងកោះនេះ រហូត​ដល់​ជ្រោយ​កោះឈ្​មោះ ដឹតដ នៅលើចំណុចភូមិសាស្ដ្រ “ ១០º០២'៨ រយៈទទឹង ខាងជើង ១០៣º៥៩'១ រយៈបណ្ដោយខាងកើត តពីនេះរហូតមកដល់ ចំណុចភូមិសាស្ដ្រ “ ០៩º១៨'១ រយៈ ទទឹង​ខាង​ជើង ១០៣º២៦'៤ រយៈបណ្ដោយខាងកើត នៃកោះ ថូជូ “ វៀតណាម “ រហូត មកចំណុច ភូមិសាស្ដ្រ “ ០៩º១៥'០ រយៈទទឹង ខាងជើង ១០៣º២៧'០ រយៈ​បណ្ដោយ​ខាងកើត​នៃកោះ​ ហន ញ៉ាន នៃប្រជុំ កោះ ថូជូ វៀតណាម ។
ផ្នែក​ខាងនីរតី គិតពីខ្សែត្រង់ទាញពីចំណុចភូមិសាស្ដ្រ “ ០៩º៥៥'០ រយៈទទឹងខាងជើង ១០២º៥៣'៥ រយៈ បណ្ដោយខាងកើត ” នៃកោះ ពូលោវ៉ៃ ដល់ចំណុច “ ០៩º១៥'០ រយៈទទឹងខាងជើង ១០៣º២៧'០ រយៈបណ្ដោយ ខាងកើត” នៃកោះ ហន ញ៉ាន នៃប្រជុំកោះ ថូជូ វៀតណាម ។
ប្រការ ២
ក្នុងកាលដ៏គួរ គូភាគីនឹងចរចា ដើម្បីកំណត់ខ័ណ្ឌសីមានៃព្រំប្រទល់សមុទ្រ រវាងប្រទេសទាំងពីរ ក្នុងតំបន់ទឹក ប្រវត្ដិសាស្ដ្រ ចែងក្នុងប្រការ១ ដោយឈរលើស្មារតី សមភាព មិត្ដភាព គោរពគ្នាទៅវិញ ទៅមក នូវឯករាជ្យភាព អធិបតេយ្យភាព បូរណភាពដែនដី និងផលប្រយោជន៍ត្រឹមត្រូវ តាមច្បាប់ របស់ភាគីនីមួយៗ។
ប្រការ៣
ក្នុងរយៈពេលរង់ចាំដំណោះស្រាយពីព្រំដែនសមុទ្រ រវាងរដ្ឋទាំងពីរក្នុងតំបន់ទឹកប្រវត្ដិសាស្ដ្រ ចែងក្នុង ប្រការ ១:
- ចំណុចប្រសព្វ ០ នៃខ្សែមូលដ្ឋានទាំងពីរ ដែលសំរាប់វាស់ទទឹងដែនសមុទ្រ នៃប្រទេសនីមួយៗ ស្ថិតក្នុងលំហសមុទ្រ លើខ្សែបន្ទាត់ដែលភ្ជាប់ប្រជុំកោះ ថូជូ និងកោះ ពូលោ​វ៉ៃ នឹងត្រូវកំណត់ដោយ កិច្ចព្រមព្រៀង នៃគូភាគី។
- គូភាគី បន្ដចាត់ទុកខ្សែ ហៅ ប្រេវីយេ គូសក្នុងឆ្នាំ ១៩៣៩ ជាខ្សែបែង ចែកកោះក្នុងតំបន់នេះ។
- គូភាគីដំណើរការ ការយាមល្បាត និងត្រួតពិនិត្យក្នុងតំបន់ទឹកប្រវត្ដិសាស្ដ្រនេះ
- ប្រជាជននៅក្នុងតំបន់បន្ដប្រកបរបរនេសាទ និងការយកជលផលសមុទ្រ ផ្សេងទៀតនៅ ក្នុងតំបន់នេះ តាមទំលាប់ដែលមានមកដល់ឥឡូវ។ ចំណែកការធ្វើអាជីវកម្មលើ ធនធាន ធម្មជាតិ ក្នុងតំបន់នេះ គូភាគីនឹង សហការសំរេចបញ្ហានេះ ដោយកិច្ចព្រមព្រៀង ។

ធ្វើនៅ ហូ ជី មិញ ថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ ១៩៨២
 ជាពីរច្បាប់ ជាភាសាវៀតណាម និងភាសាខ្មែរ។ អត្ថបទទាំងពីរនេះមាន តម្លៃដូចគ្នា ។
ជំនួសមុខ
រដ្ឋាភិបាលនៃសាធារណរដ្ឋ
ប្រជាមានិតកម្ពុជា
ហត្ថលេខា
ហ៊ុន សែន
រដ្ឋមន្ដ្រីការបរទេស
នៃសាធារណរដ្ឋប្រជាមានិតកម្ពុជា

ជំនួសមុខ
រដ្ឋាភិបាលនៃសាធារណរដ្ឋ
សង្គមនិយមវៀតណាម
ហត្ថលេខា
ង្វៀង កូថាច់
រដ្ឋមន្ដ្រីការបរទេស
នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

ផែនទីភ្ជាប់ជាមួយ កិច្ចព្រមព្រៀង ស្ដីពីតំបន់ប្រវត្ដិសាស្ដ្រ នៃសាធារណៈរដ្ឋប្រជាមានិតកម្ពុជា និង សាធារណៈរដ្ឋសង្គមនិយមវៀតណាម ដែលចុះហត្ថលេខានៅថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ ១៩៨២