Thursday, February 21, 2013

ផ.ស.ស.​របស់​​កម្ពុជា​​នឹង​​កើន​​ដល់​​១០៨០​​ដុល្លារ​​អាមេរិក​​ភាពក្រីក្រ​​នឹង​​កាត់​​បន្ថយ​​មកដល់​​១៩​​ភាគ​រយ​ក្នុង​​ឆ្នាំ​២០១៣



សម្តេច​អគ្គមហា​សេនាបតីតេជោ ​ហ៊ុន សែន ​នាយ​ករដ្ឋមន្ត្រី​នៃព្រះ​រាជា​ណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជាអធិបតី​ក្នុងពិធីបើកសន្និសីទ​ចក្ខុ​វិស័យ​ប្រទេស​កម្ពុជា​ឆ្នាំ​​២០១៣ ​​លើក​ទី​៧ ដែល​បាន​ប្រារព្ធ​ធ្វើ​នា​ព្រឹក​ថ្ងៃទី​២០​ ខែកុម្ភៈ ឆ្នាំ២០១៣ នៅ​សណ្ឋាគារ​អាំងទែរ​កុងទី​ណង់​តាល់​​​​ ក្នុង​រាជធានីភ្នំពេញ។

សន្និសីទ​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ឱកាស​មួយ​សម្រាប់​មន្ត្រី​នៃ​រាជ​រដ្ឋា​ភិបាល​ មជ្ឈ​ដ្ឋាន​ធុរៈ​កិច្ច​ជន​ សហ​គមន៍​ស្រាវជ្រាវ ​សង្គម​ស៊ីវិល ​និងដៃគូ​អភិវឌ្ឍ​ន៍​អន្តរជាតិ​នានា​របស់​កម្ពុជា ​ក្រៅ​ពី​អ្នក​ចូល​រួមប្រមាណ​២៥០​នាក់ ដើម្បី​ពិនិត្យ​មើល​សមិទ្ធ​ផល​ដែល​កម្ពុជា​សម្រេច​បាន​នា​ពេល​កន្លងមក ​និង​បញ្ហា​ប្រឈម​នានា ​ដើម្បីស្វែង​រក​ដំណោះ​ស្រាយ​រួម​គ្នា ​សម្រាប់​ប្រយោជន៍​ជាតិ​ទាំង​មូល។

សន្និសីទ​ចក្ខុ​វិស័យ​ប្រទេស​កម្ពុជា​ឆ្នាំ​២០១៣ ដែលរៀប​ចំ​ឡើង​ដោយ​ធនាគារ ANZ Royal និង​វិទ្យា​ស្ថាន​បណ្តុះ​បណ្តាល​ និងស្រាវជ្រាវ​ដើម្បី​អភិ​វឌ្ឍន៍ (CDRI) បាន​ប្រព្រឹត្ត​ទៅក្រោម​ប្រធាន​បទ«​ការ​ពង្រឹង​អនាគត​ប្រទេស​កម្ពុជា​ ស្បៀ​ង​អាហារ ថាម​ពល​ និង​ធន​ធាន​ធម្ម​ជាតិ​ »

សម្តេច​អគ្គ​មហាសេនាបតី​តេជោ​ ហ៊ុន សែន ​នាយ​ករដ្ឋ​មន្ត្រី​នៃព្រះ​រាជាណាចក្រ​កម្ពុជា​ បាន​លើក​យក​ចំណុច​សំខាន់​ៗ​៣​ ពាក់​ព័ន្ធ​ទៅនឹង​ប្រធាន​បទ​សន្និ​សីទ ​​និងមាន​សារ​សំខាន់​សម្រា​ប់​ជោគ​ជ័យ​របស់​កម្ពុជា​ក្នុង​ពេល​អនាគត ដាក់​ក្នុងសុន្ទរកថា​គន្លឹះ​​របស់​សម្តេច ដើម្បីបើក​សន្និ​សីទ​ចក្ខុ​វិស័យ​ឆ្នាំ​២០១៣ ដែល​រួម​មាន​ ៖

១-​ការអនុវត្ត​សេដ្ឋ​កិច្ច​បាន​ល្អ​ប្រសើរ​នា​ពេ​ល​កន្លង​មក​ ​និង​យុទ្ធ​សាស្ត្រ​សម្រាប់​បន្ត​ការ​គ្រប់​គ្រង​សេដ្ឋកិច្ច និងកំណើន​រឹង​មាំ​។
២-​តួនាទី​ស្នូល​នៃ​ថា​ម​ពល ​និងហេដ្ឋា​រចនា​សម្ព័ន្ធក្នុងការជំរុញ​សេដ្ឋកិច្ច​ បរិស្ថាន​ អនុគ្រោះ​សម្រាប់​វិស័យ​ឯកជន​ ​និង​ការ​សម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​សង្គម​-សេដ្ឋ​​កិច្ច​។
៣-​សន្តិសុខ​ស្បៀង​ និងការ​អភិវឌ្ឍ​​វិស័យ​​កសិ​​កម្ម ដែល​មាន​ផលប៉ះ​ពាល់​ដល់​ការ​កាត់​បន្ថយ​ភាពក្រីក្រ ​កម្រិត​ជីវភាព ​និងសុខុមា​ល​ភាព​របស់​ប្រជា​ជន​នៅ​ជន​បទ ​និង​ជនក្រីក្រ។
សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រីបាន​លើកឡើងថា ក្នុង​នីតិកាល​ទី​៤នៃ​រដ្ឋសភា​កន្លង​ទៅ រាជ​រដ្ឋា​ភិ​បាល​បាន​សម្រេច​បាន​លទ្ធផល​ធំៗជាច្រើន ទោះបី​ប្រឈម​មុខ​នឹង​វិបត្តិ​សេដ្ឋកិច្ច​ពី​ខាងក្រៅ និង​ការ​គំរាម​កំហែង​លើ​បូរណភាព​ទឹកដី​ដោយ​ផ្ទាល់​ផងក៏ដោយ​។ សមិទ្ធផល​ដែល​យើង​សម្រេច​បាន ក្នុង​នី​តី​កាល​ទី​៤ រួមមាន​៖

-​ការគ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច​បានល្អ​ប្រសើ​រ​
-​ការអភិវឌ្ឍ​ទីផ្សារ​មូល​ប​ត្រ​បានចាប់ផ្តើម​ការអភិវឌ្ឍ​វិស័យ​ហិរញ្ញ​វត្ថ​ត្រូវបាន​ពង្រឹង​
-​ការកែលម្អ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​
-​ការកើនឡើង​វិនិយោគទុន​ផ្ទាល់​ពី​បរទេស​
-​សមត្ថភាព​នៃ​ការគ្រប់គ្រង​រដ្ឋបាល​សាធារណៈ និង​វិស័យ​ឯកជន ត្រូវបាន​កែលម្អ​
-​សមត្ថភាព​ផលិត​ទំនិញ​ផ្សេង ក្រៅពី​សំលៀកបំពាក់ សម្រាប់​នាំចេញ​ទៅ​ទីផ្សារ​ពិភពលោក ការផ្គត់ផ្គង់កម្លាំង​ពលកម្ម​ជំនាញ​មានការ​កើនឡើង ដោយសារ​វិនិយោគទុន​ផ្ទា​ល់ពី​បរទេស
-​បណ្តាញ​គមនាគមន៍​មានការ​រីកចម្រើន ដោយសារ​ការកែទម្រង់​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល
-​វិស័យ​ទេសចរណ៍ បានក្លាយ​ជាសរ​សរ​ទ្រូ​វ​ដ៏​រឹងមាំ​សម្រាប់​ទ្រទ្រង់​សេដ្ឋកិច្ចជាតិ​
-​ការសម្រេចបាន​គោលដៅ​អភិវឌ្ឍ​សហស្ស​វត្សរ៍​ជាច្រើន​វិស័យ ដូចជាវិស័យ​អប់រំ សុខាភិ​បាល និង​អនាម័យ រួមទាំង​វិស័យ​សុខាភិបាល​សាធារណៈ និង​ការផ្គត់ផ្គង់​ទឹកស្អាត​។​
សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន បានមាន​ប្រសាសន៍​បញ្ជាក់​ថា ទោះបី​ស្ថានភាព​សេដ្ឋកិច្ច​ពិភព​លោក​មាន​ភាព​មិន​ប្រាកដប្រជា និង​ភាពទន់​ខ្សោយ​នៃ​កំណើនសេដ្ឋកិច្ច​នៅ​អឺរ៉ុប និង​នៅ​សហរដ្ឋអាមេរិក ដោយ​ប្រទេស​កម្ពុជា​បាន​សម្រេច និង​រក្សាបាន​នូវ​ការ​ងើប​ឡើង​វិញ​ពី​វិបត្តិ​សេដ្ឋកិច្ច​បាន​យ៉ាងរឹងមាំ ស្រប​ពេលដែល​ការគ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច​របស់​យើង បាន​ឆ្លើយតប​យ៉ាង​មាន​ប្រសិទ្ធភាព​ទៅនឹង​ភាពមិនប្រា​កដប្រជា​ពី​ខាងក្រៅ តាម​រយៈ​ការ​រក្សា​បាន​នូវ​ទំនុកចិត្ត​ទីផ្សារ និង​អនុវត្ត​នៅ​គោលនយោបាយ​សង្គម​សេដ្ឋកិច្ច ដែលមាន​គោលដៅ​ច្បាស់លាស់​។
សម្រាប់​កំណើន​សេដ្ឋកិច្ច​រយៈ​ពេល ២០០៨-២០១២ សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រីបាន​លើក​ឡើង​ថា កម្ពុជា​សម្រេច​បាន ៥,៦ភាគរយ ក្នុង​មួយឆ្នាំ​។ ប៉ុន្តែ​បើ​មិន​បញ្ចូល​កំណើន​ឆ្នាំ​២០០៩ ដែលជា​ឆ្នាំ​នៃ​ការធ្លាក់ចុះ​នៃ​វិ​ប​ត្ត​សេដ្ឋកិច្ច​សាកល កំណើន​សេដ្ឋកិច្ច​កម្ពុជា​សម្រេចបានជា​មធ្យម ៦,៨ភាគរយ​។

សម្តេច​តេជោ​នាយករដ្ឋមន្ត្រីបាន​លើកឡើង​ថា កំណើន​សេដ្ឋកិច្ច​ឆ្នាំ​២០១២ ថ្មីៗ​នេះ ត្រូវបាន​ពិនិត្យ​ឡើង​វិញ និង​មាន​អ​ត្រា​ខ្ពស់​ជាង​មុខ គឺ​ពី​អត្រា ៧​ភាគរយ ទៅដល់ ៧,៧ភាគរយ​។ មូល​ហេតុ​ការ​កើនឡើង​នៃ​វិនិយោគ​សាធារណៈ និង​ឯកជន ការ​ងើប​ឡើងវិញ​នៃ​វិស័យ​ឧស្សាហ​កម្ម ជាពិសេស​ការ​នាំ​ចេញ​សំលៀក​បំពាក់ ការបន្ត​នៃ​កំណើន​ដ៏​រឹងមាំ​នៃ​វិស័យ​សេវា ដែល​ភាគច្រើន​ជាប់​ទាក់​ទង​ទៅនឹង​វិស័យ​ទេសចរណ៍ និង​វិស័យ​អចលនទ្រព្យ និង​រួម​ជាមួយនឹង​ការ​រីក​ចម្រើន​យ៉ាងខ្លាំង​នៃ​វិស័យ​ហិរញ្ញវត្ថុ និង​ដំណើរ​ការល្អ​នៃ​វិស័យ​ឧស្សាហកម្ម និង​កសិកម្ម ជា​ពិសេស​ការ​ផលិត​និង​នាំចេញ​ស្រូវ ដែល​ទាំងអស់​នេះ ជា​មូលដ្ឋាន​ទ្រទ្រង់​នៃ​កំណើន​សេដ្ឋកិច្ច​នៃ​ឆ្នាំ​២០១២​។

សម្រាប់​ទស្សនៈវិស័យ​នៅពេល​អនាគតសម្រាប់​សេដ្ឋកិច្ច​កម្ពុជា ​សម្តេចតេជោនាយក​រដ្ឋមន្ត្រី បា​ន​លើកឡើងថា កម្ពុជាមាន​ភាព​វិជ្ជមាន សេដ្ឋកិច្ចកម្ពុជាត្រូវបាន​ព្យាករណ៍​ថា នឹងមាន​កំណើន​ច្រើនជាង ៧ភាគរយ ក្នុង​មួយឆ្នាំ ក្នុង​រយៈពេល​មធ្យម​។

ជាមួយ​នឹង​ទស្សនៈវិស័យ​នេះដែរ សម្តេចតេជោបាន​បន្តថា ផលិតផល​ក្នុងស្រុក​សរុប​ (​ផសស​) សម្រាប់​មនុស្ស​ម្នាក់ បាន​កើនឡើង​ពី ៧៦០ដុល្លារ នៅក្នុង​ឆ្នាំ​២០០៨ ដល់​ប្រមាណ​ជិត ១០០០ដុល្លារ ​ក្នុង​ឆ្នាំ​២០១២ ហើយ​រំពឹងថា នឹង​អាច​ឡើងដល់ ១.០៨០ដុល្លារ នៅក្នុង​ឆ្នាំ​២០១៣​។ ជា​លទ្ធផល​អត្រា​នៃ​ភាពក្រីក្រ​បាន​ធ្លាក់ចុះមក​ត្រឹម ២០​ភាគរយ នៅក្នុង​ឆ្នាំ​២០១២ ហើយ​រំពឹងថា អាច​នឹង​ចុះមក​ត្រឹម ១៩ភាគរយ នៅ​ឆ្នាំ​២០១៣​។ ប្រការនេះបាន​ញ៉ាំង​ឲ្យ​កម្ពុជា​ទទួលបាន​នូវ​ការវាយតម្លៃ ជា​ប្រទេសស្ថិតនៅក្នុង​ចំណាត់ថ្នាក់​ទី​១៥ ដែល​ទទួលបាន​នូវ​កំណើនសេដ្ឋកិច្ច​ខ្ពស់នៅលើ​ពិភពលោក ក្នុង​រយៈពេល ១០​ឆ្នាំ និង​ជា​ប្រទេស​ស្ថិតនៅក្នុង​ចំណាត់​ថ្នាក់​ទី​៥ ក្នុងចំណោម​ក្រុម​ប្រទេស​កំពុងអភិវឌ្ឍន៍ ដែល​នឹង​អាច​សម្រេចបាន​នូវ​គោល​ដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍ ព្រមទាំង​ជា​ប្រទេស​ស្ថិតក្នុង​ចំណាត់ថ្នាក់​ទី​១ នៅ​អាស៊ី​-​ប៉ាស៊ីហ្វិក ដែល​សម្រេចបាន​នូវ​ល្បឿន​ក្នុង​ការកែលម្អ​សូចនាករ​ផ្នែក​សង្គមកិច្ច​។

សម្តេច​តេជោនាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា អតិផរណាត្រូវបាន​រក្សា​ឲ្យ​ស្ថិតនៅក្នុង​កម្រិត ដែល​អាច​គ្រប់គ្រង​បាន​។ ជាក់ស្តែងអត្រា​អតិផរណា​មធ្យមបាន​ធ្លាក់ចុះ​ពី ១៩,៧ភាគរយ នៅក្នុង​ឆ្នាំ​២០០៨ នៅពេលដែល​កម្ពុជា​ទទួល​រង​នូវ​វិបត្តិ​កំណើន​ថ្លៃ​ប្រេង និង​ម្ហូបអាហារ មក​នៅ​ទាប​ជាង ១​ភាគរយ នៅក្នុង​ឆ្នាំ​២០០៩ និង​កើនឡើង​បន្តិច​ដល់ ២,៥ភាគរយ ក្នុង​ឆ្នាំ​២០១២ ដែលជា​កម្រិត​មួយអាច​គ្រប់គ្រង​បាន និង​មាន​លក្ខណៈ​ល្អប្រសើរ សម្រាប់​សកម្មភាព​សេដ្ឋកិច្ច​គ្រប់​ប្រភេទ ជាពិសេស​ការរក្សាបាន​នូ​លំនឹង​ជីវភាព​របស់​នៅ​ប្រចាំថ្ងៃ របស់​ប្រជាជន​។ ក្នុងនោះ “​បដិវត្តន៍ ក្នុង​វិស័យ​ជលផល​ ដែល​សម្តេច​បាន​ដឹកនាំ នៅក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស បាននិង​កំពុង​រួមចំណែក​យ៉ាងសំខាន់​តាំងពី​ឆ្នាំ​២០១១ ដល់​ការកាត់បន្ថយ​កម្រិត​អតិផរណា​នៅ​កម្ពុជា​។ នៅក្នុង​ឆ្នាំ​២០១៣​ សម្តេច​តេជោ​វាយ​តម្លៃ​ថា អត្រា​អតិផរណារំពឹងថា នឹង​សម្រេចបាន​ត្រឹម ៤ភាគរយ។

ទាក់​ទង​នឹង​តម្លៃ​ប្រាក់​រៀល​ទល់​នឹង​ប្រាក់​ដុល្លារអាមេរិក​ សម្តេចតេជោនាយក​រដ្ឋមន្ត្រី ក៏បាន​កត់សម្គាល់ថា អត្រា​ប្តូរប្រាក់ត្រូវបាន​រក្សា​ឲ្យ​មាន​ស្ថិរភាព​ជាទូទៅ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ហើយ​តម្លៃ​ប្រាក់រៀលបាន​កើនឡើង​បន្តិច​។ ជាក់ស្តែង​នៅក្នុង​ឆ្នាំ​២០០៨ ប្រាក់​រៀល​មានតម្លៃ ៤.០៦៥រៀល ក្នុង​១​ដុល្លារ ហើយ​នៅក្នុង​ឆ្នាំ​២០១២ មានតម្លៃ ៤.០៥០រៀល ក្នុង១​ដុល្លារ​។ ក្នុង​បរិ​ការ​របស់​កម្ពុជា ដែល​ការរក្សាបាន​នូវ​លំនឹង​អត្រា​ប្តូរប្រាក់​នេះ មិន​ត្រឹមតែ​បាន​ជួយ​ពង្រឹង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ វា​ថែមទាំង​បាន​ជួយ​រក្សា​តុល្យភាព​ផល​ប្រយោជន៍​រវាង​អ្នកប្រើប្រាស់​ ប្រាក់រៀល និង​ប្រាក់​ដុល្លារ​អាមេរិក​ទៀតផង ព្រមទាំង​បាន​ជួយ​បង្កើន​ភាព​ជឿន​ទុកចិត្តទៅលើ​ប្រាក់រៀល​ផងដែរ​។

សម្តេចតេជោ​នាយករដ្ឋមន្ត្រី ក៏បានមាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ទុនបម្រុង​អន្តរជាតិ​ក៏បាន​កើន​ឡើង​ជាប្រចាំ និង​សម្រេចបាន​ចំនួន ៣,២ពាន់​លាន​ដុល្លារអាមេរិក ហើយ​អាច​ធានាបាន​នូវ​ការនាំ​ចូល​ជាង ៥​ខែ​។ ចំណែក​ឱនភាព​ពាណិជ្ជកម្ម​ក៏បាន​ថយចុះ​គួរ​ឲ្យ​គត់​សម្គាល់​ពោល គឺ​ពី​-១៥,៣ភាគរយនៃ​ផសស នៅ​ឆ្នាំ​២០០៨ មក-៩,១​ភាគរយ​នៃ​ផសស​ឆ្នាំ​២០១២ ដែល​ធ្វើ​ឲ្យ​កម្ពុជា​រក្សាបាន​នូវ​តុល្យភាព​នៃ​ជញ្ជីងពាណិជ្ជកម្មក្នុង​កម្រិត​សមស្រប​។ ប្រការ​នេះ​ត្រូវ​បាន​សម្តេច​តេជោ​បញ្ជាក់ថា ដោយសារតែ​សមត្ថភាព​ផលិតសម្រាប់​តម្រូវការ​ក្នុងស្រុក និង​សម្រា​ប់​ការនាំចេញ​របស់​កម្ពុជា បាននិង​បន្ត​កើន​ឡើងជា​លំដាប់ និង​ម្យ៉ាងទៀតដោយសារ​សមត្ថ​ភាព​​នាំចេញ និង​ការប្រកួតប្រជែង​របស់​កម្ពុជាកាន់តែ​ខ្ពស់ ហើយ​មាន​ភាព​កាន់តែ​ប្រសើរ​ឡើង​។

ទាក់​ទង​នឹង​ចំណូល​-ចំណាយ​នៃ​ថវិកាជាតិ សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី បាន​កត់សម្គាល់ថា ទោះបី​កម្ពុជា បានទទួល​រង​នូវ​ផលប៉ះពាល់​ពី​វិបត្តិ​សេដ្ឋកិច្ចពិភពលោក និង​គ្រោះធម្មជាតិ​ញឹកញាប់​ក្តី ក៏​ចំណូល​ថវិកាជាតិក្នុង​រយៈពេល​ចាប់ពី​ឆ្នាំ ២០០៨-២០១២ បាន​កើន​ឡើងជា​មធ្យម ១៣,៦​ភាគរយ ក្នុង​មួយឆ្នាំ ដែល​ក្នុងនោះចំណូ​ច​ពន្ធដារបាន​កើនឡើង ១៥,៣ភាគរយ ចំណូល​គយ និង​រដ្ឋាករ ១១,៨ភាគរយ និង​ចំណូល​មិនមែន​សារពើពន្ធ ១១,៦ភាគរយ​។ គោល​នយោបាយ និង​ការគ្រប់គ្រង​ចំណាយ​ថវិកាជាតិត្រូវបាន​កែលម្អ និង​ពង្រឹង ដែល​បាន​ធ្វើ​ឲ្យ​ការគ្រោង​តម្រូវ​ការចំណាយ​កាន់តែ​បាន​សុក្រឹត និង​ផ្សារភ្ជាប់​ទៅនឹង​គោលនយោបាយ​អាទិភាព ព្រមទាំង​ការ​ប្រើប្រាស់​ថវិកាជាតិកាន់​តែ​សក្តិ​សិទ្ធិ និង​មាន​ប្រសិទ្ធភាព​។

អំពីគោល​នយោបាយ​ចំណាយ​របស់​រាជ​រដ្ឋាភិបាល​ សម្តេច​តេ​ជោ បាន​បញ្ជាក់​ថា ត្រូវ​បាន​ផ្តល់​អាទិភាព​ដល់​វិស័យ​អប់រំ សុខាភិបាល កសិកម្ម អភិវឌ្ឍន៍ជនបទ ព្រមទាំង​កា​កែលម្អ​ និង​ការ​ព​ង្រឹ​ក​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត ដូចជា​ផ្លូវ​ថ្នល់ ស្ពាន កំពង់ផែ អគ្គិសនី ទឹកស្អាត សាលា​រៀន មន្ទីរពេទ្យ និង​ប្រព័ន្ធ​ស្រោចស្រព​។ ជាក់ស្តែង​ចំណាយ​ថវិកាជាតិបាន​កើន​ឡើងជា​មធ្យម ១៧​ភាគរយ ក្នុង​មួយឆ្នាំ ក្នុងនោះចំណាយ​ចរន្ត​បាន​ឡើង ១៧,៦​ភាគរយ និង​ចំណាយ​មូលធន​បាន​កើនឡើង ១៦,៨​ភាគរយ​។​ ចំណាយ​លើ​ការវិនិយោគ​សាធារណៈ​ដោយ​ហិរញ្ញ​ប្ប​ទាន​ក្នុងប្រទេសបាន​កើនឡើង​ពី ៧១១ពាន់​លាន​រៀល នៅក្នុង​ឆ្នាំ​២០០៨ ឡើងដល់ ១.៣២៧ ពាន់​លាន​រៀល នៅក្នុង​ឆ្នាំ​២០១២ ដើម្បី​ធ្វើការ​វិនិយោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត សម្រាប់​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​ផង និង​ការអភិវឌ្ឍ​សង្គមកិច្ច​ផង ព្រមទាំង​សម្រាប់​គោលដៅ​ការការពារ​អធិបតេយ្យ និង​បូរណភាព​ទឹកដី​ផងដែរ​។

ចំពោះការ​ចំណាយ​វិនិយោគសាធារណៈ​ដោយ​ហិរញ្ញប្បទាន​ក្រៅប្រទេស សម្តេចតេជោបាន​លើក​ឡើង​ថា កើនឡើង​ពី ១.៩២៦ពាន់​លាន​រៀល ក្នុង​ឆ្នាំ​២០០៨ ឡើងដល់ ២.៨៦០ពាន់​លាន​រៀល នៅក្នុង​ឆ្នាំ​២០១២​។

សម្តេច​តេជោ​ក៏​បាន​មាន​ប្រសាសន៍ឲ្យ​ដឹង​ផង​ដែរ​ថា គិតចាប់ពីឆ្នាំ១៩៩៣ មកទ​ល់នឹ​ង​ឆ្នាំ ២០១២ ស្ថាន​ភាព​បំណុល​មាន​ភាព​ប្រសើរ​ឡើង​គួរ​ឱ្យ​កត់​សម្គាល់។ ជាក់​ស្ដែង​នៅ​ក្នុង​ឆ្នាំ ១៩៩៣ អនុបាត​បំណុល​ធៀប​នឹង ផសស មាន​ប្រមាណ ៧៣​ភារយ អនុបាត​បំណុល​ធៀប នឹង​ការ​នាំ​ចេញ​មាន​ប្រមាណ ៦៤៣​ភាគរយ អនុបាត​បំណុល​ធៀប​នឹងចំណូល​ថវិកា​ជាតិ​មាន​ប្រមាណ ១.៧៦៦​ភាគរយ ប៉ុន្ដែ​មក​ដល់​ឆ្នាំ២០១២ អនុបាត​ទាំងនេះ​បា​នចុះ​ជា​បន្ដ​បន្ទាប់ ពោល​គឺ អនុបាត​បំណុល​ធៀប​នឹង ផសស បាន​ចុះម​កប្រមា​ណ ៣១ភាគរយ អនុបាត​បំណុល​ធៀប​នឹង​ការ​នាំ​ចេញ​បាន​ចុះម​កប្រមា​ណ ៧២ភាគរយ អនុបាត​បំណុល ធៀប​នឹង​ចំណូល​ថវិកាជា​តិបាន​ចុះម​កប្រមា​ណ ២២៧​ភាគរយ

សម្តេចតេជោក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា រាជរដ្ឋាភិបាល​បាន​ចំណាយ​វិនិយោគ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​រូបវ័ន្ត​ចាប់ពី​ឆ្នាំ​២០០៨ ដល់​ឆ្នាំ​២០១២ មាន​ចំនួន ៩.៨៥២ពាន់​លាន​រៀល ក្នុងនោះ​វិស័យ​ដឹកជញ្ជូន​ចំនួន ៦.៨២១ពាន់​លាន​រៀល ធារាសាស្ត្រ​ចំនួន ២.២៥១ពាន់​លាន​រៀល និង​ថាមពល​អគ្គិសនី​ចំនួន ៧៨០ពាន់​លាន​រៀល​។  បើ​ធៀប​រវាង​ចំណាយ​វិនិយោគ​នេះ ក្នុង​ឆ្នាំ​២០០៨ និង​ឆ្នាំ​២០១២ ចំណាយ​វិនិយោគ​លើ​វិស័យ​ដឹកជញ្ជូនបាន​កើនឡើង​ពី ៨៥០ពាន់​លាន​រៀល ដល់ ១.៨៥១ពាន់​លាន​រៀល ចំណាយ​វិនិយោគ​លើ​ការសាងសង់​ធារាសាស្ត្រ​កសិកម្ម បាន​កើនឡើង​ពី ២០១ពាន់​លាន​រៀល ដល់ ៦៥០ពាន់​លាន​រៀល និង​ចំណាយ​វិនិយោគ​លើ​វិស័យ​ថាមពល​អគ្គិសនី បាន​កើនឡើង​ពី ១២៨ពាន់​លាន​រៀល ដល់ ៣២៧ពាន់​លាន​រៀល​។ រាជរដ្ឋាភិបាលបន្ដផ្ដល់អាទិភាពដល់ការអភិវឌ្ឍន៍អគ្គិសនីកម្មជនបទ។ ក្នុងឆ្នាំ២០០៩ នៅ តំបន់​ជនបទមានផ្ទះតែ ១១,ភាគរយប៉ុណ្ណោះ ដែលបានតភ្ជាប់ទៅនឹងបណ្ដាញអគ្គិសនី ហើយ​មួយភាគធំប្រើប្រាស់ម៉ាស៊ីនភ្លើង អាគុយ និង ចង្កៀង សម្រាប់ការបំភ្លឺ ។ ក្នុងឆ្នាំ២០១១ ការគ្រប់ដណ្ដប់នៃការតភ្ជាប់អគ្គិសនីនៅជនបទកើនដល់ ២៣,៥ភាគរយ ហើយផ្ទះចំនួន ៩៨,៩ភាគរយត្រូវបានតភ្ជាប់ទៅនឹងបណ្ដាញអគ្គិសនី។

សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​មាន​ប្រសាសន៍​ឲ្យ​ដឹងថា ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ​ ​ការ​ប្រើ​ប្រាស់​ថាម​ពល​សម្រាប់​ប្រជា​ជន​ម្នាក់​ៗ​ មាន​កំណើន​ប្រហែល​៧​ភាគ​រយ​ក្នុង​មួយ​ឆ្នាំ​។​ អត្រា​​កំណើន​នេះ​ មិន​ទាន់​​អាច​ឆ្លើយ​​តប​​បាន​គ្រប់​គ្រាន់​ ទៅ​នឹង​តម្រូវការ​នៃ​សេដ្ឋ​​កិច្ច​ដែល​មាន​កំណើន​លឿន​ដូច​សព្វថ្ងៃ​​ ​ដោយ​តំបន់​មួយ​ចំនួន​មិន​ទាន់​បាន​ត​ភ្ជាប់​ទៅ​នឹង​ប្រព័ន្ធ​ចែក​ចាយ​​ អគ្គិសនី​នៅ​ឡើយ។ ការងារ​ប្រឈម​ គឺ​បង្កើន​ល្បឿន​នៃ​កំណើន​ថាម​ពល​ កែលម្អ​ប្រសិទ្ធភាព​នៃ​ប្រព័ន្ធ​ចែក​ចាយ​អគ្គិសនី​ និង​ប្រព័ន្ធ​ប្រមូល​ចំណូល។

សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ក្នុងដំណាក់អភិវឌ្ឍន៍បច្ចុប្បន្ននេះទន្ទឹមនឹងការផលិតអគ្គិសនី យើងក៏ត្រូវដោះស្រាយបញ្ហាហេដ្ឋារចនាសម្ព័ន្ធ និង បញ្ហាអាទិភាពពាក់ព័ន្ធផ្សេងទៀត ដូចជាបន្ដអភិវឌ្ឍន៍បណ្ដាញដឹកជញ្ជូនដើម្បីសម្រួលការផ្លាស់ប្ដូរទំនិញ និងសេវាកម្មទាំងក្នុងស្រុក និងឆ្លងព្រំដែន។

កសិកម្ម​បន្ត​ដើរតួនាទី​ដ៏​សំខាន់​ក្នុងការជំរុញ​ការផលិត​ក្នុងស្រុក និង​ការ​បង្កើតការ​ងារ និង​រួម​ចំណែក​ដល់ការ​កាត់​បន្ថយភាពក្រី​ក្រ​នៅជន​បទ។​ វិស័យ​កសិកម្ម​នឹង​បន្ត​តួនាទី​ជា​មូលដ្ឋាន​ដ៏​សំខាន់​នៃសេដ្ឋកិច្ច​ និងសង្គម​ក្នុង​ទសវត្ស​ខាង​មុខ ​និងក្រោយ​មក​ទៀត។ យុទ្ធសាស្ត្រ​អភិវឌ្ឍ​ន៍​កសិកម្ម​ ​និងសន្តិសុខ​ស្បៀង​ ​ត្រូវ​ផ្តោត​លើ​ការ​ដោះ​ស្រាយ​បញ្ហា​មួយ​ចំនួន​ ​ដូចជា​កង្វះ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ជាពិសេស​ប្រព័ន្ធ​ធារា​សាស្ត្រ​ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ បញ្ហា​កម្មសិទ្ធិដីមិន​ច្បាស់​លាស់ ​កង្វះ​លទ្ធ​ភាព​ទទួល​បាន​បច្ចេក​វិទ្យា​ថ្មី​ និងសេវា​វិបុល​កម្ម​កសិកម្ម​ កង្វះ​លទ្ធ​ភាព​ទទួល​បាន​ឥណទាន​ ព័ត៌​មាន​ទី​ផ្សារ​មិន​គ្រប់​គ្រាន់ ​និង​គ្រោះ​មហន្តរាយ​ធម្មជាតិ​ដូចជា​ទឹក​ជំនន់ ​គ្រោះ​រាំងស្ងួត ​ការរាត​ត្បាត​នៃ​សត្វ​ចង្រៃ និងកម្រិត​​វិនិយោគ​សាធារណៈទាប​ទៅ​លើ​វិស័យ​កសិកម្ម។
ទោះបីជា​ប្រឈម​នឹង​បញ្ហា​ទាំងនេះ​ ​វិនិ​យោ​គិន​ក៏​នៅ​មាន​ឱកាស​វិនិយោគ​ទទួលបាន​ប្រាក់​ចំណេញ​ខ្ពស់ក្នុង​វិស័យ​កសិកម្ម ទាំងការ​ផលិត​ស្រូវ ​ម៉ាស៊ីន​កិនស្រូវ​ និងការនាំចេញ​ ​ដែល​គោល​នយោបាយ​ជំរុញ​ផលិត​កម្មស្រូវ​ និង​នាំ​អង្ករ​ចេញ​កំពុង​ទទួល​បាន​ជោគជ័យ​ និងការ​វិនិ​យោគ​លើដំណាំ​ផ្សេង​ទៀត។

សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ​រហូត​មកដល់​ឆ្នាំ​២០១២ ​រាជរដ្ឋាភិបាល​បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួនសរុប​ ១,៥​លាន​ហិក​តា​។ កម្ពុជា​មានគម្រប​ព្រៃឈើ​ ១០,៨​លាន​ហិក​តា ​ដោយ​ ១,៥​លាន​ហិកតា ត្រូវ​បាន​យក​ទៅ​វិនិយោគ​ជាដី​សម្បទាន​សេដ្ឋកិច្ច ដូច្នេះ​កម្ពុជា​នៅសល់​គម្រប​ព្រៃ​ឈើ​ ៩,២​លាន​ហិក​តា​ដែលឆ្លុះ​បញ្ចាំង​ពីការ​ថ្លឹងថ្លែង​រក្សា​តុល្យ​ភាព​រវាង​ម្ខាង​ភាព​ចាំ​បាច់​​ក្នុងការ​បង្កើត​ការ​ងារ ​ជូន​ប្រជា​ពលរដ្ឋ​កម្ពុជា​ និង​កាត់បន្ថយ​ចំណាក​ស្រុក​ និង​ម្ខាង​ទៀត​ការចាំ​បា​ច់​ក្នុងការ​ការ​ពារបរិ​ស្ថាន។

ក្នុងការ​អនុ​វត្ត​គោល​នយោបាយ​ចាស់​សកម្ម​ភាព​ថ្មី​លើវិស័យ​ដី​ធ្លី​ សម្តេច​តេជោ​មាន​ប្រសាសន៍​ថា រាជរដ្ឋាភិបាល​មាន​ផែន​ការ​ដោះ​ស្រាយ​ដីជូន​ប្រជាជន​លើ​ផ្ទៃដី ​១,៨​លានហិកតា ​ក្នុងខេត្ត​ចំនួន​២០​ ​ដើម្បី​ទទួល​កម្មសិទ្ធិ​ស្រប​ច្បាប់​។ មកទល់​ពេល​បច្ចុប្បន្ន​ ​បាន​ដោះ​ស្រាយ​ជូន​ប្រជា​ជន​ចំនួន​ ៤៨​ម៉ឺន​គ្រួសារ​លើ​ផ្ទៃ​ដី ៥២​ម៉ឺន​ហិកតា ​និងគ្រោង​ឱ្យសម្រេចបាន​ ១០០​ភាគរយ​នៅ​ចុង​ឆ្នាំ​២០១៣​។ រាជ​រដ្ឋាភិបាល​បាន​ពន្លឿន​ការ​​បែ​ងចែក ​និងចេញ​ប័ណ្ណកម្មសិទ្ធិ​ដី​ ដោយ​មាន​យុវជន​ស្ម័គ្រ​ចិត្ត​រាប់​ពាន់​នាក់​​ចុះ​វាស់​វែង​ និង​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដី​ចំនួន ​១១០.០០០​ក្បាលដី​ដល់​ប្រជា​ជន​នៅ​ជន​បទ។ រាជ​រដ្ឋា​ភិ​បាល​បាន​បញ្ជា​ឱ្យ​ផ្អាក​ការ​ផ្តល់ដីសម្បទាន​សេដ្ឋ​កិច្ច​បន្ថែម​ទៀត ​រាជ​រដ្ឋាភិបាល​នឹង​បែង​ចែក​ដី​យ៉ាង​តិច ​​១០​ភាគ​រយ​នៃដីសម្បទាន​សេដ្ឋកិច្ច​ ដល់​ប្រជាជន​ដែល​រស់​នៅ​​លើដីនោះ​ ដើម្បី​បង្ក​បង្កើន​ផល​សម្រាប់​តម្រូវការ​​ក្នុងសហ​គមន៍​។

រាជ​រដ្ឋា​ភិបាល​បាន​ដក​ហូត​មក​វិញ​ចំពោះ​ក្រុម​ហ៊ុន​ចំនួន​៣៤​ លើ​ផ្ទៃ​ដី​សរុប ​២៦៨.៦៩៦​ហិក​តា ​ដែល​ទទួល​ដីសម្ប​ទាន​សេដ្ឋកិច្ច​ទាំងឡាយ​ណា​រំលោភ​បំពាន កាន់​កាប់ដី​ ថែ​រក្សា​ដី​សម្រា​ប់​លក់​បន្ត​ ដែល​បំពាន​នីតិវិធី​ និងលក្ខខណ្ឌ​ ដោយគ្រាន់​តែ​កាប់​ទន្ទ្រាន​ព្រៃ​មិនបាន​ធ្វើ​ការ​អភិវឌ្ឍ​ដី រំលោភ​បំពាន​ដី​បុគ្គល​ ឬដី​សហ​គមន៍។

សម្តេច​តេជោនា​យករដ្ឋមន្ត្រី​មានប្រសាសន៍​ថា ជោគ​ជ័យ​ក្នុងដំណាក់​កាល​អភិវឌ្ឍ​ន៍​បន្ត​ទៅ​មុខ​របស់​កម្ពុជា​នឹងអាស្រ័យ​លើការ​បន្ត​ធានា​កំណើន​សម្រាប់​ទាំងអស់​គ្នា ​ដោយ​ផ្អែក​ទៅ​លើ​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច ការ​កែលម្អ​ការ​ប្រកួត​ប្រជែង​ និង​ផលិតភាព ​ការ​ពង្រឹង​វិស័យ​នាំ​ចេញ​សំខាន់​ៗ​ ដូចជា​វិស័យ​កម្ម​ន្តសាល​ធុន​ស្រាល ទេសចរណ៍​ និង​កសិកម្ម​ ជោគ​ជ័យ​ក្នុង​ការ​នាំ​ចេញ​អង្ករ ​និងកសិ​ផល ការធ្វើ​សមាហរណ​កម្ម​សេដ្ឋកិច្ច​ទៅ​ក្នុង​ក្របខណ្ឌ​មហា​អនុ​តំបន់​មេ​គង្គ​ ក្រប​ខណ្ឌអាស៊ាន​ និង​ក្របខណ្ឌ​អាស៊ីបូព៌ា​ វឌ្ឍ​ន​ភាព​នៃការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ ការពង្រឹង​ប្រព័ន្ធ​សុខ​ភាព ​និង​អប់រំ​ ដើម្បី​ឆ្លើយ​តបនឹង​តម្រូវការ​ជាក់ស្តែង ការ​ពង្រឹង​ការ​អភិវឌ្ឍ​បែប​ប្រជាធិបតេយ្យ​ស្ថាប័ន​សាធារណ​អភិបាល​កិច្ច​ថ្នាក់​ជាតិ ​និង​ថ្នាក់​ក្រោម​ជាតិ​ ការ​កែ​លម្អ​ហេដ្ឋា​រចនា​សម្ព័ន្ធជាតិ ​និង​លទ្ធ​ភាព​ទទួល​បាន​នូវ​ថាម​ពល​ក្នុង​តម្លៃ​សមរម្យ​ ​និងការ​គ្រប់​គ្រង​ប្រកប​ដោយ​ការទទួ​ល​ខុសត្រូវ​នៃ​ធន​ធាន​ធម្ម​​ជាតិ ​ដ៏​មាន​តម្លៃ​គឺដី​ ទឹក ព្រៃឈើ​ និង​ត្រី។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​មានប្រសាសន៍វាយ​តម្លៃអំពី​បញ្ហា​ប្រឈម​នានា​ថា សម្លឹង​ទៅ​ក្នុង​ពេល​អនាគត នៅ​ពេល​ដែល​វិបត្តិបំណុល​នៅ​អឺរ៉ុប និង​ភាព​មិន​ប្រាកដប្រជា​នៅក្នុង​សេដ្ឋកិច្ច​នៃ​ប្រទេស​ជឿនលឿន​ត្រូវការ​ពេលវេលា​មួយ​រយៈ​ធំដើម្បី​ដោះស្រាយ ហើយ​ទស្សនវិស័យ​សម្រាប់​កំណើន​ពិភពលោក​នៅ​មាន​ភាព​ទន់ខ្សោយ ទំនុកចិត្ត​ពាណិជ្ជកម្ម​អាច​នឹង​ធ្លាក់ចុះ ហើយ​ហានិភ័យនៃ​ការធ្លាក់ចុះ​នឹង​នៅជា​បញ្ហា​ធំ​សម្រាប់ស្ថិរភាព និង​កំណើនសេដ្ឋកិច្ច។ ដូច​នេះការ​គំរាមកំហែង​នៃ​ឥទ្ធិពល​អវិជ្ជមាន​ពី​សេដ្ឋកិច្ច​នៃ​ប្រទេសជឿនលឿន ​អាច​នឹង​បង្កើត​ជា​បរិស្ថាន​មួយ​ដ៏​លំបាក ដែល​អាច​នឹង​ប៉ះពាល់​ដល់​កំណើនសេដ្ឋកិច្ចកម្ពុជា ​ដែល​យើង​បាន​ព្យា​ករណ៍​ទុក។ សម្តេចនាយក​រដ្ឋមន្ត្រី​ថ្លែងថា ប្រទេស​កម្ពុជា ជា​ប្រទេស​កំពុងអភិវឌ្ឍ​ន៍​នឹង​មិន​អាច​គេច​ផុត​ពី​ឥទ្ធិពល​អវិជ្ជមាន​ពី​ខាងក្រៅ​ទាំង​អស់នេះ​ទេ។ ភាព​អាច​កើតមាននៃ​ការហូរ​ចេញ​ភ្លាមៗ​នៃ​ទុនវិនិយោគ​ដែល​បាន​ចូល​មក​ប្រទេស​កម្ពុជា និង​ភាពចុះ​ខ្សោយ​នៃ​តម្រូវការ ពី​ខាងក្រៅ​នៅ​បន្ដ​ជា​កង្វល់។ អាស្រ័យហេតុនេះ ប្រឈម​នឹង​ការ​ថយចុះ​នៃ​សេដ្ឋកិច្ច​សកល​យើង​ត្រូវ​ប្រើប្រាស់​នូវ​គោលនយោបាយ ​ដែល​យើង​មាន​ដោយ​ភាព​ប្រុងប្រយ័ត្ន ដើម្បី​ជួយ​ជំរុញ​សេដ្ឋកិច្ច​ក្នុងស្រុក ក៏ដូចជា​ដោះស្រាយ​នូវ​ភាព​ងាយ​រងគ្រោះ​នៅក្នុង​ស្រុក។ យើង​ត្រូវ​អនុវត្ដ​នូវ​ជំរើស​គោល​នយោបាយ​ចាំបាច់​នានា ដើម្បី​រក្សា​ទំនុកចិត្ត​វិនិយោគិន​អោយ​ស្ថិត​នៅ​ក្នុង​កម្រិត​មួយ​សមស្រប​ ហើយ​យើងត្រូវ​អនុវត្ដ​បន្ថែម​នូវ​គោលនយោបាយ​ផ្សេងៗ​ទៀត​ដើម្បី​ធ្វើ​ឲ្យ​មាន​ស្ថិរភាព​យូរអង្វែង ​និង​កាត់​បន្ថយ​ហានិភ័យ​ចំពោះ​ទស្សនវិស័យ​កំណើន។ ជារួម​គោលនយោបាយ​ម៉ាក្រូ និង​ហិរញ្ញវត្ថុ​គួរ​អនុវត្ដ ​ដោយមាន​ភាព​ប្រុងប្រយ័ត្ន​គ្រប់​កាលៈទេសៈ​ទាំងអស់ ដើម្បី​រក្សា​នូវ​ភាពរឹងមាំ​នៃ​វិស័យ​ហិរញ្ញវត្ថុ។ ជា​ចុងក្រោយ យើង​ត្រូវធ្វើ​សមា​ហរណ​កម្ម​របស់​យើង​ឲ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែម​ទៀត ដើម្បី​ការពារ​តំបន់​យើង​ពី​ឥទ្ធិពល​នៃ​ហានិភ័យ​នានា​ដែល​អាច​កើតឡើង៕