Wednesday, April 18, 2012

កិច្ច​ព្រម​ព្រៀងស្ដីពី លក្ខន្ដិកៈ ព្រំដែន​រវាង សាធារណរ​ដ្ឋប្រជា​មានិត​កម្ពុជា និង សាធារណ​រដ្ឋសង្គម​និយមវៀត​ណាម ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៨៣

កិច្ចព្រមព្រៀងស្ដីពី
លក្ខន្ដិកៈ ព្រំដែនរវាង
សាធារណរដ្ឋប្រជាមានិតកម្ពុជា និង សាធារណរដ្ឋសង្គមនិយមវៀតណាម
ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៨៣

រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋ សង្គមនិយម វៀតណាម ដោយផ្អែកលើសន្ធិសញ្ញា សន្ដិភាពមិត្ដភាព និងសហប្រតិបត្ដិការរវាង សាធារណរដ្ឋប្រជាមានិតកម្ពុជា និង សាធារណរដ្ឋសង្គមនិយមវៀតណាម ដែលចុះ ហត្ថលេខា នាថ្ងៃទី ១៨ កុម្ភៈ ១៩៧៩ ។
ដែលមានបំណងបង្កើតព្រំដែន សន្ដិភាព និងមិត្ដភាពស្ថិតស្ថេរមួយរវាងរដ្ឋទាំងពីរលើ មូលដ្ឋាន នៃការគោរពឯករាជ្យ អធិបតេយ្យភាព និងបូរណភាពដែនដី នៃរដ្ឋនីមួយៗ និងក្នុង អត្ថប្រយោជន៍ នៃទំនាក់ទំនង ពិសេសកម្ពុជា-វៀតណាម សំដៅពង្រឹងសន្ដិសុខ ក្នុងបណ្ដា តំបន់ ព្រំដែនរវាងប្រទេសទាំងពីរ ៖
បានព្រមព្រៀងគ្នាដូចតទៅ ៖
I- គំនូសព្រំដែន និងបណ្ដាតំបន់ព្រំដែន
ប្រការ ១
    រហូតដល់មានការគូសកំណត់ជាស្ថាពរ ព្រំដែនរដ្ឋរវាងសាធារណរដ្ឋប្រជាមានិតកម្ពុជា និងសាធារណ រដ្ឋសង្គមនិយមវៀតណាម គឺជាព្រំដែន មានរួចមកហើយ ដែលមានគូសលើ ផែនទីខ្នាត ១/១០០.០០០ របស់ក្រុមភូមិសាស្ដ្រ ឥណ្ឌូចិន ដែលដាក់ឱ្យប្រើការមុនឆ្នាំ ១៩៥៤ ឬនៅកាលបរិច្ឆេទដែលកៀកបំផុតនឹងឆ្នាំ ១៩៥៤ ដូចបានកំណត់ក្នុងប្រការទី១ នៃសន្ធិសញ្ញា ស្ដីពី គោល​ការណ៍​ដើម្បី​ដោះ​ស្រាយបញ្ហាព្រំដែន រវាង សាធារណរដ្ឋប្រជាមានិតកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលចុះហត្ថលេខា នាថ្ងៃទី ២០ កក្កដា ឆ្នាំ ១៩៨៣។
ប្រការ ២
 ត្រូវតែគោរពព្រំដែនរដ្ឋរវាងប្រទេសទាំងពីរ។ ត្រូវតែការពារបង្គោលព្រំដែន។ ហាមផ្ដាច់មិន ឱ្យបង្ខិត ឬធ្វើឱ្យ​ខូចខាត​ដល់​បង្គោល​ព្រំដែន​ឡើយ។
ប្រការ ៣
   ភាគីទាំងពីរបានព្រមព្រៀងគ្នាបង្កើតនៅលើដែនដីរៀងខ្លួន នូវតំបន់មួយហៅថា តំបន់ ព្រំដែនដែល មានបណ្ដា ឃុំ ឬ​អង្គភាព​រដ្ឋបាល​មានថ្នាក់​ស្មើនឹងឃុំ ដោយមានព្រំប្រទល់ជាន់ លើព្រំដែន រដ្ឋរវាងកម្ពុជា និងវៀតណាម ក្នុងគោលបំណងសម្រួលការឆ្លងកាត់ព្រំដែន របស់​ពលរដ្ឋដែលស្ថិត នៅសងខាងព្រំដែន ឆ្លើយតបនឹងសេចក្ដីត្រូវការស្របច្បាប់ប្រចាំថ្ងៃ របស់ពលរដ្ឋទាំងនេះ និងធានាសន្ដិសុខ នៃតំបន់នីមួយៗ និងប្រទេសនីមួយៗ។
ភាគីទាំងពីរនឹងផ្ដល់ឱ្យគ្នាទៅវិញទៅមកនូវបញ្ជី ឃុំ ឬអង្គភាពរដ្ឋបាលដែលមានថ្នាក់ស្មើនឹង ឃុំ ដូចបាន​ចែងខាង​លើដោយ​បញ្ជាក់​ច្បាស់​នូវ​ចង្កោមរដ្ឋបាលរបស់ឃុំ ឬអង្គភាព រដ្ឋបាល ទាំងនេះ “ស្រុក-ខេត្ដ”។
II- បទប្បញ្ញត្ដិគ្រប់គ្រងបណ្ដាតំបន់ព្រំដែន
ប្រការ ៤
  ក- បណ្ដាពលរដ្ឋ នៃភាគីនិមួយៗ ដែលត្រូវបានអនុញ្ញាតឱ្យរស់នៅក្នុងបណ្ដាតំបន់ព្រំដែន ដែលចែងក្នុង ប្រការ ៣ នៃកិច្ចព្រមព្រៀងនេះ អាយុចាប់ពី ១៥ ឆ្នាំឡើងទៅត្រូវមាន អត្ដសញ្ញាណប័ណ្ណព្រំដែនចេញឱ្យ ដោយរដ្ឋអំណាចមានសមត្ថកិច្ច នៃប្រទេសខ្លួន និងមាន សញ្ញា​ពិសេសដែលភាគីទាំងពីរស្រុះស្រួលគ្នា ដើម្បីសំគាល់ពលរដ្ឋទាំងនេះផ្សេងពីបណ្ដា ជនដែលស្ថិតនៅក្រៅតំបន់ព្រំដែន។
ខ- បណ្ដាសមាសភាពអាក្រក់ ដែលអាចបណ្ដាលឱ្យប៉ះពាល់ ដល់ការរក្សាសន្ដិសុខ នយោបាយ និងរបៀបរៀបរយសង្គម និង​សេដ្ឋ​កិច្ច​នៃតំបន់ព្រំដែនមិនត្រូវបានអនុញ្ញាតឱ្យ រស់នៅក្នុងតំបន់ព្រំដែននោះ។
ប្រការ ៥
ក- បណ្ដាពលរដ្ឋតំបន់ព្រំដែន របស់ភាគីម្ខាងត្រូវបានអនុញ្ញាតឱ្យទៅកាន់តំបន់ព្រំដែន របស់ភាគីម្ខាងទៀត ដើម្បីទិញដូរ ដោះ​ដូរ​ទំនិញ​ចាំបាច់​សំរាប់ជីវភាពប្រចាំថ្ងៃ និងសេចក្ដី ត្រូវការដើម្បីផលិតកម្ម សាកសួរសុខទុក្ខគ្រួសារ និងទស្សនា ភាពយន្ដ សិល្បៈ ផ្សេងៗ ។ល។
ខ- ភាគីទាំងពីរនឹងកំណត់បញ្ជីឈ្មោះ និង ចំនួនទំនិញដែលពលរដ្ឋ នៃតំបន់ព្រំដែន ម្ខាងត្រូវបាន អនុញ្ញាត​ឱ្យនាំ​យក​ទៅតំបន់​ព្រំដែន​ម្ខាង​ទៀតក្នុង​ក្របខ័ណ្ឌ កថាខ័ណ្ឌ “ក” នៃប្រការនេះ។ មុខទំនិញទាំង នេះត្រូវបានរួចផុតពីទម្រង់ការ និងពន្ធគយ។
គ- មុខទំនិញដែលចែងក្នុងកថាខ័ណ្ឌ “ក” និង “ខ” នៃប្រការនេះសំរាប់តែដោះដូរ នៅផ្សារដែល រដ្ឋអំណាចសង្ខាង បើកក្នុងតំបន់ព្រំដែន និង​ត្រូវស្ថិតនៅក្រោមច្បាប់នឹងបទ បញ្ជា នៃភាគីនិមួយៗ។ 
ប្រការ ៦
ក- បណ្ដាពលរដ្ឋនៅតាមតំបន់ព្រំដែន នៃភាគីម្ខាងមិនត្រូវបានអនុញ្ញាតឱ្យតាំង លំនៅដ្ឋាន សង់ផ្ទះ សម្បែង ដាំដុះ យកផលព្រៃឈើ បរ​បាញ់​សត្វ ឃ្វាលគោក្របី និងសត្វស្លាប ។ល។ និងនេសាទត្រី បង្គារ បង្កងនៅលើដែនដីភាគីម្ខាងទៀតឡើយ លើក​លែង​តែ​ក្នុង​ករណី​ដែល​ ពលរដ្ឋទាំងនេះត្រូវបានអនុញ្ញាតដោយ រដ្ឋអំណាច នៃភាគីទាំងពីរចាប់ពីរដ្ឋអំណាច ថ្នាក់ស្រុកឡើងទៅ។ ក្នុង​ករណី​ដែល​ពល​រដ្ឋ​ទាំង​នេះបានតាំងលំនៅដ្ឋាន បានសង់ផ្ទះ សម្បែងរបស់ខ្លួនផ្ទុយនឹងបទប្បញ្ញត្ដិនេះ បន្ទាប់ពីកិច្ចព្រមព្រៀងនេះ ចូលជាធរមានពលរដ្ឋ ទាំង​នេះ​ត្រូវតែរុះរើផ្ទះសម្បែង របស់ខ្លួនចេញហើយវិលទៅកាន់ប្រទេសដើម របស់ខ្លួនវិញ ក្នុង រយៈពេលប្រាំមួយខែ។
ខ- ក្នុងករណីដែលជនម្នាក់កំពុងធ្វើការដាំដុះលើដែនដី នៃភាគីម្ខាងទៀត នៅពេលដែល កិច្ចព្រមព្រៀង នេះចូលជាធរមាន ហើយ​ដែល​ខ្លួន​មិនត្រូវបានអនុញ្ញាតឱ្យបន្ដសកម្មភាពនេះ ជននេះត្រូវបានអនុញ្ញាតឱ្យ ឆ្លងកាត់ព្រំដែនដើម្បីថែទាំ ដំណាំប្រចាំរដូវហើយនិងដើមឈើ និងដំណាំយូរអង្វែង របស់ខ្លួនរហូតដល់ ពេលប្រមូលផល ហើយត្រូវឈប់នៅពេលប្រមូល ផលនេះ បើ​ដំណាំ​នេះ​មិន​ទាន់​បាន​ប្រមូល​ផល។ ចំពោះដើមឈើ និងដំណាំយូរអង្វែង យ៉ាងយូរបំផុតមួយឆ្នាំ ចាប់ពីការចូលជាធរមាន នៃកិច្ចព្រមព្រៀងនេះ ជននោះត្រូវលក់ ដើម​ឈើ ​និងដំណាំទាំងនោះទៅរដ្ឋអំណាចតំបន់ជាម្ចាស់ផ្ទះ ដែលត្រូវចេញតម្លៃដំណាំទៅ សាមីជនតាមតម្លៃមួយដែលព្រមព្រៀងគ្នា។
គ- នៅពេលបំពេញសកម្មភាពផលិតកម្ម នៅក្នុងតំបន់ព្រំដែន របស់ភាគីម្ខាងទៀត ដូចចែង ខាងលើ សាមីជនត្រូវគោរពច្បាប់ និងបទបញ្ជារបស់ភាគីនេះ ។
ប្រការ ៧
ចំពោះពលរដ្ឋស្លូតត្រង់ របស់ភាគីម្ខាងដែលបានទៅតាំងលំនៅលើដែនដី នៃតំបន់ព្រំដែន ភាគីម្ខាងទៀត តាំង​ពីយូរ​យារ​មក​មុន​ពេល​កិច្ច​ព្រម​ព្រៀង​នេះចូលជាធរមាន ហើយបាន គោរពជានិច្ចនូវច្បាប់ ទំនៀមទំលាប់ របស់ប្រទេសម្ចាស់ផ្ទះ រដ្ឋអំណាចមូលដ្ឋាន នៃប្រទេស នោះ​បង្កលក្ខណៈ ដើម្បីឱ្យជនទាំងនេះ បន្ដរស់នៅ និងប្រកបការងារនៅទីនោះ។ បណ្ដា សមាសភាពអាក្រក់ ដែលធ្​វើស​កម្មភាព​ខុសច្​បាប់​ មិនស្ថិតនៅក្នុង បទប្បញ្ញត្ដិនេះទេ។
ប្រការ ៨
ក- នៅទីណាដែលព្រំដែនពុះចំពាក់កណ្ដាលផ្លូវទឹក ទន្លេ ស្ទឹង ព្រែក ព្រែកជីក ដងអូរ ពលរដ្ឋ នៃតំបន់ព្រំដែន នៃគូ​ភាគី​ត្រូវ​បាន​អនុញ្ញាត​ឱ្យប្រើប្រាស់ទឹកសំរាប់ជីវភាពប្រចាំថ្ងៃ នេសាទត្រី បង្គារបង្កង ធ្វើចរាចរ ទូក និងកប៉ាល់តាមធម្មតា ប៉ុន្ដែមិនអាចឡើងគោកលើច្រាំង នៃភាគី​ម្ខាងទៀត លើកលែងតែ ក្នុងករណីមានគ្រោះថ្នាក់ ហើយក្នុងករណីបែបនេះភាគី ទាំងពីរ នឹងជួយគ្នាទៅវិញទៅមក ដើម្បីជួយ សង្គ្រោះ​ជនរងគ្រោះ។
ខ- នៅទីណាដែលច្រាំងផ្លូវទឹកមួយ ទន្លេ ស្ទឹង ព្រែក ព្រែកជីក ដងអូរ ត្រូវបានកំណត់ យកជាព្រំដែនពលរដ្ឋ នៃតំបន់​ព្រំដែន​មួយទៀត​នៅតែត្រូវបានអនុញ្ញាតឱ្យ ប្រើប្រាស់ ទឹកសំរាប់ ជីវភាពប្រចាំថ្ងៃ និងធ្វើចរាចរទូក និងកប៉ាល់តាមធម្មតា ប៉ុន្ដែមិនត្រូវបានអនុញ្ញត ឱ្យ​នេសាទ​ត្រី បង្គារ បង្កង លើកលែងតែករណី ដែលបានការអនុញ្ញាតពីរដ្ឋអំណាច នៃ គូភាគីចាប់ពីថ្នាក់ស្រុកឡើងទៅ ហើយ​ក្នុងការ​ធ្វើសកម្មភាពទាំង អស់នេះត្រូវគោរព អធិបតេយ្យភាព និងច្បាប់ និងបទបញ្ជា នៃរដ្ឋជាម្ចាស់ផ្លូវទឹកទាំងនោះ។
គ- ពលរដ្ឋតំបន់ព្រំដែន នៃគូភាគីអាចសង់សំណង់ធារាសាស្ដ្រធុនតូចនៅក្នុងផ្លូវទឹក ព្រំដែន ទន្លេ ស្ទឹង ព្រែក ព្រែកជីក ដងអូរ។ មុន​នឹង​ចាប់​ធ្វើ​សំណង់ប្រភេទនេះ រដ្ឋអំណាចថ្នាក់ស្រុក នៃភាគីដែលមាន បំណងធ្វើសំណង់ ត្រូវពិភាក្សាបញ្ហានេះ ជាមួយនិង​ទទួល​ការយល់​ព្រម​ ពីរដ្ឋអំណាចថ្នាក់ស្រុក នៃភាគីម្ខាង ទៀតក្នុងគោលបំណង ធានាផលប្រយោជន៍រួម នៃគូភាគី និងចៀសវាងធ្វើឱ្យប្ដូរទិស របស់​ស្ទឹង​ព្រែក​ ព្រែកជីក ដងអូរទាំងនោះ។
ការធ្វើសំណង់ធារាសាស្ដ្រធុនមធម្យ និងធុនធំក្នុងផ្លូវទឹកព្រំដែន ទន្លេ ស្ទឹង ព្រែក ព្រែកជីក ដងអូរ ត្រូវបាន​ពិភាក្សា​ដោយ​រដ្ឋ​អំណាច​ថ្នាក់​ខេត្ដ​នៃគូភាគី មុននឹងដាក់សុំការយល់ព្រមពី រដ្ឋាភិបាលទាំងពីរ។
ប្រការ ៩
ក- ភាគីទាំងពីរត្រូវចាត់វិធានការចាំបាច់ ដើម្បីការពារព្រៃឈើ និងចំការទាំងឡាយ នៅតាម បណ្ដោយ ព្រំដែន។
ខ- នៅពេលដែលភាគីម្ខាងទទួលរងគ្រោះ ដោយជំងឺរាតត្បាត ឬ សត្វល្អិតស៊ីបំផ្លាញដំណាំ ដើមឈើ ឬ ភ្លើងឆេះព្រៃ ភាគី​នេះត្រូវ​ចាត់​វិធាន​ការសក្ដិសិទ្ធិជាបន្ទាន់ ដើម្បីកំចាត់ គ្រោះមហន្ដរាយ ពន្លត់ភ្លើង ព្រមជាមួយ នោះផ្ដល់ព័ត៌មានពីបញ្ហានេះទៅរដ្ឋអំណាច នៃ ភាគី​ម្ខាង​ទៀត​ ដើម្បីឱ្យចាត់វិធានការការពារ ទាន់ពេលវេលា។ តាមសំណូមពររបស់ភាគី រងគ្រោះ ភាគីម្ខាង​ទៀត​នឹងផ្ដល់​ជំនួយ​សកម្ម​ទាន់​ពេលវេលាដល់ ភាគីរងគ្រោះក្នុងក្រប ខណ្ឌមធ្យោបាយរបស់ខ្លួន។
ប្រការ ១០
ក- ក្នុងពេលមានជំងឺរាតត្បាតប៉ះពាល់មនុស្ស ឬសត្វរបស់ភាគីណាមួយភាគីនេះ ចាំបាច់ត្រូវ ចាត់គ្រប់វិធានការ ដើម្បីកំចាត់ និង​ទប់​ស្កាត់​ការ​រីករាលដាលរបស់វាព្រមជាមួយ នោះផ្ដល់ ព័ត៌មានពីបញ្ហានេះ ទៅភាគីម្ខាងទៀត។ តាមសំណូមពររបស់ភាគីរងគ្រោះ ភាគីម្ខាងទៀត ផ្ដល់​ជំនួយ​សកម្មទាន់ពេលវេលា ក្នុងក្របខណ្ឌមធ្យោបាយរបស់ខ្លួន។
ខ- ក្នុងពេលមានជំងឺរាតត្បាតប៉ះពាល់មនុស្ស ឬ សត្វនៃភូមិភាគព្រំដែនមួយពលរដ្ឋ នៃ តំបន់ព្រំដែន ទាំងពីរក្បែរភូមិភាគនោះ ត្រូវបាន​ហាម​ឃាត់​ជា​បណ្ដោះអាសន្ន មិនឱ្យឆ្លងកាត់ ព្រំដែនធ្វើការផ្លាស់ប្ដូរទំនិញ ទៅវិញទៅមក និងផ្លាស់ប្ដូរទីកន្លែងសត្វពាហនៈ ក្នុងតំបន់ ព្រំដែន​ទាំងនោះក៏ដូចជាទីជិតខាង។ បណ្ដាវិធាន ការហាមប្រាមបណ្ដោះអាសន្ន ទាំងនេះ ត្រូវបានសម្រេចដោយរដ្ឋអំណាចខេត្ដ។
ប្រការ ១១
ក្នុងករណីដែលជនម្នាក់ ឬច្រើននាក់មានជំងឺ ឬមានគ្រោះថ្នាក់ត្រូវការព្យាបាលជាបន្ទាន់ ពលរដ្ឋតំបន់ព្រំដែន នៃភាគី​ម្ខាង​អាច​ទាក់​ទង​ដោយ​ផ្ទាល់​ជាមួយមន្ទីរព្យាបាល ដែលស្ថិត នៅជិតបំផុតរបស់ភាគីម្ខាងទៀត ដើម្បីស្នើការជួយឧបត្ថម្ភ ទន្ទឹមនឹងនោះផ្ដល់ព័ត៌មាន ពីបញ្ហានេះមករដ្ឋអំណាចខាងខ្លួន ដើម្បីឱ្យទាក់ទងជាមួយ រដ្ឋអំណាចម្ខាងទៀត បំពេញ នូវបែប បទចាំបាច់ ។
III- ការត្រួតពិនិត្យការឆ្លងកាត់ព្រំដែន
 ប្រការ ១២
ក- ភាគីទាំងពីរព្រមព្រៀងគ្នាបើកច្រកឆ្លងកាត់ប្រាំបីកន្លែងលើផ្លូវគោក និង ផ្លូវទឹកដូចតទៅ ៖
កម្ពុជា
វៀតណាម
ផ្លូវលេខ ១៩
- អណ្ដូងពេជ្រ
ឡេ ថាញ់
ផ្លូវលេខ ១
- អូរ រាំង
ប៊ូ ប្រាង
ផ្លូវលេខ ១៣
- ស្នួល
បណេ
ផ្លូវលេខ ៧
ផ្លូវលេខ ២២ បេ
- ត្រញំងផ្លុង
សាម៉ាច់
ផ្លូវលេខ ១
ផ្លូវលេខ ២២ អា
- ភ្នំ ដិន
ទិញ បៀន
ផ្លូវលេខ ១៧
- លក
សាស៊ា
ទន្លេមេគង្គ
គូឡុង សុងទៀន
ក្អមសំណ កោះរកា
វិញ សឿង ធឿង ភឿក
ខ- ភាគីទាំងពីរ នឹងតាំងបង្កើតរៀងៗ ខ្លួននូវប៉ុសិ៍្ដយាមតាមច្រកឆ្លងកាត់សំខាន់ៗ ដើម្បីទទួល បន្ទុកត្រួតពិនិត្យមនុស្ស ភារវត្ថុទំនិញ និងមធ្យោបាយដឹកជញ្ជូនដែលឆ្លង កាត់ព្រំដែនដោយ អនុលោមតាមបញ្ញត្ដិ នៃកិច្ចព្រមព្រៀងនេះ ឬតាមបញ្ញត្ដិទាំងឡាយ ស្របនឹងបញ្ហានេះដែល រដ្ឋទាំងពីរបានព្រមព្រៀងគ្នា និងតាមច្បាប់ និងបទបញ្ជាសមស្រប នៃរដ្ឋនិមួយៗ។
គ- នៅទីកន្លែងដែលស្ថិតនៅឆ្ងាយពីច្រកឆ្លងកាត់ដែលចែងក្នុងកថាខណ្ឌ “ក” នៃប្រការនេះ រដ្ឋអំណាច ខេត្ដ នៃគូភាគី​អាច​ព្រម​ព្រៀង​គ្នា​បើក​ច្រកបន្ថែមតាមផ្លូវគមនាគមន៍រវាងភូមិ ឬផ្លូវលំ ដើម្បីសំរួលចរាចរ ដល់ពលរដ្ឋតំបន់ព្រំដែន នៃគូភាគី។
ឃ- ការត្រួតពិនិត្យការឆ្លងកាត់ព្រំដែន តាមច្រកឆ្លងកាត់បន្ថែម ត្រូវបានទទួលរ៉ាប់រងដោយ ប៉ុសិ៍្ដឆ្មាំ ព្រំដែននៅនឹងមូលដ្ឋាននោះ។
ប្រការ ១៣
ដើម្បីឆ្លងកាត់ព្រំដែន បណ្ដាពលរដ្ឋ កម្មាភិបាល កងទ័ព និងទំនិញ នៃរដ្ឋទាំងពីរ ត្រូវគោរព តាម បណ្ដាបញ្ញត្ដិ ខាងក្រោមនេះ ៖
ក- កម្មាភិបាល អ្នករដ្ឋការ កម្មករ នៃបណ្ដាផ្នែកផ្សេងៗ នៃភាគីនីមួយៗ រួមទាំងកងទ័ពផង ដែលឆ្លងកាត់ព្រំដែនតែឯកឯង ឬដោយក្រុម ដើម្បីទៅបំពេញបេសកកម្មផ្លូវការ ទស្សនកិច្ច ជាមិត្ដភាព ទៅរួមក្នុងវគ្គសិក្សា ទៅព្យាបាលជំងឺ ឬដោយមូលហេតុផ្សេងៗទៀត ព្រមទាំង បណ្ដាអាណិកជន នៃភាគីនីមួយៗ ដែលត្រូវបានអនុញ្ញាតឱ្យត្រឡប់មក ឬចាកចេញពី ប្រទេសខ្លួន ត្រូវតែមានលិខិតឆ្លងដែន ឬ​លិខិតស្នាមមាន តម្លៃស្មើនឹងលិខិតឆ្លងដែន ដែលក្រសួងការបរទេស នៃប្រទេសខ្លួនចេញឱ្យ។
ខ- កម្មាភិបាល អ្នករដ្ឋការ កម្មករ នៃផ្នែកផ្សេងៗ និងនៃបណ្ដាខេត្ដមិនជាប់ព្រំដែន របស់ ប្រទេសនិមួយៗ ដែលឆ្លងកាត់ព្រំដែន ទោះ​ដោយ​ក្រុម​ក្ដី តែឯកឯងក្ដី ដើម្បីបំពេញ បេសកកម្មដែល មន្ទីរក្រសួង ខ្លួនប្រគល់ឱ្យក្នុងក្របខណ្ឌ នៃកិច្ចព្រមព្រៀងណាមួយ រវាង​ភាគី​ទាំង​ពីរ​ត្រូវតែមានលិខិត បើកផ្លូវដែល អង្គភាពមានសមត្ថកិច្ច នៃក្រសួងមហាផ្ទៃ ឬនៃក្រសួងការបរទេស របស់ប្រទេសនិមួយៗចេញឱ្យ។
គ- បណ្ដាអង្គភាព កងទ័ព ឬយុទ្ធជនម្នាក់ៗ នៃភាគីនិមួយៗ ដែលឆ្លងកាត់ព្រំដែន ដើម្បីទៅ បំពេញបេសកកម្ម ដែល​ក្រសួង​ការពារ​ប្រទេស​ នៃប្រទេសទាំងពីរព្រមព្រៀងគ្នា ត្រូវតែមាន លិខិតឧទ្ទេស នាមឱ្យឆ្លងកាត់ ព្រំដែនចេញដោយ ក្រុមមានសមត្ថកិច្ចរបស់កងទ័ព ដែល ក្រសួងការពារប្រទេស នៃប្រទេសទាំង ពីរព្រមព្រៀងគ្នាចាត់តាំង ។
ឃ- កម្មាភិបាល អ្នករដ្ឋការ កម្មករ នៃបណ្ដាខេត្ដព្រំដែនរបស់ប្រទេសមួយដែល ឆ្លងកាត់ ព្រំដែនទៅ កាន់ខេត្ដព្រំដែន នៃ​ប្រទេស​មួយ​ទៀត​ទោះ​ជាក្រុម​ក្ដី តែឯកឯងក្ដី ដើម្បីទៅ បំពេញបេសកកម្ម ឬទស្សនកិច្ច ជាមិត្ដភាព ត្រូវតែមាន លិខិតបើកផ្លូវព្រំដែនដែលរដ្ឋ អំណាច​ខេត្ដ​នៃ​ប្រទេសនិមួយៗចេញឱ្យ។ លិខិត បើកផ្លូវព្រំដែនទាំងនេះមានតម្លៃសំរាប់តែ ទៅខេត្ដព្រំដែនដែលត្រូវទៅកាន់ប៉ុណ្ណោះ។
ង- ពលរដ្ឋ នៃប្រទេសនិមួយៗ ដែលឆ្លងកាត់ព្រំដែនជាឯកជនដូចជាទៅសួរសុខទុក្ខគ្រួសារ ឬ មិត្ដភ័ក្ដិ ទៅថែរក្សា ឬប្ដួរទីកន្លែងផ្នូរ... ត្រូវ​មាន​លិខិតមានតម្លៃស្មើនឹងលិខិត ឆ្លងដែនដែល អង្គភាព មានសមត្ថកិច្ច នៃក្រសួងមហាផ្ទៃ ឬនៃក្រសួងការបរទេស របស់ប្រទេសនិមួយៗ ចេញឱ្យ។
ច- ពលរដ្ឋ នៃតំបន់ព្រំដែនមួយ ដែលទៅកាន់តំបន់ព្រំដែនមួយទៀត ក្នុងក្របខណ្ឌ កថាខណ្ឌ “ក” នៃប្រការ ៥ នៃកិច្ចព្រមព្រៀងនេះ ត្រូវ​មាន​អត្ដសញ្ញាណប័ណ្ណព្រំដែន។ ប្រសិនបើពលរដ្ឋទាំងនោះ មាន បំណងស្នាក់នៅទីនោះលើសពីបីថ្ងៃ សាមីជនត្រូវមានការ អនុញ្ញាត​ជាក់​ល័ក្ខណ៍ពីរដ្ឋអំណាច នៃឃុំ របស់ខ្លួន ឬ របស់អង្គភាពឆ្មាំព្រំដែន ដែលតាំង នៅចំណុចដែលជិតបំផុត។ ជនទាំងនេះត្រូវបង្ហាញ អត្ដ​សញ្ញាណ​ប័ណ្ណ ព្រំដែនរបស់ខ្លួន និងជាយថាហេតុនូវលិខិតអនុញ្ញាតរបស់ខ្លួន ដល់រដ្ឋអំណាចឃុំដែលខ្លួន ទៅកាន់ស្របតាម ប្រការ ១៥ “ខ” ខាងក្រោម។
ឆ- សមាជិកក្រុមនាវិករបស់នាវាទាំងឡាយ នៃភាគីម្ខាងដែលឆ្លងចូលដែនដី នៃភាគីម្ខាង ទៀត ត្រូវ មានអត្ដ​សញ្ញាណ​ប័ណ្ណ​នាវិក​របស់​ខ្លួន​
ជ- ទំនិញទាំងឡាយគ្រប់ប្រភេទ ដែលត្រូវបានដឹកនាំទៅម្ខាងទៀតនៃព្រំដែន លើកលែង តែទំនិញរបស់កងទ័ព ត្រូវ​មាន​ភ្ជាប់​សេចក្ដី​បញ្ជាក់​របស់អង្គភាពជាអ្នកផ្ញើ និងត្រូវគោរពតាម បទបញ្ជាគយ បទបញ្ជា ត្រួតពិនិត្យសុខាភិបាល និងបទបញ្ជាភូតគាម អនាម័យ និងបទ​បញ្ជា​ សមស្របដទៃទៀតនៃភាគីនិមួយៗ។
ប្រការ ១៤
ភាគីទាំងពីរឯកភាពគ្នាលើគំរូលិខិតបើកផ្លូវព្រំដែនដែលចែងក្នុងប្រការ ១៣ នៃកិច្ចព្រមព្រៀង នេះហើយនឹង បញ្ជូន ឱ្យ​គ្នា​ទៅវិញ​ទៅមក​នូវ​សំណៅហត្ថលេខា និងត្រារបស់ខ្លួន។ លិខិត បើកផ្លូវព្រំដែនត្រូវធ្វើ ឡើងជាពីរ ភាសាខ្មែរ និង វៀតណាម។
នៅពេល​ដែល​ភាគីម្ខាងប្ដូរហត្ថលេខា និងត្រា ភាគីនេះត្រូវបញ្ជូនសំណៅត្រា និង ហត្ថលេខាថ្មី ៣០ថ្ងៃ មុន ទៅភាគីម្ខាងទៀត ដើម្បី​ភាគី​ក្រោយ​នេះអាចឱ្យព័ត៌មានទៅបណ្ដា ប៉ុសិ៍្ដត្រួតពិនិត្យតាមច្រក ឆ្លងកាត់ បណ្ដាប៉ុសិ៍្ដ ឆ្មាំព្រំដែន និងរដ្ឋអំណាចឃុំនៅតំបន់ព្រំដែន។
ប្រការ ១៥
ការឆ្លងកាត់ព្រំដែនត្រូវស្ថិតនៅក្រោមបញ្ញត្ដិដូចតទៅ ៖
ក- ដើម្បីឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរ បណ្ដាអ្នកដំណើរ ភារវត្ថុ ទំនិញ មធ្យោបាយដឹក ជញ្ជូនរបស់ភាគី ទាំង​ពីរ​ត្រូវ​មាន​លិខិត​ស្នាម​ដែល​តម្រូវតាមប្រការ ១៣ នៃកិច្ចព្រមព្រៀង នេះ ត្រូវឆ្លងកាត់តាម ច្រកអនុញ្ញាត ដែលចែងក្នុងលិខិតធ្វើដំណើរ ត្រូវបង្ហាញលិខិតរបស់ ខ្លួន​នៅ​ប៉ុសិ៍្ដ ត្រួតពិនិត្យ ដើម្បីចុះបញ្ជិកា និងដាក់ខ្លួនឱ្យ ត្រួតពិនិត្យចាំបាច់។
ហាមមិនឱ្យឆ្លងកាត់ព្រំដែន អ្នកដំណើររួមទាំងភារវត្ថុ ទំនិញ និងមធ្យោបាយដឹក ជញ្ជូនដែល ពុំមាន លិខិតស្នាម ចាំបាច់ ឬដែល​មាន​លិខិត​ស្នាម​ចាំ​បាច់មិនគ្រប់គ្រាន់។
ខ- ពលរដ្ឋ នៃតំបន់ព្រំដែនមួយដែលរស់នៅឆ្ងាយពីច្រកឆ្លងកាត់សំខាន់ៗ អាចឆ្លងកាត់ ព្រំដែនត្រង់ ច្រកឆ្លង កាត់បន្ថែម។ នៅ​ពេល​ឆ្លង​កាត់​ព្រំដែន​ជនទាំងនោះត្រូវបង្ហាញ លិខិត ស្នាមរបស់ខ្លួននៅប៉ុសិ៍្ដឆ្មាំ ព្រំដែន ឬដល់អង្គភាពឆ្មាំព្រំដែន ដែលទទួលភារកិច្ចត្រួតពិនិត្យ នៅទីកន្លែងនោះ។ នៅទីណាដែលគ្មានប៉ុសិ៍្ដ ឬអង្គភាពត្រួតពិនិត្យ សាមីជនត្រូវបង្ហាញ អត្ដ​សញ្ញាណ​ប័ណ្ណ​ព្រំដែន​ដល់​រដ្ឋ​អំណាច​ឃុំដែល​ខ្លួន​ទៅ​កាន់ ទីនោះ។ ប្រសិនបើការស្នាក់ នៅក្នុងតំបន់ព្រំដែន នៃភាគីម្ខាង ទៀតលើសពី បី “៣” ថ្ងៃសាមីជនត្រូវបង្ហាញបន្ថែមទៀត នូវ​លិខិត​អនុញ្ញាតជាក់ល័ក្ខណ៍ដែលចែងក្នុងកថាខណ្ឌ “ច” នៃប្រការ ១៣ នៃកិច្ចព្រមព្រៀង នេះ។
គ- បណ្ដាជនដែលពុំកាន់សញ្ញាតិកម្ពុជា ឬសញ្ជាតិវៀតណាម ហើយដែលចង់ឆ្លងកាត់ ព្រំដែនរវាង ប្រទេសទាំងពីរ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ឆ្លង​កាត់​តែតាមច្រកអនុញ្ញាត លើផ្លូវជាតិ លេខ ១ ខាងកម្ពុជា ឬលេខ ២២ អា ខាងវៀតណាម ទន្លេមេគង្គខាងកម្ពុជា ឬសុងគូឡុង-សុង​ទៀន​ ខាងវៀតណាម និងត្រូវនៅក្រោម ការត្រួតពិនិត្យរបស់ប៉ុសិ៍្ដត្រួតពិនិត្យ ដែលស្ថិនៅច្រកទាំងនោះ។
ប្រការ ១៦
ភាគីទាំងពីរបង្កើនសហប្រតិបត្ដិការ ដើម្បីធានាឱ្យមានរបៀបរៀបរយ និងសន្ដិសុខរួមក្នុង បណ្ដាតំបន់ ព្រំដែន នៃប្រទេសទាំងពីរ។
ក- នៅពេលដែលភាគីម្ខាងប្រទះឃើញសកម្មភាពរបស់កងឆ្មក់ ចារបុរស ពួកសេស សល់ពីទ័ពរបបចាស់ និង​សមាស​ភាព​អាក្រក់​ផ្សេង​ទៀត​ ភាគីនេះត្រូវតែជូនព័ត៌មានពី បញ្ហានេះ ទាន់ពេលវេលាទៅ ភាគីម្ខាង ទៀត និងធ្វើសកម្មភាព រួមគ្នាទប់ទល់បើចាំបាច់ ។
ខ- ក្នុងករណីពលរដ្ឋ នៃប្រទេសមួយល្មើសច្បាប់ និងបទបញ្ជា នៃប្រទេសមួយទៀត “អំពើឆក់ប្លន់ អំពើឃោរឃៅ ប្រើកម្លាំង អំពើរត់ពន្ធ ។ល។” រដ្ឋអំណាចមូលដ្ឋាននៃប្រទេស រងគ្រោះត្រូវបញ្ឈប់ ឱ្យទាន់ពេលវេលាធ្វើកំណត់ហេតុ រួចប្រគល់ជនជាប់ចោទ និងលិខិត តិក​តាង​ទៅ​​រដ្ឋអំណាចនៃប្រទេស របស់ជនជាប់ចោទដើម្បីដោះស្រាយ
IV- បញ្ញត្ដិទូទៅ
ប្រការ ១៧
ក្នុងករណីមានវិវាទនៅតាមព្រំដែន រដ្ឋអំណាចមូលដ្ឋាននៃប្រទេសទាំងពីរទៅតាមសភាព នៃករណីនិមួយៗ ត្រូវជួបជុំគ្នាទាន់ពេលវេលា ដើម្បីពិភាក្សារិះរកដំណោះស្រាយមួយ លើស្មារតីមិត្ដភាព និងទំនាក់ទំនងពិសេសរវាងប្រទេសទាំងពីរ។ ចំពោះករណីមានជំលោះ រឿង​ដែន​ដី រដ្ឋអំណាចមូលដ្ឋាននៃ ភាគីនិមួយៗ ធ្វើរបាយការណ៍រឿងនេះមករដ្ឋាភិបាល ខ្លួនដើម្បីដោះស្រាយ។ ក្នុង​ពេល​រង់​ចាំ​ដំណោះ​ស្រាយ​ ភាគីទាំងពីរ ខិតខំរក្សា ទំនាក់ទំនង ជាធម្មតា និងមិនធ្វើឱ្យ សភាពការណ៍កាន់តែស្មុគស្មាញ។
ប្រការ ១៨
បណ្ដាផ្នែកដែលពាក់ព័ន្ធក្នុងការការពារសន្ដិសុខតាមព្រំដែន និងរដ្ឋអំណាចខេត្ដតាមព្រំដែន នៃភាគី ទាំងពីរ ត្រូវជួបជុំគ្នា ដើម្បី​ពិភាក្សា​ពីវិធាន​ការអនុវត្ដកិច្ចព្រមព្រៀងនេះ។
ប្រការ ១៩
ក- កិច្ចព្រមព្រៀងនេះមានតម្លៃសំរាប់រយៈពេលប្រាំឆ្នាំ គិតពីពេលចូលជាធរមាន នៃ សន្ធិសញ្ញាស្ដីពី គោលការណ៍ ដើម្បី​ដំណោះ​ស្រាយ​ព្រំដែន​ រវាងសាធារណរដ្ឋប្រជាមានិត កម្ពុជា និងសាធារណរដ្ឋសង្គមនិយម វៀតណាម ដែលចុះ ហត្ថលេខា នាថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៨៣​។
កិច្ចព្រមព្រៀងនេះ នឹងត្រូវបានបន្ដសំរាប់រយៈពេលប្រាំឆ្នាំថ្មីទៀតជាស្វ័យប្រវត្ដិ ប្រសិនបើ បីខែមុន ពេលអស់​ប្រសិទ្ធភាព​ពុំមាន​ភាគី​ចុះ​កិច្ចសន្យាណាមួយសំដែងបំណង បញ្ចប់កិច្ច ព្រមព្រៀងនេះទេ។
ខ- កិច្ចព្រមព្រៀងនេះអាចត្រូវបន្ថែម ឬកែប្រែដោយការព្រមព្រៀងរវាងភាគីទាំងពីរ។

ធ្វើនៅភ្នំពេញ ថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៨៣
ជាពីរច្បាប់ជាភាសាខ្មែរ និងវៀតណាម។ អត្ថបទ ទាំងពីរមានតម្លៃដូចគ្នា។
ជ.រដ្ឋាភិបាលនៃសាធារណរដ្ឋជ.រដ្ឋាភិបាលនៃសាធារណរដ្ឋ
ប្រជាមានិតកម្ពុជាសង្គមនិយមវៀតណាម
ហត្ថលេខាហត្ថលេខា
ហ៊ុន សែនង្វៀន កឺថាច់
រដ្ឋមន្ដ្រីការបរទេសនៃរដ្ឋមន្ដ្រីការបរទេសនៃ
សាធារណរដ្ឋប្រជាមានិតកម្ពុជាសាធារណរដ្ឋសង្គមនិយមវៀតណាម