Sunday, October 21, 2012

ព្រះសង្ឃ​ជាង៥ពាន់​អង្គ​មកពី​បណ្តា​វត្ត​នានា​ក្នុង​រាជធានី​ភ្នំពេញ​បាន​និមន្ត​​​សូត្រ​មន្ត​បង្សុកូល​ឧទ្ទិស​កុសល​គោរព​​ថ្វាយ​ព្រះ​វិញ្ញាណ​ ក្ខន្ធ​ព្រះ​មហា​វីរៈ​ក្សត្រ

ប្រជាពលរដ្ឋ​​កាន់តែ​មាន​កា​រ​កើន​ឡើងជា​លំដាប់​ដែល​មកពី​គ្រប់ទិសទី​ ជាពិសេស​សិស្សានុសិស្ស​ ​តាជី​យាយជី ​នៅតែ​បន្ត​មក​អុជ​ធូប​អុជ​ទៀន​មាន​ទាំង​ផ្កាឈូក​គ្រប់​ដៃ​ដើម្បី​បួងសួង​ គោរព​​ព្រះ​វិញ្ញាណ​ក្ខន្ធ​ព្រះ​មហា​វី​រៈ​ក្សត្រ សម្តេចឪ សម្ដេច​​តា​ សម្តេច​តា​ទួត ​នៃ​យើង ​នៅ​ខាង​មុខ​ព្រះបរមរាជវាំង​ជា​ហូរហែ​​រាប់​ពាន់​នាក់ ហើយ​នៅ​​ល្ងាច​ថ្ងៃទី២០ ខែតុលា​ ឆ្នាំ២០១២នេះ​ ព្រះ​សង្ឃ​ប្រមាណ​​​ជិត៥ពាន់​អង្គ​មកពី​បណ្តា​វត្ត​នានា​ក្នុង​រាជធានី​ ភ្នំពេញ​បាន​និមន្ត​សូត្រ​មន្ត​បង្សុកូល​ឧទ្ទិស​កុសល​ជូន​ដួង​វិញ្ញាណក្ខន្ធ ​សម្តេច​ព្រះ​មហា​វីរៈក្សត្រ។


ក្នុង ​រយៈពេល៤ថ្ងៃ នៃ​ការ​តម្កល់​ព្រះរាជ​សព​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ​នរោត្តម​ សីហនុ​ព្រះ​មហា​វី​រៈ​ក្សត្រ ​ព្រះ​វរ​រាជ​បិតា​​ឯករាជ្យ​ បូរណភាព​ទឹកដី ​និង​ឯកភាព​ជាតិខ្មែរ​​នៅ​​មុខ​​ព្រះ​បរម​រាជ​វាំង​​ ​គេ​សង្កេតឃើញ​មាន​បង​ប្រជាពលរដ្ឋ​ជា​ចៅ​ ​ចៅទួត​ចៅលួត​ដែល​មកពី​គ្រប់ទិសទី​តាម​បណ្តា​ខេត្ត​និង​ក្រុង​ក្នុង​ ព្រះរាជាណាចក្រ​កម្ពុជា​ បាន​បន្ត​មក​អុជ​ធូប​អុជ​ទៀន​បួងសួង​ចាប់ពី​ព្រលឹម​ដល់​យប់​ ​ឃើញថា​មានការ​កើនឡើង​ជា​ហូរហែ​រាប់ពាន់​រាប់​ម៉ឺន​នាក់​ ដែល​ម្នាក់​ៗ​សំពះ​​ដៃ​​កាន់​​​​ធូបគោរព​​ព្រះ​ឆាយា​ល័ក្ខណ៍ ​ដើម្បី​បួស​សួង​សូម​អោយ​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះករុណា​ព្រះ​វររាជ​ បិតា​​ជាតិ​ខ្មែរ​បាន​យាង​ទៅ​សោយសុខ​ក្នុង​ព្រះ​សុគតិភព​កុំបី​ខាន​ឡើយ ​ហើយ​និង​សូម​បួងសួង​អោយ​ព្រះ​វិញ្ញាណ​ក្ខន្ធ​​របស់​ព្រះអង្គ​តាម​ជួយ​ ប្រោះព្រំ​ថែរក្សា​គ្រប់គ្រង​ប្រជាជន​ខ្មែរ​អោយ​សម្បូរ​សប្បាយ​​​រុងរឿង​ រហូត​ទៅ។


ព្រះតេជគុណ ​អឿន សំអាត​ ជាស​ហការី​ផ្ទាល់​សម្តេច​ព្រះ​​អគ្គ​មហា​សង្ឃ​រាជ​ និង​ជា​ប្រធាន​ការិយាល័យ​ពិធីការ​ និង​ទំនាក់ទំនង​អន្តរជាតិ​នៃ​លេខាធិការ​រដ្ឋា​ន​សម្តេច​ព្រះ​សង្ឃ​នាយក​បាន​ មាន​ពុទ្ធ​ដីកា​កាលពី​ព្រឹក​ថ្ងៃទី២០ ខែតុលា​ ឆ្នាំ២០១២ នៅខាងមុខ​ព្រះបរមរាជវាំង​ថា​ នៅ​ល្ងាច​ថ្ងៃទី​២០​ ខែតុលា ​នេះ​​ព្រះ​សង្ឃ​នៅ​តាម​ទី​អារាម​នានា​ក្នុង​រាជធានី​ភ្នំពេញ​ជាង៥ពាន់​អង្គ​នឹង​និមន្ត​មក​ខាងមុខ​ព្រះបរមរាជវាំង​ដើម្បី​សូត្រ​មន្ត​ បង្សុកូល​ឧទ្ទិស​កុសលផល​បុណ្យ​ជូន​ដល់​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះករុណា​ ព្រះបាទ​សម្តេច​ព្រះ​នរោត្តម​ សីហនុ​ ព្រះ​មហា​វីរ​ក្សត្រ​ ព្រះ​វរ​រាជ​បិតា​ឯករាជ​បូរណភាព​ទឹកដី​ និង​ឯកភាព​ជាតិខ្មែរ​សូម​អោយ​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះអង្គ​យាង​ទៅ​ ចាប់បដិសន្ធិ​ក្នុង​ព្រះ​បរម​សុខ សុគតិភព​គ្រប់ៗ​​​ជាតិ​កុំបី​ឃ្លៀងឃ្លាត​ឡើយ៕