Thursday, March 7, 2013

សម្តេច​​តេជោ ​៖​ គណ​បក្ស​​ប្រជាជន​​នឹង​​បោះ​បង់​ចោល​​គម្រោង​អភិ​វឌ្ឍន៍​​រាប់​​ម៉ឺន​​បើ​​ប្រជាជន​​មិន​​គាំ​ទ្រ​

សម្តេច​អគ្គមហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រកម្ពុជា នៅ​ក្នុង​ឱ​កាសពិធី​បើកការដ្ឋាន​គម្រោងសាងសង់​ឡើងវិញ​កំណាត់​ផ្លូវជាតិ​លេខ៦ នា​ថ្ងៃ​ទី៥ ខែ​មីនា ឆ្នាំ២០១៣ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ប្រសិន​បើគណបក្ស​ប្រជា​ជន​កម្ពុជា (CPP) មិន​ទទួល​បាន​ការ​គាំទ្រ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​សកល ​ក្នុង​ខែ​កក្កដា​ខាង​មុខ​នេះ​ទេ​នោះ គម្រោង ​កសាង​សមិទ្ធផល​ជូន​ជាតិ និង​ប្រជា​ពល​រដ្ឋ​តូច​ធំ​រាប់​ម៉ឺ​ននៅ​ទូទាំងប្រទេស​ ដោយ​គណបក្ស​ប្រជា​ជន​កម្ពុជា​ នឹងត្រូវបោះ​បង់។
 
សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​​បញ្ជាក់​ថា នេះ​មិន​មែនជា​ការឃោសនា​នោះ​ទេ ប៉ុន្តែ​វា​គ្រាន់​តែ​ជា​ការ​បកស្រាយ​ចំពោះ​ការឃោសនា​របស់គណបក្ស​នយោបាយ​ មួយចំនួន ដែល​​បាន និង​កំពុងតែ​ដើរ​ភូតភរ​នៅ​គ្រប់​ទីកន្លែង​ ​ហើយ​មិន​ជាប់​គុក​ផង​នោះ។ សម្តេចតេជោ​ថ្លែងថា ខ្ញុំ​និយា​យ​ដោយ​ត្រង់ CPP បាន​ទ្រទ្រង់​លើ​គម្រោង​រាប់ម៉ឺន ទាំង​តូច​ទាំង​ធំ​នៅ​ទូទាំង​ប្រទេស​​ក្នុង​ការ​កសាង​សមិទ្ធផល​ជូន​ជាតិ និង​ប្រជាពលរដ្ឋ ហើយ​សមាជិក ​សមាជិកា​របស់ CPP មាននៅ​គ្រប់​ស្រទាប់​ទាំងអស់​ ទាំង​កសិករ ​កម្មករ អ្នករកស៊ី អ្នកវិនិយោគ ដែលអ្នក​ទាំងអស់នេះ​សុទ្ធ​សឹង​តែ​ជា​សប្បុរសជន ដែល​បាន​ជួយ​ផ្គត់ផ្គង់ ប៉ុន្តែ​នៅ​ថ្ងៃ​បោះឆ្នោត​បើ​ប្រជា​ជន​មិនបោះឆ្នោត​ជូន ដូច្នេះ​បាន​សេចក្តីថា​ បន្ទាប់ពី​ហ្នឹង​ទៅ​គ្មាន​អ្នក​ណាមួយ​សុខចិត្ត​អនុវត្តន៍​​គម្រោង​​ទាំង​នោះ ​ទៀត​ទេ។
 
សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​បាន​ធ្វើការ​ពន្យល់​ដល់​ប្រជាពលរដ្ឋ ដែល​បាន​ចូល​រួម​​នៅក្នុង​ពិធី​នោះ​ថា ប្រសិន​បើ​ប្រជាជន​បោះឆ្នោតគាំទ្រ​គណបក្សប្រឆាំង​ឲ្យ​ឡើង​កាន់​អំណាច ​ពួកគេ​នឹង​និយាយ​ថា យើង​មិន​ចាំ​បាច់​ធ្វើ​អ្វី​ទាំងអស់ ព្រោះ​យើង​មើល​គណបក្ស​ប្រជាជន​កម្ពុជា​ធ្វើ​សឹង​តែ​​ស្លាប់​ទាំង​ខ្លួន​ទៅ​ ហើយនៅតែ​ចាញ់ ដូច្នេះ​ពួកយើង​មិន​ចាំបាច់​ធ្វើ​អ្វី​ទេ​គិតតែ​ពី​ប្រមូល​ទៅ​ព្រោះ​យើង​មាន ​ពេល ៥ឆ្នាំ​ដែរ។
 
សម្តេចតេជោ​មាន​ប្រសាសន៍​ពន្យល់​ថា នៅពេល​គណបក្ស​ដែល​ធ្លាប់​កាន់អំណាច​ឈប់​ធ្វើ​នូវ​រាល់​គម្រោង​របស់ខ្លួន ​ហើយគណបក្ស​ដែល​ឈ្នះ​ឆ្នោត​និយាយ​ថា ខ្លួន​មិន​ចាំបាច់​ធ្វើ​អ្វី​នោះ នៅ​ទី​ចុង​បំផុត​ប្រជាជន​នឹង​ធ្លាក់​ចូលក្នុងស្ថានភាព​ «​ត្រី​រ៉ស់​ក៏​រួច ទន្សាយ​ក៏​រួច​»។ ប៉ុន្តែ​ខ្ញុំ​មិន​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ស្ថិតក្នុង​ស្ថានភាព​ហ្នឹង​ទេ ហើយ​ខ្ញុំក៏​មិន​ជឿ​ថា​ប្រជាពលរដ្ឋ​នឹង​បោះបង់ចោ​ល​​នូវ​អ្វី​ដែលមាន​ក្នុង​ ដៃ​នោះដែរ។ សម្តេច​តេ​ជោបាន​មាន​ប្រសាសន៍​បញ្ជាក់​​ថា ខ្ញុំមិន​និយាយ​លេង​ទេ ព្រោះ​នេះ​ជា​ការ​ពិត ហើយ​ខ្ញុំ​ក៏​លែង​ធ្វើបុណ្យ និង​កសាង​សមិទ្ធផល​នានា​ដែរ ព្រោះ​ព្រះសង្ឃ និង​ប្រជាជន​លែង​ត្រូវការ​ខ្ញុំ​ទៀតហើយៗ​សូម្បីតែ​សមាជិក សមាជិកា CPP ដែល​ធ្លាប់ដឹកនាំ​ប្រទេស​ជាង ៣០ឆ្នាំ​ មក​ហើយ​នោះ​ក៏​បាក់​ទឹកចិត្ត​ហើយ​ឈប់​ជួយ​កសាង ​ឈប់​ជួយ​ធ្វើ​អ្វីៗ​ទាំងអស់​ដែរ។
 
សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍ថា មនុស្ស​ខ្លះ​អត់​ធ្វើ​ខ្លួនឯង​ទេ ប៉ុន្តែ​ចរិត​អាក្រក់​ប្រើ​ឲ្យ​គេ​ធ្វើ ទោះបីជា​មិន​ប្រើ​ដោយ​ន័យត្រង់ ប៉ុន្តែ​មាន​របៀប​ប្រើ​ផ្សេង ដែល​ក្នុង​ទ្រឹស្ដី​គតិ​លោក​ គឺ​«​បូញ​មាត់ បត់​ដុំ ដៃ»។
 
ទាក់​ទង​នឹង​ការ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​សកល​នា​ពេល​ខាង​មុខ​នេះ សម្តេច​តេ​ជោ​បានស្នើ​រក​ការ​បញ្ជាក់​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំការ​ បោះឆ្នោត ​(​គជប​)​ ចំពោះការ​ជាន់​គ្នា​រវាង​យុទ្ធនាការ​ឃោសនាបោះឆ្នោត ជាមួយ​បុណ្យ​ចូល​ព្រះ ​វស្សា​នៅពេល​ខាងមុខនេះ។ សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ថ្លែង​ថា សមាជិក សមាជិកា CPP និង​ហ៊្វុនស៊ិនប៉ិច ជា​អ្នកធ្វើ​បុណ្យ​ទាន​ច្រើនជាងគេ​ជា​រៀងរាល់​ឆ្នាំ ហើយ​ការ​ដាក់​ទៀន​ព្រះវស្សា​ជា​ប្រពៃណី​របស់ CPP។ ជាធម្មតា​ការ​ទៅ​វត្ត​តែងតែមាន​ការដាក់​ទាន​ជូន​ចាស់ទុំ ប៉ុន្តែ​គេ​អាច​ចោទ​យើង​ថា ទិញ​សន្លឹក​ឆ្នោត ឬអាច​ត្រូវ​ផាកពិន័យ ហើយក៏​កើត​ចេញ​ជា​បញ្ហា​ដែរ។
 
ប្រៀ​ប​ធៀប​ទៅ​នឹងករណី​ដែល​​លោក សម រង្ស៊ី ត្រូវ​បាន​ច្បាប់​ផ្តន្ទាទោសដោយ​សារ​តែ​ការ​ដក​តម្រុយ​បង្គោល​ ព្រំដែន(កម្ពុជា-វៀតណាម) និងប្រើ​ប្រាស់​ផែនទី​ក្លែងក្លាយ សម្តេច​តេ​ជោ​បាន​ថ្លែង​ដោយ​មិន​បញ្ចេញ​ឈ្មោះថា បង្គោលព្រំដែន​ដែល​ដក​នោះ​វា​អត់​ថ្លៃ​ទេ​បង្គោល​នោះ កុំ​ថា​ត្រឹម​បង្គោល​ដើមឈើ​ទាល ដើមគគីរ​ធ្វើទូកង ក៏​វា​អត់​ថ្លៃ​ដែរ ប៉ុន្តែ​វា​ថ្លៃ​នៅលើ​ផ្លូវច្បាប់ វា​ត្រូវ​តែ​ជាប់គុក ហើយ​កុំ​ថា រឿងនេះ​ជា​រឿង នយោបាយ បើ​អ្នកឯង​យក​មក​ដេញដោល​ក្នុង​សភា​បើ​គេ​ចាប់ គេ​កាត់ទោស​នោះ​ទើប​រឿង​នយោបាយ។ សម្តេច​តេ​ជោ​បានមាន​ប្រសាសន៍​បញ្ជាក់​ថា គេ ​(​សម រង្ស៊ី​) ​បាន​ដក ដូច្នេះ​សូមអ្នក​ដទៃ​ត្រូវ​មើល​រឿង​ហ្នឹង​ឲ្យ​ច្បាស់​ថា អង្គហេតុ អង្គ​ច្បាប់​វា​នៅ​កន្លែង​ណា កុំ​ចេះតែ​មក​អន្តរាគមន៍​នោះ។
 
នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ពង្រីក​កំណាត់​ផ្លូវជាតិ​លេខ៦ ក្រោម​ហិរញ្ញប្បទាន​ពី​រដ្ឋាភិ​បាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ រួម​ជាមួយ​ថវិកាបដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​នេះ​ ជាមួយនឹងការ​ថ្លែង​អំណរគុណ​ចំពោះ​រដ្ឋាភិបាលនៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​ជា​និច្ចកាល​តែងតែបាន​ផ្តល់​ជំនួយ​សម្រាប់​​ការអភិវឌ្ឍន៍នៅ​ក្នុង​​ ប្រទេស​កម្ពុជា សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា បាន​បង្ហាញ​នូវ​ជំនឿ​ជឿ​ជាក់​ថា ​ថ្នាក់ដឹកនាំ​ថ្មី​របស់​ប្រទេស​ចិន​ នឹង​មិន​មានការ​ផ្លាស់ប្តូរ​នយោបាយ​ចំពោះ​កម្ពុជា​នោះ​ទេ។
 
សម្តេចតេជោ​នាយករដ្ឋមន្ត្រី​បានមានប្រសាសន៍ថា ខ្ញុំ​មាន​ការជឿជាក់​ថា ថ្នាក់ដឹកនាំ​ថ្មី​របស់​ប្រទេស​ចិន​នឹង​មិន​មាន​ការ​ផ្លាស់ប្ដូរ​ណា​មួយ​ ក្នុង​នយោបាយ​ចំពោះ​កម្ពុជា​ទេ​ ហើយ​ខ្ញុំមាន​ជំនឿ​យ៉ាង​ដូច្នេះ។ សម្តេច​តេ​ជោ​ថ្លែង​ថា នៅក្នុង​នយោបាយ​ការបរទេស ចិន​គឺជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ធំជាងគេ​នៅ​លើ​ពិភពលោក​ ខ្ញុំ​គិតថា មិន​គ្រាន់តែ​កម្ពុជា​ទេ ដែលជា​ប្រទេស​កំពុងអភិវឌ្ឍន៍ ប៉ុន្តែ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដទៃទៀត​ក៏​នឹង​មាន​ការរីករាយ​ផងដែរ ជាមួយនឹង​នយោបាយ​ការបរទេស​របស់​ចិន ដែល​លើក​តម្លៃ​​ប្រទេស​​កំពុង​អភិវឌ្ឍ ហើយ​ដែល​នេះ​ជា​ចំណុច​សំខាន់ ដែល​កម្ពុជា​ក៏ដូចជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​​ដទៃទៀត​ចង់បាន។
 
សម្តេចតេជោនាយករដ្ឋមន្ត្រី​ថ្លែងកត់សម្គាល់​ថា ក្នុងចំណោម​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អង្គការ​សហ​ ប្រជាជាតិ គឺមាន​តែ​ប្រទេស​ចិន​មួយ​គត់ ដែល​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ​ធំជាងគេ ហើយ​ដែល​បានផ្តល់​សារៈសំខាន់​សម្រាប់​សំឡេង​ដ៏​ទុនខ្សោយ​ នៃ​បណ្តា​ប្រទេស​ កំពុង​អភិវឌ្ឍន៍។ ខ្ញុំ​កត់សម្គាល់​យ៉ាងសំខាន់​ទៅលើ​ចំណុចនេះ។ សម្តេច​តេ​ជោ​មានប្រ​សា​ស​ន៍ថា បញ្ហា​នេះ​ប្រទេស​នៅលើ​ពិភពលោក​ចង់បាន​ណាស់ នូវ​អ្វីដែល​ហៅថា ស្មើភាព​ផង និង​ស្មើ​សិទ្ធិ​ផង បើ​ចិន​ឲ្យ​តម្លៃ​លើ​ចំណុច​នេះ ខ្ញុំ​គិតថា មិត្ត​របស់​ចិន​នៅលើ​ពិភពលោក​នឹង​មាន​​ចំនួន​កាន់​តែច្រើន ព្រោះ​ប្រទេស​កំពុង​អភិវឌ្ឍ​មាន​ចំនួន​ច្រើន ​ហើយ​តម្លៃ​របស់​វា​គឺ​នៅ​ទីនេះ។
 
សម្តេច​តេជោនាយករដ្ឋ​មន្ត្រី​ក៏បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ផង​ដែរ​ថា សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ​គឺ​ជា​ដៃគូរ​អភិវឌ្ឍ​ដ៏​ធំ​ជាងគេ ដែល​បាន និង​កំពុងតែបន្ត​ផ្តល់​ជំនួយ​លើ​វិស័យ​សាធារណ​ការ និង​ដឹកជញ្ជូន។ ​គិត​ពី​ឆ្នាំ​២០០៤ មកដល់​បច្ចុប្បន្ន បាន​ផ្តល់​ហិរញ្ញប្បទាន​ជា​ជំនួយ​ឥត​សំណង និង​កម្ចីសម្បទាន​សំរាប់​ការស្តារ និង​អភិវឌ្ឍ​ផ្លូវ​ស្ពាន និង​កំពង់ផែ មាន​ទឹកប្រាក់​សរុប​ប្រមាណ​ជាង ៤​ពាន់​លាន​ដុល្លារ​អាមេរិក ដើម្បី​បំរើ​ឲ្យ​គមនាគមន៍​ដឹកជញ្ជូន និង​ការតភ្ជាប់​ដើម្បី​ធ្វើ​សមាហរណកម្ម​ផ្ទៃក្នុងព្រះរាជាណាចក្រ​កម្ពុជា និង​ត​ភ្ជាប់​ជាមួយ​ប្រទេសជិតខាង និង​ដើម្បី​ជំរុញ​កិច្ចអភិវឌ្ឍន៍​តំបន់​តាម​ព្រំដែន​របស់​កម្ពុជា​។
សម្តេច​តេជោបានមាន​ប្រសាសន៍​បញ្ជាក់​​ថា ទាំងនេះ​ គឺជា​ការរួមចំណែក​យ៉ាង​សកម្មជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការជួយ​ សំរាល​ទុក្ខ​លំបាក និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​​ប្រជាពល​រដ្ឋ​​យ៉ាង​ពិតប្រាកដ ដែល​ស្តែង​ឲ្យឃើញ​អំពីស​មាន​ចិត្ត​ជា​មិត្ត​ជិតស្និទ្ធិ និង​ជា​បងប្អូន​ដែល​ស្មោះស្មគ្រ ដូច​ដែល​ប្រទេស និង​ប្រជាជន​ទាំងពីរ បាន​ផ្សាភ្ជាប់​ចំណង​ទាក់ទង​ជា​ប្រវត្តិ​សា​ស្ត្រ​​​ដ៏​យូរលង់​។ ដូចនេះហើយ​ទើប​ប្រជាពលរដ្ឋ ក៏ដូចជា​រាជរដ្ឋាភិបាល​នៃ​ព្រះ​រា​ជា​​ណាចក្រ​កម្ពុជា ជានិច្ចកាល​សូម​វាយតម្លៃ​ខ្ពស់ និង​កត់ត្រា​ចងចាំ​ជានិច្ច​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ និង​ក្នុង​សមាន​ចិត្ត​ដ៏​ជ្រាលជ្រៅ​នូវ​ឧបការគុណ​ដ៏​ធំធេង​របស់​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​នៃ​សាធា​រណ​រដ្ឋ​ប្រជាមានិត​ចិន​។
 
ឯកឧត្តម ផាន គ័ង​ស៊ា ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា​ដែល​បាន​អញ្ជើញ ​​ចូល​រួម​ក្នុង​ពិធី​បើក​ការ​ដ្ឋាន​នោះ​ដែរ មានប្រសាស​ន៍​ថា ជា​ប្រទេស​កំពុងអភិវឌ្ឍន៍​ធំជាងគេ​លើ​ពិភពលោក​រដ្ឋាភិបាល​អាណត្តិ​ថ្មី​របស់ ​ប្រទេស​ចិន នឹង​បន្ត​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិការ និង​សាមគ្គី​ជាមួយ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដ៏​ច្រើន​កុះករ និង​ដើម្បី​រក្សា​ទំនាក់ទំនង​មិត្ត​ភាព​​ជាមួយ និង​ប្រទេស​កំពុង​អភិវឌ្ឍន៍​យ៉ាង​ធំ​ទូលាយ​គាំទ្រ​ភាពជា​តំណាង និង​សិទ្ធិ​និយាយ​ក្នុង​​កិច្ច​អន្តរជាតិ​របស់​ប្រទេស កំពុង​អភិវឌ្ឍន៍​ធ្វើជា​មិត្តភក្ដិ​និង​ជា​ដៃគូ​អាច​ទីពឹង​បាន​របស់​ ប្រទេសកំពុង​អភិវឌ្ឍន៍​ ព្រមទាំង​បន្ត​រួមគ្នា​ជាមួយ​ប្រជាជន​ស្នេហា​សន្តិភាព នៃ​បណ្តា​ប្រទេស​សកលលោក​ ដើម្បី​ខិតខំ​មិន​នឿយហត់​ក្នុង​ការ​កសាង​ពិភពលោក​មួយ ដែលមាន​សុខដុម​ភាព។
 
ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​មានប្រសាសន៍ឲ្យ​ដឹង​ថា ការ​សាងសង់​ពង្រីក កំណាត់​ផ្លូវជាតិ​លេខ៦ ឡើងវិញ​មាន​ប្រវែង​ជាង ២៤៨គីឡូម៉ែត្រ ​ពី​ថ្នល់កែង ស្រុក​បាធាយ ខេត្ត​កំពង់​ចាម ដល់អង្គ្រង​ខេត្តសៀមរាប ឆ្លងកាត់​ខេត្ត​ចំនួន៣ គឺ​ខេត្ត​កំពង់​ចាម​មាន​ប្រវែង​ជាង ៤៨គីឡូម៉ែត្រ ខេត្ត​កំពង់​ធំ​ប្រវែង ១៤០គីឡូម៉ែត្រ និង​ខេត្តសៀមរាប​ប្រវែង ៦០គីឡូម៉ែត្រ។ ឯកឧត្តម​រដ្ឋមន្ត្រី​មានប្រសាសន៍​បន្ត​ថា ជាទូទៅ​កំណាត់ ផ្លូវជាតិ​លេខ៦ ដែល​ត្រូវ​សាងសង់​ពង្រីក​ឡើងវិញ​នេះ ជា​ប្រភេទ​ផ្លូវ​ថ្មី​មាន ៤គន្លង និង​មាន​តំលៃ​ខុសគ្នា​ទៅតាម​តំបន់​នៃ​ការដ្ឋាន​សាងសង់​ក្នុង​នោះ​ពី​ ថ្នល់កែង​ទៅ​ស្គន់​មាន​តំលៃ​ ប្រមាណ ​១ ៩៤០ ០០០ ដុល្លារ ក្នុង១គីឡូម៉ែត្រ ផ្លូវ​វាង​ធ្វើ​ថ្មី២ គន្លង​តំលៃ​ប្រមាណ ១ ២៧៧ ០០០​ដុល្លារ ក្នុង១ គីឡូ​ម៉ែត្រ ផ្លូវ​ចាស់​ស្តារ​និង​ពង្រីក​ជា ២គន្លង ​ទទឹង១២ម៉ែត្រ​ ពី​ស្គន់​ទៅ​កំពង់ធំ​មាន​តំលៃ​ជា​មធ្យម ៩៨៧ ០០០ ដុល្លារក្នុង១គីឡូម៉ែត្រ និង​ពី​កំពង់ធំ​ទៅសៀមរាប​ស្តារ និង​ពង្រីក​ទទឹងផ្លូវ ១២​ម៉ែត្រ តំលៃ​ជា​មធ្យម ៧៨៩ ០០០​ដុល្លារក្នុង១គីឡូម៉ែត្រ។ ការដ្ឋាន​នេះ អនុវត្ត​ការ​សាង​សង់​​ដោយ​ក្រុមហ៊ុន​សំណង់​សៀង​ហៃ​គ្រុប និង​ត្រួតពិនិត្យ​បច្ចេកទេស​ដោយក្រុមហ៊ុន​ក្វាង​ចូ​វ​វ៉ាន អាន​របស់​ប្រទេស​ចិន​មាន​រយៈពេល ៣៦ខែ ដោយ​ចាប់ផ្តើម​ពី​ខែមីនា​ឆ្នាំ២០១៣ គ្រោង​បញ្ចប់​​នៅ​ខែកញ្ញា ឆ្នាំ២០១៦។ ជារួម​គំរោង​ទាំងមូល ចំណាយ​អស់​ថវិកា​ប្រមាណ ​២៤៨.៨ លាន​ដុល្លារ ជា​ថវិកា​ហិរញ្ញប្បទាន​របស់រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ និង​ថវិកា​បដិ​ភាគ​​របស់​រាជរដ្ឋាភិបាល​៥% សម្រាប់​ដោះស្រាយ​ផល​ប៉ះពាល់​ ចំណាយ​ក្នុង​ការ​ដោះ​មីន យុទ្ធ​ភណ្ឌ​មិនទាន់​ផ្ទុះ និង​ពន្ធ​ដែល​ជា​បន្ទុក​របស់​រដ្ឋ៕