Friday, November 23, 2012

សេចក្ដីប្រកាស របស់ប្រធានកិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី ១៥



សេចក្ដីប្រកាស
របស់ប្រធានកិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី ១៥
រាជធានីភ្នំពេញ, ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០១២

1.      កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េលើកទី ១៥ ដឹកនាំកិច្ចប្រជុំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា  ដែលបានប្រព្រឹត្ដិទៅនៅរាជធានីភ្នំពេញ នាថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០១២។ ប្រមុខរដ្ឋ/រដ្ឋាភិបាលនៃរដ្ឋសមាជិកអាស៊ានបានជួបប្រជុំប្រកបដោយខ្លឹមសារផ្លែផ្កាជាមួយ ឯកឧត្ដម លី ម្យុង បាក់ ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ។

2.      ប្រមុខដឹកនាំអាស៊ានបានសម្ដែងការកោតសរសើរយ៉ាងស្មោះស្ម្រ័គចំពោះឯកឧត្ដម លី ម្យុង បាក់ ដែលបានចូល រួមចំណែកយ៉ាងសកម្មដល់ការពង្រឹង និងពង្រីកភាពជាដៃគូយុទ្ធសាស្ដ្រអាស៊ាន-សាធារណរដ្ឋកូរ៉េ។ នេះជាការ ចូលរួមចំណែកដោយផ្ទាល់យ៉ាងធំធេង និងមានតម្លៃ ក្នុងគោលបំណងដើម្បីលើកកម្ពស់សន្ដិភាព  សន្ដិសុខ និង ស្ថិរភាពក្នុងតំបន់ និង ដើម្បីកសាងទំនាក់ទំនងជិតស្និទ្ធ មិត្ដភាព និងកិច្ចសហប្រតិបត្ដិការរវាងប្រទេស និងប្រជាជនអាស៊ាន និង សាធារណរដ្ឋកូរ៉េ។ ប្រមុខដឹកនាំអាស៊ានក៏បានសម្ដែងនូវសុទិដ្ឋិនិយមផងដែរថា ភាពជា ដៃគូយុទ្ធសាស្ដ្រ​​អាស៊ាន-សាធារណរដ្ឋកូរ៉េ បន្ដពង្រឹង និងកាន់តែស៊ីជម្រៅបន្ថែមទៀត។

3.      យើងបានកត់សម្គាល់ដោយពេញចិត្ដ ចំពោះការរីកចម្រីនដ៏មានសារៈសំខាន់ នៃកិច្ចសហប្រតិបត្ដិការអាស៊ាន- សាធារណរដ្ឋកូរ៉េ ក្នុងរយៈពេល ២៣ ឆ្នាំ កន្លងមកនេះ ជាពិសេសបន្ទាប់ពីការលើកតម្កើងភាពជាដៃគូទូលំ ទូលាយឱ្យឈានទៅដល់ដៃគូយុទ្ធសាស្ដ្រ នៅឆ្នាំ ២០១០។ យើងបានកត់សម្គាល់ផងដែរចំពោះវឌ្ឍនភាព ដ៏មាន សារៈសំខាន់ក្នុងការអនុវត្ដន៍សេចក្ដីថ្លែងការណ៍រួម ស្ដីពីភាពជាដៃគូយុទ្ធសាស្ដ្រដើម្បីសន្ដិភាព និង វិបុលភាព និង ផែនការការងាររបស់សេចក្ដីថ្លែងការណ៍រួមនេះ សម្រាប់ឆ្នាំ២០១១-២០១៥។

4.      ប្រមុខដឹកនាំអាស៊ានមានការពេញចិត្ដ ចំពោះការគាំទ្រដោយឥតងាករេរបស់សាធារណ​​រដ្ឋកូរ៉េ លើកិច្ចខិតខំប្រឹងប្រែង ក្នុងការកសាងសហគមន៍អាស៊ាន និងតួនាទី​​ស្នូល​​របស់​​អាស៊ាន​​ជាកម្លាំង​​ចលករ​​ក្នុងនិមាប្បនកម្ម​​តំបន់ ដែល​​កំពុង វិវត្ដន៍។ ប្រមុខដឹកនាំអាស៊ានក៏បានលើកទឹកចិត្ដឱ្យសាធារណរដ្ឋកូរ៉េគាំទ្រការអនុវត្ដន៍នូវផែនទីចង្អុលផ្លូវសម្រាប់ ការកសាងសហគមន៍អាស៊ាន (២០០៩-២០១៥) និងរបៀបវារៈភ្នំពេញសម្រាប់ការកសាងសហគមន៍អាស៊ាន ដែលត្រូវបានអនុម័តដោយប្រមុខដឹកនាំអាស៊ាន ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី ២០ នៅរាជធានីភ្នំពេញ  នៅខែមេសា ឆ្នាំ២០១២។

5.      ប្រមុខដឹកនាំអាស៊ានបានស្វាគមន៍ចំពោះការតែងតាំងឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េជាលើកទី១ ប្រចាំអាស៊ាន និងការបង្កើតស្ថានបេសកកម្មរបស់ខ្លួនប្រចាំអាស៊ាន នៅទីក្រុងហ្សាការតា កាលពីខែកញ្ញា ឆ្នាំ២០១២។ ប្រមុខ ដឹកនាំជឿជាក់ថា ស្ថានបេសកកម្មសាធារណរដ្ឋកូរ៉េប្រចាំអាស៊ាន និងសម្របសម្រួលកិច្ចសហប្រតិបត្ដិការ និងការ យោគយល់គ្នាទៅវិញទៅមកឱ្យកាន់តែជិតស្និទ្ធថែមទៀត រវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េ។

6.      យើង​​បាន​​ផ្ដល់សារៈ​​សំខាន់​​ដល់​​តួនាទីរបស់​​មជ្ឈមណ្ឌល​​អាស៊ាន-កូរ៉េ នៅ​​ទីក្រុងសេអ៊ូល ក្នុងការជំរុញពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការផ្លាស់ប្ដូរវប្បធម៌រវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េ។ យើងលើកទឹកចិត្ដឱ្យ មជ្ឈមណ្ឌលអាស៊ាន-កូរ៉េ អនុវត្ដសកម្មភាពជាក់ស្ដែងន្ថែមទៀត ដោយ​​ផ្ដោតលើកា​​រអភិវឌ្ឍន៍​​សហគ្រាសធុនតូច និងមធ្យម (SMEs) ដើម្បីជំរុញបន្ថែមទៀតនូវពាណិជ្ជកម្ម និងវិនិយោគ សម្រាប់ផលប្រយោជន៍ទៅវិញទៅមក រវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េ។ ថ្នាក់ដឹកនាំសាធារណរដ្ឋកូរ៉េ បានលើកទឹកចិត្ដឱ្យរដ្ឋសមាជិកអាស៊ានបញ្ជូន មន្ដ្រីរបស់ខ្លួនទៅបំពេញការងារនៅមជ្ឈមណ្ឌលនេះ។

7.      ប្រមុខដឹកនាំសាធារណរដ្ឋកូរ៉េបានស្វាគមន៍ផងដែរចំពោះការអនុម័តលើសេចក្ដីថ្លែងការណ៍ ស្ដីពីអាស៊ានគ្មានគ្រឿង ញៀននៅឆ្នាំ២០១៥  ដោយប្រមុខដឹកនាំអាស៊ាន ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី ២០ នៅរាជធានី ភ្នំពេញ  កាលពីខែមេសា ឆ្នាំ២០១២។ ក្នុងន័យនេះ ប្រមុខដឹកនាំអាស៊ានរង់ចាំការពង្រឹងកិច្ចសហប្រតិបត្ដិការ ជាមួយសាធារណរដ្ឋកូរ៉េ លើបញ្ហាការជួញដូរគ្រឿងញៀន និងសារធាតុញៀន។

8.      យើងស្វាគមន៍នូវការអនុមត័សេចក្ដីថ្លែងការណ៍អាស៊ានស្ដីពីសិទ្ធិមនុស្សនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ២១ នៅរាជធានីភ្នំពេញ នាថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០១២ និងបានសង្កត់ធ្ងន់អំពីការបន្ដគាំទ្រការសំរេចឱ្យបាន សហគមន៍អាស៊ាន ដោយអនុលោមតាមវិធានច្បាប់ ប្រជាធិបតេយ្យ ការលើកកំពស់ និងការការពារសិទ្ធិមនុស្ស និងសិទ្ធិជាមូលដ្ឋាន។

9.      ប្រមុខដឹកនាំបានស្វាគមន៍ការកើនឡើងនូវពាណិជ្ជកម្មរវាងអាស៊ាន  និងសាធារណរដ្ឋកូរ៉េ ដែលមានទឹកប្រាក់ រហូតដល់ ១២៤,៩ ពាន់លានដុល្លារ នៅឆ្នាំ២០១១ បើប្រៀបធៀបនឹងឆ្នាំ២០១០ ដែលមានទឹកប្រាក់ត្រឹមតែ ៩៧, ពាន់លានដុល្លារ។ ក្នុងន័យនេះ យើងបាន​​អះអាង​​ជាថ្មីនូវការប្ដេជ្ញារបស់​​យើងក្នុង​​ការសំរេចបាន​​គោលដៅ ពាណិជ្ជកម្ម​​សរុប​​នូវទំហំទឹកប្រាក់រហូតដល់ ១៥០ ពាន់លានដុល្លារ នៅឆ្នាំ២០១៥។ ក្នុងគោលបំណងនេះ យើងបានប្រគល់ភារកិច្ចឱ្យរដ្ឋមន្ដ្រីពាក់ព័ន្ធអនុវត្ដវិធានការជាក់ស្ដែង រួមមានអនុវត្ដឱ្យបានពេញលេញនូវកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាន-កូរ៉េ និងប្រើប្រាស់មជ្ឈមណ្ឌលអាស៊ាន-កូរ៉េ ឱ្យមានប្រសិទ្ធភាពដើម្បីពង្រឹង ទំនាក់ទំនងសេដ្ឋកិច្ចអាស៊ាន-សាធារណរដ្ឋកូរ៉េ។ យើងបានលើកទឹកចិត្ដផងដែរឱ្យសហគ្រាសធុនតូច និងមធ្យម ធ្វើការទាញយកផលប្រយោជន៍ឱ្យបានគ្រប់គ្រាន់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងអាស៊ាន-សាធារណរដ្ឋកូរ៉េ។

10.  ប្រមុខដឹកនាំអាស៊ានបានសំដែងការពេញចិត្ដ ចំពោះការប្ដេជ្ញាដ៏មុតមាំរបស់សាធារណរដ្ឋកូរ៉េ ក្នុងការគាំទ្រ ការអនុវត្ដន៍ផែនការមេស្ដីពីការតភ្ជាប់អាស៊ាន ។ ក្នុងន័យនេះ ប្រមុខដឹកនាំអាស៊ានស្វាគមន៍ការសំរេចរបស់ សាធារណរដ្ឋកូរ៉េ ក្នុងកាបង្កើតយន្ដការពិគ្រោះយោបល់ ដើម្បីចូលរួមជាមួយគណៈកម្មាធិការសម្របសម្រួល ស្ដីពីការតភ្ជាប់អាស៊ាន  ដើម្បីធ្វើការពិភាក្សាពីមធ្យោបាយជាក់ស្ដែងនានា សំរាប់គាំទ្រការអនុវត្ដន៍នូវ ផែនការមេ ស្ដីពីការតភ្ជាប់អាស៊ាន ជាពិសេសក្នុងវិស័យទាក់ទង និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធ័ និងបច្ចេក វិទ្យាពត៌មាន និងទូរគមនាគមន៍ ។

11.  យើងបានឯកភាពពង្រឹង និងបង្កើនកិច្ចសហប្រតិបត្ដិការថែមទៀតដែលមានផលប្រយោជន៍​​ទៅ​​វិញ​​ទៅមក ក្នុង វិស័យ​​អប់រំ ការ​​គ្រប់គ្រង​​គ្រោះ​​មហន្ដរាយ សហគ្រាស​​ធុនតូច និងមធ្យម (SMEs) ពលករចំណាស្រុក ការគ្រប់គ្រងទឹក ការប្រឆាំងនឹងឧក្រិដ្ឋឆ្លងដែន ដូចជាការជួញដូរមនុស្ស និងបច្ចេកវិទ្យាក្រោយពេលប្រមូលផល រួមមាន ការស្ដុកទុកស្បៀង  ការកែច្នៃ ការថែរក្សា និងការចែកចាយ។

12.  យើងបានគូសបញ្ជាក់ពីសារៈសំខាន់នៃអនាគតអ្នកជំនាន់ក្រោយ ក្នុងការជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្ដិការ អាស៊ាន-សាធាររដ្ឋកូរ៉េ និងបានស្វាគមន៍ចំពោះកាលានុវត្ដភាពដែលបានពង្រឹងបន្ថែម និងកំពុងបន្ដសម្រាប់ ការផ្លាស់ប្ដូរយុវជនឱ្យបានទៀងទាត់។

13.  យើងបានអះអាងសារជាថ្មី អំពីការប្ដេជ្ញារបស់យើងក្នុងការធ្វើកិច្ចសហប្រតិបត្ដិការយ៉ាងសកម្ម ដើម្បីដោះស្រាយ បញ្ហាសកល និងបញ្ហាប្រឈមឆ្លងដែនចម្បងៗ ដូចជាការប្រែប្រួលអាកាសធាតុ និងបរិស្ថាន។ យើងមានបំណង ពង្រឹងកិច្ចសហប្រតិបត្ដិការ​​ឱ្យជិតស្និទ្ធ និងផ្លាស់ប្ដូរការអនុវត្ដន៍ល្អៗ លើគោលនយោបាយការកើនឡើងនូវ *ភាពបៃតងហើយមានឧស្មន័កាបូនិចដ៏តិចតួច* និងការប្រើប្រាស់បច្ចេកវិទ្យាដែលមិនប៉ះពាល់ដល់បរិស្ថាន។ ក្នុង ន័យនេះ យើងបានស្វាគន៍ ការចូលជាធរមាននូវកិច្ចព្រមព្រៀងរវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េស្ដីពីកិច្ច សហប្រតិបត្ដិការព្រៃឈើ  និងបានឯកភាពក្នុងការលើកកំពស់កិច្ចសហប្រតិបត្ដិការ ដើម្បីអនុវត្ដឱ្យមាន ប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងនេះ។ ប្រមុខដឹកនាំអាស៊ានបានស្នើឱ្យសាធារណរដ្ឋកូរ៉េគាំទ្រ មជ្ឈមណ្ឌលសម្រប សម្រួលអាស៊ានស្ដីពីជំនួយមនុស្សធម៌ ពាក់ព័ន្ធគ្រោះមហន្ដរាយ (AHA Centre)។ ប្រមុខដឹកនាំបានស្វាគមន៍ ផងដែរចំពោះសាធារណរដ្ឋកូរ៉េ ក្នុងការ សហការរៀបចំសមយុទ្ធសង្គ្រោះបន្ទាន់គ្រោះមហន្ដរាយ (DiReX) ជាមួយប្រទេសថៃ  ក្នុងឆ្នាំ ២០១៣។

14.  យើងផ្ដល់សារៈសំខាន់ខ្លាំងដល់កិច្ចសហប្រតិបត្ដិការមេគង្គ-សាធាររដ្ឋកូរ៉េ ដែលបានរួមចំណែកដល់កិច្ច ប្រឹងប្រែងរបស់អាស៊ានក្នុងការបង្កើនការតភ្ជាប់អាស៊ាន និងកសាងសហគមន៍អាស៊ាន។ យើងបានស្វាគមន៍ លទ្ធផលដ៏ល្អនៃកិច្ចប្រជុំរដ្ឋមន្ដ្រីការបរទេសមេគង្គ-សាធារណរដ្ឋកូរ៉េលើកទី ២ ដែលបានរៀបចំ ធ្វើនៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១០  កក្កដា ឆ្នាំ២០១២  ដែលក្នុងនោះភាគីទាំងពីរបានឯកភាពពិចារណាបង្កើត *មូលនិធិកិច្ចសហប្រតិបត្ដិការមេគង្គ-សាធាររដ្ឋកូរ៉េ* ដើម្បីអនុវត្ដនូវគំរោងសាកល្បងជាលើកដំបូងជាច្រើន នៅក្នុងវិស័យអាទិភាពទាំង ៦ និងរៀបចំផែនការសកម្មភាពមេគង្គ-សាធារណរដ្ឋកូរ៉េនៅឆ្នាំ ២០១៤ រៀបចំ វេទិកាធុរៈកិច្ចអាស៊ាន-សាធារណរដ្ឋកូរ៉េលើកទី ១ នៅប្រទេសថៃ ក្នុងឆ្នាំ២០១៣ និង កំណត់យក ឆ្នាំ ២០១៤ ជា *ឆ្នាំនៃការផ្លាស់ប្ដូរមេគង្គ-សាធាររដ្ឋកូរ៉េ*។ យើងក៏បានឯកភាពផងដែរ ប្រគល់ភារកិច្ចឱ្យរដ្ឋមន្ដ្រី និងឧត្ដមមន្ដ្រីពាក់ព័ន្ធ អនុវត្ដឱ្យបានពេញលេញ និងទាន់ពេលវេលានូវ *សេចក្ដីថ្លែងការណ៍ទន្លេហានស្ដីពីការ បង្កើតភាពជាដៃគូទូលំទូលាយមេគង្គ-សាធារណរដ្ឋកូរ៉េ ដើម្បីវិបុលភាពទៅវិញទៅមក* ដែលបានអនុម័ត ក្នុងឱកាសកិច្ចប្រជុំរដ្ឋមន្ដ្រីការបរទេសមេគង្គ-សាធារណរដ្ឋ​​កូរ៉េលើកទី១ នៅទីក្រុងសេអ៊ូល កាលពីខែតុលា ឆ្នាំ ២០១១។

15.  ប្រមុខដឹកនាំអាស៊ានបានអបអរសាទរសាធារណរដ្ឋកូរ៉េ ដែលបានធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលសន្ដិសុខនុយក្លេអ៊ែរ លើកទី ២ ប្រកបដោយជោគជ័យ ដែលជាព្រឹត្ដិការណ៍មានសារៈសំខាន់នៅក្នុងកិច្ចខិតខំប្រឹងប្រែងជាសកលដើម្បី ធានានូវសន្ដិសុខនុយក្លេអ៊ែរ និងទប់ស្កាត់ភេរវកម្មនុយក្លេអ៊ែរ។ ក្នុងន័យនេះ យើងរំពឹងថាមានការចូលរួមរបស់ ប្រធានអាស៊ាននៅក្នុងកិច្ចប្រជុំកំពូលសន្ដិសុខនុយក្លេអ៊ែរ នាពេលអនាគត។

16.  យើងបានទទួលស្គាល់អំពីសារៈសំខាន់នៃសន្ដិភាព ស្ថេរភាព និងសន្ដិសុខដែនសមុទ្រនៅក្នុងតំបន់។ ក្នុងន័យនេះ យើងបានសង្កត់ធ្ងន់អំពីតំរូវការដើម្បីពង្រឹងកិច្ចសហប្រតិបត្ដិការសន្ដិសុខដែនសមុទ្រ តាមរយៈយន្ដការដែលមាន ស្រាប់ ក្នុងគោលបំណងថែរក្សា និងលើកកំពស់សន្ដិភាព និងស្ថេរភាពនៅក្នុងតំបន់ ក្នុងពេលកំពុងមានការកើន ឡើងនូវបញ្ហាប្រឈមសន្ដិសុខ ដូចជា ការប្លន់តាមដែនសមុទ្រ គ្រោះថ្នាក់តាមនាវា ការហៀប្រេង អំពើភេរវកម្ម និងគ្រោះមហន្ដរាយធម្មជាតិផ្សេងៗ

យើងបានស្វាគមន៍ប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សាធារណ រដ្ឋកូរ៉េ ពីខែកក្កដា ឆ្នាំ២០១២ ដល់ ខែកក្កដា ឆ្នាំ២០១៥។ យើងសង្ឃឹមនឹងបង្កើនកិច្ចសហប្រតិបត្ដិការគ្រប់ជ្រុង ជ្រោយ និងជំរុញភាពជាដៃគូយុទ្ធសាស្ដ្រអាស៊ាន-សាធារណរដ្ឋកូរ៉េ ទៅកំរឹតខ្ពស់បន្ថែមទៀត។