Sunday, October 21, 2012

សម្តេច​តេ​ជោ ​ហ៊ុន ​សែន ទទួល​ជួប​​ឯកឧ​ត្តម ​លី ​សៀន​ឡុង ​ នាយក​រដ្ឋ​មន្ត្រី​សឹង្ហ​បូរី​



ក្រោយ​ពី​បាន​អញ្ជើញ​ទៅ​គោរពព្រះ​វិញ្ញាណក្ខ័ន្ធ​ព្រះបរមសព​ ព្រះ​ករុណា​ព្រះបាទ​ សម្តេច​ព្រះ​​នរោត្តមសីហនុ នៅ​ព្រះ​បរមរាជ​វាំង​រួច​មក​ ឯក​ឧត្តម​ លី សៀន​លុង ​នាយក​រដ្ឋ​មន្ត្រី ​សឹង្ហបូរី​ក៏​បាន​មក​ជួប​សន្ទា​ជា​មួយ​សម្តេច​តេជោ​ ហ៊ុន ​សែន​ នាយករ​ដ្ឋ​មន្ត្រី​ នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​​នៅវិមាន​សន្តិភាព​ផង​ដែរ​។នៅ​ក្នុង​ជំនួប​នា​ព្រឹក​ថ្ងៃ​អាទិត្យ​​ទី២១​តុលា​នេះ ឯក​ឧត្តម​ លី ​សៀន​លុង ​បាន​ជំរាប​ជូនសម្តេច​តេជោ​នាយក​រដ្ឋមន្ត្រីថា ក្នុង​នាម​ថ្នាក់​ដឹក​នាំ ​និង​ប្រជាជន​សឹង្ហ​បូរី​ទាំង​អស់  សូម​គោរព​ និង​សំដែង​នូវ​ព្រះ​មរណទុក្ខ​យ៉ាង​ក្រៀមក្រំជា​ទីបំផុត​ចំពោះ​ការ​យាង​ចូល​ព្រះទិវង្គត របស់​ព្រះករុណាសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និង​ឯក​ភាពជាតិខ្មែរ​ និងសូមគោរព និងចូលរួម​រំលែកនូវមរណទុក្ខជា​មួយរាជ​រដ្ឋា​ភិបាលកម្ពុជា ព្រមទាំង​រាជ​វង្សា​នុវង្ស និងប្រជាជនកម្ពុជា​ទូទាំងប្រទេស​ក្នុង​ឱកាស​ដ៏សែន​ក្រៀមក្រំនេះ។



ឯកឧត្តមបន្តថា ព្រះករុណាសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ​ មានស្នាព្រះហស្តជាច្រើន និងចងចាំមិនភ្លេចទេនូវអ្វី ដែលអតីតព្រះមហាក្សត្របានធ្វើ និងចងចាំមិនភ្លេច ដែលកម្ពុជាជាប្រទេសទី១ ទទួល​ស្គាល់​ឯករាជ្យភាពរបស់សឹង្ហបូរី។



    ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ជូនចំពោះឯកឧត្តម លី សៀនលុងនិងប្រតិភូដែល​ជាថ្នាក់ដឹកនាំសឹង្ហបូរីដែលបា​ន​សំដែងនូវព្រះ​មរណៈទុក្ខជូនចំពោះ​ព្រះបរមសពរបស់​សម្តេច​ព្រះនរោត្តម សីហនុ ព្រះវររាជ​បិតាជាតិខ្មែរ និងដឹកនាំប្រតិភូ មកគោរពវិញ្ញានក្ខ័ន្ធព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណ​ភាព​ទឹកដី និងឯកភាពជាតិខ្មែរ។