Wednesday, April 18, 2012

សន្ធិ​សញ្ញា​បំពេញ​បន្ថែម រវាង ព្រះរាជា​ណា​ចក្រ​កម្ពុជា និងសាធារណ​រដ្ឋ​សង្គម​និយម​វៀតណាម ទៅលើ​សន្ធិ​សញ្ញា​កំណត់​ព្រំដែនរដ្ឋ ឆ្នាំ ១៩៨៥

សន្ធិសញ្ញាបំពេញបន្ថែម
រវាង
ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម
ទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ ឆ្នាំ ១៩៨៥


   
ក្នុងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម (ដែលតទៅ នេះហៅថា “ភាគីគូសន្យាទាំងពីរ”) ក្នុងគោលបំណង កសាងខ្សែព្រំដែនសន្ដិភាព សន្ដិសុខ ស្ថិរភាពយូរអង្វែងរវាង ប្រទេសទាំងពីរ ដោយ ឈរ​លើ​មូល​ដ្ឋាន គោរពឯករាជ្យ អធិបតេយ្យភាព និងបូរណភាពដែនដី មិនជ្រៀតជ្រែក កិច្ចការផ្ទៃក្នុង របស់គ្នាសហប្រតិបត្ដិការស្មើភាព ក្នុង​ការ​គោរព​ ដល់ផលប្រយោជន៍គ្នា ទៅវិញទៅមក ដើម្បីរក្សា និង បង្កើនទំនាក់ទំនងជិតខាងល្អ និងសាមគ្គី មិត្ដភាពជាប្រពៃណី រវាងប្​រទេសទាំងពីរ។
ក្នុងគោលបំណងបញ្ចប់ឱ្យបានឆាប់ដំណើរការខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរួម នៃប្រទេសទាំងពីរ។
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃរាជរដ្ឋាភិបាលកម្ពុជា និង ឯកឧត្ដម ផាន វ៉ាន់ ខាយ នាយករដ្ឋមន្ដ្រី នៃសាធា​រណ​រដ្ឋ​សង្គម​និយម​វៀតណាម ​បានសម្រេចចុះហត្ថលេខាលើ សន្ធិសញ្ញាបំពេញបន្ថែម ស្ដីពីការកំណត់ព្រំដែនគោក រវាងព្រះរាជាណាចក្រ កម្ពុជា និង​សាធា​រណ​រដ្ឋសង្គមនិយមវៀតណាម (ដែលតទៅនេះហៅថា “សន្ធិសញ្ញាបំពេញ បន្ថែម”) ដើម្បី សំដែងការកែសម្រួលទាំងឡាយ ទៅ​លើ​ខ្សែព្រំដែន ដែលបានកំណត់ ក្នុងសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាង សាធារណរដ្ឋប្រជាមានិតកម្ពុជា និងសាធារណរដ្ឋ សង្គម​និយម​វៀត​ណាម​ ចុះហត្ថលេខាថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ១៩៨៥ (ដែល តទៅនេះហៅថា “ សន្ធិសញ្ញាកំណត់ព្រំដែនឆ្នាំ ១៩៨៥ ”) ភាគី​ទាំង​ពីរ​បាន​ឯកភាពគ្នាលើ ប្រការដូចតទៅ ៖
ប្រការ១
ភាគីគូសន្យាទាំងពីរបានឯកភាពអនុម័តយកគោលការណ៍ និងការដោះស្រាយ មួយចំនួន ដោយឈរលើ មូលដ្ឋាន នៃសន្ធិ​សញ្ញា​កំណត់​ព្រំដែន​ឆ្នាំ ១៩៨៥ ដើម្បីកែសម្រួលទិសដើរ នៃខ្សែព្រំដែនគោកនៅតំបន់ មួយចំនួនដូចខាងក្រោម ៖

១- ភាគីគូសន្យាទាំងពីរ បានឯកភាពគ្នាអនុវត្ដតាមគោលការណ៍ និងការអនុវត្ដអន្ដរជាតិ ស្ដីពី ព្រំដែនដើរ តាមទន្លេ ឬផ្លូវទឹក ដើម្បី​កំណត់ខ្សែព្រំដែនដើរតាមទន្លេ ឬ ផ្លូវទឹក នៅតាម បណ្ដោយព្រំដែន គោកទាំងមូល នៃប្រទេសទាំងពីនោះគឺៈ

- ចំពោះកំណាត់ព្រំដែនទឹក តាមព្រែក ស្ទឹង ដែលមិនអាចធ្វើនាវាចរបាន ខ្សែព្រំដែនត្រូវ ដើរតាម បន្ទាត់ទ្រូង នៃ​ផ្លូវ​ទឹក​នោះ។

- ចំពោះកំណាត់ព្រំដែនទឹក តាមព្រែក ស្ទឹង ដែលអាចធ្វើនាវាចរបាន ខ្សែព្រំដែន នោះត្រូវ ដើរតាម បន្ទាត់ទ្រូង នៃ​ជ្រលង​ទឹក​ជ្រៅ។

គោលការណ៍ខាងលើត្រូវបានបង្ហាញជាក់ស្ដែងដូចខាងក្រោម ៖

១-១- ទីតាំងជាក់លាក់របស់បន្ទាត់ទ្រូងនៃផ្លូវទឹកសំខាន់ ឬ ជ្រលងទឹកជ្រៅ ដែលអាចធ្វើ នាវាចរបាន និងកម្មសិទ្ធី កោះ ដីដុះ និង​ច្រាំងបាក់ ក្នុងផ្លូវទឹក ស្ទឹង ព្រែក ទន្លេ នឹងត្រូវកំណត់ ដោយភាគីគូសន្យា ទាំងពីរក្នុងពេលដំណើរការខ័ណ្ឌសីមា និង​បោះ​បង្គោល​ព្រំដែន។

លក្ខណៈវិនិច្ឆ័យសំខាន់ សម្រាប់ឱ្យនិយមន័យដល់ផ្លូវទឹកសំខាន់ គឺមរិមាណទឹក នៃកំពស់ ទឹកមធ្យម។ លក្ខណៈវិនិច្ឆ័យ សំខាន់​សម្រាប់ឱ្យនិយមន័យដល់ជ្រលងទឹកជ្រៅសំខាន់ ដែលអាចធ្វើនាវាចរបាន គឺជម្រៅទឹក នៃជ្​រលង​ទឹក​ជ្រៅ​ដែល​អាច​ធ្វើ​នាវា​ចរបាន ហើយជំរៅ ទឹកនោះនឹងត្រូវពិចារណា ថ្លឹងថ្លែង ដោយមាន ការគួបផ្សំជាមួយនឹងទទឹង និងកាំនៃខ្សែកោង របស់​ជ្រលងទឹកជ្រៅ ដែលអាចធ្វើនាវាចរបាន។ បន្ទាត់ទ្រូង នៃជ្រលងទឹកជ្រៅសំខាន់ ដែលអាចធ្វើនាវាចរបាន គឺជា​បន្ទាត់​ទ្រូង នៃផ្ទៃទឹកដែល ស្ថិតនៅចន្លោះខ្សែ បន្ទាត់ពីរ ដែលមានជម្រៅទឹកស្មើគ្នា ហើយដែលខ្សែបន្ទាត់ទាំងពីរនេះ ជាខ្​សែប​ន្ទាត់​កំណត់ ជ្រលងទឹកជ្រៅ សំខាន់ដែលអាចធ្វើនាវាចរបាន ។

១-២- ក្នុងករណីដែលពុំមានការព្រមព្រៀង រវាងភាគីគូសន្យាទាំងពីរទេ ការប្រែប្រួលណា មួយដែល អាចកើតមានឡើង ចំពោះ​ផ្លូវទឹក ស្ទឹង ព្រែក យកធ្វើជាខ្សែព្រំដែននោះ ពុំអាច ធ្វើឱ្យមានការផ្លាស់ ប្ដូរដល់ទិសដើររបស់ខ្សែព្រំដែន ពុំជះ​ឥទ្ធិពល​ដល់ទ្រង់ទ្រាយ នៃខ្សែ ព្រំដែន ឬ ដល់កម្មសិទ្ធិនៃកោះ និងដីដុះថ្មីនោះឡើយ។ ចំពោះកោះ និងដីដុះ ដែលទើប នឹងកើត​មានឡើងថ្មីក្នុងផ្លូវទឹក ដែលយកធ្វើជា ខ្សែព្រំដែន ក្រោយពេលដែលខ្សែព្រំដែន នោះត្រូវបានកំណត់ នៅ​លើ​ដីជាក់​ស្ដែង​ រួចហើយកម្មសិទ្ធិកោះ និងដីដុះនោះនឹងត្រូវ កំណត់ទៅតាម ខ្សែព្រំដែនដូចបានបញ្ជាក់នៅលើដីជាក់ស្ដែង។ ចំពោះ​កោះ និង ដីដុះណា ដែលទើបនឹងកើតមានឡើងថ្មី ហើយស្ថិតនៅលើខ្សែព្រំដែន ដែលបានកំណត់នៅ លើដីជាក់ស្ដែង រួច​ហើយ ​នោះ ភាគីគូសន្យាទាំងពីរ នឹងពិភាក្សាលើការកំណត់កម្មសិទ្ធិកោះ និងដីដុះនោះ ដោយឈរ លើមូលដ្ឋាន ស្មើភាព និង​សមស្រប ។

១-៣- ក្នុងករណីជួបការលំបាក ក្នុងការអនុវត្ដតាមគោលការណ៍ទាំងឡាយខាងលើ ភាគី គូសន្យាទាំង ពីរ នឹង​ពិភាក្សា​គ្នា​រក​ដំណោះស្រាយសមស្របមួយ ដែលភាគីគូសន្យាទាំងពីរ អាចទទួលយកបាន។

២- ក្នុងដំណាក់កាល ដោះស្រាយបញ្ហាព្រំដែនគោករវាងកម្ពុជា និងវៀតណាម ដើម្បីកំណត់ ទិសដើរ នៃខ្សែ ព្រំដែន នៅ​តំបន់​​ទាំងប្រាំមួយ (០៦) កន្លែង ដែលភាគីគូសន្យាទាំងពីរ នៅមានទស្សនៈខ្វែងគ្នា ក្នុង សម័យប្រជុំ នៃគណៈកម្មការចំរុះ ព្រំ​ដែន​ក្នុងឆ្នាំ ១៩៩៩ និង ២០០០ ភាគីគូសន្យាទាំងពីរបានឯកភាពគ្នា ផ្អែកលើ គោលការណ៍ដូចតទៅដើម្បីពិនិត្យ និងអនុវត្ដ ៖

- បណ្ដាគោលការណ៍មូលដ្ឋានច្បាប់ ដែលរដ្ឋបាលអាណានិគម បានប្រើប្រាស់ក្នុងការ កសាងខ្សែព្រំដែន គោកកម្ពុជា - វៀត​ណាម ។

-  ការគ្រប់គ្រងពិតប្រាកដ និងការកាន់កាប់ជាក់ស្ដែងរបស់ប្រជាជនជាច្រើនជំនាន់ ។

- ស្ថានភាពភូមិសាស្ដ្រ ឋានលេខាស្របទៅ នឹងបណ្ដាគោលការណ៍ច្បាប់ និងការអនុវត្ដន៍ អន្ដរជាតិ សម្រាប់អនុវត្ដ ក្នុង​ការ​កំណត់​ទិសដើរ នៃខ្សែព្រំដែនទៅតាមសណ្ឋានដី ផ្សេងៗ ដូចជាខ្សែបែងចែកទឹក ខ្សែជួរកំពូលភ្នំ ខ្សែរយៈកំពស់ ។ល។

ប្រការ២

 ១- ប្រការ១ នៃសន្ធិសញ្ញាកំណត់ព្រំដែនឆ្នាំ ១៩៨៥ ត្រូវបានកែសម្រួល នូវកំណាត់ព្រំដែន ប្រាំមួយ (០៦)កន្លែង ដូច​បាន​បញ្ជាក់​ខាង​ក្រោម ៖

 ១-១- កំណាត់ព្រំដែននៅតំបន់ជាប់នឹងឃុំតាវែងក្រោម ស្រុកតាវែង ខេត្ដ រតនគីរី-កម្ពុជា និងឃុំ ម៉ូរ៉ាយ ស្រុកសាថី ខេត្ដកន្ទុំ- វៀត​ណាម​ ផ្ទាំងផែនទី DAKTO 148w Bonne ខ្នាត ១,១០០.០០០ អមសន្ធិសញ្ញា កំណត់ព្រំដែនឆ្នាំ ១៩៨៥ ត្រង់ តំបន់​មិន​ទាន់​គូស​ផែនទី ដែលផ្គុំមិនស៊ីគ្នា ជាមួយផ្ទាំងផែនទី YALY 156W Bonne ខ្នាត ១,១០០.០០០ អមសន្ធិសញ្ញា កំណត់ព្រំដែនឆ្នាំ ១៩៨៥ ភាគីគូសន្យាទាំងពីរ យោងតាម ខ្លឹមសារស្ដែង ឡើងនៅលើផែនទី UTM ខ្នាត១,៥០.០០០ ផ្ទាំង PHUM KHAM DORANG 6437 I អម សន្ធិសញ្ញា កំណត់ព្រំដែនឆ្នាំ ១៩៨៥ បានឯកភាពកែសម្រួលនូវកំណាត់ព្រំដែនដូចខាងក្រោម ៖

 “... ពីចំណុច A នៅកន្លែងអូរបែកជាបីគ្មានឈ្មោះ ឡើងបញ្ច្រាស់តាមខ្សែទឹកទឹកហូរនៃ អូរ នោះដល់ ចំណុច B “។

កំណត់ព្រំដែនកែសម្រួលដូចបានចែងខាងលើ ត្រូវស្ដែងឡើងតាមគំនូសពណ៌ក្រហម នៅលើប្លង់ផែនទី ខ្នាត ១,៥០.០០០ ជា​ឧប​សម្ព័ន្ធ១ នៃសន្ធិសញ្ញាបំពេញបន្ថែមនេះ។

 ១-២- កំណាត់ព្រំដែននៅតំបន់ជាប់នឹងឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្ដរតនគីរី-កម្ពុជា និងឃុំ អៀអរ ស្រុកជីប៉ា (អៀហ្គ្រាយ) ខេត្ដហ្សាឡាយ-វៀតណាម ដោយផែនទី ២ផ្ទាំង នៃផែនទី Bonne ខ្នាត ១,១០០.០០០ ផ្ទាំង YALY 156w និងផ្ទាំង BO KHAM 164w អមសន្ធិសញ្ញាកំណត់ព្រំដែន ឆ្នាំ១៩៨៥ដែលផ្ទាំងផែនទីផ្គុំមិនស៊ីគ្នា ភាគីគូសន្យាទាំងពីរ យោង​តាម​ខ្លឹម​សារ​ស្ដែង​ឡើង​នៅ​លើ​ផែនទី UTM  ខ្នាត១,៥០.០០០ ផ្ទាំង PH THONG 6436 I អមសន្ធិសញ្ញាកំណត់ព្រំដែន ឆ្នាំ ១៩៨៥ បានឯកភាពកែ សម្រួល​នូវ​កំណាត់ ព្រំដែនដូចខាងក្រោម ៖

 “... ពីចំណុច A នៅកន្លែងប្រសព្វអូរគ្មានឈ្មោះ និងព្រែកណាំសាថី ខ្សែព្រំដែន ដើរតាមព្រែកណាំសាថី រហូតមកដល់ ចំណុច​ប្រសព្វ​នៃព្រែកណាំសាថី និងទន្លេសេសាន ហើយបន្ដដើរតាមបណ្ដោយទន្លេសេសាន រហូតដល់ចំណុច B“។
កំណាត់ព្រំដែនកែសម្រួលដូចបានចែងខាងលើ ត្រូវបានស្ដែងឡើងតាមគំនូស ពណ៌ក្រហម នៅលើប្លង់ ផែនទី ខ្នាត ១/៥០.០០០ ជាឧបសម្ព័ន២ នៃសន្ធិសញ្ញាបំពេញបន្ថែមនេះ។

 ១-៣- កំណាត់ព្រំដែននៅតំបន់ជាប់នឹងឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្ដមណ្ឌលគីរី-កម្ពុជា និង ឃុំអ៊ៀប៊ុង ស្រុកអ៊ៀស៊ុប និង​ឃុំក្​រុងណា ស្រុកប៊ួនដួង ខេត្ដដាក់ឡាក់-វៀតណាម នៅលើផែនទី ២ ផ្ទាំង នៃផែនទី Bonne ខ្នាត ១/១០០.០០០ KOMAYOL 172w និងផ្ទាំង BAN DON 181w  អមសន្ធិ សញ្ញាកំណត់ព្រំដែន ឆ្ក្នាំ ១៩៨៥ ដែលផ្ដុំ មិនស៊ីគ្នា ភាគីគូ​សន្យា​ទាំង​ពីរ​យោង​តាមខ្លឹមសារស្ដែងឡើង នៅលើ ផែនទី៣ផ្ទាំង នៃផែនទី UTM ខ្នាត ១/៥០.០០០ ផ្ទាំង YALOP 6535 IV, YOK MBRE 6535 III និង MEREUCH 6435 II អមសន្ធិសញ្ញាកំណត់ ព្រំដែនឆ្នាំ ១៩៨៥ បានឯកភាពកែសម្រួល នូវកំណាត់ ព្រំដែនដូចខាងក្រោម ៖

 “... ពីចំណុច A ខ្សែព្រំដែនដើរតាមខ្សែបន្ទាត់ត្រង់មកជួបនឹងចំណុច B នៃព្រែកគ្មានឈ្មោះ ហើយបន្ដ ដើរតាម បណ្ដោយ​ផ្លូវទឹក​ នៃព្រែកគ្មានឈ្មោះនេះ រហូតដល់ទន្លេស្រែពក” ។

ភាគី​គូសន្យាទាំងពីរបានឯកភាពគ្នា ដើម្បីកែសម្រួលខ្សែបន្ទាត់ព្រំដែនក្នុងកំណាត់នេះ ក្នុងពេលពិនិត្យ ផ្ទៀងផ្ទាត់ ការ​គូស​ចម្លង​ខ្សែ​បន្ទាត់ព្រំដែនពីផែនទី Bonne ខ្នាត ១/១០០.០០០ មកលើផែនទី UTM ខ្នាត ១/៥០.០០០។

កំណាត់ព្រំដែនកែសម្រួលដូចបានចែងខាងលើ ត្រូវបានស្ដែងឡើងតាមគំនូស ពណ៌ក្រហម នៅលើប្លង់ ផែនទីខ្នាត ១/៥០.០០០ ជាឧបសម្ព័ន្ធ៣ នៃសន្ធិសញ្ញាបំពេញបន្ថែមនេះ។

 ១-៤ កំណាត់ព្រំដែននៅតំបន់ជាប់នឹងឃុំក្អមសំណ ស្រុកលើកដែក និងឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្ដកណ្ដាល-កម្ពុជា និង​ឃុំ​វិញ​សឿង​ និងឃុំភូឡុក ស្រុកតិនចូវ និងឃុំ ភូហ៊ីវ ស្រុកអានភូ ខេត្ដ អានយ៉ាង-វៀតណាម (តំបន់ចន្លោះទន្លេមេគង្គ និង​ទន្លេ​បាសាក់) ភាគីគូសន្យាទាំងពីរ និងយោងតាម លទ្ធផលចុះត្រួតពិនិត្យ ទ្វេភាគីនៅលើភូមិសាស្ដ្រ ជាក់ស្ដែង ដើម្បី​កែ​សម្រួល​កំណាត់​ខ្សែព្រំដែនឱ្យស្របតាម ចំណុច ២ ប្រការ១ នៃ សន្ធិសញ្ញា បំពេញបន្ថែមនេះ ។

 ១-៥ កំណាត់ព្រំដែនពីរកំណាត់នៅតំបន់ជាប់ នឹងឃុំព្រែកជ្រៃ (កោះគគី) និង ឃុំសំពៅពូន (ព្រែកប៊ិញយី) ស្រុកកោះធំ ខេត្ដកណ្ដាល-កម្ពុជា និងឃុំខាញ់អាន និង ឃុំខាញ់ប៊ិញ ស្រុកអានភូ ខេត្ដអានយ៉ាង-វៀតណាម ភាគីគូសន្យាទាំងពីរ ដោយយោងតាមខ្លឹមសារ ដែលបានស្ដែងឡើងនៅលើផែនទី UTM  ខ្នាត ១/៥០.០០០ ផ្ទាំង ទៅណ TAN CHAU 6030 IV អមសន្ធិសញ្ញាកំណត់ព្រំដែនឆ្នាំ ១៩៨៥ បាន ឯកភាពកែសម្រួល កំណាត់ព្រំដែន ដូចខាងក្រោម ៖

 “... ពីចំណុច A ខ្សែព្រំដែនដើរបញ្ច្រាស់ខ្សែទឹកទន្លេបាសាក់ (ហូវយ៉ាង) ដល់ចំណុចប្រសព្វ នៃទន្លេបាសាក់ (ហូវយ៉ាង) និង​ព្រែក​ប៊ិញ​យី ហើយបន្ដដើរតាមបណ្ដោយ ព្រែកប៊ិញយី រហូតដល់ចំណុច B”។

កំណាត់ព្រំដែនទាំងពីរ ដែលបានកែសម្រួលក្នុងចំណុចខាងលើនេះ ត្រូវបានស្ដែង ឡើងតាម គំនូសពណ៌ ក្រហមនៅលើ ប្លង់​ផែន​ទីខ្នាត ១/៥០.០០០ ជាឧបសម្ព័ន្ធ៤ នៃសន្ធិសញ្ញា បំពេញបន្ថែមនេះ។

២- កំណាត់ព្រំដែននៅតំបន់ជាប់នឹងឃុំដាក់ដាំ ស្រុកអូររាំង ខេត្ដមណ្ឌលគិរី-កម្ពុជា និង ឃុំក្វាងជិក ស្រុកដាក់រឡឹប ខេត្ដ​ដាក់​ឡាក់​ (ដាក់នង)-វៀតណាម ភាគីគូសន្យាទាំងពីរ បានឯកភាពគ្នាបន្ដការពិភាក្សា។

ប្រការ ៣

ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការងារបច្ចេកទេស សម្រាប់សម្រួលដល់ដំណើរការ ការងារ ខ័ណ្ឌសីមា និង បោះបង្គោលព្រំដែនគោក ភាគីគូសន្យាទាំងពីរបានឯកភាពគ្នា ៖

១- ក្រុមជំនាញបច្ចេកទេសនៃភាគីនីមួយៗ នឹងពិនិត្យ នឹងធ្វើការផ្ទៀងផ្ទាត់ជាឯកតោភាគី នៃការចម្លងឡើងវិញ នូវ​ខ្សែ​ព្រំដែន​ពី​ផែន​ទី Bonne ខ្នាត ១/១០០.០០០ របស់ក្រុម ភូមិសាស្ដ្រឥណ្ឌូចិន អមសន្ធិ សញ្ញាកំណត់ព្រំដែនឆ្នាំ ១៩៨៥ មកលើ​ផែន​ទី UTM ខ្នាត ១/៥០.០០០ អមសន្ធិសញ្ញាកំណត់ព្រំដែនឆ្នាំ ១៩៨៥។ ក្រុមជំនាញបច្ចេកទេស នៃ ភាគី​គូស​ន្យា​ទាំង​ពីរ​នឹង​ជួប​ប្រជុំគ្នានៅដំណាច់ឆ្នាំ ២០០៦ ដើម្បីធ្វើ ការពិនិត្យប្រៀបធៀប លទ្ធផលការងារ របស់ខ្លួននិងលើកឡើងនូវដំណោះ- ស្រាយ​បច្ចេកទេសដាក់ជូនទៅ គណៈកម្មការចម្រុះពិនិត្យ និងសម្រេច។ ចំពោះបណ្ដាតំបន់ដែលភាគីគូសន្យាទាំងពីរមិនទាន់ ឯកភាព​គ្នា ទៅលើលទ្ធផល នៃការប្រៀបធៀប ឬទៅលើដំណោះស្រាយ បច្ចេកទេស ខ្សែព្រំដែនក្នុងតំបន់ទាំងនោះ នឹងគ្មាន ប្រែប្រួលអ្វីឡើយ ដូចបានកំណត់នៅលើផែនទី Bonne ខ្នាត ១/១០០.០០០។

២- ភាគីវៀតណាមនឹងជួយភាគីកម្ពុជាបោះពុម្ភឡើងវិញនូវផែនទី UTM ខ្នាត ១/៥០.០០០ ចំនួន ៤០ ផ្ទាំង ដែល​មាន​ឋាន​លេខា​ដូច​គ្នា​នឹងផែនទី UTM ខ្នាត ១/៥០.០០០ អមសន្ធិសញ្ញា កំណត់ព្រំដែនឆ្នាំ ១៩៨៥ ជាប្រាំ (០៥)ច្បាប់។

៣- រៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះកិច្ចការព្រំដែន និង ថ្នាក់ជំនាញដើម្បីអនុវត្ដ កិច្ចការ ខ័ណ្ឌសីមា និង បោះ​បង្គោល​ព្រំដែន​លើដីជាក់ស្ដែង (ចាប់ពីត្រីមាសទី ១ ឆ្នាំ ២០០៦ រហូតដល់ត្រីមាសទី២ ឆ្នាំ ២០០៨)។

៤- ភាគីទាំងពីរនឹងខិតខំធ្វើយ៉ាងណា ដើម្បីឱ្យកិច្ចការខ័ណ្ឌព្រំសីមា និងបោះបង្គោលព្រំដែន នៅលើដី ជាក់ស្ដែង ឱ្យ​បាន​ឆាប់​មុន​ដំណាច់ខែធ្នូ ឆ្នាំ ២០០៨ នឹងរួមគ្នា ផលិតផែនទី ឋានលេខាតំបន់ព្រំដែន រវាង ប្រទេសទាំងពីរ សម្រាប់​បញ្ជាក់​ពី​លទ្ធផល​ការងារ​បោះបង្គោល និងខ័ណ្ឌសីមាលើដីជាក់ស្ដែង ដើម្បីផលិត ផែនទីព្រំដែន ផ្លូវការរវាងប្រទេសទាំងពីរ។

៥- រហូតដល់ពេលដែលការងារខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនមិនទាន់ត្រូវបានបញ្ចប់ ទេនោះការ គ្រប់​គ្រង​ខ្សែ​បន្ទាត់​ព្រំដែន​ នឹងបន្ដអនុវត្ដតាមសេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃទី ១៧ ខែ មករា ឆ្នាំ ១៩៩៥ របស់នាយករដ្ឋមន្ដ្រី នៃប្រទេសទាំងពីរ។

ប្រការ ៤

 ភាគីគូសន្យាទាំងពីរ ឯកភាពសម្រេចផ្ដល់ភារកិច្ច ឱ្យគណៈកម្មការចម្រុះកិច្ចការព្រំដែន នូវភារកិច្ច ដូចតទៅ ៖
១- បង្កើតប្លង់មេសម្រាប់អនុវត្ដផែនការការងារខ័ណ្ឌសីមា និងបោះបង្គោលព្រំដែន រួមដែល ហៅថា  ” បែបបទបច្ចេកទេស ” ឱ្យ​បាន​មុន​ដំណាច់ឆ្នាំ២០០៥ ។
២- ធ្វើការបោះបង្គោល ខ័ណ្ឌសីមាទូទាំងព្រំដែនគោកកម្ពុជា-វៀតណាម ដូចមានចែង ក្នុងប្រការ ១ នៃ សន្ធិសញ្ញា កំណត់ព្រំដែនឆ្នាំ ១៩៨៥ ​និង ប្រការ១ ប្រការ២ និងប្រការ៣ នៃសន្ធិសញ្ញាបំពេញ បន្ថែមនេះ។
៣- ផលិតផែនទីព្រំដែនរដ្ឋ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយម វៀតណាម។
៤- ធ្វើពិធីសារ ស្ដីពីការបោះបង្គោល ខ័ណ្ឌសីមាព្រំដែនគោក រវាងប្រទេសទាំងពីរ រូមមាន បណ្ដាឯកសារ លំអិតស្ដីពីព្រំដែន បណ្ដា​បង្គោល​​ព្រំដែន និងផែនទីព្រំដែនរវាងប្រទេស ទាំងពីរ សម្ដែងឡើង នូវទិសដើរ នៃខ្សែព្រំដែន ទីតាំងបង្គោលព្រំដែន ស្ថិត​នៅ​តាម​បណ្ដោយ ព្រំដែនទាំងមូល។
ពិធីសារ ស្ដីពីការបោះបង្គោលខ័ណ្ឌសីមាព្រំដែនគោក នឹងជាផ្នែកមួយ នៃសន្ធិសញ្ញា កំណត់ព្រំដែន ឆ្នាំ ១៩៨៥ និង​សន្ធិ​សញ្ញា​បំពេញ​បន្ថែម​នេះ។ ផែនទីព្រំដែនរវាងប្រទេស ទាំងពីរដូចមានចែងខាងលើ ក្នុងវាក្យ ខ័ណ្ឌ៣ នៃប្រការនេះនឹងជំនួស ផែនទី Bonne ខ្នាត ១,​១០០.​០០០ ចំនួនម្ភៃប្រាំមួយផ្ទាំង (២៦) និងផែនទី UTM ខ្នាត ១,៥០.០០០ ចំនួន សែសិបផ្ទាំង (៤០) អមសន្ធិសញ្ញាកំណត់ព្រំដែន ឆ្នាំ ១៩៨៥ និង​ប្លង់​ ទាំងបួន(០៤) អមសន្ធិ សញ្ញាបំពេញបន្ថែម។
ប្រការ ៥
ក្នុងករណីមានការខ្វែងគំនិតគ្នា ក្នុងការបកស្រាយ ឬការអនុវតន្ដ៍ខុសគ្នាណាមួយ ទៅនឹង ខ្លឹមសារ នៃសន្ធិសញ្ញាបំពេញបន្ថែមនេះ ភាគីគូសន្យាទាំងពីរ នឹងដោះស្រាយគ្នាដោយ សន្ដិវិធីតាមរយៈការ ពិគ្រោះ ពិភាក្សា និងការចរចា។

ប្រការ ៦

សន្ធិសញ្ញាបំពេញបន្ថែមនេះ នឹងត្រូវបានផ្ដល់សច្ចាប័ន នឹងចូលជាធរមាន ចាប់ពីថ្ងៃផ្លាស់ប្ដូរ លិខិតុបករណ៍ សច្ចាប័ន ដែល​នឹង​ប្រព្រឹត្ដ​ទៅ​នៅ​ទី​ក្រុងភ្នំពេញ។
ឧបសម្ព័ន្ធទាំងបួន (០៤)នៃសន្ធិសញ្ញា នឹងជាផ្នែកមួយភ្ជាប់ទៅ នឹងសន្ធិសញ្ញាបំពេញ បន្ថែមនេះ។
ធ្វើនៅហាណូយ ថ្ងៃទី១០ ខែតុលា ឆាំ២០០៥ ជាពីរច្បាប់ ជាភាសាខ្មែរ វៀតណាម និងបារាំង។
អត្ថបទទាំង បីនេះមានតម្លៃស្មើគ្នា។ ក្នុង​ករណី​មាន​ការ​បកស្រាយផ្សេងគា្ន អត្ថបទភាសាបារាំងនឹងត្រូវយកមកធ្វើជា ឯកសារគោល។   
ក្នុងនាមរាជរដ្ឋាភិបាល
នៃព្រះរាជាណាចក្រកម្ពុជា
ហត្ថលេខា
ហ៊ុន សែន
នាយករដ្ឋមន្ដ្រី
ក្នុងនាមរដ្ឋាភិបាល
នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
ហត្ថលេខា
ផាន វ៉ាន់ ខាយ
នាយករដ្ឋមន្ដ្រី