Friday, May 18, 2012

សម្ដេច​តេជោ​ស្នើ​កុំ​យក​ព្រះ​នាម​ព្រះ​មហា​វីរៈ​ក្សត្រ នរោត្តម សីហនុ ទៅ​ឃោស​នា​រក​សំឡេង​ឆ្នោត​


សម្ដេច​អគ្គ​មហាសេនាបតី​តេជោ ហ៊ុន សែន បានប្រកាស​ជា​សាធារណៈ​ទៅ​ដល់​អ្នកនយោបាយ​រួម​ទាំង​សែ​រាជវង្ស​ផង កុំឲ្យ​កេង​ចំណេញ​​ពី​រាជានិយម និង​យក​ព្រះនាម​របស់​ព្រះករុណា​ព្រះបាទ​សម្ដេច​ ព្រះ​​​នរោត្ដម សីហនុ ទៅ​ឃោសនា​រក សំឡេងឆ្នោត ដោយ​ចាត់​ទុក​ថា​ រាជានិយម​គឺ​ជា​របស់​រួម​ មិន​មែន​ជា​​របស់​គណបក្ស​នយោបាយ​ណា​មួយ​ ឬត្រឹមតែ​សែ​រាជវង្ស​នោះ​ឡើយ​។​

សេច​ក្តី​​ថ្លែង​​​សម្ដេច​តេជោ បាន​ធ្វើឡើង​នៅព្រឹក​​ថ្ងៃទី​១៥ ខែ​ឧសភា ឆ្នាំ ២០១២ ក្នុងឱកាស​អញ្ជើញ​ជា​អធិបតីក្នុង​ពិធី​បិទ​វគ្គ​និង​សំណេះសំណាល​ ជាមួយអាចារ្យ​-​អាចារិនី ជំនាន់​ទី​១​ដល់​ជំនាន់ទី​៩ ចំនួន​ ៣២៥៥ អង្គ/នាក់ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ រាជធានី​ភ្នំពេញ ។​
សម្ដេចតេជោ​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន មានប្រសាសន៍ថា “​ព្រោះ​អ្នក​ដែល​ការពាររាជានិយម​កំពុងតែ​អង្គុយ​នៅ​ឯនេះកំពុងតែ​និយាយ​នេះ​ ។​«សូម​កុំ​​​ភាន់​​ច្រឡំ​​​ឱ្យ​សោះ​​​ បើ​គ្មា​​ន​​គណ​បក្ស​​ប្រជាជន​​​​ទេ អត់​មាន​​រាជា​និ​យម​​​ស្រុក​ខ្មែ​រ​​ទេ ​សូម​កុំ​​​ច្រឡំ​​ អត់​មាន​ទេ » ។

ដោយ​សំដៅ​ទៅ​រក​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ ១៩៩៣ បង្កើត​រដ្ឋ​ធម្មនុញ្ញ​ និង​របប​រាជានិយម​​ជា​ថ្មី សម្តេច​​​​តេជោ​ មាន​ប្រសាសន៍​​​ថា ទោះ​បី​​​មួយ​​​បាន​​៥៨​​​កៅ​អី មួយ​​​​បាន​៥១​កៅ​អី​​​ តើ​អ្នក​ឯក​អនុ​ម័ត​បាន​ទេ​? ​រដ្ឋ​ធម្ម​នុ​ញ្ញ​​​ត្រូ​វ​ការ​​​២ភាគ​៣​ ពេល​នោះ​សភា​​ធម្ម​នុញ្ញ​​​មាន​​១២០​​កៅ​អី​ ។ ដូច្នេះ​​ត្រូវ​ការ​​​៨២​​សំឡេង​​​ទើប​អ​នុ​ម័ត​រដ្ឋ​ធម្ម​នុញ្ញ​បាន​ ។ បើ​​គណ​​បក្ស​​​ប្រជា​ជន​​​មិន​ចូល​​រួម​​​​ចំណែក​​​អនុ​ម័ត​​​រ​ដ្ឋ​ធម្ម​ នុញ្ញ​​​ តើ​អាច​​​​ទៅ​រួច​ទេ​?​ ត្រូវ​ទទួល​​ស្គាល់​គេ​ឯង​​ផង​​ ។ កាល​​​​ឆ្នាំ​​២០០៨​ ឃោស​នា​​​បោះ​ឆ្នោត​​​​ថា​ បើគ​ណ​បក្ស​​​រាជា​​និ​​យម​​​ទន់​ខ្សោយ​​នោះរាជា​​និយម​នឹង​​​ត្រូវ​បាត់​ បង់​ ។ ​​ឥឡូវ​​​​នេះ​គណ​បក្ស​​​​ដែល​តាំ​ងខ្លួន​​ជា​រាជា​និយម​​ សរុប​ទាំង​​​ពីរ​បក្ស​​​មាន​តែ​​៤កៅ​អី​​​ ។ ​​ការ​ពារ​​​ខ្លួន​ឯង​​​​​អត់​បា​ន​ផង​​​​ រួច​​តាំង​ខ្លួន​​​​ថា​ការ​​ពារ​​រាជា​និយម​​ ។ អ្នក​​ណា​ជា​​​​អ្ន​ក​ការ​ពារ​​​រាជា​និយម​​​បច្ចុ​ប្បន្ន​​ ? ​ ​មិន​គណ​បក្ស​ប្រជា​ជន​​!។ សម្តេច​​តេជោ​មាន​​ប្រសា​​សន៍ឲ្យ​ដឹង​​ថា​ ​ឥឡូវ​​​កំពុង​​​ប្រារព្ធ​​​​ព្រះ​រាជ​ពិធី​​​បុណ្យ​ចម្រើន​​ព្រះ​ជន្ម​​ ព្រះ​មហា​​ក្សត្រ​​​ជាទី​សក្កា​រៈ​​របស់​​​​យើង​ តើ​អ្នក​​​ណា​ជា​​អ្នក​​​​ចេញ​មុខ​​ធ្វើ​ ? មិន​មែន​គណបក្ស​​​ដែលអួត​អាង​​​​​ការពារ​​​រាជា​និយម​​​​​ឯ​ណា ? ​គឺ​គណ​បក្ស​​​ប្រ​ជា​ជន​​​ដែល​កំពុង​​​គ្រប់​គ្រង​រដ្ឋាភិ​​បាល​ ។​

សម្តេច​តេជោ​ មាន ​ប្រសាសន៍​​ឲ្យ​ដឹង​ថា បួន​កៅអី​យកមកធ្វើ​ផេះ​អី​? ៩០​កៅអី​ដែល​អាច​កែប្រែរដ្ឋធម្មនុញ្ញ​បាន​គេ​កំពុងតែ​ការពារ​។ ខ្លួន​ឆ្លៀត​យកចំណេញ​ច្រើន​លើក​ច្រើនសា​ហើយ គេ​មិន​ថា​ផង រហូត​ដល់​មួយបែប​ថា​អាក្រក់​ស្ដាប់​ស៊ី​កេរ​ឪ។ បើស្រឡាញ់​សម្ដេចឪ​បោះឆ្នោត​ឱ្យ​ហ្វ៊ុន​ស៊ិនប៉ិច និយាយ​ឱ្យ​ច្បាស់។​ អ៊ី​ចឹងអ្នកចាញ់​ដោយ​ទាំង​ព្រះករុណា សម្ដេចឪ សីហនុ ទៀត ។ ប៉ុន្មាន​អាណត្ដិ​ដែល ឃោសនា​របៀបនេះ​? ទៅ​អាប់ឱន​ព្រះ កិត្ដិនាម​របស់​សម្ដេចឪ ដែល​លោក អត់​ដឹង​ផង​។ ព្រោះ​រាជានិយម​ជា​របស់ រួម​របស់​ជាតិ ស្ដេច​ជា​ស្ដេច​របស់​យើង ទាំងអស់គ្នា មិនមែន​ស្ដេច​របស់​រាជវង្ស ទេ ហើយ​បើសិនជា​គ្រាន់តែ​របស់​រាជវង្ស ប៉ុន្មាន​នាក់ គឺ​ច្បាស់​ជា​អន្ដរាយ​ហើយ  អាហ្នឹង​សូម​ផ្ដាំ​ទុក​” ។​

សម្តេច​​​តេជោ​ បាន​រិះ​គន់ខ្លាំង​​ៗ​​ថា ​មាន​អ្នក​​ខ្លះ​​​ចង់​យក​​​​ចំណេញ​​ ប៉ុន្តែ​​គណ​បក្ស​ប្រជា​ជន​​មិន​​បាច់​ប្រកាស​ទេ ​​​គឺ​ធ្វើ​​​តាម​ការ​ជា​ក់​ស្តែង​​​អ្វី​ដែល​​បាន​កើត​​ ។ សូម្បី​​​ព្រះ​​មហា​ក្សត្រ​​​ ព្រះ​អង្គ​​​​​ក៏​ដឹង​​ដែរ​​​ទាំង​សម្តេច​​ឪ​ ទាំង​សម្តេ​ច​ម៉ែ​ រហូត​​​​ដល់​ព្រះ​អង្គ​​​ទ្រង់​​ប្រទាន​គោរម​​​ងា​​រ​សម្តេច​​​អគ្គ​មហា​​ ទាំង​៣​ ​។
ជាមួយគ្នា ​នេះ​សម្ដេច​តេជោ​​ក៏​បាន​អំពាវ​នាវ​​ថា សូម​គណបក្សនយោបាយ​ទាំងអស់ រួម​ទាំង​សែ​រាជវង្ស​ដែល​ធ្វើ​ន​យោបាយ​ផង កុំ​កេងចំណេញ​ពី​រាជានិយមដើម្បី​ឃោសនា​ទាញ​យក​សំឡេង​ឆ្នោត ក្នុង​ការបោះឆ្នោត​ឃុំ​-​សង្កាត់​នៅ​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១២ ។

សម្ដេច​តេជោ ហ៊ុន សែន បាន​ព្រមានទៀតថា បើសិនណា​ពុំ​មាន​ការបញ្ឈប់ការប្រើប្រាស់​ព្រះ​កិត្ដិនាម​របស់​ អតីតព្រះមហាក្សត្រ​សម្រាប់​ការឃោសនាបោះឆ្នោត​ទេ​នោះ សម្ដេច​នឹង​និយាយរឿង​នេះ​ជា​ថ្មី​ទៀត និង​ឱ្យ​កាន់តែខ្លាំង ក្លា​ជាងនេះទៀត ។​

សម្តេច​​​តេជោ​​នា​យក​​រដ្ឋ​មន្ត្រី​​ បាន​ព្រមាន​​ថា ​បើ​​ចង់​បំ​ផ្លាញ​​រាជា​​និយម​​​ត្រូវ​​​កន្លង​​សព​ ហ៊ុន​ សែន​​​ សិន ។ ព្រោះ​​បើ​​​​សិន​ជា​​​មាន​​ហេតុ​ការណ៍​​​អ្វី​កើត​ឡើង​​​​​ គឺ​ត្រូវ​​​ពាក់​ព័ន្ធជា​មួយ​​​ គឺ​ត្រូវ​​​មាន​ការ​ទទួល​​ខុស​ត្រូវ​​​របស់​​​នាយក​រដ្ឋ​មន្ត្រី ​​ លើ​បញ្ហា​​​សុ​វត្ថិ​ភាព​​​ព្រះ​មហាក្សត្រ​​ ។ សូម្បី​​​តែ​ព្រះ​​អង្គ​​ទ្រង់​​យាង​ទៅ​តាម​ផ្លូវ​អាកាស​​​ បើ​ឧ​តុ​និយម​​មិន​ច្បាស់​​​ទេ គឺ​​​មិន​បាន​ទេ​ មិន​ឱ្យ​យាង​តាម​​​​ឧទ្ធ​ម្ភាគ​​ចក្រ​​ទេ ​គឺ​​ឱ្យ​យាង​តាម​​​អា​កាស​​យាន​ Air Bus ហើយ​​ ព្រោះ​​ព្រះ​មហា​​ក្សត្រ​​​ ជា​ព្រះ​​ប្រមុខ​រដ្ឋ​ ។

ទាក់ ​ទង​នឹង​ការ​រក្សា​ទំនៀម​ទំលាប់​ សម្តេច​​តេ​ជោ​​នាយ​​ក​រដ្ឋ​មន្ត្រី​​​បញ្ជាក់​ថា ​ខ្ញុំ​មាន​​មោ​ទ​ន​ភាព​​​​​ណាស់​​ដោយ​សារ​តែ​​​ក្រសួង​​​​​ ព្រះ​រម​រាជ​វាំង​​ចូល​រួម​ស្រាវ​ជ្រាវ​​​នូវ​ប្រពៃ​ណី​​សម្រាប់​​​ព្រះរាជ​ ពិ​ធី​​​បុណ្យ​នានា​​ ទាក់​ទង​នឹង​ព្រះ​មហា​ក្សត្រ​ តាំង​ពីព្រះរាជ​​ពិ​ធី​បុណ្យ​ច្រត់​ព្រះ​​ន​ង្គ័ល​ ​​​ព្រះ​រាជ​ពិធី​បុណ្យ​​​​អុំទូក​​ បណ្តែត​​​ប្រទីប​​អក​អំបុក​​ និង​សំពះ​ព្រះ​ខែ​​ ព្រះ​រាជ​ពិ​ធី​​​​​​​ពី​បុរម​បុរាណ​​ មាន​ទាំង​​​បារគូផ្លុំស័ង្ខ ។ នោះ​ហើយ​យើង​​មាន​ទំ​នៀម​ទម្លាប់​​​​​​​ឡើង​វិញ ​ពិត​មែន​​​​​​​​​​​​​ទំនៀម​ទម្លាប់​​​ខ្លះ​មិន​​​​ត្រូវ​​​បាន​ប្រើ​​​ គ្រប់​​​កាលៈ​ទេ​សៈ​​ទេ ​ប៉ុន្តែ​​​ទំនៀម​ទម្លាប់​​​ដែល​មាន​តាំង​ពី​​ដូន​តា​​ក្នុង​ប្រទេស​​​​​ រាជា​ធិប​តេយ្យ​ ។ យើង​​មាន​ទំ​នៀម​​ទម្លាប់​​​របៀប​នេះ​ល្អ​ណាស់​​សម្រាប់​​​ប្រទេស​​យើង។

គួរបញ្ជាក់ ​ថា គណៈកម្មាធិការ​ជាតិរៀបចំ​ការបោះឆ្នោត​គ​.​ជ​​ប​បានប្រកាស ថា មិន​ឱ្យ​គណបក្ស​នយោបាយ​ណាមួយយក​ព្រះនាម ឬ​ព្រះឆាយាល័ក្ខណ៍របស់ព្រះមហាក្សត្រព្រះមហាវិរក្សត្រ​សម្ដេច​ឪ នរោត្ដម សីហនុ សម្ដេចម៉ែ ទៅ​តាំងបង្ហាញ ឬ​យក​ទៅ​ឃោសនា​រក​សំឡេង ឆ្នោត​ឡើយ ៕