Friday, May 18, 2012

សម្តេច​តេជោ​ផ្តល់​អនុសាសន៍​ស្តីពី​ការ​រក្សា​ទំនៀម​ទម្លាប់​ និង​ពង្រឹង​តួនាទី​អាចារ្យ


សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន បាន ​អំពាវ​នាវ​ឲ្យ​អាចារ្យ​-អាចារិនី និង​ព្រះ​សង្ឃ​មាន​ការ​ឯកភាព​គ្នា ក្នុង​ការ​រក្សា​ទំនៀម​ទំលាប់​ប្រពៃ​ណី​ខ្មែរ​ ដោយ​អនុវត្ត​ទៅ​តាម​តួនាទី​ភារកិច្ច​រៀង​ៗ​ខ្លួន និង​បាន​ច្រាន​ចោល​នូវ​ពាក្យ​ចចាម​អារាម​ថា ក្រសួង​ធម្ម​ការ​ និង​សាសនា​ ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ នឹង​ធ្វើ​ការ​ផាក​ពិន័យ​ចំពោះ​ការ​មិន​អនុវត្ត​​ទៅ​តាម​​ការ​រៀប​ចំ​របស់​ ក្រសួង​អំពី​ទំរង់​អាពាហ៍​ពិពាហ៍​​ក្នុង​គ្រួសារ​ខ្មែរ​។​

ថ្លែង ​ក្នុងពិធី​​បិទ​វគ្គ​ និង​សំណេះ​សំណាល​ជា​មួយ​អាចារ្យ-អាចារិនី ចំនួន​ ៣២៥៥ អង្គ/នាក់​ ស្តីពីតួនាទីភារកិច្ច​ក្រមសីលធម៌​អាចារ្យ-អាចារិនី​ ក្នុង​ប្រពៃណី​ទំនៀម​​ ទម្លាប់ខ្មែរ នា​ថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០១២ នៅ​សាល​មហោស្រព​កោះ​ពេជ្រ​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី បាន​គូស​បញ្ជាក់​ថា ការ​បណ្តុះ​បណ្តាល​អាចារ្យ និង​អាចារិនី​កន្លង​មក​យើង​បាន​រៀប​ចំ​ជា​ទំនៀបមទម្លាប់​មួយ​ដែល​អ្នក​ស្រាវ ​ជ្រាវ​មុនៗ​ទុក​ឲ្យ​យើង​ យើង​បន្ត​ស្រាវ​ជ្រាវ​ចង​ក្រង​ទៅ​ ប៉ុន្តែ​យើង​មិន​បង្ខំ​ឲ្យ​អ្នក​ណា​មួយ​គោរព​ទាំង​ស្រុង​តាម​ហ្នឹង​ រហូត​ដល់​ផាក​ពិន័យ​នោះ​ទេ​។ 

សម្តេ​ច​តេជោ​បាន​លើក​ជា​ ឧទាហរណ៍​ថា យើង​ត្រូវ​ទទួល​ស្គាល់​នូវ​បញ្ហា​មួយ​ទៀត​ ដូច​ជា​ ពិធី​កាត់​នំ​ ដែល​មិន​មែន​ជា​ពិធី​របស់​ខ្មែរ​ ក៏​ប៉ុន្តែ​អាចារ្យ​មិន​អាច​ទៅ​បញ្ជា​កូន​ក្រមុំ​ កូន​កំលោះ​ កើត​ដែរ​ នេះ​ជា​រឿង​របស់​គ្រួសារ​គេ​។ សូម្បី​តែ​អាចារ្យ​ថា ធ្វើ​មិន​បាន​ឪពុក​ម្តាយ​គេ​ ឬ កូន​ក្រមុំ​កូន​កំលោះ​គេ​ថា អាចារ្យ​ឯង​ចេះ​អី​រឿង​ហ្នឹង គឺ​រឿង​ខ្ញុំ​ទេតើ​។​ ប្រើសិន​បើ​​ក្រសួង​ធម្មការ​ និង​សាសនា​ ក្រសួង​វប្បធម៌​ និង​វិចិត្រ​សីល្បៈ​ចេញ​បទ​បញ្ជា​ ឬ​​ក៏​រាជរដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​ថា​ហាម​ឃាត់​​ការ​កាត់​នំ​ក្នុង​ពេល​ អាពាហ៍​ពិពាហ៍​ អញ្ចឹង​រឿង​នេះ​​វា​ទៅ​ជារឿង​បំបិទ​សិទ្ធ​គេ​ទៀត​។

សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន បាន​សំ ដែង​នូវការ​កោត​សរសើរ និង​វាយ​តំលៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹក​នាំ​ក្រសួង​ធម្មការ និង​សាសនា ដែល​បានរៀប​ចំបើកវគ្គ​បណ្តុះបណ្តាល ស្តីពី​តួនាទី​​ភារកិច្ច​ក្រមសីលធម៌​អាចារ្យ-អាចារិនី ក្នុង​ប្រពៃណី​ ទំនៀមទម្លាប់​ខ្មែរ ចាប់​តាំងពី​វគ្គ១​រហូត​ដល់​វគ្គ៩ ដែល​បាន បញ្ចប់​ទៅប្រកប​ដោយ​លទ្ធផល​ដ៏​ត្រចះ​ត្រចង់​បំផុត។ សម្តេច​តេជោ មាន ​ប្រសាសន៍​ថា ខ្ញុំ​គិត​ថា ពុទ្ធចក្រ​កំពុង​ជួយ​ដល់​សង្គម​យ៉ាង​ច្រើន​ អាច​និយាយ​តាម​មួយ​បែប​ថា ពុទ្ធ​ចក្រ​កំពុង​ជួយ​ដល់​អាណាចក្រ​ពាក់​ព័ន្ធ​ជា​មួយ​ការ​អភិវឌ្ឍន៍​ ព្រោះ​ការ​អភវឌ្ឍន៍​ណាក៏ដោយ សង្គម​ណា​ក៏ដោយ បើ​មនុស្ស​ប្រព្រឹត្ត​បាបកម្ម​ច្រើន​គឺ​បាន​សេច​ក្តី​ថា សង្គម​នោះ​ពុំ​មាន​ការ​រីក​ចម្រើន​ទេ​។

ទាក់​ទង​នឹង​ការ​បណ្តុះ​បណ្តាល​សម្តេចតេជោ​ មាន​ប្រសាសន៍​​ថា មុខវិជ្ជា​ទាំង២០​ដែល​បាន​បណ្តុះ​បណ្តាល ជូន​ដល់​អាចារ្យ អាចារិនី​ទូទាំង​ប្រទេស ក្នុង​ពេលកន្លង​មក នៅ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ គឺទាមទារ​ឲ្យមាន​ការចូល​រួមស្រាវ​ជ្រាវ​រក​ឯកសារ​កិត្តិយុត្ត​នានា ដែល​ទាក់ ទិនទៅ​និង​ទំនៀម​ទម្លាប់​ប្រពៃណី​ជាតិ ដែល​បានបាត់​បង់​ជាយូរ​មកហើយ ក្នុង​គោល បំណង​ចង​ក្រង​ជា​ឯកសារ​គោល មាន​លក្ខណៈ​ជាបទ​ដ្ឋានច្បាប់ សំរាប់​មនុស្ស​ជំនាន់ ក្រោយ​សិក្សា​រៀន​សូត្រ ដើម្បី​អនុវត្ត​ឲ្យកាន់​តែមាន​ប្រសិទ្ធ​ភាព​ខ្ពស់បំផុត។

សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី បានផ្តល់​នូវ​អនុសាសន៍​មួយចំនួន​រួមមាន -ទី១ គឺក្រសួង​ធម្មការ​និង​សាសនា ត្រូវបន្ត​សហការ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ពន្ធ័ រៀបចំ​វគ្គ​បណ្តុះ​បណ្តាល​ស្តីពី​តួនាទី និង​ភារកិច្ច​អាចារ្យ ក្នុង​ប្រពៃណី ទំនៀម​ទម្លាប់​ខ្មែរ​បន្ត​ទៅទៀត ដើម្បី​តំរង់​ទិសដៅ និង​ផ្សព្វផ្សាយ​ឲ្យ​ទូលំ​ទូលាយ​នៅ​ទូទាំង​ប្រទេស ។

-ទី២ ​ ក្រសួង​ធម្មការ​និង​សាសនា សហការ​ជាមួយក្រសួង​ ស្ថាប័ន ពាក់ពន្ធ័ ត្រូវ​បន្តយក​ចិត្តទុក​ដាក់​ស្រាវជ្រាវ​បន្ថែម​ទៀត ដើម្បី​រៀបចំ​ចង​ក្រង​ឯកសារ តម្រា ក្បូន រវាងបុគ្គល និង​បុណ្យ​ផ្សេងៗ សំរាប់​ចែក​ផ្សាយ​ឲ្យបាន​ទូលំទូលាយ និង​រៀបចំ​បញ្ចូល ក្បូន​តម្រា​ទាំង​នោះ ក្នុង​កម្មវិធី​សិក្សា​នៃពុទ្ធិក​សិក្សា​របស់​ខ្លួន។

-ទី៣ ក្រសួង​ធម្មការ និង​សាសនា ត្រូវ​ពង្រីក​ការ​ចង សម្ពន្ធ័ ជា​សមាគម​អាចារ្យ​ខ្មែរ តាម​រយៈ​ការរៀបចំ​ឲ្យ មាន​កម្មវិធី​ប្រជុំ​ប្រចាំ​ឆ្នាំ​ឲ្យ​បាន​ច្បាស់​លាស់ ដើម្បី​ឲ្យអាចារ្យ​បានផ្លាស់​ប្តូរមតិ​យោបល់ និង​ចែក​រំលែក​ចំណេះ​ដឹង ព្រមទាំង​ក្តាប់​យក​សំណូម​ពរ​នានា របស់​ប្រជាពលរដ្ឋ​មក បំភ្លឺ។
-ទី៤ទី៣ ​ក្រសួង​ធម្មការ​និង​សាសនា ត្រូវយក​ចិត្តទុក​ដាក់​រៀបចំ​វគ្គ​បណ្តុះ​បណ្តាល យាយជី ឲ្យ​មានតួនាទី​និង​ភារកិច្ច ក្នុង​ការរួម​ចំណែក​អភិវឌ្ឍន៍​សង្គម និង​អភិវឌ្ឍន៍​វប្ប ធម៌ ប្រពៃណី​ជាតិ​របស់​យើង ។

-ទី៥ លោក​អាចារ្យ​ អាចារិនី ត្រូវ​មាន​សាមគ្គី​ភាព កិច្ច​សហការ និង​ទំនាក់​ទំនង​ល្អ ជាមួយ​និង​គណៈកម្មការ​វត្ត ចៅ​អធិការវត្ត ព្រម​ទាំងព្រះ មេគុណ ព្រះ​អនុគុណ អាជ្ញាធរ​មូលដ្ឋាន ដោយ​មិន​ប្រកាន់​បក្ខពួក និង​មិនរើស​អើងពី ឋានៈ​ក្នុងសង្គម ពិសេស​ខិតខំ​ថែរក្សា​និង​អភិរក្ស​កេរ្តិ៍​មរតក វប្បធម៌​ព្រះ​ពុទ្ធសាសនា ទំនៀម​ទម្លាប់​ខ្មែរ​ឲ្យបាន​គង់វង្ស ដោយ​ធ្វើយ៉ាង​ណា​ត្រូវរួម​គ្នាលើក​ស្ទួយ​វិស័យ​ព្រះពុទ្ធ​សាសនា​ឲ្យបាន​ រុងរឿង។

ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះ​បណ្តាល​អាចារ្យ-អាចារិនី​នេះ​ដែរ ឯកឧត្តម មិន ឃិន រដ្ឋមន្រ្តី​ក្រសួងធម្មការ និងសាសនា មានប្រសាសន៍​ឲ្យ​ដឹង​ថា អនុវត្តតាម​អនុសាសន៍​​ដ៏ខ្ពង់​ខ្ពស់ របស់​សម្តេចតេជោ​នាយករដ្ឋមន្រ្តី ស្តីពី​ការ​ដោះស្រាយ​វិបត្តិអាចារ្យ​នៅទូទាំង​ព្រះរាជាណាចក្រកម្ពុជា ក្រសួង​បានយក​ចិត្តទុក​ដាក់​ខ្ពស់ ដោយ កៀរគរ​ធនធាន​គ្រប់មធ្យោបាយ ដើម្បី​បើកវគ្គបណ្តុះ​បណ្តាល​ស្តីពី​តួនាទី ភារកិច្ច អាចារ្យ ក្នុង​ប្រពៃណី​ទំនៀម​ទម្លាប់​ខ្មែរ ចំនួន ៩ វគ្គ រួច​មកហើយ ដោយ​មាន​សិក្ខា​កាម ជា អាចារ្យ អាចារិនី មក​ពីគ្រប់​រាជធានី ខេត្ត ចំនួន​៣​ពាន់​២៥៥​អង្គ នាក់ ដោយ​បានបណ្តុះ បណ្តាល​លើមុខ​វិជ្ជា​សំខាន់ៗ​ចំនួន២០ សិក្សា​ក្នុងរយៈ​ពេល​២​សប្តាហ៍។  ឯកឧត្តមរដ្ឋ មន្រ្តីមាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរថា ជាមួយ​និង​លទ្ធផល​ដែល​ទទួល​បាននោះ សិក្ខា​កាម ដែល​បាន​បញ្ចប់វគ្គ​ទាំងអស់ បានរួមគ្នា​ចង​សម្ពន្ធ័​បង្កើត​ជា​សមាគម​អាចារ្យ​ខ្មែរ នៅ ក្រសួង​ធម្មការ​និង​សាសនា ដើម្បី​រួមគ្នា​ពង្រឹង​តួនាទី​អាចារ្យ ឲ្យកាន់​តែមាន​ភាពសុក្រិត និង​ប្រមូលផ្តុំ​ចែក​រំលែក​ចំណេះ​ដឹងគ្នា ជួយ​ទំនុក បំរ៉ុងគ្នាទៅវិញទៅមក។