Sunday, October 21, 2012

គណៈ​ប្រធាន​រដ្ឋ​សភា​ប្រជាជន​ជាន់​ខ្ពស់​ កូរ៉េខាងជើង​ ​ចូល​គោរព​ព្រះ​វិញ្ញាណ ក្ខ​ន្ធ ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​នរោត្តម​សីហនុ​

ឯក​ឧត្តម ​យ៉ាង​ ហៀង​ស៊ើប ​អនុ​ប្រធាន ​គណៈ​ប្រធាន​រដ្ឋ​សភា​ប្រជាជន​ជាន់​ខ្ពស់​ នៃ​សាធារណ​រដ្ឋ​ប្រជា​មា​និត ​ប្រជាធិបតេយ្យ​កូរ៉េ(​កូរ៉េ​ខាង​ជើង​) បាន​ដឹក​នាំ​គណៈ​ប្រតិភូមួយក្រុម ចូលគោរព​ព្រះ​វិញ្ញាណក្ខន្ធ​សម្តេច​ព្រះ​ករុណា​ ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម​ សីហនុ​ ព្រះ​មហា​វី​រ​ក្សត្រ ​ព្រះវរ​រាជបិតា​ ឯករាជ្យ ​បូរណ​ភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ នៅ​ព្រះ​បរមរាជ​វាំង​​ ​នៅ​រសៀល​ថ្ងៃ​ទី​២១ខែ​តុលា​ ឆ្នាំ​២០១២នេះ។យោង​តាម​សារ​រំលែក​ទុក្ខ​របស់​ ឯក​ឧត្ត​មគីម​ ជុង​ណាម ​រដ្ឋ​មន្រ្តី​ការ​រទេស​ នៃ​សាធារណ​រដ្ឋ​ប្រជា​មា​និត ​ប្រជាធិប​តេយ្យ​កូរ៉េ បាន​អោយ​ដឹង​ថា ​តាង​នាម​អោយ​រដ្ឋា​ភិបាល ​និង​ប្រជា​ជន ​នៃ​សាធារណ​រដ្ឋ​ប្រជា​មា​និត ​ប្រជាធិប​តេយ្យ​កូរ៉េ​ សូម​ចូល​រួម​រំលែក​មរណ​ទុក្ខ​យ៉ាង​ជ្រៀល​ជ្រៅ​ចំពោះ​ការ​បាត់​បង់ ​អ្នក​ដឹក​នាំ​ដ៏​ឆ្នើម​។

សារ​រំលែក​ទុក្ខ ​បាន​អោយ​ដឹង​ថា ​ការ​យាង​ចូល​ព្រះ​ទី​វង្គត់​របស់​សម្តេច​ព្រះ​ករុណា​ ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម​ សីហនុ​ ព្រះ​មហា​វី​រ​ក្សត្រ ​ព្រះវរ​រាជបិតា​ ឯករាជ្យ ​បូរណ​ភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរនេះ ជាការ​បាត់​បង់​ដ៏​ធំ​ធេង​សម្រាប់​ប្រជាជន​កម្ពុជា​។
 
ទោះ​ជា​យ៉ាង​ណា ​កូរ៉េ​ជឿជាក់​ថា ​ប្រជាជន​កម្ពុជា​នឹង​ឆ្លង​ផុត​ពី​ទុក្ខ​សោក​ដ៏​មហា​ធំធេង​នេះ ​និង​បន្តការ​អភិវឌ្ឍន៍ ​ដោយ​ផ្នែក​លើ​ស្នា​ព្រះហស្ថ ​ដែល​ព្រះ​អង្គ​សម្រេច​បាន​។
 
ជាទី​បញ្ចប់​សារ​រំលែក​ទុក្ខ​របស់​សាធារណ​រដ្ឋ​ប្រជាមា​និត ​ប្រជាធិប​តេយ្យ​កូរ៉េ​ សូម​អោយ​ព្រះវិញ្ញាណក្ខន្ធ​ សម្តេច​ព្រះ​ករុណា​ ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម​ សីហនុ​ ព្រះ​មហា​វី​រ​ក្សត្រ ​ព្រះវរ​រាជបិតា​ ឯករាជ្យ ​បូរណ​ភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ យ៉ាង​ទៅកាន់​សុគតិ​ភព៕