Thursday, February 21, 2013

រាជ​រដ្ឋា​ភិបាល​​បញ្ចុះ​​បឋម​​សិលា​​សាង​សង់​​ព្រះ​​បរមរូប​​ព្រះ​​បរម​​រតន​កោដ្ឋ



ម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជា​ណាចក្រ​កម្ពុជា នាល្ងាច​ថ្ងៃ​ទី២០ ខែ​កុម្ភៈ ​ឆ្នាំ ២០១៣ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បញ្ចុះ​បឋម​សិលា​សាង​សង់​ ព្រះ​បរម​រូប​ របស់​សម្តេច​ឪ ​ដែល​មាន​ទីតាំង​​ស្ថិតនៅ​ចម្ងាយ​ ២០០ម៉ែត្រ ខាងកើត​វិមានឯករាជ្យ (​ខាងលិច​នាគ​បាញ់​ទឹក​) លើ​សួន​វិមានឯករាជ្យ​។ សំណង់​ព្រះ​បរមរូប ព្រះ​បរម​រតនកោដ្ឋ​ មាន​កម្ពស់​សរុបទាំង​ជើង​ទម្រ ៧,២០ម៉ែត្រ​។ ពីក្រោម​បុស្បុក​ទាំងមូល​មាន​កម្ពស់​ ២៧,២០ម៉ែត្រ ដោយមាន​ដំបូល​គ្របពីលើ​។ សំណង់​ព្រះបរមរូប ព្រះ​បរម​រតនកោដ្ឋ ត្រូវចំណាយ​ថវិកា​សាង​សង់ជាង ១លាន​ដុល្លារ​អា​មេ​រិក ដែលជា​បន្ទុក​ទាំ​ង​ស្រុង​របស់រាជរដ្ឋាភិបាល។

ឯកឧត្តម កែប ជុតិមា អភិបាល​សាលា​រាជធានី​ភ្នំពេញ មានប្រសាសន៍ឲ្យ​ដឹងថា សំណង់​ព្រះបរមរូប ព្រះបរមរតនកោដ្ឋ ​ព្រះមហាវីរក្សត្រ នរោត្តម សីហនុ នឹងត្រូវ​បញ្ចប់ការសាងសង់​ នៅ​ខែតុលា ឆ្នាំ​២០១៣ ដែល​ជា​ថ្ងៃ​គម្រប់​ខួប​មួយឆ្នាំនៃ​ការយាង​ចូល​ទិវ​ង្គ​ត​ នាថ្ងៃទី១៥តុលា ឆ្នាំ២០១២។

ឯកឧត្តម​ កែប ជុតិមា បន្តថា ការចំណាយ​ក្នុង​ការ​​សាងសង់​នេះ ដោយ​គ្រាន់តែ​ខឿនត្រូវ​ចំណាយ​​​អស់​ចំនួន ៧០​ម៉ឺន​ដុល្លារ និង​រូប​សំណាក ព្រះមហាវីរក្សត្រ ធ្វើ​ពី​ស្ពាន់​សុទ្ធត្រូវ​ចំណា​យ​ថវិកាចំនួន ៤០​ម៉ឺន​ដុល្លារ​។ សំណង់​ព្រះ​បរម​រូប ​ព្រះមហាវីរក្សត្រ បែរ​ព្រះភ័ក្ត្រទៅ​ទិស​​ខាងកើត ហើយ​បើ​មើល​ពី​ចំងាយ យើង​នឹងឃើញ​សំណង់​ព្រះ​បរម​រូប ព្រះមហា​វីរ​ក្សត្រ ហាក់​ដូច​ឈរ​នៅក្នុង​វិមានឯករាជ្យ​។​

សម្តេច​អគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅ​ក្នុង​អង្គ​ប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋមន្ត្រី បាន​ផ្តួចផ្តើម​ឲ្យ​មាន​ការសាងសង់​ព្រះ​បរម​រូប ​សម្តេចព្រះ​មហាវីរក្សត្រ ដើម្បី​ទុក​ជា​ការ​ចងចាំ​នូវ​គុណូបក្ការៈរបស់ព្រះអង្គ និង​រម្លឹក​នូវការ​ចងចាំ ជាពិសេស​ព្រះបរមរូប សម្តេចតា ក៏សម្រាប់​គោរព​បូជា ដែល​គណៈប្រតិភូ​បរទេស​មក​គោរព​នៅ​វិមានឯករាជ្យ ហើយ​ក៏​ឆ្លៀត​ចូល​មក​គោរព​ព្រះបរមរូ​ប​របស់ព្រះអង្គ ដែលជាបិតាឯករាជ្យជាតិ និង​បង្រួប​បង្រួម​ជាតិ​ផង​ដែរ។

សម្តេចម៉ែ មុនីនាថ សីហនុ បានធ្វើ​ព្រះរាជសារ​មួយ កាលពី​ថ្ងៃទី​៦​កុម្ភៈ ឆ្នាំ២០១៣ ដោយ​ព្រះអង្គ​អរគុណ​សម្តេចតេជោនាយករ​ដ្ឋ​មន្ត្រី​ សម្រាប់​ការផ្តួចផ្តើម​គំនិត ដើម្បី​សម្រេច​ឲ្យមាន​ការ​សាងសង់​ព្រះ​បរម​រូប ​ព្រះមហាវីរក្សត្រ​។ ព្រះ​បរម​រូប​ សម្តេចព្រះ​មហាវីរក្សត្រ ដែល​សង់​នៅ​ក្បែរ​វិមានឯករាជ្យ​នេះ នឹង​ធ្វើឲ្យ​ប្រជារាស្ត្រ​នឹកឃើញ និង​ចងចាំ​អំពី​ព្រះភ័ក្ត្រ​របស់​ព្រះអង្គ ជា​ដរាប​។

ព្រះករុណា ​ព្រះបាទ​សម្តេច​ព្រះ នរោត្តម សីហនុ ព្រះ​មហា​វីរ​ក្សត្រ ព្រះ​វរ​រាជ​បិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ ព្រះអង្គ​បាន​យាង​ចូល​ទិវង្គត​នៅ​មន្ទីរពេទ្យ​ទីក្រុង​ប៉េកាំង សា​ធារណ​រដ្ឋ​ប្រជាមានិត​ចិន ដោយ​ជរាពាធ កាលពី​ថ្ងៃទី១៥ ខែ​តុលា ឆ្នាំ​២០១២ ក្នុង​ព្រះ​ជន្មាយុ៩០ ព្រះវស្សា។  ព្រះរាជពិធី​ដង្ហែរ និងថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​រតន​កោដ្ឋ​បាន​ប្រព្រឹត្តទៅ​កាល​ពី​ថ្ងៃទី​១- ខែ​កុម្ភៈ ​ឆ្នាំ​២០១៣ កន្លង​ទៅ​ថ្មី​ៗ​នេះ ដែល​ក្នុងកាស​នោះបានលេច​ឡើង​នូវ​អព្ភូតហេតុ​ដ៏អស្ចារ្យ គឺ​សម្តេចម៉ែ ព្រះមហាក្សត្រ សម្តេច​ព្រះ​សង្ឃ​រាជ​ទាំង​ពីរគណៈ ថ្វាយព្រះ​ភ្លើង​មិន​ឆេះ គឺ​ទាល់​តែ​មាន​ការ​បួង​សួង និង​ថ្វាយ​ព្រះ​ភ្លើងពី​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ទើប​ព្រះរាជ​ពិធីថ្វាយ​ព្រះភ្លើង​ដំណើរការ​ដោយ​រលូន៕