Friday, November 23, 2012

កម្ពុជា​នឹង​មាន​ផ្លូវ​លំ​ក្រាល​កៅស៊ូយ៉ាង​តិច ២០០០គីឡូម៉ែត្រ ក្នុង​រយៈ​ពេល​៥ឆ្នាំ​ខាង​មុខ



ប្រសិនបើ​សម្តេច​តេជោបន្ត​ធ្វើ​ជា​នាយករដ្ឋមន្ត្រី ក្នុង​អាណត្តិ​ទី៥ រយៈ​ពេល​៥ឆ្នាំ​ខាង​មុខ​នេះ ព្រះ​​រាជាណាចក្រកម្ពុជា យ៉ាង​ហោច​ណាស់មាន​ផ្លូវ​លំនៅ​ជន​បទ​ដែលក្រាល​កៅស៊ូ ២០០០​គីឡូម៉ែត្រ នេះ​មិន​គិត​ពី​ការ​អភិវឌ្ឍន៍​ផ្សេងៗ​ទៀត​នោះ​ឡើយ។ ការ​សន្និដ្ឋាន និង​វាយ​តម្លៃ​បែប​នេះ គឺផ្អែក​ទៅ​តាម​ប្រ​សាសន៍​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​​នៃ​ព្រះរាជាណាចក្រកម្ពុជា ដែល​បាន​ថ្លែង​ក្នុងឱកាស​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ ​ផ្លូវជាតិ​ លេខ​៨ នៅ​ខេត្ត​ព្រៃវែង ក្រោម​ឥណទាន​ប្រាក់កម្ចី​របស់​សាធារណរដ្ឋប្រជាមានិត​​ចិន  កាលពី​ព្រឹក​​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១២។
ជាមួយ​នឹង​ការ​ថ្លែង​អប​អរ​សាទរ​ចំពោះ​ជោគ​ជ័យ​នៃ​មហា​សន្និបាត​លើក​ទី​១៨ នៃ​បក្ស​កុម្មុយ​នីស្ត​​ចិន​ ដែល​ទើប​នឹងបាន​បញ្ចប់កាល​ពី​ពេល​ថ្មីៗ​នេះ ក៏​ដូច​ជា​អបអរ​សាទរ​ថ្នាក់​ដឹកនាំ​ថ្មី​របស់​ចិន​ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា សម្តេច​បាន​ស្វះ​ស្វែង​រក​ឥណទាន​កម្ចីរបស់​ចិន​ក្នុង​មួយ​ឆ្នាំ​ ក្នុង​រង្វង់​ពី​៣០០ ទៅ​៥០០លាន​ដុល្លារ​អាមេរិក ដែល​ក្នុង​ថវិកា​នេះ សម្តេច​បាន​ដាក់​បញ្ចូល​ក្នុង​ផែនការ​សំរាប់​​ឆ្នាំ​២០១៣ នៅ​គម្រោងក្រាល​កៅស៊ូ​ផ្លូវលំ​មិន​តិច​ជាង​ ៤០០​គីឡូ​ម៉ែត្រ​​​ក្នុង​មួយ​ឆ្នាំ។
ឯកឧត្តម ស៊ី ជិន​ភីង ត្រូវ​បាន​មហាសន្និបាត​បក្ស​កុម្មុនីស្ត​ចិន​លើក​ទី​១៨ ជ្រើ​ស​តាំង​ជា​អគ្គ​លេ​ខា​បក្ស​កុម្មុយនីស្ត​ចិន ដែល​នឹង​ក្លាយ​ជា​ប្រធានាធិបតី​ចិន ក្នុង​ខែមីនា ឆ្នាំ២០១៣​​ខាង​មុខ​នេះ។
សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា នយោបាយ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​តែ​បន្ត ហើយ​ជំរុញ​ខ្លាំង​បន្ថែមទៀត និង​ពន្លឿន​ទាក់​ទង​នឹង​ជន​បទ។ យើង​ត្រូវ​បន្តការ​ខិត​ខំ ហើយ​នេះ​ជា​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល នៅក្នុង​ការ​ដាក់​ចេញ​នូវ​នយោបាយ​ស្តីពីការ​បែង​ចែក​ផ្លែផ្កា នៃ​កំណើន​សេដ្ឋកិច្ច ប្រកប​ដោយ​សមធម៌ និង​ទូលំទូលាយ។
សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​គូស​បញ្ជាក់​ថា គ្មាន​អ្វី​ប្រសើរ​ជាង​ការយក​ប្រាក់​ដើម្បី​ទៅ​វិនិ​យោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ ដែល​ជា​ផ្នែក​សំខាន់​នៃ​ការ​អនុវត្តន៍​នយោបាយ​សមធម៌ នៃការ​បែង​ចែក​ផ្លែផ្កា នៃ​កំណើន​សេដ្ឋកិច្ច ប្រជា​ពលរដ្ឋ​គ្រប់​រូប​នឹង​បាន​ប្រើ​ប្រាស់​ផ្លូវ​ទាំង​នេះ។ “យើង​យក​ប្រាក់​ដើម្បី​ធ្វើ​ផ្លូវ យក​ប្រាក់​ដើម្បី​ធ្វើស្ពាន ធ្វើ​ប្រឡាយ​ទឹក ធ្វើ​មន្ទីរ​ពេទ្យ ធ្វើ​សាលា​រៀន…អ្នក​ណា​ក៏​បាន​ប្រើ​ដែរ គឺ​សមធម៌​ជា​ទីបំផុត”។
​ទន្ទឹម​នឹង​ការថ្លែង​អំណរគុណ​ដល់​រដ្ឋាភិបាល​ចិន​ ដែល​បានផ្តល់​ឥណទាន​សំរាប់​ការ​សាង​សង់​​ផ្លូវ​ជាតិ​លេខ​៨ សម្តេច​តេជោ​បានមាន​ប្រសាសន៍​ថា យើង​សង្ឃឹម​ថា ការ​រីក​ចំរើនរបស់​ប្រ​ទេស​​ចិន មិន​គ្រាន់​តែ​ជួយ​ប្រទេស​ចិន​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​នឹង​ជួយ​ដល់​ប្រទេស​អភិ​វឌ្ឍន៍​​ដទៃ​ទៀត ដែល​ត្រូវ​ការ​ចិន​ រាប់​ទាំង​ប្រទេស​អភិវឌ្ឍន៍​ដែល​កំពុង​មាន​វិបត្តិ ដូច​ជា​នៅ​អឺរ៉ុប ដែល​​កំពុង​ត្រូវ​ការ​ទុន​របស់​ចិន​សង្គ្រោះ​ផង​ដែរ។
ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា សមិទ្ធផល​ដែល​ត្រូវ​ធ្វើ​ពិធី​សម្ពោធ ​ក្រោម​អធិបតី​ភាព​សម្តេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា និង​វត្ត​មានឯកឧត្តម ផាន គ័ងស៊ា (PAN GuangXue) ឯក​អគ្គ​រដ្ឋ​ទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិតចិន​ប្រចាំ​នៅកម្ពុជា រួម​មានៈ  ទី១,​គម្រោ​​ង​​សាង​សង់​ផ្លូវ​ជាតិ​លេខ៨ ពី​ស្ពាន​ព្រែក​តាមាក់ដល់​អន្លង់​ជ្រៃ ប្រវែង​១០៩គីឡូម៉ែត្រ ក្នុង​​​នោះ​មាន​ស្ពាន​ចំនួន​១២៨កន្លែង លូ​២៦១កន្លែង។ ទី២,គម្រោង​សាង​សង់​ផ្លូវ​ខ្នែង​ផ្លូវ​ជាតិ​លេខ​៨-១ ចាប់​ពី​ក្របៅ​ដល់​ម៉ឺន​ជ័យ និង​ផ្លូវ​ជាតិ​លេខ៨-២ ពី​អន្លង់​ជ្រៃ​ដល់​ផ្សារ​ស្ទឹង (ពញ្ញា​ក្រែក ​​ផ្លូវ​ជាតិលេខ៧ ប្រវែង​សរុប ២៤.១៧គីឡូម៉ែត្រ)។ សរុប​ថវិកា​អស់ជាង​១០០លាន​ដុល្លារ​អាមេរិក ក្នុង​នោះ​ឥណទាន​របស់​ប្រទេស​ចិនចំនួន​ ៨៣លាន​ដុល្លារ​អាមេរិក និង​ថវិកា​បដិភាគ​របស់​រដ្ឋាភិបាល​ចំនួន​ ២៤លាន​ដុល្លារ​អាមេរិក។ ផ្លូវ​ជាតិ​លេខ៨ គឺ​ជាផ្លូវ​ជាតិ​ប្រវត្តិសាស្ត្រ ដែល​ត្រូវ​បាន​កសាង​ឡើង ក្រោម​គំនិត​ផ្តួច​ផ្តើម​របស់​សម្តេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន ។
ឯកឧត្តម ផាន គ័ងស៊ា (PAN GuangXue) បាន​វាយ​តម្លៃ​ថា ផ្លូវ​ជាតិលេខ​៨ នឹង​នាំ​មក​នូវ​សំណាង​ល្អ​ និង​ទ្រព្យ​សម្បត្តិ​ជូន​ដល់​ប្រជាជន​កម្ពុជា​ ដែល​រស់​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៨​នេះ។
សូម​បញ្ជាក់​ថា គម្រោង​កសាង​ផ្លូវ​លំ​ក្រាល​កៅស៊ូនៅ​ជន​បទមាន​ទំហំ៦ម៉ែត្រ គឺ​ធំជាង​ផ្លូវ​ជាតិ​កាល​ពីអតីតកាល​ ដែល​មាន​ត្រឹម​តែ​៥ ទៅ៦ ម៉ែត្រ​ប៉ុណ្ណោះ។
អត្ថបទ អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស