Thursday, June 28, 2012

រជ្ជទាយាទ​រាជាណាចក្រ​ជប៉ុន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​តួនាទី​សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន ក្នុងការ​ពង្រឹង​សន្តិភាព​និង​ស្ថិរភាព​នៅ​កម្ពុជា

ព្រះ​អង្គ​ម្ចាស់ ​ណា​រូ​ហ៊ី​តូ​(NARUHITO)​ រជ្ជ​ទាយាទ​ នៃ​រាជាណាចក្រ​​ជប៉ុន​នា​ព្រឹក​ថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០១២ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​​តួនាទី ស​ម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ​ក្នុង​ការ​ពង្រឹង​សន្តិភាព ​និង​ស្ថិរភាព​នៅ​កម្ពុជា​នា​ពេល​កន្លងមក ​ដោយ​ព្រះអង្គ​បាន​ចាត់​ទុក​ថា​ ការ​នេះ​ វា​ជា​កត្តា​សំខាន់ ​ដែល​បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​មានការ​អភិវឌ្ឍ​មក​ដល់ពេល​បច្ចុប្បន្ន​នេះ​។​​

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅក្នុង​​ជំនួប​សវនាការ​ជាមួយ​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​នៅ​វិមាន​សន្តិភាព​ រាជធានី​ភ្នំពេញ​ ព្រះអង្គម្ចាស់ ណា​រូ​ហ៊ី​តូ បាន​អរគុណ​ចំពោះ រាជ​រដ្ឋាភិបាល​​កម្ពុជា ដែល​បានរៀបចំ​បដិសណ្ឋារកិច្ច​យ៉ាង​កក់ក្តៅ​ជូន​ចំពោះ​ព្រះអង្គ ដែលជា​ការ បង្ហាញ​ឲ្យ​ឃើញ​ពី​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​-​ជប៉ុន​។ ព្រះអង្គ​រជ្ជ​ទាយាទ​ក៏បាន​សំដែង​នូវ​ព្រះរាជហឫទ័យ​ជឿជាក់ថា ទស្សនកិច្ច​របស់​ព្រះអង្គ​នៅ​កម្ពុជា​នេះ​នឹង​ជួយ ពង្រឹង​ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​។​ រជ្ជទាយាទ​បានវាយ​តំលៃខ្ពស់​ពីតួនាទី​របស់​សម្តេច​តេជោ​នាយករដ្ឋមន្រ្តី​ ក្នុងការ​ពង្រឹង​សន្តិភាព​និងស្ថេរភាព​នៅកម្ពុជា​ដែលនោះ​គឺជាកត្តា​ដ៏មានសារៈ​សំខាន់បំផុត​ ​ក្នុងការ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា មាន​ការរីកចំ​រើន​រហូតមក​ដល់​បច្ចុប្បន្ន​និង​ទៅ​អនាគត។ 

ព្រះអង្គម្ចាស់ ណា​រូ​ហ៊ី​តូ មាន​ព្រះបន្ទូល​ថា ពិតមែនតែ​ឥឡូវនេះ​ព្រះ​ជាយា​របស់​ព្រះអង្គ​មិន បាន​យាង​មក​ក្តី ប៉ុន្តែ​ព្រះអង្គ​នឹង​នាំយក​នូវ​អ្វី​ដែលជា​មនោសញ្ចេតនា​ល្អ និង​លទ្ធផល​ល្អ​នៃ​ដំណើរ ទស្សនកិច្ច​នេះ ដើម្បី​ទូលថ្វាយ​ព្រះ​ជាយា​របស់​ព្រះអង្គ​ផងដែរ​។​

ឯកឧត្តម ខៀវ កាញារីទ្ធ មានប្រសាសន៍​ឲ្យ​ដឹង​ថា នៅក្នុង​សវនាការ​នោះ សម្តេច​តេ​ជោ​នាយក​រដ្ឋ មន្ត្រី​បានលើកឡើង​អំពី​ទំនាក់ទំនង​ដ៏​យូរលង់ និង​ជិតស្និទ្ធ​រវាង​កម្ពុជា និង​ជប៉ុន ហើយ​សម្តេច​បាន​ចាត់ ទុក​ថា ជប៉ុន​គឺជា​ប្រទេស​ដែល​ផ្តល់ជំនួយ​ដ៏​ធំជាងគេ​ដល់​ប្រទេស​កម្ពុជា ដែល​នៅពេលនេះ​ជប៉ុន​បាន និង​កំពុង​កសាង​ស្ពាន​អ្នក​លឿង ដែលជា​ស្ពាន​ដែល​ធំ​ហើយ​វែង ដែល​នឹង​ជួយ​សម្រួល​ដល់​ការផ្លាស់ ប្តូរ​ការ​ដឹក​ជញ្ជូន​​ទាំងអស់ ទាំង​នៅក្នុង​ភាគខាងត្បូង និង​ភាគ​ខាងកើត​នៃ​កម្ពុជា​ផង ហើយក៏​ជា​ផ្លូវ ហាយ​វេ​អាស៊ាន​ផងដែរ​។​ សម្តេច​តេ​ជោ​មានប្រសាសន៍ថា នៅពេលដែល​ព្រះអង្គម្ចាស់​រជ្ជ​ទាយាទ យាង​ទៅធ្វើ​ទស្សនកិច្ច​នៅ​សៀមរាប​អង្គរ ព្រះអង្គ​នឹង​បាន​បើកទឹក​នៅក្នុង​សណ្ឋាគារ ដែលជា​ជំនួយ ដ៏​ធំធេង​របស់​ប្រទេស​ជប៉ុន​នោះ​ហើយ​។​

សម្តេច​តេ​ជោ​​បានលើក​ឡើង​ផងដែរ​អំពី​ការចូលរួមចំណែក​យ៉ាង​ធំធេង ​របស់​ប្រទេស​ជប៉ុន​នៅក្នុង​កិច្ច​ព្រម​ព្រៀង​​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​បង្កបានជា​ជំហាន​ឈានទៅ​កសាង​សន្តិភាព​នៅ​កម្ពុជា ហើយ​គណៈ​ប្រតិភូ​​ជប៉ុន​ក៏បានផ្តល់​គំនិត​ក្នុងការ​ផ្លាស់ប្តូរ​ពាក្យ​«​អំពើ​ប្រល័យពូជសាសន៍​»​ដែល​ស្នើ ដោយ​រដ្ឋាភិបាល​​រដ្ឋ​កម្ពុជា មក​ប្រើពាក្យ​«​ការប្រព្រឹត្ត​ពី​អតីតកាល​»​នៅក្នុង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស នោះ​ផងដែរ​។​

សម្តេច​តេ​ជោ​​បាន​ថ្លែងថា ប្រទេស​ជប៉ុន និង​សហភាព​អឺរ៉ុប បាន​ធ្វើជា​ឆ្មប​ជួយ​​បង្កើតរាជ​​រដ្ឋាភិបាល​នៅ​ឆ្នាំ ១៩៩៨ បន្ទាប់ពី​ការជាប់​គាំងខាង​នយោបាយ​ក្រោយ​ព្រឹត្តិការណ៍​ខែកក្កដាឆ្នាំ​១៩៩៧ ​និងបាន​ផ្តល់នូវ​ជំនួយ​ឥត​សំណង​ដល់​ការកសាង​ប្រទេស​កម្ពុជាឡើង​វិញមាន​ការរីកចំរើន​យ៉ាងឆាប់​រហ័សបំផុត។  ​ ឯកឧត្តម ខៀវ កាញារីទ្ធមានប្រសាសន៍ឲ្យ​ដឹង​ថា តាំងពីដើម​មក​ប្រទេស​ជប៉ុន​មិនដែល​បញ្ជូន​កងទ័ព​ទៅ ក្រៅប្រទេស​នោះទេ ប៉ុន្តែ​តាម​សំណើ​របស់​សម្តេច ហ៊ុន សែន ដែល​កាលនោះ​​ជា​នាយករដ្ឋមន្ត្រី នៃ​រដ្ឋ កម្ពុជា ជប៉ុន​​បាន​បញ្ជូន​កងទ័ព​មក​កម្ពុជា​។​ សម្តេច​តេ​ជោ​​ក៏បាន​សំដែង​នូវ​ការសោកស្តាយ​នៅពេល ដែល​ជប៉ុន​​បាន​បញ្ជូន​អ្នកស្ម័គ្រចិត្ត​មក​កម្ពុជា​ក្នុងសម័យ​​អ៊ុនតាក់ ហើយ​​មាន​ប្រជាជន​ជប៉ុន​បានទទួល មរណភាព​ ដើម្បី​​បុព្វហេតុ​សន្តិភាព​នៅ​កម្ពុជា​ ​។​

ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​​ឲ្យ​ដឹងថា ចាប់តាំងពី​ឆ្នាំ ២០០៤ ដល់​ឆ្នាំ ២០១២ ប្រទេស​ជប៉ុន​បានផ្តល់​ជំនួ​យ​ឥត​​សំណង​មាន​ទឹកប្រាក់​ចំនួន ៦៣៣,៣៥៩ លាន​ដុល្លារ​អាមេរិក ផ្តល់​កម្ចីសម្បទាន​ចំនួន ៣៨០,៥៧ លាន​ដុល្លារ ផ្តល់ជំនួយ​បច្ចេកទេស​ពី​ឆ្នាំ ២០០៥ ដល់​ឆ្នាំ ២០១២ មាន​ទឹកប្រាក់​ចំនួន ២៨០,៨៤៤ លាន​ដុល្លារ​អាមេរិក​និង​ផ្តល់ជំនួយ​ដល់​សាលាក្តី​ខ្មែរក្រហម​ពី​ឆ្នាំ ២០០៥ ដល់​ខែកុម្ភៈ ឆ្នាំ ២០១២ មាន​ទឹកប្រាក់​ចំនួន ៧៦,៦៤ លាន​ដុល្លារ​អាមេរិក​។​ជាមួយគ្នានេះ​ប្រទេស​ជប៉ុន​បាន​ជួយ បណ្តុះបណ្តាល​ធនធានមនុស្ស​ចាប់ពី​ឆ្នាំ ២០០៤ ដល់​ឆ្នាំ ២០១២ ក្នុងនោះ​សំរាប់​វគ្គ​សិក្សា​រយៈពេល​ខ្លី មាន​ចំនួន ៨៧៨ នាក់ និង​វគ្គ​សិក្សា​រយៈពេល​វែង​មាន ៥៤៣ នាក់​។​ពី​ឆ្នាំ ២០០១ ដល់​ឆ្នាំ ២០១២ អ្នកស្ម័គ្រចិត្ត​ជប៉ុន​មកកាន់​កម្ពុ​ជាមាន​ចំនួន ១៧៧ នាក់​ផ្តល់​អ្នកជំនាញការ​ពី​ឆ្នាំ ១៩៩២ ដល់​ឆ្នាំ ២០១២ មាន​ចំនួន ២៧៩១ នាក់​រួមទាំង​ការ​ផ្តល់នូវ​សម្ភារៈ​ស​ង្រ្គោះ​​បន្ទាន់​មាន​ទឹកប្រាក់​ចំនួន ៣៣០ ពាន់​ដុល្លា​អាមេរិក​កាលពី​ខែតុលា​ឆ្នាំ​២០១១​។

ព្រះអង្គម្ចាស់ ​ណា​រូ​ហ៊ី​តូ បាន​យាង​មកដល់​ព្រះរាជាណាចក្រ​កម្ពុជា​ នា​ព្រឹក​ថ្ងៃទី​ ២៧​ មិថុនា ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល៣​ថ្ងៃ​(២៧.២៩-​០៦.២០១២)​នៅ​កម្ពុជា ​តាម​ការ អញ្ជើញ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ សេចក្ដី​ប្រកាសព័ត៌មាន ​របស់​​ក្រសួងការ​បរទេស​និង​សហប្រតិបត្តិ​ការ​អន្តរជាតិ​ បាន​ឲ្យដឹង​ថា ​នៅ​ក្នុងដំណើរ​ទស្សនកិច្ច​ជា​ លក្ខណៈ​ផ្លូវការ​នៅ​កម្ពុជា ​ព្រះអង្គម្ចាស់​រជ្ជទាយាទណា​រុ​ហ៊ី​តូ នឹង​ចូល​បង្គំ​គាល់​ព្រះករុណា ​ព្រះបាទ​សម្ដេច​ ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រនៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ព្រះអង្គម្ចាស់ ណា​រូ​ហ៊ី​តូ ទទួល​បាន​ការ​ធ្វើ​​បដិសណ្ឋារកិច្ច​យ៉ាង​កក់ក្តៅ​បំផុត​ពី​សំណាក់​សម្តេចអគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នៅឯ​វិមាន​សន្តិភាព និង​អមដោយ​កងកិត្តិយស ព្រមទាំង​ត្រែទ័ព ឥស្សរជន​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា និង​បណ្តា​ឯកឧត្តម​ អ្នកការទូត​នៃ​បណ្តា​ប្រទេស​ជា​មិត្ត​នានា​ប្រចាំ​​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ផងដែរ​។​

ព្រះអង្គម្ចាស់ ណា​រូ​ហ៊ី​តូ ជា​ឥស្សរជន​ជាន់ខ្ពស់​របស់​ប្រទេស​ជប៉ុន​ទី៣ ដែល​បានមក​បំពេញ​ទស្សន កិច្ច​ផ្លូវការ​នៅ​កម្ពុជា​​។ ​ ​កាល​ពី​​ខែមករា​ឆ្នាំ ២០០០ ឯកឧត្តម​ កៃ​ហ្សូ​អូ​ប៊ូ​ជី នាយករដ្ឋមន្ត្រី​ជប៉ុន បានមក​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា ហើយ បន្ទាប់​មក​​ឯកឧត្តម​ យូ​នី​ជី​រ៉ូ​កូ អ៊ី​ស៊ូ​មី នាយក​រដ្ឋ​មន្រ្តី​ ប្រទេស​ជប៉ុន​ជា​មនុស្ស​ទី២​ បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​ក្នុង​ខែ​វិច្ចិកា​ឆ្នាំ ២០០២ នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា។​ ​កម្ពុជា និង​ជប៉ុន​បាន​ភ្ជាប់ ទំនាក់ទំនង​ការទូត​ជាមួយគ្នា​កាល​ពី​ថ្ងៃទី ៩ មករា ឆ្នាំ ១៩៥៣ ។

​ សូមបញ្ជាក់​ផងដែរថា ​ព្រះអង្គម្ចាស់​រជ្ជទាយាទ ណារុហ៊ីតូ​ នៃ​ប្រទេស​ជប៉ុន ប្រសូត​នៅ​ថ្ងៃទី​២៣ខែ​កុម្ភៈ ឆ្នាំ​១៩៦០។ ព្រះអង្គ​ម្ចាស់​រជ្ជទាយាទ ជា​ព្រះរាជ​បុត្រ​ច្បង​របស់​ព្រះ​ចៅ​អធិរាជ Akihito និង​អធិរាជិនី (ព្រះ​អគ្គមហេសី​របស់​ព្រះ​ចៅ​អធិរាជ ) Michiko​។ ចាប់តាំងពី​ថ្ងៃទី​២៣​ខែកុម្ភៈឆ្នាំ​១៩៩១ រហូត​មកដល់​បច្ចុប្បន្ន​នេះ​ព្រះអង្គម្ចាស់​ណា​រុ​ហ៊ី​តូ បាន​ក្លាយ​ជា​ព្រះរជ្ជ​ទា​យាទ ( ស្នង​តំណែង​ជា​ព្រះ​ចៅ​អធិរាជ) នៃ​រាជា​ណាចក្រ​​ជប៉ុន​។​