Friday, November 23, 2012

សម្ដេច​​តេ​ជោ​​នឹង​​មិន​​ដោះ​ស្រាយ​ទំនាស់​​ដីធ្លី​​ដែល​​ឡូ​ក​ឡំ​ជាមួយ​អ្នក​​ន​យោ​យ​បាយ​​បក្ស​នយោបាយ​


​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ បាន​ប្រកាសឲ្យ​ដឹង​ថា ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ដីធ្លី បើ​មាន​អ្នកនយោបាយ​ អង្គការ​ក្រៅរ​ដ្ឋា​ភិ​បាល​ ​ ឬ​បក្ស​ន​យោ​បាយ​ចូល​ឡូ​កឡំ​ហើយ​សម្តេច​​នឹង​មិន​ដោះ​ស្រាយជូន​ទេ​ សូម​បង្កក​ទុក​មួយ​កន្លែង​សិន។ ​សម្ដេច​តេ​ជោ​បាន​ថ្លែង​យ៉ាង​ដូច្នេះ នា​ព្រឹក​ ថ្ងៃ​ទី​២៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១២​ ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី ក្នុងពិធី​ប្រគល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី ​ជូន​ប្រជាពលរដ្ឋ​៥៧០​គ្រួសារ ​​នៅ​ភូមិ​ចម្ការ​ស្រមូវ​ សង្កាត់​ប៉ា​ល​ហាល​ ក្រុង​ព្រះ​វិហារ​ ខេត្ដព្រះវិហារ​។​
​សម្ដេច​តេ​ជោ​មាន​ប្រសាសន៍​បញ្ជាក់​ថា​ បើកាលណា​មាន​នយោបាយ​ចូល​ឡូ​ក​ឡំ​ហើយ​ គឺ​ដោះ​​មិន​ចេញ​ទេ​ បើ​ចង់ឱ្យ​ខ្ញុំ​ជួយ​ដោះស្រាយ​ កុំឱ្យ​អ្នកនយោបាយ​ អង្គការ​ក្រៅ​រដ្ឋា​ភិ​​បាល​ ប្រ​ឆាំង​​ចូល​ឡូ​កឡំ​ឱ្យ​សោះ​ ។​
​​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី​គូស​បញ្ជាក់​ថា​ ជា​ចំណុច​ធំ​របស់ខ្ញុំ​ គឺ​រឿង​ដោះស្រាយ​ឱ្យ​ពិត​ប្រាកដ​ បើ​ដោះស្រាយ​ វា​មិន​ពិត​ ហើយ​ក្រុម​នឹង​ក្រុម​មួយទៀត​បាន​ប្ដឹងផ្ដល់​គ្នា​ លុះដល់​ប្ដឹង​មាន​ភាព​ចាញ់​ប្រៀប​គេ​ ក៏​ដឹកនាំ​មនុស្ស​ទៅ​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​ភ្នំពេញ​បង្កើត​ជា​បញ្ហា​។​
​នេះ​គ្រាន់តែ​ជូន​សារ​មួយ​ បើ​ចង់ឱ្យ​រាជរដ្ឋាភិបាល​ដោះស្រាយ​ កុំ​ពាក់ព័ន្ធ​រឿង​នយោបាយ​ ខ្ញុំ​បាន​​ប្រាប់​ដល់​ក្មួយៗ​ យុវជន​ស្ម័គ្រចិត្ដ​ថា​ តាំងពី​មុន​ចេញ​ដំណើរ​ហាម​សួរ​ នៅ​ពេល​មក​ដល់​ថា​ ពូ​ មីង​ បង​ តើ​បោះ​ឆ្នោត​ឱ្យ​បក្ស​ណា​ហាម​សួរ​។​
​សម្ដេច​តេជោមាន​ប្រសាសន៍បញ្ជាក់​ថា​  អត់​មាន​ប្រកាន់បក្ស​ណាៗ​ទេ​ ចែក​ដី​ជូន​ឱ្យ​ទាំង​អស់​ ព្រោះ​សុទ្ធតែ​ប្រជាពលរដ្ឋ​ខ្មែរ​ដូច​តែ​គ្នា​។​ ឯ​សិទ្ធិ​នយោបាយ​ គឺជា​រឿង​មួយទៀត​ ដូច្នេះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​អញ្ជើញ​មក​ទទួល​កម្មសិទ្ធិ​នៅ​កន្លែង​នេះ​ មិន​ពិតប្រាកដ​ថា​ បោះ​ឆ្នោត​ ឱ្យ​គណបក្ស​ប្រជាជន​ទេ​។​ ខ្ញុំ​មិន​បាន​សួរ​ដេញដោល​ពី​រឿង​ហ្នឹង​ទេ​ ហើយ​ខ្ញុំ​ក៏​មិន​ប្រកាន់​ថា​ ទាល់​តែ​គណបក្ស​ប្រជាជន​ ទាល់តែ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ ដែល​ជា​ដៃគូ​ក្នុង​រដ្ឋាភិបាល​ទើប​ចែក​ឱ្យ​ទេ​ គឺ​ឱ្យ​ទាំងអស់​។​ ប៉ុន្ដែ​ពេល​ដោះស្រាយ​សូម​កុំឱ្យ​ពួក​នយោបាយ​ចូល​ឡូ​កឡំ​នៅ​ក្នុង​ នោះ​ រាប់​ទាំង​អ្នកនយោបាយ​គណបក្ស​ប្រជាជន​ហាម​លូកលាន់​។​ បើសិន​មាន​គណបក្ស​ប្រជា​ជន​​ចូល​លូកលាន់​ ខ្ញុំ​ស្រួល​ណាស់​ដកហូត​ ព្រោះ​នៅ​ក្នុង​គណបក្ស​ប្រជាជន​ច្បាស់​ជា​មាន​តំណែង​ ហើយ​បើ​សមត្ថកិច្ច​រាជរដ្ឋាភិបាល​ខ្ញុំ​ ដាក់​ភ្លាម​អនុក្រឹត្យ​ចេញ​មិន​ដល់​មួយ​ម៉ោង​ផង​។​ ខ្ញុំ​មិន​ប្រកាន់បក្ស​ណា​ បក្ស​ណា​ទេ​ ប៉ុន្ដែ​បក្ស​ដទៃ​ខ្ញុំ​មិន​ហ៊ាន​លូកលាន់​ជាមួយ​គេ​ទេ​ ប៉ុន្ដែ​បើ​មនុស្ស​របស់​គណបក្ស​ប្រជាជន​ គឺ​អត់​មាន​អត់​ឱន​ឱ្យ​បាន​ទេ​។​ ដូច្នេះ​ហើយ​បើ​ចង់ឱ្យ​ខ្ញុំ​ ដោះ​ស្រាយ​ទៅ​តាម​ច្បាប់​តាម​គោល​ការណ៍​ដែល​មាន​ស្រាប់​ ហើយ​កុំ​បំភ័ន្ដ​ បើ​បំភ័ន្ដ​គឺ​ដោះស្រាយ​ វា​មិន​ចេញ​។​
សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ បញ្ជាក់​ថា​ ខ្ញុំ​ប្រាប់​ឱ្យ​ហើយ​ណា៎​ កម្ពុជា​អត់​មាន​អ្នក​ទោស​ន​យោ​បាយ​ទេ​ មាន​តែ​អ្នកនយោបាយ​ជាប់​ទោស​ព្រហ្មទណ្ឌ​តែ​ប៉ុណ្ណោះ​។​ នៅ​ពេល​ ចង់ឱ្យ​ខ្ញុំ​អន្ដរាគមន៍​ ដោយ​សំអាង​ថា​ ខ្ញុំ​ត្រួតត្រា​តុលាការ​។​ បើសិនជា​ខ្ញុំ​អន្ដ​រាគ​មន៍​ដោះ​លែង​អ្នកទោស​នោះ​ មិន​ដូច​ជា​អ្នកឯង​ថា​ទៅ​ហើយៗ​ចេះ​តែ​ចោទ​ខ្ញុំ​ថា ​ត្រួតត្រា​តែ​តុលាការ​គឺជា​ ប្រព័ន្ធ​​ឯករាជ្យ​របស់​គេ​ រួច​ស្នើ​ឱ្យ​ខ្ញុំ​ទៅ​ ធ្វើ​ខុសច្បាប់​ឱ្យ​ដោះ​លែង​អ្នកទោស​។​ ខ្ញុំ​មិន​អាច​ធ្វើ​ទៅ​បាន​ទេ​ ព្រោះ​តុលាការ​គេ​ឯករាជ្យ​របស់​គេ​ ទោះបីជា​យើង​ធ្វើ​ខុស​ក៏​ត្រូវ​តុលាការ​គេ​ត្រូវ​កាត់​ទោស​​ដែរ​ គ្មាន​អ្នក​ណាមួយ​អាច​នៅ​លើ​ច្បាប់​បាន​ទេ​។​
​ទាក់​ទង​នឹង​បញ្ហអ្នកទោស​នយោបាយដែល​ត្រូវ​បាន​អង្គការ​សិទ្ធិ​មនុស្ស និង​គណបក្ស​នយោ​បាយ​មួយ​ចំនួន​លើក​ឡើង សម្ដេចតេជោ​បានមាន​ប្រសាសន៍​ថា​ ដូច​ខ្ញុំ​បាន​បញ្ជាក់​ស្រេច​ហើយ​ថា ​​ខ្មែរ​គ្មាន​អ្នក​ ទោស​នយោបាយ​ទេ​ មាន​តែ​អ្នក​ន​យោ​បាយ​ធ្វើ​ខុសច្បាប់​ជាប់​ទោស​ព្រហ្មទណ្ឌ​ ហើយ​អត់​មាន​ចេញ​មក​បង្ហាញ​ការ​បញ្ចេញមតិ​ទេ​ នរណា​ក៏​ដោយ​ឱ្យ​តែ​ប្រព្រឹត្ដ​ខុស​ ជាប់គុក​ព្រហ្មទណ្ឌ​ដូច​តែ​គ្នា​ ដូច​ជា​កន្លង​ទៅ​មាន​មន្ដ្រី​របស់​រាជ​រដ្ឋាភិបាល​មួយ​ចំនួន​បាន​​ជាប់​រួច​ទៅ​ហើយ​ ដូច​ជា​មេទាហាន​ មេ​នគរបាល​ មួយ​ចំនួន​ទៅ​ហើយ​ អស់លោក​ពាក់​ ផ្កាយ​ អស់​មួយ​ចំនួន​ ។​
​សម្ដេច​តេ​ជោ​បញ្ជាក់​ថា​ អស់លោក​ពាក់​ផ្កាយ​ទាំងនោះ​ អនុវត្ដ​ខុសច្បាប់​ពាក់ព័ន្ធ​នឹង​ការ​ជួញ​ដូ​រ​គ្រឿងញៀន​ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​រំលោភ​បំពាន​ផ្សេងៗ​ អស់​ផ្កាយ​ច្រើន​ ព្រោះ​តុលាការ​គេ​យក​ ទៅ​កាត់ទោស​ ។
​ជាមួយនឹង​ប្រសាសន៍​ដូច្នេះ សម្តេចតេជោនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​គូសបញ្ជាក់ថា "​ហើយ​ចង់ឲ្យ​ខ្ញុំ​ធ្វើ​អន្តរាគមន៍ ហើយ​ចោទ​ថា ខ្ញុំ​កំពុង​ត្រួតត្រា​តុលាការ​។ អីចឹង​ទេ ឲ្យ​ខ្ញុំ​ទៅ​អន្តរាគមន៍​ដោះលែង​អ្នកទោស ខ្ញុំ​មិន​ដូច​អ្នក​ឯង​ថា ( ខ្ញុំ​កំពុង​ត្រួតត្រា​តុលាការ )​។ មិន​អីចឹង​?​។ មក​ចោទប្រកាន់​ខ្ញុំ ថា​ខ្ញុំ​កំពុង​ត្រួតត្រា​លើ​តុលាការ ដែល​ជា​ប្រព័ន្ធ​ឯករាជ្យ​មួយ​របស់​គេ​។ រួច​មក​ស្នើឲ្យ​ខ្ញុំ ទៅ​ធ្វើ​ខុសច្បាប់​។ ឲ្យ​ដោះលែង​អ្នកទោស ស្អី​អីចេះ​អី​ចុះ ហើយ​បើ​ខ្ញុំ​ទៅ​ដោះ​លែង​​អ្នកទោស តើ​ខ្ញុំ​ទៅ​ធ្វើ​ម៉េច​ជាមួយ​តុលាការ ព្រោះ​តុលាការគេ​ឯករាជ្យ​របស់​គេ​។ យើង​ធ្វើ​ខុស ក៏​ត្រូវ​តុលាការ គេ​កាត់ទោស​ដែរ​។ គ្មាន​នរណា​មួយ អាច​នៅលើ​ច្បាប់​បាន​ទេ​"​។​
សម្ដេចតេជោក៏​បានមាន​ប្រសាសន៍រំលឹក​​ដល់​ក្រុម​អង្គការ​អេ​ដស៍​ ហើយ​មួយ​ក្រុម​ទៀត​ ដឹក​នាំ​​ដោយ​អង្គការ​ក្រៅរ​ដ្ឋា​ភិ​បាល​ដឹកនាំ​ធ្វើ​បាតុកម្ម​ ហើយ​នាំ​គ្នា​ផ្ដិត​មេដៃ​ជា​តំណាង​យក​ស្នាម​មេ​ដៃ​ទៅ​ស្គេ​ន​ រួច​ចេះ​តែ​ដាក់​ឈ្មោះ​នេះ​ ឈ្មោះ​នោះ​ ឱ្យ​តែ​បាន​ច្រើន​ទៅ​។​ ប៉ុន្ដែ​ក្នុង​ករណី​ទាំង​នេះ​ ដល់​ពេល​សមត្ថកិច្ច​យក​ ទៅ​ធ្វើ​កោសល្យវិច័យ​ ទើប​ធ្លាក់​ចូល​ទៅ​ក្នុង​បទល្មើស​ក្លែង​ឯក​សារ​​សាធារណៈ​  លុះដល់​ជាប់​ទោស​ ចាប់​តាំង​ផ្ដើម​រក​អន្ដរាគមន៍​ ។
ទាក់​ទង​នឹង​ការ​ប្រើ​អង្គការ​ដើម្បី​សុំ​ដីធ្លី​ពី​រដ្ឋ សម្ដេច​តេជោ​បាន​មាន​ប្រសាសន៍​បញ្ជាក់​​ថា​ ពេល​ថ្ងៃ​ក្រោយ​ កុំឱ្យ​មាន​អង្គការ​មក​សុំ​ដីធ្លី​សុំ​ចុះ​សុំ​ឡើង​ យូរ​ទៅ​អង្គការ​ក្លាយទៅជា​មានកម្ម​សិទ្ធិ​ដីធ្លី​ ឱ្យ​តែ​ឈ្មោះ​អង្គការ​ គឺ​អត់​មានកម្ម​សិទ្ធិ​ដីធ្លី​​ទេ​។​ សុំ​កុំឱ្យ​មាន​បន្ដ​ទៀត​ ចំពោះ​អង្គការ​សុំ​ដី​។​ ដោយ​ឡែក​ចំពោះ​អង្គការ​ណាមួយ​សុំ​ដី​សាង​សង់​មន្ទីរពេទ្យ​ សាលារៀន​ មជ្ឈមណ្ឌល​ កុមារ​កំព្រា​ មាន​ទាស់​អ្វី​ យើង​ធ្វើ​បាន​ ប៉ុន្ដែ​សុំ​ដី​សម្រាប់​កម្មសិទ្ធិ​គឺ​អត់​ទេ​ ដូច​ជា​អង្គការ​មួយ​សុំ​ធ្វើ​ហា​យ​វ៉េ​ចំនួន​៧០​គម​ ខ្ញុំ​អត់​ហ៊ាន​និយាយ​ទេ​ណា៎​ ។​
​​សម្ដេចតេជោនាយករដ្ឋមន្ត្រី​បានរំលឹក​ថា​ កាលពី​ជំនាន់​មានគ្រោះ​មហន្ដរាយ​មាន​ក្រុម​មួយ​ចំនួន​ជិះ​រថយន្ដ​តាក់ស៊ី​មក​បាតុកម្ម​សុំឲ្យកាកបាទក្រហម​ជួយ​។​ ខ្ញុំ​បាន​ប្រាប់​គ្រួសារ (ជំទាវ​កិតិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី) ​ថា​ សូ​ម្បី​តែ​​មួយ​គ្រាប់​គួរ​កុំឱ្យ​។​ ព្រោះ​ជន​រង​គ្រោះ​ពិត​ប្រាកដ​គ្មាន​ឱកាស​​ជិះ​ឡាន​តាក់ស៊ី​មក​សុំ​ជំនួយ​ទេ​ គេ​ត្រូវការ​មើល​គោ​ ក្របី​ ទីកន្លែង​ ស្រែ​ ចម្ការ​ ។​ ដូច្នេះ​ មនុស្ស​ដែល​មក​ធ្វើ​បាតុកម្ម​ ដែល​ដឹក​នាំ​ដោយ​បក្ស​ប្រឆាំង​នេះ​ គឺ​អត់​មាន​រស់នៅ​ឆ្ងាយ​ពី​ទីក្រុង​ភ្នំពេញ​ទេ​។​
​សម្ដេចតេជោ​បញ្ជាក់​ថា​ ដែល​ហៅ​ថា​ ជំនួយ​មនុស្សធម៌​គឺ​មាន​គោលដៅ​ច្បាស់​លាស់​ ដែល​ត្រូវ​ដោះ​ នេះ​គឺ​ការ​លើក​ឡើង​នេះ​បញ្ជាក់​ឱ្យ​ឃើញ​ថា​ ការ​ដោះ​ស្រាយ​ គឺ​ត្រូវ​មាន​គោលការណ៍​ត្រឹម​ត្រូវ​ច្បាស់លាស់​ ។​
​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី​មាន​ ប្រសាសន៍​ថា​ ឥឡូវនេះ​ ដូច​ជា​មិន​ទាន់​បានឃើញ​គេ​ផ្សាយ​ថា​ អនុក្រឹត្យ​បាន​ចេញ​កាត់​ដី​ឱ្យទៅ​ប្រជាពលរដ្ឋ​បាន​ប៉ុណ្ណេះ​ ស​.​ជ​.​ណ​.​ កាត់​ដី​ឱ្យ​ប្រជា​ពលរដ្ឋ​ប៉ុណ្ណេះ​ ដូច​ជា​មិន​បានឃើញ​មាន​កាសែត​ណា​ផ្សាយ​ ដូច​ជា​ឆ្ងល់​។​
​ប៉ុន្ដែ​បើ​គ្រាន់តែ​បញ្ចេញ​តាម​នីតិវិធី​ក្នុង​បទបញ្ជា​លេខ​០១​ បាន​បញ្ជាក់​ថា​  ចំពោះ​ដី​សម្បទាន​សេដ្ឋកិច្ច​ណា​ដែល​បាន​ទទួល​ការ​អនុញ្ញាត​ នៅ​មុន​ថ្ងៃ​ចេញ​បទបញ្ជា​នេះ​ ត្រូវ​បន្ដ​នីតិវិធី​ជា​ធរមាន​ ក្នុង​នីតិវិធី​ជា​ធរមាន​នោះ​គឺ​មាន​ក្រឹត្យ​ ស្ដី​ពី​ការ​វិនិយោគ​។​ កាសែត​ចុះ​ម្ដង​ ហើយ​ម្ដង​ទៀត​ទាល់តែ​ខុទ្ទកាល័យ​របស់​ខ្ញុំ​ចេញ​ប្រតិកម្ម​។​ គេ​ថា​ លោក​ ហ៊ុន​ សែន​ បាន​ផ្ដល់​ដី​សម្ប​ទាន​​ទៀត​ហើយ​ ខុស​អ្វី​ពី​បទបញ្ជា​។​ ​នេះ​ពិតជា​វិធី​មួលបង្កាច់​មួយ​ដ៏​ថោក​ទាប​។​ តែ​ឥឡូវនេះ​ ខ្ញុំ​កំពុង​រង់ចាំ​មើល​កាសែត​ដដែល​ តើ​គេ​បាន​ចុះ​ផ្សាយ​អំពី​អនុក្រឹត្យ​ និង​សេចក្ដីសម្រេច​រាប់​សិប​រួច​មក​ហើយ​ឬ​នៅ​?​ ខ្ញុំ​ចង់​ដាស់តឿន​គេ​។​ ព្រោះ​បើ​និយាយ​ពី​អនុក្រឹត្យ​ និង​សេចក្ដី​សម្រេច​​​សុទ្ធតែ​បញ្ចូល​ក្នុង​វេ​ប​សាយ​រហូត​ តែ​គេ​អត់​យក​ទៅ​ផ្សាយ​ឯណា​។​ គេ​បែរជា​ផ្សាយ​ថា​ អំពី​លោក​ ហ៊ុន​ សែន​ ផ្ដល់​ដី​សម្បទាន​ទៀត​ហើយ​ បំពាន​លើ​បទបញ្ជា​ខ្លួនឯង​ នៅ​ពេល​ដែល​បទបញ្ជា​លេខ​០១​ ថា​ត្រូវ​បំពេញ​លើ​នីតិវិធី​ជា​ធរមាន​ ។​
​សម្ដេច​តេជោមាន​ប្រសាសន៍​ថា​  ក្នុង​នីតិ​វិធី​ជា​ធរមាន​នោះ​ មាន​អនុបយោគ​ ហើយ​អនុ​ប​យោគ​​​​នេះ​ ក៏​មាន​ទាក់ទង​ទៅ​នឹង​បទបញ្ជា​០១​នេះ​ទៀត​ អនុបយោគ​ ហើយ​ក៏​ត្រូវកា​ត់យ​ក​មក​វិញ​នូវ​អ្វី​ពាក់​ព័ន្ធ​ជាមួយ​ប្រជាពលរដ្ឋ​ និង​ដី​ គេ​អត់​បាន​ផ្សាយ​ទេ​ ត្រង់​ហ្នឹង​អ្វី​ដែល​រាជរ​ដ្ឋា​ភិ​បាល​​ធ្វើគេ​អត់​បាន​ផ្សាយ​ទេ​។​ សម្តេច​តេជោ​មាន​ប្រសាសន៍​ថា មាន​បរទេស​គេ​បាន​និយាយ​ថា​ កម្ពុជា​ធ្វើ​បាន​ច្រើន​ ប៉ុន្ដែ​និយាយ​បាន​តិច​នៅ​ខាងក្រៅ​ ផ្នែក​សារព័ត៌មាន​ គឺ​និយាយ​បាន​តិច​ ឯខ្ញុំ​មក​ឃើញ​ គឺ​ផ្សេង​។​
ទាក់​ទង​នឹង​បញ្ហា​នេះ ​សម្ដេច​តេ​ជោ​បញ្ជាក់​ថា​ ត្រឹមត្រូវ​ហើយ​ កម្ពុជា​មាន​ពីរ​ កម្ពុ​ជាមួយ​តាម​ សារព័ត៌មាន​ ឯ​កម្ពុ​ជាមួយ​ គឺ​កម្ពុជា​ពិត​ដែល​គេបាន​មក​ឃើញ​។​ ឯ​កម្ពុជា​ តាម​សារព័ត៌មាន​ គឺ​ជា​​កម្ពុជា​ឋាននរក​ ឯ​កម្ពុជា​ពិត​ គឺ​បានឃើញ​ហើយ​ ទៅ​ទី​កន្លែង​ណា​ និយាយ​ក៏​បាន​ អត់​មាន​ការ​​រារាំង​សិទ្ធិ​៕