Friday, May 18, 2012

សម្តេច​តេជោ​ទទួល​ជួប​សវនាការ​ជាមួយ​រដ្ឋមន្រ្តី ទទួល​បន្ទុក​រដ្ឋ វេល នៃ​ចក្រភព​អង់គ្លេស




នៅពេល ​​ចូលជួប​សម្តែង​ការគួរសម​នា​ថ្ងៃ​ទី ១៧ ខែ ឧសភា ឆ្នាំ ២០១២ នៅវិមាន​សន្តិភាព​ក្នុង​រាជធានី​ភ្នំពេញ លោកជំទាវ Cheryl Gillan សមាជិក​សភា និង ជារដ្ឋមន្រ្តី​ទទួល​បន្ទុករដ្ឋ វេល នៃ​ចក្រភអង់គ្លេស បាន​ជម្រាប​ជូន​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន ថា លោក​ជំទាវ​មាន កិត្តិយស​ណាស់ ដែល​បានធ្វើ​ដំណើរ​មកកាន់​ព្រះរាជា​ណាចក្រ​កម្ពុជា ដែល​ទស្សនកិច្ច​នេះ ដើម្បី​ជាការ ពង្រឹង​បន្ថែម​នូវ​ទំនាក់​ទំនង រវាង​ប្រទេស​ទាំង​ពីរ តាម​រយៈ​ការបើក​ការិយាល័យ​ពាណិជ្ជកម្ម​វិនិយោគ​នៅ​កម្ពុជា នៅក្នុង​ស្ថាន​ទូត​ចក្រភព​អង់គ្លេស ដើម្បី​ពង្រឹង​បន្ថែម​នូវវិស័យ​នេះរវាង​ប្រទេស​ទាំងពីរ​នោះ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ដោយ​ឯកឧត្តម​ អ៊ាង សុផល្លែត ជំនួយការ​សម្តេចតេជោ​នាយក​រដ្ឋមន្រ្តី។

លោកជំទាវ Cheryl Gillan មាន​ប្រសាសន៍ថា ទស្សនកិច្ច​របស់លោក​ស្រី​ក៏​ដើម្បី​ចូលរួម​សម្ពោធ រោងចក្រ​កាត់ដេរ និង​ស្វែងយល់​ពីបញ្ហា​ ដីធ្លី ដំណើរ​ការសន្តិភាព ការកាត់​ទោសអតីត​មេដឹក​នាំ​ខ្មែរក្រហម​ និង អាទិភាព​របស់​ប្រធាន​អាស៊ាន​ផងដែរ។

ឯកឧត្តម​ អ៊ាង សុផល្លែត ឲ្យដឹងថា នៅ​ក្នុងជំនួប​នោះ សម្តេចតេជោ បាន​សម្តែង​នូវការ​រីករាយ​យ៉ាងខ្លាំង​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ ជំទាវ Cheryl Gillan ដែល​មក​ដើម្បីពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេសទាំងពីរ​ លើ​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ និង​បាន​សម្តែង​ការអបអរ​សាទរ ចំពោះការ​បើក​ការិយាល័យ​ពាណិជ្ជកម្ម វិនិយោគ​នៅ​កម្ពុជា នៅក្នុង​ស្ថានទូត​ចក្រ​ភព​អង់គ្លេស​នោះ។ សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ ក៏បាន​សម្តែង​នូវការ​អបអរ​សាទរ ចំពោះ​ការ​សម្ពោធ​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ផងដែរ​ព្រោះថា ការ​បង្កើត​រោងចក្រ​កាត់ដេរ​នេះ ជាការ​ជួយបង្កើត​ការងារ​ដល់​ប្រជាជន​កម្ពុជា​ផង ហើយ​ក៏​ជួយ​ជំរុញ​ការនាំ​ចេញ​ពី​កម្ពុជា​ទៅ​កាន់​បរទេស​ផងដែរ។

ពាក់​ព័ន្ធជា​មួយដំណើរ​ការសន្តិភាព​របស់​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន បាន​ជម្រាប​ជូន​ពីដំណើរ​សន្តិភាព​របស់​កម្ពុជា ចាប់​តាំង​ពី​ឆ្នាំ ១៩៧៣ រហូត​មក​ដល់​ឆ្នាំ ១៩៩៨ ដែល​ជា​រយៈពេល​ដ៏វែង​មួយ ដែល​កម្ពុជា​តែងតែ​មាន​តំបន់​អបគមន៍ ហើយ​ក្រោយ​ពីឆ្នាំ ១៩៩៨ កម្ពុជា​បាន ទទួល​សុខ​សន្តិភាព​ពេញលេញ។ ឯកឧត្តម​ អ៊ាង សុផល្លែត ឲ្យ​ដឹង​​ថា សម្តេច​នាយក​រដ្ឋមន្រ្តី បាន​លើក​ឡើង យ៉ាង​លម្អិត​នូវ​ដំណើរ​ការស្វែង​រក​សន្តិភាព និង​ដំណើរ​ការកាត់​ទោស​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម ដែល​កន្លង​មក​ធ្លាប់​បាន​ធ្វើការ​កាត់ទោស​ម្តង​រួចមក​ហើយ កាល​ពីឆ្នាំ ១៩៧៩ នោះ។

ចំពោះ​បញ្ហា​អាទិភាព​របស់​អាស៊ាន ក្នុង​នាមជា​ប្រធាន​អាស៊ាន​នោះ សម្តេច​តេជោ​មាន​ប្រសាសន៍​ថា គឺ​ជា​ការ​ធ្វើ​សមាហ​រណកម្ម​អាស៊ាន ដើម្បី​ធ្វើយ៉ាង​ណា​ឈាន​ចូល​សហគមន៍​អាស៊ាន​នៅ ឆ្នាំ ២០១៥ ខាង​មុខ​នេះ។

សម្តេចតេជោ​ក៏បាន​លើកឡើង​អំពី​បញ្ហាផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច និង​ដី​សម្បទាន​សង្គម​កិច្ចផង​ដែរ៕