Thursday, June 28, 2012

បទវិភាគនយោបាយ ៖ ​តើ​មេបក្ស​ថ្មី​ជា​នរណា ?

ក្រោយ​ពីការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ/សង្កាត់​អណត្តិទី៣ រួចមក លទ្ធផល​បាន​បញ្ជាក់​យ៉ាង​ច្បាស់ ថា​គណបក្ស​ប្រជាជន​កម្ពុជា ជា​គណបក្ស​ដែល​ទទួល​បានការ​គាំទ្រ​យ៉ាង​សន្ធឹក​សន្ធាប់​ពី​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត ហើយ​ក៏ជា​សារ​នយោបាយ​មួយ​សម្រាប់​ការ​បោះឆ្នោត​សកលនា​ឆ្នាំ​២០១៣ ខាង​មុខនេះ​ដែរ ។ រីឯក្រុម​គណបក្ស ប្រឆាំង​បានទទួល​ការគាំទ្រ​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ នេះ​ក៏ដោយ​សារតែ​ទង្វើ​នៃ​សកម្មភាព និង កាយ​វិការ​របស់​ក្រុម គណបក្ស​ប្រឆាំង​តែងតែ​រិះគន់​ជេរ​ប្រមាថ​រាជ​រដ្ឋាភិបាល មិនឆ្លុះ​បញ្ចាំង​ការពិត មិនដឹង​ខុសត្រូវ​នោះដែរ ។

ដើម្បី​ទាក់ទាញ​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត ដោយ​ផ្អែក​លទ្ធផល​ជាក់​ស្តែងថា មិនអាច​យកជ័យ​ជំនះ លើ​គណបក្ស​ប្រជាជន​កម្ពុជាបាន ក៏​លើកយក​រូបមន្ត​ចងសម្ព័ន្ធ​ភាព​មកធ្វើការ​បោកប្រាស់​ ប្រជាពល​រដ្ឋ​សម្រាប់ការ បោះ​ឆ្នោត​នា​ពេលខាង​មុខ ហើយ​គណបក្ស​ទាំងពីរ គឺ​គណបក្ស សម រង្ស៊ី និង គណបក្ស សិទិ្ធមនុស្ស បាន​ប្រកាស​នឹង​បង្កើត​គណបក្ស​ថ្មី​មួយទៀត សម្រាប់​ការបោះ​ឆ្នោត​សកលឆ្នាំ​២០១៣ ។​ ប៉ុន្តែ​បើយើង​ពិនិត្យ​មើល​នូវលក្ខណៈ សម្បតិ្ត​នៃ​គណបក្ស​ទាំងពីរ​នេះឃើញថា បើ​សិនជា​រួបរួម​ទៅជា​គណបក្ស​តែមួយ​នោះ តើ​មេបក្ស​ថ្មី​ជា​នរណា ?

គួរតែលោក សម រង្ស៊ី ឬ លោក កឹម សុខា ធ្វើ​ជាប្រធាន​គណបក្ស​ថ្មីនេះ តែ​បើ​លោក សម រង្ស៊ី វិញហាក់ ដូចជា​មាន​សមត្ថភាព និង​ចំណេះ​ដឹង​ខ្ពស់​ជាង​លោក កឹម សុខា ។ ម៉្យាងទៀត គណបក្ស សម រង្ស៊ី ក៏​ជា​គណបក្ស មួយ​ដែល​មាន​សមាជិក​ព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សា​ខេត្ត/រាជធានី ស្រុក/ខ័ណ្ឌ/ក្រុង និង ឃុំ/សង្កាត់ ច្រើន​លើស លុប​បើធៀប​ទៅនឹង​គណបក្ស សិទិ្ធ​មនុស្ស របស់​លោក កឹម សុខា នោះ ។ ពិសេសស​មាសភាព​ថ្នាក់ដឹក​នាំ​គ្រប់ លំដាប់​ថ្នាក់​នៃ​គណបក្ស សិទិ្ធ​មនុស្ស ស្ទើរ​តែទាំង​អស់សុទ្ធ​សឹងតែ​ចេញមក​ពី​គណបក្ស សម រង្ស៊ី ផងដែរ ។

ដូច្នេះ​ប្រធាន​គណបក្ស​ថ្មី គួរ​តែបាន​មក​លោក សម រង្ស៊ី ។

រីឯ​ក្រុមអ្នក​គាំទ្រ​គណបក្ស សិទិ្ធ​មនុស្ស តែងតែ​គិតថា​គួរ​ឲ្យ​លោក​ កឹម សុខា ធ្វើ​ជាប្រធាន​ទៅវិញ ដោយ សំអាង​ទៅលើ​លទ្ធផល​នៃការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ/សង្កាត់​ថ្មីៗ​នេះ មាន​ការគាំទ្រ​ដែរ ។ ម៉្យាង​ទៀត​បើរំពឹង​លើ លោក សម រង្ស៊ី ខ្លាច​ក្រែង​មិនអាច​ចូលស្រុក​បាន​ព្រោះ​គាត់​ជា​ទណ្ឌិត​នៅឡើយ ។

សរុបសេច​ក្តីមក បើ​លោក កឹម សុខា ក្លាយ​ជា​ប្រធាន​គណបក្ស​ថ្មី នៃ​គណបក្ស​សម្ព័ន្ធភាព​នោះ មាន​ន័យថា គណបក្ស សម រង្ស៊ី ដែល​ជាគណបក្ស​ប្រឆាំង​ធំជាង​គេបង្អស់​នឹង​រលាយ​បាត់​រូបរាង ដូច​អំបិល​ត្រូវ​ទឹក​ជាស្វ័យ ប្រវត្តិ ហើយ​ប្រវត្តិសាស្រ្ត​នឹង​ស្តីបន្ទោស​លោក សម រង្ស៊ី ជាក់​ជាពុំខាន ហើយ​លោក កឹម សុខា អាច​នឹង​លេបយក អំណាច​នៅក្នុង​គណបក្ស​តែម្នាក់ឯង ពិសេស​ឈានដល់​លុបបំបាត់​ទាំងស្រុង​នូវអត្ត​សញ្ញាណ​ដើម នៃ​ការតស៊ូ កន្លង​មក​របស់​លោក សម រង្ស៊ី ក៏ដូច​ថ្នាក់ដឹក​នាំគ្រប់​លំដាប់​ថ្នាក់ នៃ​គណបក្ស សម​ រង្ស៊ី ដែរ ។

ដូច្នេះ​តើ​មេបក្សថ្មី​ជានរណា ? គួរ​លោក សម រង្ស៊ី ឬ លោក កឹម សុខា ?

ប៉ុន្តែអ្វី​គួរឲ្យកត់​សម្គាល់​នោះគឺ ទោះបី​គណបក្ស​ទាំងពីរ​នេះរួមគ្នា ក៏​មិនឈ្នះ​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ ។
ជាតិខ្មែរ