Thursday, June 28, 2012

សម្តេចតេជោ​នឹង​អញ្ជើញ​ទៅ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​នៃ​ចលនា​មិន​ចូល​បក្ស​សម្ព័ន្ធ​ នៅ​ប្រទេស​ងអ៊ីរ៉ង់

សម្តេច​អគ្គមហាសេនា​ប​តី​តេ​ជោ ហ៊ុន សែន​ បាន​ទទួលយក​ការអញ្ជើញ ពី​ឯកឧត្តម​​ប្រធានា​ធិបតី​អ៊ីរ៉ង់​ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​នៃ​ចលនា​មិន​ចូលបក្ស​សម្ព័ន្ធ​លើក​ទី ​១៦ ដែល​នឹង​ប្រព្រឹត្ត​ទៅ​​នៅ​ទីក្រុង​​តេអេ​រ៉ង់ ​ប្រទេស​អ៊ីរ៉ង់ នា​​ចុងខែ​សីហា​ខាងមុខនេះ​។​​

ឯកឧត្តម​ ​អ៊ាង​ សុផល្លែត ​ជំនួយការ​សម្តេច​តេ​ជោ​នាយក​រដ្ឋ​មន្រ្តី​​ឲ្យ​ដឹងថា ឯកឧត្តម​ Mohammad AIi Fathollahi បេសកជន​ពិសេស​របស់​​ប្រធានា​ធិបតី​អ៊ីរ៉ង់ បាន​គោរព​អញ្ជើញសម្តេច​តេជោ​នាយករដ្ឋមន្ត្រី ដើម្បី​​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​នៃ​ចលនា មិន​ចូលបក្ស​សម្ព័ន្ធ​នៅ​ទីក្រុង​តេ​អេ​រ៉ង់ ក្នុង​ឱកាស​​ចូលជួប​សំដែង​ការគួ​សម នៅ​វិមាន​សន្តិភាព​កាលពី​ថ្ងៃទី ២៧ ខែ​មិថុនា ឆ្នាំ ២០១២។ ឯកឧត្តម​ Mohammad AIi Fathollahi បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ និង​ការ​​គោរព​អញ្ជើញ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ​ពី​សំណាក់​ឯកឧ​ត្ត​ម​ប្រធានាធិបតី​អ៊ីរ៉ង់ ផងដែរ​។​
​ឯកឧត្តម​ Mohammad AIi Fathollahi មានប្រសាសន៍​ជំរាបជូន​សម្តេច​តេ​ជោ​នាយក​រដ្ឋ​មន្រ្តី​​ថា នៅលើ​ពិភព​លោក​យើង​នេះ​មាន​ព្រឹត្តិការណ៍​ជាច្រើន​កំពុង​កើតឡើង ហើយ​កិច្ចប្រជុំ​កំពូល​នៃ​ចលនា​មិន​ចូលបក្ស​សម្ព័ន្ធ​លើក​ទី ១៦ នៅ​ចុងខែ​សីហា ឆ្នាំ២០១១ គឺ​រៀបចំឡើង​ដើម្បី​ចូល​រូ​ម​ចំណែក​ក្នុងការ​ស្វែងរក​សន្តិភាព​​​​រប​ស់​ពិភពលោក​នៅក្នុង​បរិបទ​ថ្មី​នេះ​។​

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ ពី​សំណាក់​ឯកឧ​ត្ត​ម​ប្រធានា​ធិបតី​អ៊ីរ៉ង់ ហើយ​បាន​យល់ស្រប​ជាមួយនឹង​ទស្សនៈ​របស់ឯកឧត្តម​​បេសកជន​ពិសេសរបស់​ប្រធានា​​​ធិបតី​នៃ​ប្រទេស​អ៊ីរ៉ង់​ ដែល​​ពាក់ព័ន្ធ​ទៅនឹង​ព្រឹត្តិការណ៍​នៅលើ​ពិភពលោក និង​បាន​ឯកភាព​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​នៃ​ចលនា​មិន​ចូលបក្ស​សម្ព័ន្ធ ដោយសម្តេច​មាន​ប្រសាសន៍ថា គប្បី​ត្រូវ​ប្រើប្រាស់​កិច្ចប្រជុំ​កំពូល​នៃ​ចលនា​មិន​ចូលបក្ស​សម្ព័ន្ធ​នៅ​អ៊ីរ៉ង់​នេះ ដើម្បី​ពង្រឹង​នូវ​តួនាទី​របស់​ចលនា​មិន​ចូលបក្ស​សម្ព័ន្ធ​​ទៅក្នុង​ឆាក​អន្តរជាតិ ហើយក៏​ដើម្បី​ស្វែងរក​នូវ​សណ្តាប់ធ្នាប់​ក្នុង​ឆាក​អន្តរជាតិ ដើម្បី​ឲ្យ​ប្រជាជន​គ្រប់រូប​ក្នុង​ពិភពលោក​បានទទួល នូវ​ភាពសប្បាយ​រីករាយ សុខសន្តិភាព ស្ថិរភាព ទោះបី​ជាមាន​ក្តី ក្រ​ក្តី​។​

​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​វិញ សម្តេច​តេ​ជោ​​នាយក​រដ្ឋ​មន្រ្តី​​ស្នើ​ឡើង​តាម​រយៈ​ ឯកឧត្តម​​​​បេសកជន​ពិសេសរបស់​ប្រធានា​ធិបតី​នៃ​ប្រទេស​អ៊ីរ៉ង់​ ​ឲ្យ​ពិនិត្យមើល​កិច្ចសហប្រតិបត្តិការ​អ្វី​ដែល​ប្រទេស​អ៊ីរ៉ង់​​អាច​ធ្ចើ​ទៅបាន​បន្ថែម​ទៀត​ ទៅលើ​វិស័យ​ពាណិជ្ជកម្ម ទេសចរណ៍​ ក្រៅពី​កិច្ច​សហ​ប្រតិបត្តិការ​​​​ផ្នែក​នយោបាយ និង​ការទូត ​៕​