Thursday, June 28, 2012

ក្រុមអ្នកសង្កេតការណ៍​កែវភ្នែក​យុត្តិធម៌​គាំទ្រ​លទ្ធផល​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិទី៣

អង្គការ​មិន​មែន​រដ្ឋាភិបាល​ចំនួន​ ៣ រួម​មាន​ សហ​ព័ន្ធ​​និស្សិត​ បញ្ញវ័ន្ត​ ប្រជាធិបតេយ្យ​កម្ពុជា អង្គការ​បណ្តាញ​ប្រជាជន​កម្ពុជា​ ដើម្បី​សន្តិភាព (CPNP) និង​អង្គការ​សហព័ន្ធ​សិទ្ធិ​មនុស្ស​ និង​អភិវឌ្ឍន៍​កម្ពុជា ដែល​បាន​ចូល​រួម​សង្កេតការណ៍ការ​​បោះ​ឆ្នោត​ជ្រើ​សរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី៣ កាល​ពី​ថ្ងៃទី ៣ ខែ​មិថុនា ឆ្នាំ ២០១២ ​​​ក្នុង​​យុទ្ធនាការ​ដែល​ហៅ​ថា កែវ​ភ្នែក​យុត្តិធម៌ បាន​ចាត់ទុក​ការ​បោះ​ឆ្នោត​​ប្រព្រឹត​ទៅ​ដោយ​រលូន​ សេរី ត្រឹម​ត្រូវ យុត្តិធម៌ តម្លាភាព និង​ដោយ​គ្មាន​អំពើ​ហឹង្សា។​
​ក្នុង​សន្និសីទ​កាសែត​​ដែល​ធ្វើ​នៅ​វិទ្យាស្ថាន​ជាតិ​អប់​រំ​ លោក ថាវ វាសនា តំណាង​​អង្គការ​សហព័ន្ធ​សិទ្ធិ​មនុស្ស​ និង​អភិវឌ្ឍន៍​កម្ពុជា ដែល​បាន​បញ្ជូន​អ្នក​សង្កេត​ការណ៍​ចល័ត​ចំនួន​ ៤០០ នាក់​ ។ លោក ចាន់ សាវុធ​ តំណាង​ អង្គការ​សហ​ព័ន្ធ​​និស្សិត​ បញ្ញវ័ន្ត​ ប្រជាធិបតេយ្យ​កម្ពុជា ដែល​អ្នក​មាន​អ្នក​សង្កេត​ការណ៍​ស្ម័គ្រ​ចិត្ត​ចំនួន​ ៣១២២ នាក់​ និង​លោក​ សោម អូន តំណាង អង្គការ​បណ្តាញ​ប្រជាជន​កម្ពុជា​ ដើម្បី​សន្តិភាព (CPNP) បាន​ប្រកាស​នូវ​សេចក្តី​ថ្លែង​ការណ៍​អំពី​ជំហ​រ​របស់​អង្គការ​របស់​ខ្លួន​គាំទ្រ​ លទ្ធផល​បោះ​​​ឆ្នោត​ជ្រើ​សរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី៣ ដែល​​​ប្រកាស​ដោយ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប)  ​កាល​ពី​ថ្ងៃទី ២៤ ខែ​មិថុនា ឆ្នាំ ២០១២ និង​បាន​កោត​សរសើរ​ និង​វាយ​តម្លៃ​ចំពោះ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប)  គណបក្ស​នយោបាយ​ ព្រម​ទាំង​​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់​ព័ន្ធ​ទាំង​អស់​ និង​ប្រជាពលរដ្ឋ​ ដែល​បាន​ធ្វើ​ឲ្យ​ដំណើរ​ការ​​បោះ​ឆ្នោត​ជ្រើ​ស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី៣ បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​ល្អ​ប្រសើរ​ ដោយ​តំណាង​អង្គការ​ទាំង​នេះ​ចាត់​ទុក​ថា មាន​ភាព​ល្អ​ប្រសើ​រ​ជា​ការ​ បោះ​ឆ្នោត​ជ្រើ​ស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី២។
អង្គការ​ទាំង​បី​ដែល​ចូល​រួម​សង្កេតការណ៍​ នៅ​ក្រោម​យុទ្ធនាការ​​ហៅ​ថា កែវ​ភ្នែក​យុត្តិធម៌ បាន​ចាត់ទុក​អត្រា​​អ្នក​ខកខាន​នៃ​ប្រជាពលរដ្ឋ​ ដែល​មិន​បាន​ទៅ​បោះ​ឆ្នោត​ កាល​ពី​ថ្ងៃទី ៣ ខែ​មិថុនា ឆ្នាំ ២០១២​ មិន​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​លទ្ធផល​បោះ​ឆ្នោត​ និង​ឆន្ទៈ​នយោបាយ​​​របស់​ប្រជាពលរដ្ឋ​ឡើយ​។ ក្រុម​ កែវ​ភ្នែក​យុត្តិធម៌ ​បាន​លើក​ការ​ប្រៀប​ធៀប​ថា ការ​បោះ​ឆ្នោត​នៅ​ប្រទេស​ អេហ្ស៊ីប ​មាន​តែ ៤៦% ​ កាល​ពី​ឆ្នាំ ២០១១ នៃ​ចំនួន​ប្រជា​ពលរដ្ឋ ។ ការ​បោះ​ឆ្នោត​នៅ​ប្រទេស ហាយទី​ ឆ្នាំ ២០១១ មាន​តែ ២២%​ នៃ​ចំនួន​ប្រជា​ពលរដ្ឋ។ ការ​បោះ​ឆ្នោត​នៅ​ប្រទេស​អាមេរិក​ឆ្នាំ ២០០៨ មាន​តែ​ ៤២%​ នៃ​ចំនួន​ប្រជាពលរដ្ឋ​ និង ​នៅ​ប្រទេស​ហ្វីលីពីន​ ប្រជាពលរដ្ឋ​​ទៅ​បោះ​ឆ្នោត​មានតែ ៤១% ប៉ុណ្ណោះ​​ កាល​ពី ឆ្នាំ ២០១០​ ។
យោង​តាម​លទ្ធផលផ្លូវ​​ការ​​ប្រកាស​​ដោយ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំកា​រ​បោះ​ឆ្នោត​ កាល​ពី​ថ្ងៃទី ២៤ ខែ​មិថុនា ឆ្នាំ ២០១២ ក្នុង​ចំណោម​​ឃុំ​សង្កាត់​ទូទាំង​ប្រទេស​ចំនួន​ ១៦៣៣ ក្នុង​នោះ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទទួល ១៥៩២ ឃុំ​សង្កាត់ គណបក្ស សម រង្ស៊ី ទទួល​បាន​ ២២ ឃុំ​សង្កាត់ គណបក្ស សិទ្ធិមនុស្ស បាន ១៨ ឃុំ​សង្កាត់ និង​គណបក្ស​ហ្វ៊ុនស៊ីនប៉ិច ឈ្នះ​បាន ១ ឃុំ សង្កាត់​ សម្រាប់​អាណត្តិទី៣​នេះ ។