Thursday, February 21, 2013

ក្រុម​ប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​ស្រ្តី​​បន្ត​អនុវត្ត​រាជា​នុសាសន៍​​និង​អនុសាសន៍ ដើម្បី​លើក​កម្ពស់​ជីវភាព និង​តួនាទី​របស់​ស្រ្តី

លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តី​ក្រសួង​កិច្ចការ​នារី និងជាប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី ស្រ្តី នៅក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ​របស់​ក្រុម​ប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​ស្រ្តីប្រ​ចាំ​ឆ្នាំ ២០១២ និង​លើក​ផែន​ការ​សកម្មភាព​ការងារ​ឆ្នាំ ២០១៣ នៅ​វិមាន​សន្តិភាព​កាល​ពីថ្ងៃទី ១៩ ខែកុម្ភៈឆ្នាំ ២០១៣ បាន​ថ្លែង​ឲ្យដឹង​ថា អនុសាសន៍​ដ៏ខ្ពង់​ខ្ពស់​ទាំង ១៤ ចំណុច​របស់​សម្តេចអគ្គ​មហាសេនា​បតីតេជោ ហ៊ុន សែន ដែលបាន​លើក​ឡើង​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​សកម្មភាព​ការងារ​ឆ្នាំ ២០១១ និង​លើក​ផែន​ការ​សកម្មភាព​ការងារ​ឆ្នាំ ២០១២នោះ ត្រូវបាន​ក្រសួង ស្ថាប័ន អាជ្ញាធរ​ដែនដី អាជ្ញាធរ​មាន​សមត្ថកិច្ច និង​សង្គម​ស៊ីវិល បាន​សស្រាក់​សស្រាំ មានគោល​បំណង​លើក​កម្ពស់​ស្ថានភាព ជីវភាព ឋានៈ និង​តួនាទី​របស់ស្រ្តី ដែលបាន និង​កំពុង​តែទទួល​បាន​ការ​យក​ចិត្តទុក​ដាក់ពី​សំណាក់​រាជរដ្ឋា​ភិបាល​នោះ។

នៅ​ក្នុង​កិច្ចប្រជុំ​ដែល​ប្រព្រឹត្ត​ទៅក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​របស់​សម្តេចតេជោ នាយករដ្ឋមន្រ្តី លោកជំទាវ រដ្ឋមន្រ្តី ក្រសួងកិច្ចការនារី បាន​ថ្លែង​ឲ្យដឹង​ថា ជារួម​លទ្ធផល​ដែល​ក្រុម​ប្រឹក្សា​ជាតិ ដើម្បី​ស្រ្តី​សម្រេច​បាន​ក្នុង​ឆ្នាំ ២០១២ គឺដោយ​សារមាន​ការយក​ចិត្តទុក​ដាក់​ខ្ពស់​បំផុត និងការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ទាំង​ស្មារតី សម្ភារៈ និង​ថវិកា​ពីព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហា​ក្សត្រ នៃព្រះ​រាជា​ណា​ចក្រ​កម្ពុជា ព្រះករុណា​ព្រះបាទ​សម្តេច ព្រះនរោត្តម សីហនុ ព្រះមហា​វីរក្សត្រ ព្រះវ​ររាជបិតា​ឯករាជ្យ បូរណភាពទឹកដី និង​ឯកភាព​ជាតិខ្មែរ និង​សម្តេចព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុ ព្រះរវរាជ​មាតា​ជាតិ​ខ្មែរ ក្នុង​សេរីភាព សេចក្តី​ថ្លៃថ្នូរ និង​សុភមង្គល ព្រះប្រធាន​កិត្តិយស​នៃក្រុមប្រឹក្សា​ជាតិ​ដើម្បី​ស្រ្តី និងសម្តេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃព្រះរាជា​ណាចក្រកម្ពុជា និងជាអនុ​ប្រធាន​កិត្តិយស នៃក្រុម​ប្រឹក្សា​ជាតិកម្ពុជា​ដើម្បី​ស្រ្តីផងដែរ។

លោកជំទាវ ​អ៊ឹង កន្ថាផាវី បានមាន​ប្រសាសន៍​បញ្ជាក់ថា “​ស្ដ្រី​និង​កុមារ​កម្ពុជា​ទទួល​បាន​ការយក​ចិ​ត្ដ​ទុកដាក់​យ៉ាងខ្លាំង​ពី​ រាជរដ្ឋា​ភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ និងប្រកប​ដោយ​គតិ​បណ្ឌិត​ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​កម្ពុជា និងជា​អនុប្រធាន​កិ​ត្ដិ​យស​នៃ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជាដើម្បី​ស្ដ្រី ជាពិសេស​ក្នុង​ឆ្នាំ​២០១២ នេះ ព្រះរាជ-ក្រឹត្យ​​ស្ដីពី​ការកែ​សម្រួល​អាយុចូល​និ​វត្ដ​ន៍​របស់​ មន្ដ្រីរាជការ​ស៊ីវិល​ជា​ស្ដ្រី គឺជា​រង្វាន់​លើក​ទឹក​ចិ​ត្ដ​ដ៏​ធំធេង និង​ប្រកប​ដោយ​ភាព​កក់ក្ដៅ​បំផុត​សម្រាប់​ស្ដ្រី​ជា​មន្ដ្រីរាជការ ហើយក៏​ជាការ​ឆ្លើយតប​របស់​រា​ជ​រដ្ឋាភិបាល​យ៉ាង​លឿន​បំផុត​ចំពោះ​សំណូមពរ​ របស់​ស្ដ្រី”​។​
 
សូមបញ្ជាក់​ថា អនុសាសន៍ទាំង ១៤ចំណុច​ដែល​​សម្តេច​ប្រមុខ​រាជរដ្ឋា​ភិបាល​ដាក់​ចេញ​រួម​មាន៖
-     អនុសាសន៍​ទី១ ស្តីពីការ​បន្ត​អនុវត្ត​ព្រះរាជា​នុសាសន៍ សម្តេចព្រះវររាជមាតាជាតិខ្មែរ ក្នុងការ​ផ្សព្វផ្សាយ​អនុសញ្ញា​ស៊ី-ដ និង​ឯកសារ​ពាក់ព័ន្ធ​ឲ្យបាន​ទូលំ​ទូលាយ និងបន្ត​ចុះតាម​ដានការ​អនុវត្តច្បាប់ និង​បទប្បញ្ញត្តិ​ពាក់ព័ន្ធ​នានា ដើម្បីលើ​កអនុសាសន៍​ជូនរាជ​រដ្ឋាភិបាល។
-   អនុសាសន៍​ទី២ ស្តីអំពី​ការសិក្សា​ស្វែង​យល់​ពីឧបសគ្គ និងផល​ប៉ះពាល់​ក្នុងការ​បំពេញ​តួនាទី ភារកិច្ច​របស់​ថ្នាក់ដឹក​នាំជាស្រ្តី​នៅថ្នាក់​ជាតិ និងថ្នាក់​ក្រោម​ជាតិ។
-   អនុសាសន៍ទី​៣ស្តីពី​ការផ្តល់​សេវា​ផ្លូវ​ច្បាប់ និងសេវា​ពាក់ព័ន្ធ​សម្រាប់​ស្រ្តីក្រីក្រ​រងគ្រោះ​ដោយ​អំពើហិង្សា។
-   អនុសាសន៍​ទី៤ ស្តីពី​ការបន្ត​ស្វែងយល់​ពីស្ថានភាព​សេដ្ឋកិច្ច និង​ផលិតកម្ម​របស់​ស្រ្តី​ជនបទ។
-   អនុសាសន៍​ទី៥ ស្តីពី​ការគ្រប់​គ្រង​ឲ្យបាន​ហ្មត់ចត់​ចំពោះ​ក្រុមហ៊ុន​បញ្ជូន​ពលករ ពល​ការិនីទៅ​ធ្វើការ​នៅ​បរទេស។
-   អនុសាសន៍​ទី៦ ស្តីអំពី​ការ​បង្កើន​ការផ្សព្វ​ផ្សាយ​ច្បាប់ បទដ្ឋាន គតិយុត្តិ​នានា និង​ពន្លឿន​ការ​ដោះស្រាយ​រឿង​ក្តីឲ្យបាន​ឆាប់រហ័ស។
-   អនុសាសន៍ទី៧ ស្តីអំពី​បន្តស្រង់​ស្ថិតិ​ស្តីពី​ស្រ្តី និង​កុមារី​ពិការ និង​រៀបចំ​គម្រោង​កម្មវិធី​អភិវឌ្ឍន៍។
-   អនុសាសន៍​ទី៨ ស្តីអំពី​ការបន្ត​ពង្រឹង​កិច្ច​សហការ​ល្អរវាង​មន្រ្តី​នគរបាល និង​តុលាការ​ ដើម្បី​ធានា​បាននូវ​ការស្វែង​រកយុត្តិ​ធម៌ជូន​ភាគី​ពាក់ព័ន្ធ។
-   អនុសាសន៍​ទី៩ ស្តីអំពី​ការរក្សា​នូវវប្បធម៌​ប្រពៃណី​ល្អរបស់​ជាតិ។
-   អនុសាសន៍​ទី១០ ស្តីអំពីការ​បង្កើន​កិច្ចសហការ​ក្នុងការ​អភិវឌ្ឍ​សមត្ថភាព​ដល់​ស្រ្តីជា​ថ្នាក់​ដឹក​នាំ​​ថ្នាក់​ក្រោម​ជាតិ។
-   អនុសាសន៍​ទី១១ ស្តីអំពី​ការបន្តយក​ចិត្តទុកដាក់​ក្នុងការ​បង្កើន​ចំនួន​មន្រ្តីរាជ​ការជា​ ស្រ្តី រួម​ទាំងចំនួន​មន្រ្តី​ស្រ្តីដែល​មានសិទ្ធិ​សម្រេច និងត្រូវ​យកចិត្ត​ទុក ដាក់​ក្នុងការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ទាំងស្មារតី មធ្យោបាយ និងថវិកា។
-   អនុសាសន៍​ទី១២ គ្រប់​ក្រសួង ស្ថាប័ន​ទាំងអស់ ត្រូវជំរុញ​ការអនុវត្ត​ផែនការ​យុទ្ធសាស្រ្ត​បញ្ជ្រាប​យេនឌ័រ។
-   អនុសាសន៍​ទី១៣ ស្តី​អំពីការ​នបន្ត​ផ្តល់​ថវិកា​នៅក្នុង​កញ្ចប់​ថវិការ​របស់​ក្រសួង ស្ថាប័ន​សម្រាប់​អនុវត្ត​ការងារ​យេនឌ័រ ។
-   អនុសាសន៍ទី ១៤​ ស្តីអំពី​ការ​ពិនិត្យ​ស្រាវជ្រាវ​ស្ថាន​ភាពស្រ្តី​ជានារី ទាំងការ​លំបាក និងការ​ងាយ​ស្រួល​ផងដែរ។
ផ្អែក​តាម​ផែនការ​សកម្មភាព​៥ ឆ្នាំ (២០១០-២០១៤) របស់​ក្រុមប្រឹក្សា​ជាតិ​កម្ពុជាដើម្បី​ស្ដ្រី​លោកជំទាវ អ៊ឹង កន្ថាផាវី បានមានប្រសាសន៍ឲ្យដឹងថា ​សកម្មភាព​សំខាន់ៗ​ដែលត្រូវ​អនុវត្ដ​នៅ​ឆ្នាំ​២០១៣ មាន​ជាអាទិ៍​ អនុវត្ដ​តាម​ព្រះរាជា​នុ​សាសន៍​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ស​ម្ដេច​ព្រះវររាជ​មាតា ជាតិខ្មែរ និង​អនុសាសន៍​របស់​សម្ដេច​តេ​ជោ ក្នុង​គោលដៅ​លើកកម្ពស់​ស្ថានភាព​សិទ្ធិសេរីភាព ឋានៈ តួនាទី និង​ជីវភាព​រស់នៅ​របស់ស្ដ្រី​ក្នុងសង្គម​កម្ពុជា​។ ក្នុងនោះ​ក៏​រួមទាំង​បន្ដ​តាមដាន​វាយតម្លៃការ​អនុវត្ដ​ន៍អនុសញ្ញា​ស៊ី​.​ដ ច្បាប់​ជាតិពាក់ព័ន្ធ និង​អនុសាសន៍​របស់​សម្ដេច​តេ​ជោ​  ហ៊ុន សែន នៅតាម​ខេត្ត និង​រាជធានី​ភ្នំពេញ ដើម្បី​សិក្សា​ស្វែងយល់​ពី​ការ​អនុវត្ដ​ន៍​លទ្ធផល​បញ្ហា​ប្រឈម វិធានការ និង​សំណូមពរ​ទាំងឡាយ ដើម្បី​លើក​អនុសាសន៍​ជូន​រាជរដ្ឋាភិបាល​។ បន្ដ​ផ្សព្វផ្សាយ​អនុសញ្ញា​ស៊ី​-ដ ពិធីសារ​តាមជម្រើស​របាយការណ៍​ជាតិ​លើក​ទី​៤ និង លើក​ទី​៥ ស្ដីពី​ការ​អនុវត្ដ​ន៍​អនុសញ្ញាស៊ី​-ដ នៅ​កម្ពុជា អនុសាសន៍​របស់​សម្ដេចតេ​ជោ​នាយករដ្ឋមន្ដ្រី និង​ឯកសារ​ពាក់ព័ន្ធ​ឱ្យបាន​ទូលំទូលាយ​គ្រប់​រូបភាព​នៃប្រព័ន្ធ​ផ្សព្វផ្សាយ ​។ រៀបចំ​កិច្ចប្រជុំសាមញ្ញ និង​វិសាមញ្ញ​, បន្ដ​បើក​វគ្គបណ្ដុះបណ្ដាល​ស្ដីពី​អនុសញ្ញា​ស៊ី-ដ​, ពិធីសារ​តាម​ជម្រើស និង​ភាពជា​អ្នក ដឹកនាំ ជូន​ថ្នាក់ដឹកនាំ​នៅ​ថ្នាក់ក្រោម​ជាតិ​។​
 ថ្លែងនៅក្នុងកិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​របស់​ក្រុមប្រឹក្សា​ជាតិ​ កម្ពុជា​ដើម្បី​ស្ដ្រី (​ក​.​ជ​.​ក​.​ស​) ប្រចាំឆ្នាំ​២០១២ និង​លើក​ទិសដៅ​សកម្មភាព​ការងារ​ឆ្នាំ​២០១៣ ​សម្ដេច​អគ្គមហាសេនាបតីតេ​ជោ​ហ៊ុន សែន បាន​មានប្រសាសន៍​ពាំ​នាំនូវ​ព្រះរាជ​បណ្ដាំ​ផ្ញើ​សាកសួរ​សុខទុក្ខ និងកោតសរសើរ​ពី​ ស​ម្ដេច​ព្រះវររាជ​មាតា​ជាតិខ្មែរ ដែលជា​ព្រះប្រធាន​កិ​ត្ដិ​យស​របស់​ក្រុមប្រឹក្សា​ជាតិ​កម្ពុជាដើម្បី​ស្ដ្រី ដែលជា​និច្ចកាល​តែងតែមាន​ព្រះរាជ​​ហឫទ័យ​ចំពោះ​ការបំពេញ​បេសកកម្មជា​ប្រ​វ​ ត្ដិ​សាស្ដ្រ​របស់​ក្រុមប្រឹក្សា​ជាតិ​កម្ពុជាដើម្បី​ស្ដ្រី​។
 
សម្ដេច​តេ​ជោ​ក៏បាន​វាយតម្លៃ​ខ្ពស់ និង​កោតសរសើរ​ចំពោះ​វឌ្ឍនភាព​ដែល​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​ស្ដ្រី​សម្រេចបាន​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ពិសេស​ការ​អនុវត្ដ​ន៍​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​ព្រះរាជា​នុ​សាសន៍ និង​អនុសាសន៍​ ក្នុង​គោលដៅ​លើកកម្ពស់​ស្ថានភាព​សិទ្ធិសេរីភាព ឋានៈ តួនាទី និង​ជីវភាព​រស់នៅ​របស់ស្ដ្រី​ក្នុងសង្គម​កម្ពុជា​។ ជាមួយនឹង​សមិទ្ធផល​ដែល​ក្រុមប្រឹក្សា​ជាតិ​កម្ពុជាដើម្បី​ស្ដ្រី​សម្រេចបាន​ សម្ដេច​តេជោបាន​សម្ដែង​នូវ​ការកោតសរសើរ​ផងដែរ ចំពោះ​អង្គភាព​​ ស្ថាប័ន ​ពាក់ព័ន្ធ​នានា ដែល​បានធ្វើ​ការងារ​មួយចំនួន​ទាក់ទង​ទៅនឹង​ស្ដ្រី​ ក្នុងនោះ​ពាក់ព័ន្ធ​ទៅនឹងការតែងតាំង​ពី​តួនាទី​របស់​ស្ដ្រីនៅក្នុង​ស្ថាប័ន​ ដឹកនាំ​របស់ខ្លួន​។ សម្ដេចតេជោ​បាន​រំលឹក​ដល់​គ្រប់​ស្ថាប័ន​ទាំងអស់​បន្ដ​យក​ចិ​ត្ដ​ទុកដាក់ដល់​ការតែងតាំង​តួនាទី​ដល់​ស្ដ្រី​ ។ សម្ដេច​បាន ​សង្កត់ធ្ងន់​ថា រាល់​ការតែងតាំង​ទាំងអស់​មិនមែនគ្រាន់តែ​ជាការ​តែងតាំង​ គ្រាន់តែ​ជាការ​ល្អមើល​នោះទេ ពោលគឺ​ត្រូវតែ​ផ្ដល់នូវ​រចនាសម្ព័ន្ធ​ការងារ​ចាប់ពី​ថ្នាក់ជាតិ រហូតដល់​ថ្នាក់ក្រោម​ជាតិ និង​ថ្នាក់មូលដ្ឋាន  ៕