Sunday, October 21, 2012

នាយករដ្ឋមន្រ្តីសឹង្ហបូរី និងលោកជំទាវ អញ្ជើញជួបសំដែងការគួរសមសម្តេចតេជោនាយករដ្ឋមន្រ្តី


ក្នុងជំនួបសំដែងការគួរសម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនដែលធ្វើឡើងនៅ​វិមានសន្តិភាព ព្រឹកថ្ងៃទី២១តុលា​ ឯកឧត្តម​ លី ស៊ានឡុងនាយករដ្ឋមន្រ្តីសឹង្ហបូរីដែលអប​ដំណើរដោយផ្ទាល់​ពីលោកជំទាវ​ ហូ ជីង ជាភរិយា ​មានប្រសាសន៍ថាថ្នាក់ដឹក​នាំក៏ដូចជាប្រជាពលរដ្ឋសឹង្ហបូរី​ទាំង​អស់សូមចូលរួម​រំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយ​សម្តេចតេជោនាយករដ្ឋមន្រ្តី ​ក៏ដូចជារាជរដ្ឋាភិបាលព្រះរាជវង្សានុវង្ស ​និងប្រជាពលរដ្ឋកម្ពុជាទាំងអស់ដែលបានបាត់បង់នូវរូបព្រះកាយនៃព្រះ​ករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុព្រះមហា វីរក្សត្រ ​ព្រះវររាជ​បិតា​ឯករាជ្យ​ បូរណភាពទឹកដី ​និង​ឯកភាព​ជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ដែលព្រះអង្គយាង​ សោយព្រះទីវង្គត​ លាចាកលោកយើងនេះទៅកាន់លោកខាងមុខ។
ឯកឧត្តមនាយករដ្ឋមន្រ្តីសឹង្ហបូរី មានប្រសា សន៍បន្តថាការយាងចូលព្រះ​ទីវង្គតនៃព្រះ​ករុណា​ព្រះមហា​វិរក្សត្រកម្ពុជា គឺជាកា​របាត់បង់នូវព្រះមហាវិរក្សត្រដែលជាទី​គោរពស្រឡាញ់​បំផុត​ របស់​ថ្នាក់​ដឹក​នាំនិងប្រជាពលរដ្ឋ​កម្ពុជា​ដែល​ជា​ព្រះ​មហា​វិរក្សត្រ​មួយ​ព្រះអង្គ មានស្នាម​ព្រះហត្ថជា​ច្រើនសំរាប់​កម្ពុជាក៏ដូចជាតំ​បន់ពិសេសអ្វីដែល​ប្រជាពលរដ្ឋសឹង្ហបូរីចង​ចាំមិនអាចបំភ្លេចបាននោះ គឺកម្ពុជា​ជាប្រ​ទេស​ទី១​ដែល​​ទទួលស្គាល់នូវឯករាជ្យភាពរបស់សឹង្ហបូរី ក្នុងឆ្នាំ១៩៦៥។
សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងនាមរាជរដ្ឋាភិបាល ព្រះរាជវង្សានុវង្សនិងប្រជាពលរដ្ឋ​មកម្ពុជា​សូមថ្លែង​ នូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត​ ជូនចំពោះថ្នាក់ដឹកនាំ ក៏ដូចជារដ្ឋាភិបាល​និង​ប្រជា​ពលរដ្ឋ​សឹង្ហបូរី ដែលបាន ​ផ្ញើនូវសាលិខិតចូលរួមរំលែកទុក្ខ និងថ្ងៃនេះទៀតសោត​ឯកឧត្តមនាយករដ្ឋ​មន្រ្តី​និង​ភរិយា ​បានអញ្ជើញមកគោរព ​ព្រះវិញ្ញាណក្ខន្ធ ព្រះបរមសពព្រះករុណាព្រះបាទសម្តេចព្រះមហាវិរក្សត្រ​ ជាទី​សក្ការៈ​ដ៏ខ្ពង់ខ្ពស់បំផុត នៅព្រះរា ជាណាចក្រកម្ពុជា។ 
សូមបញ្ជាក់ដែរថា ឯកឧត្តមនាយករដ្ឋមន្រ្តីសឹង្ហបូរីគឺជាឥស្សរ​ជន​ជាន់​ខ្ពស់​រដ្ឋាភិបាល​នៃប្រទេស​ក្នុង​តំបន់ អាស៊ានទី៤ហើយដែលបាន​អញ្ជើញ​មក​គោរព​ព្រះ​វិញ្ញាណ​ក្ខន្ធ​ព្រះ​បរមសព ​ព្រះករុណា​ព្រះ​មហាវិ​រក្សត្រ ​ជាទី សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រះរាជាណាចក្រកម្ពុជាបន្ទាប់ពីនាយករដ្ឋមន្រ្តីនៃប្រទេស​ឡាវ​ ថៃនិងប្រទេសវៀត ណាម។