Friday, November 23, 2012

សម្តេច ​តេជោ​រួម​​ចំណែក​ក្នុងការ​​ធ្វើ​ឲ្យ​មាន​​បទ​​ឈប់​​បាញ់​​នៅ​តំបន់​​ម​ជ្ឈឹ​ម​​បូព៌ា


​សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា បាន​អបអរសាទរ​ចំពោះ​បទ​ឈប់​បាញ់នៅ​តំបន់​មជ្ឈឹម​បូព៌ា ដែល​បាន​សំរេចទៅកាលពី​វេលា​ម៉ោង ១២ កន្លះ​យប់ (ម៉ោង​នៅ​ក្នុង​ប្រទេស​កម្ពុជា) និង​បាន​ថ្លែង​អំណរ​គុណ​ចំពោះ ឯកឧត្តម បារ៉ាក់ អូបាម៉ា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដែល​បាន​ជួយសំរប​សំរួល​ឲ្យមាន​បទ​ឈប់​បាញ់​នេះ។
​យើង​សូម​យក​ឱកាស​នេះ​សំដែងនូវ​ការ​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ចំពោះ​បទ​ឈប់​បាញ់ ដែល​បាន​កើតឡើង​នៅ​មជ្ឈឹម​បូព៌ា​រវាង​ក្រុមហា​ម៉ាស់ ​របស់​ប៉ា​ឡេ​ស្ទី​ន ជាមួយ​នឹង​អ៊ីស្រាអែល ហើយ​យើង​សូម​អបអរ​សាទរ​ចំពោះ​តួនាទី​របស់​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា និង​រដ្ឋមន្ត្រី​ការ​បរទេស ហ៊ី​ឡា​រី គ្លី​ន​តុន ដែល​បាន​ធ្វើ​ការ​សម្រប​សម្រួល​ឲ្យ​មាន​បទ​ឈប់​បាញ់។
ថ្លែង​ចេញពី​ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង ក្នុង​ពិធី​សម្ពោធ​ផ្លូវ​ជាតិ​លេខ៨ នា​ព្រឹក​ថ្ងៃទី២២ ខែ​វិច្ឆិកា ឆ្នាំ​២០១២ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក្នុង​តួនាទី​ជា​ប្រធាន​អាស៊ាន​​មានប្រសាសន៍ថា ជា​ការ​គួរ​ឲ្យ​អបអរសាទរ​ដោយ នៅ​យប់​មិ​ញនេះ​នៅ​វេលា​ម៉ោង១២ កន្លះ​យប់​ម៉ោង​នៅ​ភ្នំពេញ​ត្រូវ​នឹង​ម៉ោង៧ កន្លះ​យប់ ​នៅ​ហ្សេ​រុយ​ហ្សា​ឡឹម គឺ​មាន​ការប្រកាស​បទ​ឈប់​បាញ់ ហើយ​ដែល​ពេលនោះ​រដ្ឋមន្ត្រីការបរទេស​អេ​ហ្ស៊ី​ប និង​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក​បាន​ឈរ​ជា​មួយ​គ្នា។ សម្តេច​តេ​ជោ​ថ្លែង​ថា យើង​សូម​អបអរសាទរ​ចំពោះបទ​ឈប់​បាញ់ ដែល​បាន​ប្រកា​ស​ ​និង​បាន​ចូល​ជា​ធរ​មាននៅ​ម៉ោង៩ ព្រោះ​ឥឡូវនេះ​ យើង​មិនទាន់​ផុតឋានៈ​ប្រធាន​អាស៊ាន​ទេ បើ​ទោះបី​ជា​​បាន​ប្រគល់​ញញួរ​ជូនស៊ុ​លត​ង់ ព្រុយ​ណេ ហើយក៏​ដោយ​ក៏ ប៉ុន្តែយើង​នឹង​បន្ត​ក្នុង​ឋានៈ​ជា​ប្រធាន​អាស៊ាន​រហូតដល់​ថ្ងៃទី៣១ ខែ​ធ្នូ ​ឆ្នាំ២០១២។
“យើង​សូម​យក​ឱកាស​នេះ​សំដែងនូវ​ការ​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ចំពោះ​បទ​ឈប់​បាញ់ ដែល​បាន​​កើតឡើង​នៅ​មជ្ឈឹម​បូព៌ា​រវាង​ក្រុមហា​ម៉ាស់ ​របស់​ប៉ា​ឡេ​ស្ទី​ន ជាមួយ​នឹង​អ៊ីស្រាអែល ហើយ​​យើង​សូម​អបអរ​សាទរ​ចំពោះ​តួនាទី​របស់​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា និង​រដ្ឋមន្ត្រីការបរទេស ហ៊ី​ឡា​រី គ្លី​ន​តុន ដែល​បាន​ធ្វើ​ការ​សម្រប​សម្រួល​ឲ្យ​មាន​បទ​ឈប់​បាញ់។”
សម្តេច​តេជោ​បាន​មានប្រសាសន៍​ឲ្យដឹង​ថា ​រឿង​នេះ​បាន​ពិភាក្សា​នៅ​ក្នុង​អាស៊ាន ហើយ​បន្ទាប់​មក​បាន​ពិភាក្សា​រវាង​អាស៊ាន សហរដ្ឋអាមេរិក និង​បាន​ពិភាក្សា​រវាង​ប្រធានអាស៊ាន​ គឺ​នាយ​រដ្ឋមន្ត្រី​កម្ពុជា ជាមួយ​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា។ សម្តេច​​តេ​ជោ​បាន​ថ្លែង​នៅ​ក្នុង​សង្កថា​នោះ​ថា នៅ​ក្នុង​ដំណាក់​កាលដែល​យើង​កំពុង​ប្រជុំ​នៅ​ភ្នំពេញ​នេះ អំពើ​ហិង្សា​បាន​កើតឡើង​យ៉ាង​ធ្ងន់ធ្ងរ​នៅ​តំបន់​កា​ហ្សា​រវាង​ក្រុម​ហា​ ម៉ាស់​របស់​ប៉ា​ឡេ​ស្ទីន ជាមួយ​នឹង​អ៊ីស្រាអែល ដែល​ពេលនោះ​អាស៊ាន​ចាំបាច់​ត្រូវ​មាន​​ជំហរ​​រួម​មួយ ដើម្បី​ចេញ​សេចក្តី​ប្រកាស​របស់​ប្រធាន ប៉ុន្តែ​អាស៊ាន​បាន​ស្នើ​ឲ្យ​អាមេរិក​រួមគ្នា ដែល​មាន​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា នៅ​ទីនោះ​ស្រាប់ ដើម្បី​ធ្វើ​អន្តរាគមន៍​ទាន់​ពេល។ ពេលនោះ​លោក​ប្រធានាធិបតី អូ​បា​ម៉ា ក៏បាន​ទទួល​យក​សំណូមពរ ដែល​ចេញពី​ប្រជុំ​គាត់​បាន​ទូរស័ព្ទ​ទៅកាន់​ប្រ​ធានាធិបតី​អេ​ហ្ស៊ី​ប និង​អ៊ីស្រាអែល។
សម្តេចតេជោនាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ឲ្យ​ដឹងទៀត​ថា នៅ​ក្នុង​ពិធីជប់លៀង​នា​រាត្រី​ថ្ងៃទី ១៩ វិច្ឆិកា ឆ្នាំ២០១២ ខ្ញុំ​មានការ​សន្ទនា យ៉ាង​ច្រើន​ជា​បន្ត​ជាមួយ​ប្រធានាធិបតី អូ​បា​ម៉ា ក៏ដូច​ជា​​នាយករដ្ឋមន្ត្រី វេន ជា​ប៉ាវ របស់​ចិន។ សម្តេច ​តេជោ​ ហ៊ុន សែន មានប្រសាសន៍ថា ជាមួយ​លោក​ប្រធានាធិបតី អូ​បា​ម៉ា មាន​ប្រធានបទ​ជាច្រើន​ដែល​ខ្ញុំ​មិន​លើក​ឡើង​ថា​ជា​អ្វី​នោះ​ទេ។ ប៉ុន្តែ​ចំណុច​ដែល​សំខាន់ ​គឺ​បញ្ហា​មជ្ឈឹម​បូព៌ា នៅ​តំបន់​ហ្គា​ហ្សា ដែល​កំពុង មានការ​តានតឹង ពេល​ហ្នឹង​គាត់​បាន​ប្រាប់​ខ្ញុំ​ថា ឥឡូវនេះ ខ្ញុំ​សូម​ឯកឧត្តម​នាយករដ្ឋមន្ត្រី​ចេញទៅ​មុន ២០ នាទី ​ព្រោះ​មន្ត្រី​របស់​គាត់​បាន​ប្រាប់​គាត់​ថា អាច​ទំនាក់​ទំនង​បាន​នៅ​រយៈពេល​ប៉ុន្មាន​នាទី​ក្រោយ ហើយ​គាត់​(ឯកឧត្តម អូបាម៉ា) បាន​ប្រាប់​ខ្ញុំ​ថា «ប្រសិនបើ ​មិន​មាន​​ការ​ឈប់​បាញ់​ក្នុង​រយៈ​ពេល ២ ឬ ៣ ថ្ងៃ​ទៀត សភាព​ការណ៍​អាក្រក់​ណាស់ អាច​នឹង​មាន​អន្តរាគមន៍​ជើងគោក​ចូល ដែល​សភាពការណ៍​នេះ​វា​នឹង​ធ្ងន់ធ្ងរ ហើយ​អូស​បន្លាយ ដូច្នេះ​គាត់​មានការ​ចាំបាច់ ដើម្បី​ធ្វើ​ទំនាក់ទំនង​ជាមួយ​ហ្នឹង​នាយករដ្ឋមន្ត្រី​អ៊ី​ស្រាអែល និង​ប្រធានាធិបតី​អេ​ហ្ស៊ី​ប ទន្ទឹង​គ្នា​នេះ​គាត់​ក៏បាន​បញ្ជូន​រដ្ឋមន្ត្រីការបរទេស គ្លី​ន​តុ​ន ធ្វើដំណើរ ទៅកាន់​ម​ជ្ឈឹ​ម​បូព៌ាភ្លាម​ៗ​ដែរ»។
សម្តេច​តេ​ជោ​ថ្លែង​ថា រឿង​នេះ​ជា​ប្រធានបទ​មួយ​ដែល​កម្ពុជា​សូម​ស្វាគមន៍​ក្នុង​ឋានៈ​កម្ពុជា ក៏​ដូច​ជា​ក្នុង​ឋានៈ​អាស៊ាន ដែល​បទ​ឈប់​បាញ់​មួយ​បាន​កើត​ឡើង​ក្រោម​ការ​សម្របសម្រួល​របស់សហរដ្ឋអាមេរិក​ដោយ​មានការ​យក​ចិត​ទុក​​ដាក់​ខ្ពស់​ពី​សំណាក់​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា។
ទាក់​ទង​នឹង​តួនាទី​របស់​ព្រះ​រាជាណាចក្រកម្ពុជា​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ នៃកិច្ច​ប្រជុំ​កំពូល​អាស៊ា​ន​​លើកទី២១ និង​កិច្ច​ប្រជុំ​កំពូល​ផ្សេង​ទៀត សម្តេច​​តេ​ជោនាយករដ្ឋមន្ត្រី​បានឲ្យ​ដឹង​ថា ព្រះ​រាជា​ណាចក្រ​កម្ពុជា​ទើបនឹង​បាន​បញ្ចប់​នូវ​កិច្ចប្រឹងប្រែង​របស់​ខ្លួន​នៅ​ក្នុង​កិច្ចការ​អន្តរជាតិ ក្នុង​នោះ​​ការ​ទទួល​​មេដឹកនាំ​ធំៗ​នៅ​ក្នុង​តំបន់ និងពិភពលោក ដែល​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា​​ជា​បន្ទុក​មួយ​ដែល​ត្រូវ​ធ្វើ ហើយ​ក្នុង​ឋានៈ​ជា​ប្រធាន ដែល​មាន​ការទទួលខុសត្រូវ​អាស៊ា​ន​ប្តូរ​វេន ហើយក៏​ត្រូវ​ធ្វើ​​ផង​ដែរ ​ជា​ប្រធាន​អាស៊ាន​បូក​បី និង​អាស៊ីបូព៌ា ដែល​ឆ្នាំនេះ​យើង​មាន​វេទិកា​សន្ទនា​ជាស​កល​ទៀត​ផង។ យើង​ពិតជា​មានការ​ទទួល​ខុស​ត្រូវ ប៉ុន្តែ​យើង​មាន​មោទន​ភាព​ខ្ពស់​ណាស់​ជាមួយ​នឹង​ជោគជ័យ​ដែល​សម្រេច​បាន​​នេះ។ ការ​ឯកភាព ការ​យោគយល់​គ្នា​រវាង​បណ្តា​ប្រទេស​ដៃគូ ដែល​ចូលរួម​នៅ​ក្នុង​កិច្ច​សន្ទនា​ទាំង​ក្នុង​ក្រប​ខណ្ឌ​អាស៊ានអាស៊ាន​បូក​មួយ អាស៊ាន​បូក​បី អាស៊ី​បូព៌ា​ដោយ​បាន​បង្ហាញ​នូវ​ការ​ព្រួយ​បារម្ភ​រួមគ្នា​លើ​បញ្ហា​សេដ្ឋ​កិច្ច​ពិភព​លោក ការ​អភិវឌ្ឍ​ទាក់ទង​នឹង​បញ្ហា​ដទៃៗ​ទៀត​​ជា​ចម្បង ជាពិសេស​បញ្ហា​សេដ្ឋកិច្ច បញ្ហា​​គ្រោះ​មហន្តរាយ​ធម្មជាតិ បញ្ហា​ការ​ផ្លាស់ប្តូរ​អាកាសធាតុ​បាន​ក្លាយ​ទៅជា​កង្វល់​រួម​របស់​ មនុស្សជាតិ​នោះ។
ទាក់​ទិន​នឹង​វត្តមាន​របស់ឯកឧត្តម បារ៉ាក់ អូបាម៉ា ប្រធានាធិ​បតីសហរដ្ឋ​អាមេរិក​ ដែលមាន​វត្តមាន​នៅ​ព្រះ​រាជាណា​ចក្រកម្ពុជា សម្តេច​អគ្គមហា​សេនាប​តីតេជោ ហ៊ុន សែន បាន​ធ្វើ​ការ​ពន្យល់​ដល់អ្នក​សារព័ត៌មាន​មួយចំនួន ដែលបាន​ធ្វើអត្ថាធិប្បាយ​ខុសឆ្គង នៅជុំវិញ​កិច្ចប្រជុំ​កំពូល​អាស៊ាន ដែលបាន​ប្រព្រឹត្តទៅនា​ពេលកន្លង​មកនេះ ពិសេស​ក្នុងខណៈ​ដែល​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក បារ៉ាក់ អូបាម៉ា អញ្ជើញមក​កាន់​កម្ពុជា ដើម្បីចូល​រួមកិច្ច​ប្រជុំ​កំពូល​អាស៊ាន សហរដ្ឋ​អាមេរិក និងកិច្ចប្រជុំកំ​ពូលអាស៊ីបូ​ព៌ាផង​ដែរនោះ។
សម្តេចតេជោ​នាយក​រដ្ឋមន្ត្រីមាន​ប្រសាសន៍​ថា ដំណើរកា​រមកដល់​របស់​ប្រមុខ​រដ្ឋប្រមុខ​រដ្ឋាភិ​បាលនៃ​ប្រទេស​នានា មានតែនាយ​ករដ្ឋមន្ត្រី​ចិនមួយ​ប៉ុណ្ណោះ ដែលធ្វើទស្សនកិ​ច្ចផ្លូវការ ដែល​មានការ​ត្រួតពល។ ឯទស្សន​កិច្ចរបស់​ប្រធានាធិ​បតីឥណ្ឌូ​ណេស៊ី ដែរគ្រោង​ធ្វើកាល​ពីលើក​មុនៗ ពេលដែល​អតីត​ព្រះមហា​ក្សត្រ​ព្រះករុណា​ព្រះវររាជ​បិតាជាតិខ្មែរ​ចូល​ទិវង្គត ត្រូវ​បាន​លុប​ចោល ដើម្បីទុក​ថ្វាយព្រះ​ករុណា ព្រះមហាក្ស​ត្ររបស់​យើង​ព្រះ អង្គបាន​កាន់​ទុក្ខ​ព្រះ​រាជ​សព ហើយ​គម្រោង​របស់​ព្រះករុណា​ដែលត្រូវ​ប្រទាន​សវនាកា​រចំពោះ ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិ​បាល និងប្រទាន​ភោជនាអា​ហារ ក៏ត្រូវ​បានលុប​ចោលដើម្បី​ទុកឱកាស​ឱ្យព្រះអង្គ​បាន​កាន់​ទុក្ខពេញ​លេញ​ក្នុងរយៈ​ពេលមុន​បូជា​សព ដែលគ្រោង​នឹងធ្វើ​នៅថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០១៣ ខាងមុខ​នេះ មុនចូល​ឆ្នាំចិន ។
សម្តេចតេ​ជោមាន​ប្រសាសន៍​ថា ថ្នាក់ដឹក​នាំប្រទេស​ដទៃ​ទៀតគឺ ធ្វើ​ដំណើរ​មកកាន់​ភ្នំពេញ​មមា​ញឹក​ខ្លាំង​ណាស់  អត់មាន​ពេលទស្សន​កិច្ចទេ លើកលែង​តែដៃគូមួយ​ចំនួន ដូចជា​ម្សិល​មិញ​នាយករដ្ឋ​មន្ត្រីនូវែល​ហ្សេឡង់ គឺគាត់នៅ​បន្តបន្តិច​ដើម្បីធ្វើ​ទស្សន​កិច្ច​នៅសាលាក្តី​ខ្មែរ​ក្រហម និងសារ​មន្ទីរទួ​លស្លែង ឯថ្នាក់​ដឹកនាំដ​ទៃទៀត ប្រញាប់​ប្រញាល់​ចេញទាំ​ងអស់។ បញ្ហា​នេះ​សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ដូច្នេះកុំថា មកចង់គ្រវីទង់ជាតិ សួស្តី គឺ​អត់​បាន​ទេ ! សូម្បីតែរ​ថយន្តក៏​គេដឹក​មក​ពីប្រទេស​គេដែរ តិចថា​មកសុំ​ហេឡូ ចាប់​ដៃអត់ បានទេ ក្រៅពី​អង្គរក្ស​អស់​ថ្នាក់ដឹក​នាំប្រទេស​នីមួយៗ​ និងអ​ង្គរក្សរ​បស់យើង​ដែល​មាន​ភារកិច្ច​ការពារ​មានកាត​ត្រឹមត្រូវ​អត់ឱ្យមាន​អ្នកណាចូ​លជិតសុំ​កុំភន្ត​ច្រឡំលើប​ញ្ហានេះឱ្យ​សោះ។ ខ្ញុំ​មិន​និយាយ​ពីអាថ៌​កំបាំងនៃ​ការការពារ​របស់​មេដឹក​នាំពិភព​លោកទេ ព្រោះរបៀបការ​ពារបែប​នេះ អាច​កើតឡើង​នៅប្រទេស​ដទៃ អញ្ចឹង​ទេ កុំថា​ម៉េចមិន​ហេឡូ ម៉េច​បានមិន​ធ្វើសេ​ចក្តី ថ្លែងកា​រណ៍។
សម្តេច​នាយករដ្ឋមន្ត្រីគូ​សបញ្ជាក់​ទៀតថា ការរៀប​ចំកិច្ច​ប្រជុំកំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់​ព័​ន្ធនា​នាយើង​រៀបចំបាន​ល្អណាស់ ដែលខ្ញុំសូម​ចែក​រំលែក​ទាំងអស់​សម្រាប់​ជនរួម​ជាតិ ព្រោះ ប្រធាន​អាស៊ាន មិនមែន​មាន​តែ ហ៊ុន សែន ឬរាជ​រដ្ឋាភិបាល​ទេ ប្រធាន​អាស៊ាន គឺខ្មែរ ទាំង​អស់​គ្នា ដែលគប្បី​ត្រូវមាន​មោទន​ភាព។ បញ្ហាដែល​ខ្ញុំមិនអាច​ទប់ទឹក​ភ្នែកបាន​ក្នុង​ពេល​សន្និ​សីទ​សារព័ត៌មាន​នោះ ត្រង់​បញ្ហា​ថា ១០ឆ្នាំ មុន​យើង​ធ្វើប្រធាន​អាស៊ាន​ពេល​នោះ ព្រះករុណា ព្រះបិតាព្រះ​អង្គជប់លៀង​ថ្វាយនិង​ជូនប្រមុខ​រដ្ឋា ប្រមុខរដ្ឋា​ភិបាលអាស៊ា​ន និង​ដៃគូ រហូត​ទៅ​ដល់​ម៉ោងជិត​ពីរ  ព្រះអង្គ​ច្រៀងខ្លួន​ឯងជា​មួយនឹង​សម្តេច​ម៉ែ ប៉ុន្តែ១០ឆ្នាំ​ក្រោយព្រះ​អង្គស្ថិត​នៅក្នុង​មជ្ឈូស​ទៅវិញ។​ ដូច្នេះអ្វីដែល​យើងនៅសោក​ស្តាយ គឺ​នៅត្រង់ថា ព្រះអង្គ​មិន បាន​ទត​កូន​ចៅរបស់​ព្រះអង្គ បាន​ធ្វើកិច្ចការ​ទាក់ទង​អន្តរជាតិដ៏​ធំសម្បើម​មួយនេះ៕