Saturday, August 11, 2012

ក្រុមហ៊ុនធំ​ ២​ របស់​ប្រទេស​ចិន ​កំពុង​ពង្រីក​ទីផ្សារ​របស់​ខ្លួន​នៅ​កម្ពុជា​

ក្រុមហ៊ុនធំ​ ២​ របស់​ប្រទេស​ចិន ​កំពុង​ពង្រីក​ទីផ្សារ​របស់​ខ្លួន​នៅ​កម្ពុជា​
ក្រុម​ហ៊ុន​ផលិត​គ្រឿង​ចក្រ​សំណង់ ​និង​ក្រុម​ហ៊ុន​ផលិត​ត្រាក់​ទ័រ​ឈូស​ដី​ របស់​ប្រទេស​ចិន​ ចាប់​ដៃ​គ្នា​ ឈាន​ទៅ​រក​ការ​ចាប់​ផ្តើម​នៃ​អាជីវកម្ម​ថ្មី​លើ​វិស័យ​គ្រឿង​ចក្រ​បរិក្ខារ​ខ្នាត​ធំ ​ក្នុង​ទី​ផ្សារ​ប្រទេស​កម្ពុជា ​។
ការ​សម្រេច​ចិត្ត​ចាប់​ដៃ​គ្នា​ឈាន​ទៅ​រក​ការ​ចាប់​ផ្តើម​នៃ​អាជីវកម្ម​ថ្មី​លើ​វិស័យ​គ្រឿង​ចក្រ​បរិក្ខារ​ខ្នាត​ធំ​ ក្នុង​ទី​ផ្សារ​ប្រទេស​កម្ពុជា​ ដោយ​សារ​ក្រុម​ហ៊ុន​សង្កេត​ឃើញ​ថា ​ប្រទេស​កម្ពុជា​មាន​កន្លែង​ជា​ច្រើន​ដែល​អាច​អភិវឌ្ឍ​លើ​ វិស័យ​សំណង់​។ តាម​រយៈទស្សនៈ​អាជីវកម្ម​នាំ​មុខ ​និង​ប្រព័ន្ធ​គ្រប់​គ្រង​ពេញ​លេញ​ រួម​ទាំង​បណ្តាញ​ចែក​ចាយ​ទូលាយ ​ដែល​មាន​សក្តានុពល​ពហុ​ចម្រុះ​ផង​ដែរ ​។ ​នេះ​ជា​ការ​បញ្ចាក់​ របស់​ក្រុម​ហ៊ុន​ទាំង​២​នៅ​ក្នុង​ពិធី​សម្ពោធ​សហគ្រាស​ក្រុម​ហ៊ុន​បរិក្ខារ​គ្រឿង​យន្ត​ចំ​កាត់​កម្ពុជា ​។
  
លោក ​ឈិន ​ចាវហុង ​អគ្គ​នាយក​ក្រុម​ហ៊ុន​សាន ​ថួយ ​(San Tui) ​មាន​ប្រសាសន៍​ថា​ ក្រុមហ៊ុន​បាន​ក្លាយ​ទៅ​ជា​ក្រុមហ៊ុន​ឈាន​មុខ​គេ ​ក្នុង​ចំណោម​ក្រុម​ហ៊ុន​ឆ្នើម​ចំនួន​៥០​ទូទាំង​សកល​លោក​ និង​ស្ថិត​នៅ​ក្នុង​ចំណោម​ក្រុម​ហ៊ុន​ឆ្នើម​៥០០​រប​ស់​ប្រទេសចិន ​។​ក្រុម​ហ៊ុន​ចាប់​ផ្តើម​បង្កើត​ឡើង​នៅ​ឆ្នាំ១៩៨០​ ដោយ​ផលិត​ និង​ធ្វើ​អាជីវកម្ម​លក់​ម៉ាស៊ីន​មេ ​និង​គ្រឿង​បន្លាស់​គ្រឿង​ចក្រ​សំណង់​នានា​ ព្រម​ទាំង​គ្រឿង​បន្លាស់​លោហៈធាតុ​ផ្សេងៗ​ ទៀត​ចំនួន១០​ប្រភេទធំៗ ​និង​ផលិត​ផល​ស្រប​តាម​ក្រិត​ក្រម​ចំនួន​ជាង​១៤០​ទៀត​ ។
 
លោក ​ឈិន ​ចាវហុង​ បន្តថា ​ក្នុង​រយៈ​ពេល​កន្លៈ​ឆ្នាំ​កន្លង​មក​នេះ ​ក្រុម​ហ៊ុន​បាន​ទទួល​ជោគ​ជ័យ​ ក្នុង​ទីផ្សារ​នៅ​កម្ពុជា​ ដោយ​លក់​បាន​គ្រឿងចក្រ​១២៨​គ្រឿង​។ ​នៅ​ឆ្នាំ២​០១​១ ក្រុម​ហ៊ុន​សាន​ថួយ​ សំរេច​បាន​ប្រាក់​ចំណូល​អាជីវកម្ម​ចំនួន​១​ម៉ឺន​៤​ពាន់​៧​រយ​ពីរ​លាន​ យ៉េន​​។​
លោក ​ឧត្តមសេនីយ៍​ឯក ​កែវ ​វណ្ណថន ​ប្រធាន​នាយក​ដ្ឋាន​នគរបាល​អន្តរជាតិ​នៃ​ក្រសួង​មហា​ផ្ទៃ ​មាន​ប្រសាសន៍​ថា​ វត្ត​មាន​របស់​ក្រុម​ហ៊ុន​ទាំង​ពីរ​នៅ​កម្ពុជា ​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​មាន​ការ​ងារ​ធ្វើ​បន្ថែម​ទៀត​ និង​រួម​ចំណែក​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ និង​បាន​ចូល​រួម​ឧបត្ថម្ភ​រថយន្ត​ពន្លត់​អគ្គិសភ័យ​ចំនួន​២​គ្រឿង​ដល់​ក្រសួង​មហា​ផ្ទៃ​ផង​ដែរ​ ។​ លោក ​សង្ឃឹម​ថា ​ក្រុម​ហ៊ុន​ទាំង​ពីរ​ នឹង​ជួយ​លើក​កម្ពស់​ចំណង​ទាក់​ទង​ពាណិជ្ជកម្ម ​និង​ការ​វិនិយោគ​ រវាង​កម្ពុជា-ចិន​ ឲ្យកាន់​តែ​រីក​ចំរើន​ថែម​ទៀត ​ដើម្បី​ចូល​រួម​ចំណែក​អភិវឌ្ឍន៍​វិស័យ​សេដ្ឋកិច្ច​នៅ​កម្ពុជា​។
 
សូម​បញ្ជាក់​ថា​ បច្ចុប្បន្ន​គេ​សង្កេត​ឃើញ​មាន​ក្រុម​ហ៊ុន​ជា​ច្រើន​ បាន​នឹង​កំពុង​ធ្វើ​ការ​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​នៅ​កម្ពុជា ​បន្ទាប់​ពី​ធនាគារ​ក្នុង​ស្រុក​ជា​ច្រើន​ ពិសេស​ធនាគារ​ចិន​នៅ​កម្ពុជា​ បាន​ប្រកាស​គម្រោង​ពង្រីក​អាជីវកម្ម​ដោយ​ប្រើប្រា​ស់​ប្រាក់​យ៉ាន់​រវាង​ចិន​ និង​កម្ពុជា​ ។​រដ្ឋាភិបាល​ទាំង​ពីរ បាន​សន្យា​បង្កើន​ការ​ធ្វើ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ពី ២,៥​ពាន់​លាន​ដុល្លារ​​ គិត​ត្រឹម​ខែ​ធ្នូ ឆ្នាំ​២០១១ រហូត​ដល់ ៧​ពាន់​លាន​ដុល្លារ នៅ​ត្រឹម​២០១៥​។
 
តាម​ទិន្នន័យ​ទទួល​បាន​ពី​ស្ថាន​ ទូត​ចិន​ ពាណិជ្ជកម្ម​ទ្វេ​ភាគី​រវាង​កម្ពុជា និង​ចិន​កើន​ឡើង​ ២,៥​ពាន់​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​ ដោយ​កើន​ឡើង ៧៣,៥​លាន​ដុល្លារ បើ​ធៀប​នឹង​មួយ​ឆ្នាំ​មុន។ ក្នុង​នោះ​ការ​នាំ​ចេញ​ពី​កម្ពុជា​ទៅ​ចិន មាន​តម្លៃ ១៨៤​លាន​ដុល្លារ​ ​កើន​ឡើង​៩៦,៨​ភាគ​រយ ហើយ​ការ​នាំ​ចេញ​របស់​ចិន មក​កម្ពុជា កើន​ឡើង ២,៣១​ពាន់​លាន​ដុល្លារ កើន​៧១,៨​ភាគ​រយ​។
 
របាយការណ៍ ​ពី​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​បង្ហាញ​ថា ចាប់​ពី​១៩៩៤ ដល់​ឆ្នាំ​២០១១ កម្ពុជា​បាន​ទទួល​ការ​វិនិយោគ​ពី​ចិន ក្នុង​ទឹក​ប្រាក់ ៨,៩១​ពាន់​លាន​ដុល្លារ​ ធ្វើ​ឲ្យ​ចិន​ក្លាយ​ជា​វិនិយោគិន​ធំ​ជាង​គេ​នៅ​កម្ពុជា៕