Thursday, February 21, 2013

សម្តេច​តេជោ៖​វត្តមាន​ធនាគារ ANZ គឺជាកា​រ​រួម​​ចំណែក​ដល់​​សេដ្ឋកិច្ច​កម្ពុជា



សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណា​ចក្រកម្ពុជា បាន​ចាត់​ទុក​វត្ត​មាន​របស់​ធនាគា​រ ANZ នៅ​កម្ពុជា ​មាន​សារៈសំខាន់​ណា​ស់​​ក្នុងការ​រួម​ចំណែក​​ដល់​សេដ្ឋកិច្ច​កម្ពុជា។ សម្តេច​តេជោ​បានស្នើ​ដល់​ធនាគារ ANZ ឲ្យបន្ត​បណ្តាក់​ទុន និង​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​កម្ពុជាជា​បន្ត​ទៀត។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ បាន​មាន​ប្រសាសន៍​បែប​នេះ ក្នុង​កាស​អនុញ្ញាត​ឲ្យ​លោក​ Michael Smith អគ្គ​នាយក​ធនាគារ ANZ ពិភពលោក ​ចូល​ជួប​​សម្តែង​ការគួរ​សម​នៅ​សណ្ឋាគារ​អាំងទែ​កុងទី​ណង់​តាល់ ក្នុង​រាជ​ធានីភ្នំពេញ នា​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ២០១៣។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានមាន​ប្រសាសន៍ឲ្យ​ដឹង​ថា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍​ថា វត្តមាន​របស់​ធនាគា​រ ANZ គឺជាការ​ផ្តល់​នូវ​ជំនឿ​ទុកចិត្ត​ដល់​អ្នកវិនិយោគទុន​មកកាន់​ប្រទេស​កម្ពុជា​ កាន់តែ​ច្រើន​ឡើង​ថែមទៀត។ សម្តេច​តេ​ជោ​បាន​គូស​បញ្ជាក់​ដែរ​ថា កាលពី​ដើមឡើយ​ប្រទេស​កម្ពុជា ធ្វើការ​នាំចេញ​ទៅកាន់​ទី​ផ្សារនៃ​ប្រទេស​ដែល​កំពុង​តែ​មាន​វិបត្តិ ប៉ុន្តែ​ឥឡូវនេះ ​កម្ពុជា​បាន​ដាក់​នយោបាយ​ថ្មី គឺ​បន្ត​រក្សា​ទីផ្សារ​ចាស់ និង​បើក​ទូលាយ​ទៅកាន់​ទីផ្សារ​ថ្មី​សម្រាប់​ការនាំចេញ។
 
លោក Michael Smith នាយក​ធនាគារ ANZ ពិភពលោក បានមាន​ប្រសាស​ន៍​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​ ធនាគារ ​ANZ មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​ចំនួន៣៤ ជា​ពិសេស​​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិក និង​មាន​ទុន​ប្រមាណ ៦ ០០០ លាន ដុល្លារ​សហ​រដ្ឋ​អា​មេរិ​ក។ លោក Michael Smith បានបញ្ជាក់​ថា ​ធនាគារ ANZ នឹង​បន្ត​ដាក់​ទុន​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស​ទៅលើ​ប្រព័ន្ធ​បច្ចេក​វិទ្យា។

លោក Michael Smith មានប្រសាសន៍ថា ពិ​ភព​លោក​យើង​ក្នុង​ពេល​បច្ចុប្បន្ន​ពោរពេញ​ទៅ ដោយ​ភាព​សុទិដ្ឋិនិយម បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល ២ឆ្នាំ ​កន្លង​មក ពិសេស​បញ្ហា​ដែល​បាន​កើត​មាន​ឡើង​នៅ​តំបន់​អឺរ៉ុប។ លោក​អគ្គនាយក​បន្ត​ថា មក​ដល់​ពេល​នេះ​តំបន់​អឺរ៉ុប​មាន​ភាព​ប្រសើរ​ឡើង​វិញ​ហើយ​ បញ្ហា​វត្តមាន​នៃ​ប្រាក់​អឺរ៉ូ​​នឹង​មិន​​មាន​បញ្ហា​កើតឡើង​តទៅទៀត​ដែរ ប៉ុន្តែ​យើង​ត្រូវការ​រយៈពេល​វែង​ទៀត​​ ដើម្បី​បន្ត​ដោះស្រាយ​នូវ​បញ្ហា​ដែល​បាន​កើតមានឡើង៕