ដោយជីកកប់ចោលទាំងស្រុងនូវបញ្ហាអសន្តិសុខជាតិ ( ការបង្កើតតំបន់អបគមន៍ដ៏គ្រោះថ្នាក់) ដែលជាបុព្វហេតុ ឬសគល់នៃបញ្ហាពិតរបស់មេក្លោង ក្នុងការផ្តើមគំនិត ញុះញង់ឱ្យប្រជាពលរដ្ឋទៅទន្រ្ទានកាន់កាប់ដីដោយខុសច្បាប់
និងកកើតឡើងបាននូវកម្លាំងចលនាមួយក្រុម ប្រដាប់ដោយអាវុធ
ប្រឆាំងនឹងរាជការសាធារណៈ ត្រូវបានបក្សប្រឆាំង
និងក្រុមអង្គការសង្គមស៊ីវិលមួយចំនួនតូច
បង្វែរសំនុំរឿងព្រហ្មទណ្ឌ
នៃកំហុសបុគ្គលដែលត្រូវបានផ្តន្ទាទោសដោយស្ថាប័នតុលាការ
មកជារឿងនយោបាយ។
ការបង្កើតតំបន់អបគមន៍ បង្កើតរដ្ឋក្នុងរដ្ឋ
គឺជាបទល្មើសព្រហ្មទណ្ឌកំរិតធ្ងន់ធ្ងរ
ដែលវិធានការតាមផ្លូវច្បាប់ ដើម្បីទប់ស្កាត់
និងត្រូវតែបំផ្លាញចោលទាំងស្រុង
គឺជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាលស្របតាមរដ្ឋធម្មនុញ្ញ
ចាំបាច់ត្រូវតែអនុវត្តជាបន្ទាន់បំផុត
ដើម្បីពន្លត់កម្លាំងចលនាប្រឆាំងមួយនោះ
និងក៏ដើម្បីរក្សាបាននូវភាពសុខសាន្តជូនប្រជាពលរដ្ឋទូទៅ។
ប្រសិនបើពួកក្រុមចលនាអបគមន៍មិនត្រូវបានបង្ក្រាបឱ្យបានទាន់ពេល
វេលាទេ
តើបណ្តាអ្នករិះគន់ទាំងអស់នោះហ៊ានចេញមុខទទួលខុសត្រូវ
អំពីបញ្ហាអសន្តិសុខជាតិ អស្ថិរភាពនយោបាយ ឬក៏វិច្ឆេទកម្មណាមួយ
ដែលនឹងរីកធំជាងនេះ
បង្កឱ្យមាននូវគ្រោះថ្នាក់ដល់សង្គមជាតិទាំងមូលដែរឬទេ?
តើចំណាត់ការតាមច្បាប់របស់រាជរដ្ឋាភិបាល
គួរត្រូវបានរាំងខ្ទប់ឬអ្វី?
ការង្កើតតំបន់អបគមន៍នៅភូមិប្រម៉ា ឃុំកំពង់ដំរី
ស្រុកស្នួល ខេត្តក្រចេះ ត្រូវបានសមត្ថកិច្ច
ដឹកនាំកម្លាំងចម្រុះចុះទៅរៀបចំសណ្តាប់ធ្នាប់កាលពីអំឡុងខែ ឧសភា
ឆ្នាំ២០១២។
ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសជាក់ស្តែងនៅនឹងកន្លែង
មេក្លោងមួយចំនួន
ដែលក្នុងនោះមានអ្នកខ្លះជាសមាជិករបស់សមាគមអ្នកប្រជាធិបតេយ្យ
បានរត់គេចខ្លួន និងមនុស្សមួយចំនួនត្រូវបាននាំខ្លួន
និងជនជាប់ចោទមួយចំនួនទៀតបានចូលមកសារភាព។ ដោយឡែកលោក ម៉ម
សូណង់ដូ
ប្រធានសមាគមអ្នកប្រជាធិបតេយ្យត្រូវបានសមត្ថកិច្ច
អនុវត្តដីកាចាប់ខ្លួននៅថ្ងៃទី១៥ ខែ កក្កដា ឆ្នាំ ២០១២
និងចាត់ការបន្តតាមនីតិវិធីច្បាប់។
ពិតមែនថា ក្នុងរដ្ឋធម្មនុញ្ញមាត្រា ៣១ ពលរដ្ឋខ្មែរមានសិទ្ធិស្មើភាពគ្នាចំពោះមុខច្បាប់ ប៉ុន្តែ មាត្រា៤១
បានចែងថា ជនណាក៏ដោយមិនត្រូវឆ្លៀតប្រើសិទ្ធិនេះដោយរំលោភ
នាំឱ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកដទៃ ដល់សណ្តាប់ធ្នាប់សាធារណៈ
និងដល់សន្តិសុខជាតិបានឡើយ។ ដូច្នេះ
ការប្រើប្រាស់សិទ្ធិផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ
ទាំងសិទ្ធិសេរីភាពបញ្ចេញមតិ
សិទ្ធិផ្តល់ការប្រឹក្សាយោបល់ដល់ជនដទៃណាមួយ គឺត្រូវប្រព្រឹត្តតាមលក្ខខ័ណ្ឌកំណត់ដោយច្បាប់។
ដូចគ្នានេះដែរ ករណីលោក ម៉ម សូណង់ដូ បើយោងតាម សំអាងហេតុ ដែលបាន
ប្រកាសដោយចៅក្រមជំនុំជម្រះក្តីក្នុងអង្គសវនាការប្រកាសសាលក្រម
ថ្ងៃទី១ ខែតុលា ចំពោះមុខជនជាប់ចោទ១១នាក់
ក្នុងចំណោមជនជាប់ចោទ១៤នាក់ ក្នុងនោះ៣នាក់កំពុងលាក់ខ្លួន
បានបង្ហាញថា ឈ្មោះ ប៊ុន រដ្ឋា និងបក្ខពួកផ្សេងទៀត
គឺជាអ្នកញុះញង់ឱ្យប្រជាពលរដ្ឋកាន់អាវុធប្រឆាំងនឹងអាជ្ញាធរស្រប
ច្បាប់ ពួកគេត្រូវប្រឈមនឹងបទល្មើសឱ្យផ្តន្ទាទោសតាមមាត្រា៤៦៤
កថាខណ្ឌទី២ នៃក្នុងក្រមព្រហ្មទណ្ឌ។
«អំពើញុះញង់ដោយផ្ទាល់ឱ្យប្រជាពលរដ្ឋកាន់អាវុធប្រឆាំងនឹងអាជ្ញាធរ
ស្របច្បាប់ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំ ទៅ៥ឆ្នាំ
និងពិន័យជាប្រាក់ពី៤លានរៀល ទៅ១០លានរៀល
ហើយកាលបើការញុះញង់នេះបានសម្រេចផល
បទល្មើសត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១៥ ឆ្នាំ ទៅ ៣០ឆ្នាំ » ។
ក្រោយពីការស៊ើបសួររបស់តុលាការទៅលើសមាជិកសមាគមអ្នកប្រជាធិបតេយ្យ
មានភាពស៊ីសង្វាក់គ្នាទៅនឹងចម្លើយសាក្សីទាំងអស់ដែលបានចូល
មកសារភាព និងការលើកឡើងក្នុងអង្គសវនាការ គឺបានបង្ហាញថា លោក
ម៉ម សូណង់ដូ ជាក្បាលម៉ាស៊ីនដឹកនាំបញ្ជាឱ្យឈ្មោះ ប៊ុន រដ្ឋា
ជាអ្នកដឹកនាំធំជាងគេនៅតំបន់ឃុំកំពង់ដំរី
ដើម្បីប្រតិបត្តិការការងារកាប់ទន្ទ្រាន
រុករានកាន់កាប់ដីយ៉ាងអាណាធិបតេយ្យ
និងបង្កើតនូវកម្លាំងប្រឆាំងជាមួយនឹងរដ្ឋអំណាចស្របច្បាប់ក្នុងមូល
ដ្ឋាន។
បើទោះបីជាក្នុងរយៈពេលខ្លី ប្រមាណ១០ ទៅ២០នាទី
នៃការជួបគ្នារវាងប្រជាពលរដ្ឋឃុំកំពង់ដំរី ជាមួយលោក ម៉ម សូណង់ដូ
នៅស្នាក់ការសមាគមអ្នកប្រជាធិបតេយ្យក្នុងរាជធានីភ្នំពេញ
កាលពីអំឡុងខែ កុម្ភៈ ឆ្នាំ ២០១២ ប៉ុន្តែ ពលរដ្ឋទាំងនោះបានសារភាពថា «
លោកម៉ម សូណង់ដូ បានប្រាប់ថា
ឱ្យពួកគាត់នាំគ្នាកាប់ឆ្កាទន្ទា្រនដី
ហើយបើសិនជារដ្ឋាភិបាលណាមិនឱ្យធ្វើ មិនឱ្យកាប់
បើមានបញ្ហាអ្វីកើតឡើងចាំគាត់ជាអ្នកនៅពីក្រោយ ទៅជួយអន្តរាគមន៍ មិនបាច់ខ្លាចទេ ប៉ុន្តែទាល់តែចូល
ជាសមាជិកកូនចៅគាត់ (សមាគមអ្នកប្រជាធិបតេយ្យ )ទើបគាត់ជួយ។
បើមានបញ្ហាអ្វីពាក់ស្លាកសមាគមអ្នកប្រជាធិបតេយ្យដែលគាត់ឱ្យនោះទៅ
គឺអាជ្ញាធរពុំហ៊ានធ្វើអ្វីនោះទេ..» ។
ដំបូន្មាននោះហើយ គឺជាប្រភពដើមចមនៃបញ្ហា។
ក្រោយពីមានការដឹកនាំ ចង្អុលទិស និងធានាការពារពីក្រោយខ្នងទៀតផងនោះ
ក្រុមប្រជាពលរដ្ឋក៏បានទៅជួបប្រជុំគ្នានៅក្នុងឃុំកំពង់ដំរី
ក្រោមការចាត់ចែង និងបញ្ជាផ្ទាល់ដោយឈ្មោះ ប៊ុន រដ្ឋា
និងបង្កើតបានជាក្រុមចលនាបះបោរមួយដ៏ខ្លាំងក្លា។
សកម្មភាពទន្រ្ទានកាន់កាប់ដីនៅតំបន់នោះបានរីកធំធាត់យ៉ាងឆាប់
រហ័ស។ សាក្សីជាច្រើនរូបបាន
ឆ្លើយប្រាប់ក្នុងដំណាក់កាលសាកសួររបស់មន្ត្រីនគរបាលយុត្តិធម៌ថា
ឈ្មោះ ប៊ុន រដ្ឋា និងបក្ខពួកបានឱ្យរូបគាត់
និងប្រជាពលរដ្ឋដទៃទៀតរាប់នាក់ កាន់អាវុធគ្រប់គ្នា មានកាំបិត
ពូថៅ ស្នា កាំភ្លើងខ្យល់ ព្រួញជ័រឆក់ កាំភ្លៀវ
និងត្រូវចេះជួយគ្នា បើសិនមានក្រុមហ៊ុន ឬរដ្ឋអំណាចណាមកដេញ
គឺត្រូវរួមកម្លាំងគ្នាប្រឆាំងតវ៉ា ជួយដេញបាញ់ តតាំង និងទប់ទល់
។ របាយការណ៍
ក៏បានបង្ហាញអំពីការចែកដីធ្លីនៅតំបន់នោះយ៉ាងអាណាធិបតេយ្យផងដែរ
ដោយបំពានទៅលើរដ្ឋអំណាចស្របច្បាប់។
ដូចនេះ ការទាញសំអាងហេតុរបស់តុលាការ ក្នុងពេលប្រកាសសាលក្រម
មានភស្តុតាងគ្រប់គ្រាន់បញ្ជាក់ថា ជនជាប់ចោទឈ្មោះ ម៉ម សូណង់ដូ
បានណែនាំ ឬបញ្ជាដោយចេតនាឱ្យជនជាប់ចោទឈ្មោះ ប៊ុន រដ្ឋា និងបក្ខពួក
ធ្វើសកម្មភាពញុះញង់ឱ្យប្រជាពលរដ្ឋកាន់អាវុធប្រឆាំងនឹងអាជ្ញាធរ
ស្របច្បាប់ ពីបទផ្តើមគំនិតធ្វើកុបកម្ម
ផ្តើមគំនិតជ្រៀតជ្រែកដោយខុសច្បាប់ទៅក្នុងការបំពេញមុខងារ
សាធារណៈ និងផ្តើមគំនិតប្រឆាំងនឹងអ្នករាជការសាធារណៈ
ដូចមានចែងនៅក្នុងក្រមព្រហ្ម‑ទណ្ឌមាត្រា ៤៦៤ ។
គេបានដឹងថា ក្នុងពេលបើកសវនាការ
ក៏មានការលើកឡើងពីបញ្ហាផ្លូវច្បាប់ផងដែរពីមេធាវី ការពារលោក
ម៉ម សូណង់ដូ
ទាក់ទងនឹងអាវុធដែលក្រុមពលរដ្ឋទាំងនោះយកមកប្រើប្រាស់
ដោយអះអាងថា មិនមែនជាអាវុធសម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមទេ ។
ក៏ប៉ុន្តែមាត្រា៤៦៤
នៃក្រមព្រហ្ម‑ទណ្ឌមិនបានសំដៅទៅលើអាវុធគ្រឿងផ្ទុះឡើយ។
បើពិនិត្យទៅលើខ្លឹមសារនៃមាត្រា៨១ នៃក្រមព្រហ្មទណ្ឌ បានចែងថា
អាវុធ គឺជាវត្ថុទាំងអស់ដែលធ្វើឡើងដើម្បីសម្លាប់
ឬធ្វើឱ្យមានរបួស ។
ដូច្នេះ វត្ថុតាង(អាវុធ) ដែលបានដកហូត
មិនមានលក្ខណៈទំនើបពិតមែន ក៏ប៉ុន្តែ
គឺជាអាវុធដែលអាចបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្សបាន
ហើយក៏អាចយកទៅប្រើប្រាស់ដើម្បីសម្លាប់មនុស្សបានដែរ។ នេះ
ជាចម្លើយសមហេតុសមផលបំផុត
បំភ្លឺទៅនឹងការអះអាងផ្សេងៗដែលបកស្រាយថា អាវុធទាំងនេះ
នឹងមិនអាចយកមកធ្វើការប្រឆាំងជាមួយនឹងរាជរដ្ឋាភិបាលបាន
គឺមិនពិតឡើយ។
សាលក្រមចំពោះលោក ម៉ម សូណង់ដូ
និងជនពាក់ព័ន្ធមួយចំនួនទៀត
ត្រូវបានតុលាការផ្តន្ទាទោសតាមកំរិតទោសទណ្ឌដែលបានកំណត់ដោយ
មាត្រាច្បាប់។ ប៉ុន្តែ បានបើកផ្លូវឱ្យធ្វើការតវ៉ាប្តឹងបន្ត។
ទោះបីជាពួកគេដឹងថាសេចក្តីសម្រេចជាអំណាចឆន្ទានុសិទ្ធិ
និងអធិបតេយ្យរបស់ចៅក្រម ជំរះក្តី ប៉ុន្តែ សាលក្រមនេះ
ត្រូវបានក្រុមប្រឆាំង
និងអង្គការសង្គមស៊ីវិលមួយចំនួនក្តៅក្រហាយ និងមិនសុខចិត្ត
ខណៈពេលដែលជាញយដងពួកគេទាំងនោះតែងតែតាំងខ្លួន ថា ជាអ្នកតស៊ូមតិ
ដើម្បីចូលរួមក្នុងការពង្រឹងនីតិរដ្ឋ តាមរយៈការគោរព
និងអនុវត្តច្បាប់ ដើម្បីតម្លាភាព និងយុត្តិធម៌សង្គម ជាពិសេស
ជម្រុញការបញ្ចប់ទាំងស្រុងនូវវប្បធម៌នីទណ្ឌភាព។
យោងតាមសាក្សី និងការបង្ហាញភស្តុតាងនានាជាច្រើន បានបញ្ជាក់ពីសកម្មភាពល្មើសយ៉ាង
ច្បាស់លាស់របស់ជនជាប់ចោទ ដែលបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ
ប៉ុន្តែ មិនត្រូវបានក្រុមប្រឆាំង និងអង្គការសង្គមស៊ីវិលចំនួន
អើពើ ឬក៏លើកយកមកជាកង្វល់ជាមួយនឹងរាជរដ្ឋាភិបាលឡើយ ពួកគេបានធ្វើគ ធ្វើថ្លង់ និងបំភ្លេចចោលទាំងស្រុង។ ផ្ទុយទៅវិញ ក្រោយពេលប្រកាសសាលក្រមភ្លាមៗ ក្រុមអ្នកប្រឆាំងបាននាំគ្នាសម្តែងនូវប្រតិកម្មទាំងបំពានទៅលើគោលការណ៍និតិរដ្ឋ ប្រៀបបាននឹងការដុត ឬក៏ហែកចោលនូវរដ្ឋធម្មនុញ្ញរបស់កម្ពុជា។
ក្នុងចេតនាសម្រុកកេងយកផលប្រយោជន៍ពីជនជាប់ចោទ
គណបក្សប្រឆាំងបានហៅការកាត់ទោសទៅលើលោក ម៉ម សូណង់ដូ
ដែលមានចរិតគាំទ្រគណបក្សខ្លួន និងពលរដ្ឋផ្សេងទៀត ថា
ជាការគំរាមកំហែងផ្នែកនយោបាយ និងឆ្លៀតយកបញ្ហានេះ
ធ្វើជាលេសដើម្បីទាមទារឱ្យមានការផ្លាស់ប្តូរប្រព័ន្ធគ្រប់គ្រង
ប្រព័ន្ធដឹកនាំ និងប្រព័ន្ធតុលាការ។
ជនខ្លះជ្រកក្រោមស្លាកសិទ្ធិមនុស្ស បានហៅសាលក្រមកាត់ទោសនោះ
ថា ជាសញ្ញាមួយមិនល្អចំពោះការងារការពារសិទ្ធិមនុស្ស
ជាការគំរាមកំហែងរិតត្បិតសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ
និងហ៊ានចោទប្រកាន់ដោយគ្មានមូលដ្ឋាន ថា
សាលក្រមសរសេរដោយអ្នកនយោបាយ ហើយធ្វើបុរេវិនិច្ឆ័យថា ករណីនេះ
ជារឿងនយោបាយ។
ជនអគតិមួយចំនួនបានបកស្រាយទាំងបំពាន ដោយពួកគេ
បំភ្លេចចោលទាំងស្រុងរដ្ឋធម្មនុញ្ញរបស់កម្ពុជា ឬ(ជាន់ពន្លិចចោល)
ជាជំនួសវិញដោយយកអារម្មណ៍ និងមនោសញ្ចេតនា
មកគំរាមលើរាជរដ្ឋាភិបាលស្របច្បាប់ ក្នុងលក្ខណៈជាពាក្យបញ្ជា « ឱ្យមានការដោះលែងលោកម៉ម សូណង់ដូ ជាបន្ទាន់
» ដោយចោទថា អំណាចសាលក្រមស្ថិតនៅក្រោមឥទ្ធិពលនយោបាយ
និងបន្ទរសម្លេងតាមក្រុមប្រឆាំង ដោយបង្វែរបញ្ហានៃកំហុសបុគ្គល ថា
ជាការបំបិទសិទ្ធិបញ្ចេញទៅវិញ។ ក្នុងបញ្ហានេះ
បើពួកគេមានចេតនាល្អ ចង់លើកស្ទួយនីតិរដ្ឋនៅកម្ពុជា
គួរដឹងច្បាស់នូវអង្គហេតុនៃបទចោទប្រកាន់
និងគួរត្រូវផ្តល់ជាអនុសាសន៍ស្របតាមច្បាប់របស់កម្ពុជា
និងតថភាពសង្គម ដើម្បីចូលរួមកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌
បើគិតថា នៅមានខ្វះចន្លោះ។
ពួកក្រុមអ្នករិះគន់ភ្លេចគិតថា
បើក្រុមបះបោរទាំងនោះពង្រីកអំណាចបានរឹងមាំ
ហើយដឹកនាំកម្លាំងបង្កភាពចលាចលពេញផ្ទៃប្រទេស
ឬក៏បង្កើតបាននូវឆ្នួនសង្គ្រាម បង្ហូរឈាមជាថ្មី
សម្លាប់មនុស្សរាប់ម៉ឺនរាប់លាននាក់
ចុះបើធ្លាក់ចូលក្នុងស្ថានការណ៍បែបនោះមែន
តើត្រូវដោះស្រាយដោយវិធីណា?
ប្រតិកម្មរបស់ក្រុមប្រកាន់និន្នាការយកច្បាប់ទ្រាប់អង្គុយទាំងនេះ
សួរថា តើគោលបំណងរបស់ពួកគេចង់បានអ្វីពីកម្ពុជា ? ចង់ដកហូត
សិទ្ធិនាយករដ្ឋមន្ត្រីស្របច្បាប់ តាមវិធីឯកភាពគ្នាធ្វើបដិវត្ត
ឬក៏ចង់រំលាយស្ថាប័នតុលាការចោល
ឬមួយក៏ចង់ត្រួតត្រាបញ្ជាពីលើព្រះមហាក្សត្រ? ពីព្រោះ អំណាច
តុលាការជាអំណាចឯករាជ្យ ។ តាមរដ្ឋធម្មនុញ្ញ មាត្រា១៣២ថ្មី «
ព្រះមហាក្សត្រទ្រង់ជាអ្នកធានាឯករាជ្យនៃអំណាចតុលាការ»។
ព្រះមហាក្សត្រ គឺជាប្រធាននៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ។
មាត្រា៧ ចែងថា អង្គព្រះមហាក្សត្រមិនអាចនរណារំលោភបំពានបានឡើយ។
ការលាបពណ៌មកលើរាជរដ្ឋាភិបាល ថា បានប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនទៅលើស្ថាប័នតុលាការ គឺរាជរដ្ឋាភិបាលមានសិទ្ធិគ្រប់គ្រាន់នៅក្នុងការទាមទាររកយុត្តិធម៌ និងការពិត។
ពួកគេបានដឹងច្បាស់ណាស់ថា រាជរដ្ឋាភិបាលគ្មានអធិបញ្ជាណាមួយ
ទៅលើស្ថាប័នតុលាការ
ដែលបានសម្រេចក្តីដោយឆន្ទានុសិទ្ធិរបស់ខ្លួននោះឡើយ។ ប៉ុន្តែ ពួកគេ
បាន និងកំពុងនាំគ្នាប្រព្រឹត្តនូវការបរិហាររិះគន់
ដោយពុំផ្អែកលើសច្ចធម៌ និងស្របតាមគតិច្បាប់នោះទេ។ វា គឺជាវប្បធម៌នៃក្រុមប្រឆាំងដែលនិយមកេងយកចំណេញពីអ្នកទោស មកបំរើនយោបាយផ្ទាល់ខ្លួន។
មាត្រា៥២ នៃរដ្ឋធម្មនុញ្ញ ចែងថា រាជរដ្ឋាភិបាល
ជាអ្នកការពារនីត្យានុកូលភាព ធានាសណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈ។
ម៉្យាងវិញទៀត សមាជិករាជរដ្ឋាភិបាល ក៏ដូចជាសមាជិកសភា ព្រឹទ្ធសភា
ក៏បានធ្វើសច្ចាប្រណិធានចំពោះព្រះភ័ក្រព្រះមហាក្សត្រផងដែរនៅពេល
ចាប់ផ្តើមប្រតិបត្តិការមុខដំណែងរបស់ខ្លួន
គឺប្តេជ្ញាគោរពរដ្ឋធម្មនុញ្ញ និងប្តូរផ្តាច់ហ៊ានបូជាជីវិត
ដើម្បីការពារជានិច្ចទាំងក្នុងបច្ចុប្បន្ន និងក្នុងអនាគតនូវ ឯកភាពជាតិ ហើយមិនអនុញ្ញាតឱ្យមានការបែងចែក ឬការធ្វើអបគមន៍ណាមួយឡើយ ។ មាត្រា៣ ក៏បានចែងផងដែរថា ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋដែលមិនអាចបំបែកបាន។
យ៉ាងណាមិញ សកម្មភាពនៃចលនាបង្កើតតំបន់អបគមន៍នៅស្រុកស្នួល
ខេត្តក្រចេះ
គឺពិតជាបានរំលោភទៅនឹងរដ្ឋធម្មនុញ្ញយ៉ាងជាក់ច្បាស់។ ដូច្នេះ
សំណុំរឿងបំបែកសំបុកអបគមន៍ គឺជាការអនុវត្តច្បាប់
ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខជាតិ ដែលរាជរដ្ឋាភិបាលមានសិទ្ធិ
និងកាតព្វកិច្ចក្នុងការថែរក្សា ការពារនូវសន្តិសុខ
សណ្តាប់ធ្នាប់សង្គម។ មិនថាឡើយសហរដ្ឋអាមេរិក ឬក៏ប្រទេសបារាំង
គឺគ្មានប្រទេសណាមួយនៅលើពិភពលោកត្រូវបាន
អនុញ្ញាតឱ្យបង្កើតរដ្ឋក្នុងរដ្ឋនោះទេ។
គេនៅចងចាំបានថា កាលពីពេលថ្មីៗនេះ លោកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា (William E. Todd) ក៏បានថ្លែងផងដែរថា « កម្ពុជាកំពុងឈានមុខក្នុងការរក្សាសន្តិភាព និងសន្តិសុខក្នុងតំបន់»។
ចុះហេតុអ្វីក៏វិធានការតាមផ្លូវច្បាប់ទៅលើក្រុមបង្កើតតំបន់
អបគមន៍ ដែលបង្កនូវភាពវឹកវដល់សង្គម ត្រូវបានបក្សប្រឆាំង
និងអង្គការសង្គមស៊ីវិលយល់ផ្ទុយទៅវិញ ?
រាជរដ្ឋាភិបាលកម្ពុជា បាន
និងកំពុងប្រឹងប្រែងសហប្រតិបត្តិការយ៉ាងពេញទំហឹងជាមួយសហរដ្ឋ
អាមេរិកក្នុងការទប់ស្កាត់អំពើភេរវកម្មគ្រប់រូបភាព ជាពិសេស
ក្រុមភេរវករអន្តរជាតិ។
ជនគ្រប់រូប លោកម៉ម សូណង់ដូ ក៏ដូចជាពលរដ្ឋដទៃទៀតផងដែរ
គឺមានសិទ្ធិការពារខ្លួនតាមផ្លូវច្បាប់ ។ លោក ម៉ម សូណង់ដូ
បានទទួលយកមេធាវីមួយរូបដែលប្រកបដោយវិជ្ជាជីវៈ
និងជាអ្នកឯកទេសច្បាប់ បានតតាំងគ្នាយ៉ាងខ្លាំងនៅក្នុងសវនាការ
តាមរយៈការបង្ហាញភ័ស្តុតាង សាក្សីដោះបន្ទុក
និងវែកញែកអំពីទិដ្ឋភាពច្បាប់
គិតចាប់តាំងពីដំណាក់កាលនៃការចាប់ឃុំខ្លួន
រហូតដល់ការប្រកាសសាលក្រមរបស់តុលាការ។ ពួកគាត់ទាំងពីរ (ម៉ម
សូណង់ដូ និងអ្នកការពារក្តី) ជនជាប់ចោទមួយចំនួនទៀត
ក៏ដូចជាមេធាវីរបស់ពួកគេ
ម្នាក់ៗបានខិតខំប្រើប្រាស់ការបកស្រាយ តាមគ្រប់លទ្ធភាព
ដើម្បីដណ្តើមប្រៀបឈ្នះ និងយុត្តិធម៌។
តើសិទ្ធិរបស់មេធាវីទាំងនោះ
ដែលជាអ្នកបានចូលជ្រៅក្នុងរឿងក្តី
ពួកគាត់បដិសេធមិនដឹងអំពីការពន្យល់ វែកញែក
ទាញសំអាងហេតុផលរបស់ចៅក្រម ព្រះរាជអាជ្ញា នៅក្នុងអង្គសវនាការ
ឬអ្វី? ។ កាលពីថ្ងៃទី១ ខែ តុលា ឆ្នាំ ២០១២ បន្ទាប់ពីប្រកាសសាលក្រម
លោក សុក សំអឿន ជាមេធាវីរបស់លោក ម៉ម សូណង់ដូ
បានឆ្លើយប្រាប់ភ្លាមៗដល់អ្នកសារព័ត៌មានថា« រឿងនេះយុត្តិធម៌ ឬមិនយុត្តិធម៌សំខាន់លើសាមីខ្លួនដែលជាប់ចោទ គេដឹងដោយខ្លួនគេហើយ »។
សំនុំរឿងព្រហ្មទណ្ឌមួយនេះ នៅមិនទាន់បិទបញ្ចប់ទាំងស្រុងនៅឡើយទេ។ ដូច្នេះ ជម្រើសនេះ គឺជាការស្ម័គ្រចិត្តរបស់មេធាវី និងកូនក្តី ដែលបានព្រមព្រៀងគ្នាអនុវត្តតាមនីតិច្បាប់
មិនគួរត្រូវបានជនដទៃក្រៅពីរង្វង់បញ្ហានៃសិទ្ធិបុគ្គលជាអ្នកប្រឈម
នាំគ្នាបញ្ចេញប្រតិកម្ម ឬក៏ឆក់ឱកាសយកផលប្រយោជន៍ដើម្បីបក្ខពួក
និងក្រុមខ្លួន
ដោយរំលោភលើសិទ្ធិសម្រេចរបស់បុគ្គលជាសាមីខ្លួនក្នុងរឿង
ក្តីនោះទេ៕
អត្ថបទដោយៈ ទិត សុធា
អនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស
នៃទីស្តីការគណៈរដ្ឋមន្ត្រី