Friday, May 18, 2012

សម្តេចតេជោ លោកជំទាវ សម្ភោធ​ដាក់​ឲ្យ​ដំណើរ​ការ​រោង​ចក្រ​ផលិត​ស្រាបៀរ​កម្ពុជា


សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ​ នាយក​រដ្ឋមន្រ្តីនៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​​ បានធ្វើ​ការអំពាវ​នាវ​ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែ​ឧសភា ​ឆ្នាំ​២០១២ ​ចំពោះ​ក្រុមហ៊ុន​វិនិយោគ​បរទេស​នានា​ ឲ្យ​មកធ្វើ​ការបណ្តាក់​ទុននៅ​ កម្ពុជា ​តាមរយៈ​ការបណ្តាក់​ទុន​ ១០០% ដោយ​ផ្ទាល់​ដោយ​មិនចាំ​បាច់ធ្វើការ​សហការ​ជាមួយនិង​ក្រុមហ៊ុន​ដៃគូ​ ក្នុងស្រុកទេ​។​ ការ​ប្រកាស​របស់​​សម្តេច​តេជោ​ ត្រូវ​បាន ​ធ្វើ​ឡើង​ក្នុង​​ពិធី​សម្ភោធ​ដាក់ឲ្យ​ដំណើរ​ការ​ធ្វើ​អាជីវកម្ម​ជាផ្លូវ​ ការ​នូវ​រោងចក្រ ផលិតស្រាបៀរកម្ពុជា​របស់​ក្រុមហ៊ុន​ខ្មែរ​ប្រ៊ូវើវី​លីមីតធីត ដែល​បាន​សាងសង់រួចរាល់​ជា​ស្ថាពរ​​លើ​ផ្ទៃដី​ទំហំជាង​៩ហិចតា មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ ជើង​ឯក​ សង្កាត់​ជើងឯក​ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។

សម្តេច​អគ្គមហា​សេនា​បតី​តេជោ  ហ៊ុន សែន បាន ​សំដែង​នូវការ​កោតសរសើរ​ចំពោះ​ក្រុមហ៊ុន​ ជីប ម៉ុង​  ដែល​បាន ​បណ្តាក់​ទុនវិនិយោគ​ដ៏ធំនៅ​កម្ពុជា។ ជាមួយ​និងការ​ថ្លែង​នូវការ​កោត​សរសើរ​នោះដែរ  សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ បានធ្វើ ​ការអំពាវ​នាវ​ផង​ដែរ​ចំពោះ​ក្រុមហ៊ុន​វិនិយោគ​បរទេស​នានា​ មកធ្វើ​ ការបណ្តាក់​ទុននៅ​កម្ពុជា ​តាមរយៈ​ការបណ្តាក់​ទុន​ ១០០% ដោយ​ផ្ទាល់​ដោយ​មិនចាំ​បាច់ធ្វើការ​សហការ​ជាមួយនិង​ក្រុមហ៊ុន​ដៃគូ​ ក្នុងស្រុក។  សម្តេចតេជោ​មាន​ប្រសាសន៍​បន្តថា ពី​មុន​រាជរដ្ឋាភិបាល​មិនបាន​ផ្តល់​ការ​វិនិយោគ ១០០%  ដល់​ បណ្តា​ក្រុមហ៊ុន​វិនិយោគ​បរទេសនោះទេ ពោលគឺ​នេះ​គឺ​ជានយោបាយ​ថ្មីមួយ​ទៀត​ របស់​រាជរដ្ឋាភិបាល​កម្ពុជា   ក្នុង​ការលើក​ទឹកចិត្ត​​ដល់បណ្តា​អ្នកវិនិយោគ​ទុនបរទេស​ បើប្រៀបធៀប​ទៅនិង​បណ្តា​ប្រទេស​មួយចំនួន​លើ​ពិពភ​លោក មិនទាន់​បាន​អនុវត្ត​បែបប ​នេះនោះទេ។ សម្តេចតេជោ​មានប្រសាសន៍​បន្តថា  នេះគឺជា​មូលដ្ឋានគ្រឹៈ​ធំខ្លាំងណាស់​ សំរាប់ការរីក​លូតលាស់​នៃសេដ្ឋកិច្ច​ ជាតិរបស់​យើងទាំង​អស់គ្នា។  សម្តេចតេជោ​បន្តថា  កាល​ពីអតីត​កាល​ជនជាតិ​កម្ពុជាយក​លុយ​ទៅវិនិយោគ​នៅក្រៅ​ប្រទេស  ប៉ុន្តែ​ក្រោយ​ ឆ្នាំ១៩៧៩  ជនជាតិ​កម្ពុជាបាន​យកលុយ​ពីបរទេស​មកវិនិយោគ​នៅក្នុង​ប្រទេស​តាម​រយៈនេះ​ រាជរដ្ឋាភិបាល​ និង​បន្តលើក​ទឹកចិត្តដល់​បណ្តា​វិនិយោគ​ទុនក្នុង​ស្រុក​ បន្តបណ្តាក់​ទុនរបស់ខ្លួន​ឲ្យកាន់​តែរឹង​មាំ  និងរីក​ធំធាត់​ឡើងថែម​ទៀត ដើម្បីរួម​ចំណែកដល់​ការលើក​កំពស់​ជីវភាព​​រស់នៅ​របស់​ប្រជាពលរដ្ឋ។​ 


សម្តេចតេជោ  ​បានលើក​ទឹកចិត្ត​ឲ្យ​ក្រុមហ៊ុន​ ជីបម៉ុង បន្ត​ពង្រីក​ការបណ្តាក់​ទុនវិនិយោគ​របស់ខ្លួនជា​បន្ត​ទៅ​ទៀត​ពិសេសលើក​ ទឹកចិត្តឲ្យ​មានការ​ផលិត ដើម្បីធ្វើ​ការនាំ​ចេញទៅ​កាន់ក្រៅ​​ប្រទេស​ប្រកប​ដោយ​ការ​ប្រកួតប្រជែង​ ដែល​មាន​កំរិត​ស្តង់ដារ។  ទោះ​បី​យ៉ាង​ណា​​សម្តេចតេជោ​ បាន​​បដិសេធ​ចំពោះ​អន្តរាគមន៍​ណាមួយ​របស់​រាជរដ្ឋាភិបាល​​ ក្នុងការ​ ទប់ស្កាត់​ការនាំចូល​នូវផលិត​ផលស្រាបៀរ​ និង​ភេសជ្ជៈ​ពី​បរទេស ចូល​មកក្នុង​ ទីផ្សារ​របស់​កម្ពុជាបាន​ទេ ដោយ​សារតែ​វាខុស​ទៅ​និង​គោលការណ៍​នៃ​អង្គការ​ ពាណិជ្ជកម្ម​ពិភពលោក។   

 ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តី ​ក្រសួង​ឧស្សាហកម្ម​ រ៉ែ​ និង​ថាមពល​ មាន​ប្រសាសន៍ថា ថ្វី​ត្បិត​តែ​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​ឆ្នាំ​២០០៨ បានជះ​ឥទ្ធិពលដល់​ការ​លូតលាស់ នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជាក៏​ពិតមែន​ប៉ុន្តែចាប់​តាំងពឆ្នាំ​២០១០ មក​ វិស័យ​ឧស្សាហកម្ម​ បាន​ងើប​ឡើង​វិញ និង​មាន​សន្ទុះ​គួរឲ្យកត់​សំគាល់ ​ក្នុងនោះ​នៅឆ្នាំ ២០១១ កន្លងទៅ​នេះ ​តំលៃ​សរុប​នៃបរិមាណ​ផលិតផល​ឧស្សាហកម្ម​កម្មន្តសាល​ មាន​ ចំនួនប្រមាណ ៦​ពាន់លាន​ដុល្លារ​មាន​កំណើន​៣០% ធៀប​និងឆ្នាំ ២០១០  និង​ផ្តល់​កំលាំង​ពលកម្ម​សរុបប្រមាណ​ ៦សែននាក់។  ឯកឧត្តមមាន​ប្រសាសន៍​បន្តថាក្នុង​ឆ្នាំ ២០១១ នោះ ​ដែរ​តំលៃ​សរុប​នៃបរិមាណ​ផលិតផល​របស់ផ្នែក​កែឆ្នៃ​ម្ហូម​អាហារ​  និង​ភេសជ្ជៈ​ មាន​ចំនួន​សរុប​ជាង ១ ពាន់លាន​ដុល្លារ​ ក្នុងនោះ​តំលៃសរុប​ នៃបរិមាណ​ផលិតផល​ស្រាបៀរ ក្នុង​ ស្រុក មានចំនួន​ប្រមាណជិត​ ៤០០លាន​ដុល្លារ។ តួលេខ​នេះបាន​បញ្ជាក់ឲ្យឃើញ​ ថា  ផលិត​ផលស្រាបៀរ​ក្នុងស្រុកកំពុង​មានភាព​រឹងមាំ និង​អាចប្រកួត​ប្រជែង​ជាមួយ ​និងផលិត​ផលស្រា​បៀរ​នាំចូល​បាន។ 


 ឯកឧត្តម ​មាន​ប្រសាសន៍​សង្កត់ធ្ងន់ថា  សមិទ្ធផល​ រោង​ចក្រផលិត​ស្រាបៀរថ្មី​នេះបានបង្ហាញ​អំពី​ជោគជ័យ​ថ្មីមួយទៀត  ​របស់រាជ​រដ្ឋាភិបាល​  ក្នុង​ការអនុវត្តន៍​យុទ្ធសាស្រ្ត​ចតុកោណ​ដំណាក់​កាលទី២​ដែល​ជាចក្ខុវិស័យ​ សំរាប់​​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ។  ឯកឧត្តម​រដ្ឋមន្រ្តី​ក៏បាន​ឲ្យដឹងដែរ​ថា  រោងចក្រ​នេះ ​គឺ​ជារោងចក្រ​ផលិត​ស្រាបៀរ​ទី៦ បានដំណើរ​ការផលិត​នៅក្នុង​ប្រទេស​កម្ពុជា នៅពេល​ខាងមុខនិង​មាន​រោងចក្រ​ផលិត​ស្រាបៀរ​មួយចំនួន​ទៀត និង​ត្រូវ​សាងសង់​បន្ត។
លោក​ឧកញ៉ា លាង ឃុន អគ្គនាយក​ក្រុមហ៊ុន​ខ្មែរ​ប៊្រូ​វើរី​​លីមីត​ធីត​  មាន​ប្រសាសន៍​ឲ្យដឹង​ថាដើម្បី​រួម​ចំណែក​​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន ជាប្រមុខ ​ ក្នុង​ការកាត់​បន្ថយ​ភាពក្រី​ក្ររបស់​ប្រជា​ពលរដ្ឋ​ ក្រុមហ៊ុន​ជីបម៉ុង​ គ្រុប ​បាន​បង្កើត​ឡើងនៅ​ឆ្នាំ ១៩៨២  ក្នុង​នោះ​ក្រុមហ៊ុន​បាន​ចំណាយ​ទុន ៦០ លានដុល្លារ ធ្វើការ​សាងសង់​រោងចក្រ​ផលិតស្រា​ បៀរកម្ពុជា។